អាជ្ញាធរនឹងផាកពិន័យបុគ្គលិកណាហ្គាវើលដ៏ប្រសិនបន្តចេញមកតវ៉ា តែសហជីពថាជាវិធានការស្តង់ដារ២

23
កុម្ភៈ

អាជ្ញាធរនឹងផាកពិន័យបុគ្គលិកណាហ្គាវើលដ៏ប្រសិនបន្តចេញមកតវ៉ា តែសហជីពថាជាវិធានការស្តង់ដារ២

ប្រភព៖RFI

 

សាលារាជធានី​ភ្នំពេញ ​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​បានបញ្ជាក់ថា ​អាជ្ញាធរ​លែងធ្វើការ​អប់រំបន្ត​ទៀតហើយ​ ដល់អ្នក​តវ៉ាដែល​ជាអតីតបុគ្គលិក​ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ ហើយ​អនុវត្តវិធានការ​ច្បាប់ដើម្បី​ទប់ស្កាត់​ការឆ្លងរាល​ដាលជំងឺកូវីដ-១៩។ ​ការប្រកាស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដូច្នេះ ​គឺធ្វើឡើង​ក្រោយក្រុមបុគ្គលិក​ណាហ្គាវើលដ៏ ​បានចេញ​មកតវ៉ា២ថ្ងៃជាប់ៗគ្នា​ដើម្បី​ឲ្យក្រុមហ៊ុន​ដោះស្រាយវិវាទការងារ​ ក្រោយពីពួក​គេខកខាន​ប្រមូលផ្តុំគ្នា​អស់ជាច្រើនថ្ងៃ​ ដើម្បី​ទប់ស្កាត់​ការឆ្លងជំងឺកូវីដ។​

សាលារាជធានីភ្នំពេញ បញ្ជាក់ថាសមត្ថកិច្ចរបស់ខ្លួនសម្រេចឈប់ធ្វើការអប់រំទៀតហើយ ហើយនឹងអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់៥លានរៀល ស្របតាមអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងគោលបំណងឲ្យមានការរាងចាល។

ការសម្រេចដូច្នេះរបស់សាលារាជធានី គឺដោយសារក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ បានចេញមកធ្វើការតវ៉ាពីរថ្ងៃជាប់ៗគ្នាបន្ទាប់ពីសម្រាកជាច្រើនថ្ងៃ ដែលអាជ្ញាធរហៅថាជាក្រុមបាតុករមានចរិករឹងរូស បំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ ក្រោមលេសធ្វើកូដកម្មដើម្បីដោះស្រាយវិវាទការងារ ដោយមិនខ្វល់ពីវិធានការសុខាភិបាល ខណៈដែលជំងឺកូវីដ-១៩ អូមីក្រុងកំពុងមានការឆ្លងខ្ពស់។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់មើលឃើញថាការអនុវត្តវិធានការច្បាប់ និងការផាកពិន័យដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅលើបុគ្គលិកណាហ្គាវើលដ៏ គឺជាការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងអ្នកតវ៉ា និងអ្នកដទៃទៀត។

នៅថ្ងៃនេះដែរ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ក៏បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សាលារាជធានី ដោយចាត់ទុកថាវិធានការផាកពិន័យរបស់សាលារាជធានីទៅលើកូដករណាហ្គាវើលដ៏ គឺជាករណីពិសេសមួយដាច់ដោយឡែក។ ក្រុមសហជីពបានលើកយកករណីព្រឹត្តិការណ៍ប្រកួតបាល់ទាត់យុវជនអាស៊ាន U-23 កាលពីពេលថ្មីៗនេះ ថាមានមនុស្សប្រមូលផ្តុំរាប់ម៉ឺននាក់ មកប្រៀបធៀប។

ជាមួយគ្នានេះ សហជីពណាហ្គាវើលដ៏ ក៏នៅតែប្រកាន់ជំហរ៣ចំណុចដដែល គឺស្នើដោះលែងតំណាងរបស់ពួកគេដោយឥតលក្ខខណ្ឌ ក្រុមហ៊ុនណាហ្គាវើលដ៏ត្រូវទទួលយកបុគ្គលិក៣៦៥នាក់ និងអ្នកកំពុងធ្វើកូដកម្មចូលធ្វើការវិញ និងមួយចំណុចទៀតគឺក្រុមហ៊ុនត្រូវចរចាដោយស្មោះត្រង់ជាមួយតំណាងរបស់ពួកគេ។

សូមរំលឹកថាក្រោយខកខានមិនបានធ្វើការតវ៉ាអស់រយៈពេលជិត២សប្តាហ៍ ក្រុមបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាឡើងវិញនៅថ្ងៃទី២១ និងថ្ងៃទី២២កុម្ភៈម្សិលមិញ ដោយពួកគេចំនួន១០៣នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនដាក់រថយន្តក្រុងយកទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថា ក្រុមបុគ្គលិកណាហ្គាវើលដ៏ ហានចេញមកប្រមូលផ្តុំតវ៉ាទៀតឬយ៉ាងណានៅថ្ងៃនេះ ខណៈដែលអាជ្ញាធរក្រុងព្រមានផាកតាមច្បាប់កូវីដ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...