ក្រសួង​ការងារ​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្មករ​ណាហ្គា​វើលដ៍

29
កក្កដា

ក្រសួង​ការងារ​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្មករ​ណាហ្គា​វើលដ៍

ប្រភព៖ ឌឹខេមបូឌាដេលី

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ជាមួយ​នឹង​ថៅកែ​នៃ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ បន្ទាប់ពី​ភាគី​ទាំង​សងខាង​បាន​ជួប​ចរចា​គ្នា​នៅ​ជុំ​ទី​១៦ កាលពី​ថ្ងៃ​ពុធ កន្លងមក​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៅ​មុខ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​ធ្វើ​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់ ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ក្នុង​ខែ​ទី​មួយ ៥០​ភាគរយ និង​ខែ​ទី​ពីរ ៧០​ភាគរយ និង​ទទួល​បាន​ការងារ​ពេញ​ម៉ោង​ឡើងវិញ​នៅ​ខែ​បន្ទាប់។ ជាង​នេះ​ទៀត តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​កន្លងមក។ ពួកគេ​ក៏​បាន​ស្នើសុំ​បើក​ការិយាល័យ​សហជីព​ឡើងវិញ​ថែម​ទៀត។

លើស​ពី​នេះ តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព​ផង​ដែរ ព្រោះ​ថា​មិន​មាន​ច្បាប់ ប.ស.ស ណា​មួយ​បាន​ចែង​ពី​ការ​ផ្អាក​វិភាគទាន ប.ស.ស ដល់​កម្មករ​ដែល​ធ្វើ​កូដកម្ម​នោះ​ឡើយ។

ក្រសួង​ការងារ​បន្ត​ថា តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើ​ឱ្យ​ខ្លួន​ផ្តល់​លិខិត​របស់​អធិការ​ការងារ​ស្ដីពី​ការ​ឯកភាព​លើ​ការ​បញ្ឈប់​ពី​ការងារ​រួម​របស់​កម្មករ​និយោជិត​ទាំង ១៣២៩​នាក់ ដែល​មាន​ទាំង​ថ្នាក់​ដឹកនាំ​សហជីព ប្រតិភូ​បុគ្គលិក សកម្មជន និង​សមាជិក​សហជីព​នា​ពេល​កន្លងមក​ផង​ដែរ។

ក្រសួង​ការងារ​កម្ពុជា អះអាង​ថា ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ច្រាន​ចោល​ទាំងស្រុង​នូវ​សំណើ​ទាំងអស់​របស់​តំណាង​ភាគី​កម្មករ​និយោជិត ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ដែល​នៅសល់ ទៅ​ទទួល​យក​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ចប់​វិវាទ​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​នេះ ខាង​កម្មករ​និយោជិត​បាន​សម្បទាន​ច្រើន​ណាស់ ដូចជា​ការ​សុខចិត្ត​ឈប់​ពី​ការងារ​ជំនួស​កម្មករ​និយោជិត​ដែល​ត្រូវ​ក្រុមហ៊ុន​បាន​បញ្ឈប់ ជាដើម ដើម្បី​ឱ្យ​តែ​ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួកគេ​អាច​បន្ត​ការងារ ដើម្បី​ជួយ​ការពារ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ​បន្ត​ទៀត ប៉ុន្តែ​ភាគី​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​រហូត​មក។

លោក មឿន តុលា ត្អូញត្អែរ​ថា តាមរយៈ​នៃ​ការ​កត់សម្គាល់​របស់​លោក​គ្រប់​ដំណាក់កាល​នៃ​ការ​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ លោក​មើល​មិន​ឃើញ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដើរ​តួ​ពេញលេញ​ក្នុង​នាម​ខ្លួន​ជា​តួអង្គ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​វិវាទ និង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នោះ​ទេ។ លោក​លើកឡើង​ថា ការ​មិន​ដោះស្រាយ​វិវាទ​នេះ​ពី​សំណាក់​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កន្លងមក ទំនង​ជា​នៅ​ពីក្រោយ​ខ្នង​នៃ​ជម្លោះ​នេះ​មាន​អ្នក​មាន​អំណាច​ជាន់ខ្ពស់​ដែល​ជា​ជំហរ​ដ៏​រឹងមាំ​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដូច​ដែល​គេ​បាន​ចោទប្រកាន់​មែន​ហើយ ទើប​រាល់​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ម្តងៗ​តែងតែ​រង​នូវ​ការ​បង្ក្រាប​រហូត ទាំង​ដែល​កម្មករ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ​ការងារ​ទៅ​ហើយ​នោះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...