អាមេរិក​ថា កម្ពុជា​មិន​បាន​បំពេញ​តាម​ស្ដង់ដារ​អប្បបរមា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស

20
កក្កដា

អាមេរិក​ថា កម្ពុជា​មិន​បាន​បំពេញ​តាម​ស្ដង់ដារ​អប្បបរមា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស

ប្រភព៖ RFA

ក្រសួង​ការ​បរទេស​អាមេរិក​ចេញ​របាយការណ៍​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ២០២២ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។ មន្រ្តី​រដ្ឋាភិបាល សោកស្ដាយ​ចំពោះ​ការ​វាយ​តម្លៃ​នេះ ដោយ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​យ៉ាង​សកម្ម ទោះ​បី​ក្នុង​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ១៩ ក្ដី។ ដោយ​ឡែក មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា របាយការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​ការ​រីក​រាលដាល​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ពី​អ្នក​ជំនួញ​ចិន។

របាយការណ៍​ជួញដូរ​មនុស្ស​កម្ពុជា​ឆ្នាំ២០២២ ចេញ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក នៅ​ថ្ងៃ​ទី២០ កក្កដា បាន​វាយ​តម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំពេញ​តាម​ស្ដង់ដារ​អប្បបរមា ក្នុង​ការ​ប្រឹងប្រែង​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។ របាយការណ៍​បង្ហាញ​ថា កម្ពុជា​ដើរ​ថយ​ក្រោយ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស​ដោយសារ​ បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ បណ្ដោយ​ឱ្យ​ជន​ល្មើស​នៅ​តែ​អាច​ប្រព្រឹត្ត​បទ​ល្មើស ឬ​គេច​ខ្លួន​ពី​ការ​កាត់​ទោស ហើយ​ជន​រង​គ្រោះ​នៅ​តែ​មិន​អាច​ទទួល​បាន​ការ​ជួយ​សង្គ្រោះ។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្ដល់​ការ​គាំទ្រ​គ្រប់គ្រាន់​ដល់​ជន​រង​គ្រោះ​ទាំង​ក្នុង​ស្រុក និង​បរទេស​ពី​ការ​ជួញដូរ​នោះ​ទេ ដោយ​បាន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ពី​ម្ចាស់​ជំនួយ​បរទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អ្នក​ស្រី​សោកស្ដាយ ចំពោះ​ការ​វាយ​តម្លៃ​នេះ។ អ្នក​ស្រី​យល់​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់​ស្ដែង​អំពី​បញ្ហា​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​វា​បាន​បញ្ចូល​ករណី​ឆបោក​របស់​បរទេស និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ចូល​ក្នុង​របាយការណ៍។ អ្នកស្រី​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​យ៉ាង​សកម្ម ទោះបី​ក្នុង​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ១៩ ក្ដី ដោយ​ក្នុង​ឆ្នាំ២០២១ កន្លង​ទៅ ក្រសួង​មហាផ្ទៃ​បាន​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​កើន​ឡើង ២ដង ច្រើន​ជាង​ឆ្នាំ២០២០៖ «មាន​ករណី​ជា​ច្រើន ដែល​ពាក់ព័ន្ធ​ជាមួយ​ជន​បរទេស​តែ​វា​អត់​មាន​ចូល​ក្នុង​ករណី​ជួញដូរ វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចាប់​ជំរិត រឿង​ជន​បរទេស​គ្នា​គាត់ ឬ​មួយ​ក៏​និយាយ​ពី​រឿង​វិវាទ​ការងារ ឬ​ក៏​យក​ករណី​ចាញ់ ការ​ឆបោក​របស់ ប្រូកឃើរ៍ (Broker ឈ្មួញ​កណ្ដាល) គ្នា​គាត់ ដែល​មក​ពី​ក្រៅ​ប្រទេស​ហ្នឹង ហើយ​មក​ទម្លាក់​លើ​ប្រទេស​កម្ពុជា​ទាំង​អស់​អ៊ីចឹង ខ្ញុំ​វា​មិន​ដឹង​ថា យ៉ាង​ម៉េច​ដែរ​ទេ ប៉ុន្តែ​ចំពោះ​យើង​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា យើង​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់»

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា លើក​ឡើង​ថា របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​ប្រចាំ​កម្ពុជា​នេះ ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាក់ទង​នឹង​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ជួញដូរ​មនុស្ស​កាន់​តែ​ខ្លាំង​ឡើង ដោយ​មាន​អ្នក​ជំនួញ​ចិន បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជនជាតិ​បង់ក្លាដេស នេប៉ាល់ ក្នុង​វិស័យ​សំណង់​ដោយ​បង្ខិតបង្ខំ ហើយ​រដ្ឋាភិបាល​ក៏​មិន​ទាន់​មាន​អន្តរាគមន៍​គ្រប់គ្រាន់​ក្នុង​ការ​រក​ដោះ​ស្រាយ​បញ្ហា​ការ​បោកប្រាស់​តាម​អ៊ីនធើរណិត (Cyber Scam) ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មាន​ពាក់ព័ន្ធ​ជាមួយ​ការ​ជួញដូរ​ជនជាតិ​ថៃ (Thai) ម៉ាឡេ (Malaysian) ហ្វីលីពីន (Filipinos) និង​វៀតណាម (Vietnamese) បម្រើ​អាជីវកម្ម​ខុស​ច្បាប់​នេះ​ផង​ដែរ។ ជាមួយ​គ្នា​នេះ លោក​យល់​ស្រប​ជាមួយ​របាយការណ៍ ដែល​បាន​លើក​ឡើង​បញ្ហា​ពុក​រលួយ​ជា​ប្រព័ន្ធ ដែល​បណ្ដាល​ឱ្យ​បទ​ល្មើស​ជួញដូរ​មនុស្ស​មាន​ការ​កើន​ឡើង៖ «ព្រោះ​ដោយសារ​អី ដោយសារ​តែ​ឈ្មួញ​ទាំង​អស់​ហ្នឹង​គឺ ផ្ដល់​ជា​សំណូក​ដល់​មន្ត្រី​គ្រាក់ៗ ហ្នឹង​ណ៎ា ហើយ​តែ​កាល​ណា​ផ្ដល់​ជា​សំណូក​ដល់​មន្ត្រី​គ្រាក់ៗ ហើយ យើង​យក​លុយ​គេ​ហើយ យើង​អត់​មាន​វិធានការ​អី​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ហ្នឹង​ទេ ឬ​ឈ្មួញ​ទាំង​អស់​ហ្នឹង​ទេ នៅ​ពេល​ដែល​ឈ្មួញ​ទាំង​អស់​ហ្នឹង​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ណា​មួយ ដូច​ជា ការ​ជួញដូរ​មនុស្ស ការ​ធ្វើ​ទារុណកម្ម​លើ​មនុស្ស​អ៊ីចឹង​ទៅ​ណា»

របាយការណ៍​ជួញដូរ​មនុស្ស ចេញ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ឆ្នាំ២០២១ បាន​ផ្ដល់​ចំណាត់​កម្ពុជា​កម្រិត២ ដោយឡែក​ក្នុង​ឆ្នាំ២០២២ នេះ កម្ពុជា​ធ្លាក់​ទៅ​កម្រិត៣ វិញ ដែល​ការ​ធ្លាក់​ចំណាត់​ថ្នាក់​នេះ​នឹង​ធ្វើ​ឱ្យ​អាមេរិក​ពិចារណា​បន្ថែម​លើ​ការ​ផ្ដល់​ប្រាក់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​ខាង​មុខ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...