ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នៅតែ​បន្ត​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដោយសារ​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា

26
កក្កដា

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​នៅតែ​បន្ត​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដោយសារ​អត់​ការងារ​ធ្វើ​នៅ​កម្ពុជា

ប្រភព៖ RFA

ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​ព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បើ​ទោះ​បី​ជា​ពួកគាត់​ដឹង​ថា ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ក៏ដោយ ដោយសារតែ​ជីវភាព​ខ្វះខាត និង​ពុំ​មាន​ការងារ​ធ្វើ​នៅក្នុង​ស្រុក។ សង្គម​ស៊ីវិល​យល់ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដោយសារ​ពួកគេ​គ្មាន​ប្រាក់​ធ្វើ​លិខិត​ឆ្លងដែន។

ពលករ​ខ្មែរ​លើកឡើង​ថា មូលហេតុ​ដែល​ពួកគាត់​ចេះតែ​ឆ្លងដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់​នោះ ដោយសារ​ក្នុងស្រុក​លំបាក​រក​ការងារ​ធ្វើ​ឲ្យ​បាន​ទៀងទាត់ ស្រប​ពេល​ដែល​ធ្វើស្រែ​ចម្ការ​បាន​ផល​មក​គ្មាន​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ ហើយ​ពួកគាត់​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។

ពលការិនី ធ្វើការ​ជា​អ្នក​រៀប​បន្លែ​ផ្លែឈើ​ដាក់​កេះ​ម្នាក់​នៅ​ខេត្ត​ប៉ាថុមថានី​(Pathum Thani) លោកស្រី សា វេន អាយុ​៣៥​ឆ្នាំ មក​ពី​ស្រុក​កោះ​ក្រឡ ខេត្ត​បាត់ដំបង ទើបតែ​រស់នៅ​ប្រទេស​ថៃ​បាន​ជិត​មួយ​ខែ ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ថា លោកស្រី​សម្រេចចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយសារ​ផល​ដំឡូង​មី​របស់​លោកស្រី​លក់​បាន​ថោក ហើយ​មិន​គ្រប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ ព្រោះ​លោកស្រី​មិន​ចង់​ធ្វើ​ឯកសារ​រក​ការងារ​តាមរយៈ​ក្រុមហ៊ុន ដែល​បង់ប្រាក់​ថ្លៃ​រត់ការ​ច្រើន​ដំណាក់កាល និង​ស៊ីពេល​យូរ​។ លោកស្រី​បញ្ជាក់​ថា សព្វថ្ងៃ​លោកស្រី​នៅ​តែ​មាន​ក្ដី​កង្វល់ ពេល​ដែល​ប៉ូលិស​ថៃ​ចុះ​ឆែកឆេរ​តាម​កន្លែងធ្វើការ ព្រោះ​លោកស្រី​មិន​ទាន់​មាន​ឯកសារ​ស្របច្បាប់ ដើម្បី​ធ្វើការ​នៅឡើយ​ទេ​៖ «ធ្វើ​វា​បាន​តិច​ពេក​ខ្ជិល អត់​ធ្វើ​ក៏​មកនេះ​។​ខុសគ្នា​ស្រុក​យើង​វា​អត់​ដូច​ស្រុក​គេ ប្រជាជន​គេ​សុខសាន្ត​ជាង។ និយាយ​ទៅ​គេ​មក​គ្រប់​តែ​គ្នា​មក​រក​ការងារ​ធ្វើ​បាន​អីចឹង​ទៅណា។ យើង​នៅ​ឯ​ណោះ​រក​បាន​ដែរ ប៉ុន្តែ​អត់​ដូច​គេ»

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​ម្នាក់ទៀត​ដែល​ធ្វើការ​ជាមួយគ្នា​លោកស្រី ភាព ស្រីរត្ន ប្រាប់​ថា លោកស្រី​មិន​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ទាំង​ខុសច្បាប់​ដូច្នេះ​ទេ ព្រោះ​ពេល​ចូល​ទៅ​ត្រូវ​កាត់​វាល​កាត់​ព្រៃ​ទាំង​មិនដឹង​ទិស​តំបន់ និង​មាន​ហានិភ័យ​ខ្លាំង តែ​ដោយសារ​ជីវភាព​ខ្វះខាត​ទើប​ផ្សង​គ្រោះថ្នាក់ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​៖ «ចង់​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ បើសិនជា​ប្រជាពលរដ្ឋ​ខ្មែរ​មក​ខុសច្បាប់ សុំ​កុំ​ឲ្យ​ចាប់​យក​ទៅ​ដាក់​ឃុំឃាំង សុំ​ឲ្យ​មានការ​ធ្វើ​ប័ត្រ​ធ្វើ​ប៉ាស្ព័រ។ហើយ​ឲ្យ​ប្រជាជន​ខ្មែរ​មានការ​ងារ​ធ្វើ មានអី​ត្រឹមត្រូវ​ទាំងអស់ ។ ជួយ​មាន​ការងារ​ធ្វើ ហើយ​កុំ​ឲ្យ​ថា កុំ​ឲ្យ​រើសអើង​ខ្មែរ ឬក៏​ស្ដីថា»

