សង្គម​ស៊ីវិល​គ្មាន​ជំនឿ​លើ​ក្រសួង​មហាផ្ទៃ​ទប់ស្កាត់​ការ​លាង​លុយកខ្វក់​នៅ​កម្ពុជា

29
កក្កដា

សង្គម​ស៊ីវិល​គ្មាន​ជំនឿ​លើ​ក្រសួង​មហាផ្ទៃ​ទប់ស្កាត់​ការ​លាង​លុយកខ្វក់​នៅ​កម្ពុជា

ប្រភព៖ RFA

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ពួកគាត់​គ្មាន​ជំនឿ​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​ក្រសួងមហាផ្ទៃ​ដែល​ថា​នឹង​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​បាន​នោះ​ទេ​។ ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ជួញដូរ​គ្រឿងញៀន និង​ការ​លាង​លុយកខ្វក់​នៅ​កម្ពុជា​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ការ​ប្ដេជ្ញាចិត្ត​របស់​ក្រសួង​មហាផ្ទៃ​នេះ​ធ្វើឡើង​គ្រាន់តែ​ឱ្យ​ល្អមើល និង​មិន​អាច​ទប់ស្កាត់​ឧក្រិដ្ឋជន និង​ការ​លាង​លុយកខ្វក់​នៅ​កម្ពុជា​បាន​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អ្នកឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ កក្កដា ថា លោក​សាទរ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ថា នឹង​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយកខ្វក់​នេះ ប៉ុន្តែ​លោក​ហាក់​គ្មាន​ជំនឿ​ទៅលើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ឱ្យ​បាន​ប្រសិទ្ធភាព​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​គ្មាន​ជំនឿ ដោយសារ​កន្លង​មក​បញ្ហា​ទាំងអស់​នេះ កើតឡើង​ភាគច្រើន​មាន​មន្ត្រី​គ្រាក់ៗ​នៅ​ពី​ក្រោយខ្នង ហើយ​ក្រសួង​មហាផ្ទៃ​ទំនង​នឹង​មិន​ហ៊ាន​ចាត់វិធានការ​ទៅ​លើ​ឧក្រិដ្ឋជន​ទាំងនោះ​ដូច​ពេល​មុនៗ​ដែរ៖ «អីចឹង​បើ​គ្រាន់តែ​បោសសំអាត​តែ​ខាងក្រោម ហើយ​មិន​បាន​បោសសំអាត​រក​ឫសគល់ អ្នក​ដែល​មាន​តំណែង​ធំៗ​យក​ទៅ​ផ្ដន្ទាទោស វា​មិនអាច​បោសសំអាត​ទៅ​បាន​ទេ។ បញ្ហា​នេះ​គ្រាន់តែ​បាន​លើក​ឡើង​ឱ្យ​ប្រជាជន​ស្ដាប់​ថា​ខ្លួន​ហ្នឹង​បាន​ខំ​សម្បើម​ណាស់​តែ​ធាតុ​ពិត​គ្មាន​ប្រសិទ្ធភាព​អី​ទាំងអស់​បាទ​!»

ប្រតិកម្ម​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល​កម្រិត​១ និង​កម្រិត​២ ជំនាន់​ទី​១ នៅ​បណ្ឌិត្យសភា​នគរបាល​នៅ​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា​ថា លោក​នឹង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយកខ្វក់​នៅ​កម្ពុជា​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក ស ខេង បញ្ជាក់​ថា ការ​លាង​លុយកខ្វក់​ជា​ហានិភ័យ​ធំធេង​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្ពស់៖ «កម្ពុជា​យើង​ត្រូវ​អង្គការ​ហិរញ្ញវត្ថុ​អន្តរជាតិ​ហៅថា ហ្វាត (FATF) អង្គការ​នេះ​ដែល​ជា​យន្តការ​មួយ​របស់​អង្គការ​ជាតិ​ដែរ គេ​វាយតម្លៃ​ថា ជា​ប្រទេស​ប្រផេះ។ ប្រផេះ​នេះ​វា​មិន​ជា​ការ​ល្អ​សម្រាប់​យើង​ទេ បើសិនជា​វា​ចូល​ទៅជា​ខ្មៅ​វា​រឹតតែ​មិនល្អ​ទៀត ចូល​ទៅ​ខ្មៅ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ធនាគារ​របស់​យើង​ពិបាក​ទូទាត់ មិនមែន​ថា ទូទាត់​មិន​បាន​ទេ ក៏ប៉ុន្តែ​ពិបាក​នឹង​ទូទាត់»

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើលឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃ​ទេ​នោះ ក្រសួង​មហាផ្ទៃ​នឹង​មិនអាច​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការបំផ្លាញ​ព្រៃឈើ និង​ការ​លាង​លុយកខ្វក់​ជាដើម​បាន​ឡើយ។ លោក​បញ្ជាក់​ថា បញ្ហា​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ចំណុច​សំខាន់​មួយទៀត​គឺថា​ទាល់តែ​ហ៊ាន​អារកាត់​រឿង​អំពើពុករលួយ​ជា​ប្រព័ន្ធ​នេះ។ បើសិនជា​យើង​អត់​ហ៊ាន​អារកាត់​អំពើពុករលួយ​ទេ ធម្មតា​អំពើ​ជួញដូរ​មនុស្ស​ក៏ដោយ អំពើ​លាង​លុយ​ក៏ដោយ អំពើ​ការបំផ្លាញ​ព្រៃឈើ ឬ​បំផ្លាញ​ធនធានធម្មជាតិ អ្នក​ដែល​ទៅ​លុប​សមុទ្រ​អ្នក​ដែល​ទៅ​យក​បឹង បើសិនជា​មិន​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​គ្រាក់ៗ​ឈ្មួញ​ទាំងអស់​ហ្នឹង​ឬក៏​ឧក្រិដ្ឋជន​ទាំង​ហ្នឹង​មិនអាច​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​បាន​ក្នុង​រយៈពេល​២៤​ម៉ោង​ទេ​បាទ»

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​របាយការណ៍​ស្តីពី​​ការ​ជួញដូរ​មនុស្ស​ដោយ​បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិតទី​៣​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ​២០១៥​មក និង​ក្រោយ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត​ទី​២ ក្រោម​ការ​ឃ្លាំមើល​អស់​រយៈ​ពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក។

របាយការណ៍​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​គោរព​តាម​ពេញលេញ​នូវ​ស្តង់ដារ​អប្បបរមា​ដើម្បី​លុប​បំបាត់​នូវ​អំពើ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​ឡើយ។

ដោយឡែក​អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​នៅ​លើ​ពិភពលោក ឈ្មោះ​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) កាលពី​ថ្ងៃទី​៤ ខែ​មីនា បាន​បន្ត​ដាក់​កម្ពុជា​ស្ថិត​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់ ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន។

អស់​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩​មក ដែល​កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​ខ្លាំង​ខាង​អំពើ​លាងលុយកខ្វក់​។ វិស័យ​ដែល​រង​ហានិភ័យ​ខ្ពស់​ខាង​អំពើ​លាងលុយកខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យ​សំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជឿជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ជួញដូរ​មនុស្ស និង​ការ​លាយ​លុយកខ្វក់​ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស​អាច​នឹង​មាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​បន្ថែម​ទៀត​មក​លើ​កម្ពុជា៕

 

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...