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បានទេ​នៅ​ថ្ងៃទី​២៥​ខែកក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

របាយការណ៍​របស់​ទា​ហាន​ថៃ​ខេត្ត​ស្រះកែវ​ថា កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ក្រុម​ទាហាន​ថៃ​ប្រចាំការ​នៅ​ស្រុក​អារញ្ញប្រទេស និង​ស្រុក​តាព្រះយ៉ា ខេត្ត​ស្រះកែវ (Sra Keo) បាន​ស្កាត់​ចាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៣​នាក់ ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ ដោយ​បំណង​ចូល​ទៅ​ធ្វើការ​នៅ​ខេត្ត​ប៉ាថុមថានី (Pathum Thani) ខេត្ត​ឈុនប៊ុរី (Chun Buri) និង​ខេត្ត​រ៉ៈយ៉ង​(Ra Yong)

ជុំវិញ​រឿង​នេះ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់​(CENTRAL)​ប្រចាំ​ប្រទេស​ថៃ​លោក លឹង សុផុន ឲ្យ​ដឹង​ថា អំឡុង​រយៈពេល​ប្រមាណ​៧​ខែ​ក្នុង​ឆ្នាំ​២០២២​នេះ ពលរដ្ឋ​ខ្មែរ​បាន​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ប្រមាណ​២​ពាន់​នាក់​(.០០០) ដែល​ត្រូវ​ក្រុម​ទាហាន​ថៃ​តាម​បណ្ដោយ​ព្រំដែន​ចាប់បាន​។ លោក​លើកឡើង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ឆ្លងដែន​នេះ ដោយសារ​ពួកគេ​មាន​ជីវភាព​កាន់តែ​លំបាកទៅ រក​ប្រាក់​ចំណូល​មិន​បាន​គ្រប់គ្រាន់ ទប់​ទល់​នឹង​ប្រាក់​ចំណាយ ហើយ​ពេល​ពួកគាត់​ចង់ទៅ​ប្រទេស​ថៃ​ស្របច្បាប់​ត្រូវ​បង់​ថវិកា​ច្រើន ហើយ​បំពេញបែបបទ​ប្រើ​ពេល​យូរ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ហ៊ាន​ប្រថុយ​ចូល​ទៅ​ប្រទេស​ថៃ​ទាំង​គ្រោះថ្នាក់​៖ «វា​អាស្រ័យ​ទៅ​ខាង​ថៃ អឺ​!​អីចឹង​ណា​បង ហើយ​ណាមួយ​ទៀត ទាល់តែ​ខាង​រដ្ឋាភិបាល​ថៃ​គេ​អនុលោម​ទៅ យើង​ក៏បាន​ទៅ​។ តែ​ផ្ទុយទៅវិញ ខាង​រដ្ឋាភិបាល​ខ្មែរ​យើង ហាក់បីដូចជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ក្នុង​វិធានការ​បែប​សម្របសម្រួល​ឲ្យ​បងប្អូន​ពលករ​ខ្មែរ ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឆ្លងដែន​ចូល​មក​ថៃ ហើយ​ក្នុង​ការ​គាត់​ធ្វើ​ឯកសារ​ផ្សេងៗ​អីចឹង​ទៅ​ណា៎»

បច្ចុប្បន្ន​មាន​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​ធ្វើការ​គ្រប់គ្រង​ចំពោះ​ពលករ​ចំណាកស្រុក មាន​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ បាន​ចុះទៅ​អប់រំ​ដល់​ពលករ​ចំណាកស្រុក​អំពី​ហានិភ័យ​នៃ​ការ​ឆ្លងដែន​ខុសច្បាប់​ជូន​ពលករ​ខ្មែរ ក៏ប៉ុន្តែ​នៅតែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​លប​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដដែល ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ខ្មែរ​គួរតែ​បង្កើន​ការងារ​នៅក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រក​ប្រាក់​ដោះស្រាយ​ជីវភាព និង​ជួយ​រក​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​ជូន​ដល់​កសិករ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...