ប៉ូលិសថា ជនបរទេសពីនាក់ដែលជួយសង្រ្គោះនៅក្រុងព្រះសីហនុមិនមែនជាជនរងគ្រោះនោះទេ
ប្រភព៖ Khmertimes
ជនបរទេសបីនាក់ដែលត្រូវបានគេរាយការណ៍មកថាបង្ខំឲ្យធ្វើការនៅក្នុងក្រុមហ៊ុនចិនមួយក្នុងខេត្តព្រះសីហនុត្រូវបានជួយសង្រ្គោះដោយនគរបាលជាតិ ខណៈដែលស្ថានទូតហ្វីលីពីននៅកម្ពុជាស្នើសុំអាជ្ញាធរឲ្យជួយសង្រ្គោះពួកគេ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍កាលពីម្សិលមិញថាជនបរទេសទាំងបីនាក់នោះមិនត្រូវបានគេឃុំឃ្លួន មិនមែនជាជនរងគ្រោះដោយសារការជួញដូរ រឺ បង្ខំឲ្យធ្វើការងារនោះទេ។
លោកថា មិត្តស្រីរបស់ជនបរទេសម្នាក់ក្នុងចំណោមពួកគេជាជនជាតិអាមេរិកកាំងបានទូរស័ព្ទទៅក្រុមការងារសម្តេស ស ខេង ដើម្បីស្វែងរកការអន្តរាគមន៍។
លោកថា៖ « ជនបរទេសទាំងបីនាក់នោះបានយកសួរ បន្ទាប់ពីជួយសង្រ្គោះពីកន្លែងដែលពួកគេស្នាក់នៅនិងធ្វើការ ដោយមន្រ្តីប៉ូលិសពិសេស ។ ពួកគេបាននិយាយប្រាប់ថា ពួកគេធ្វើការនិងស្នាក់នៅទីនោះគ្មានបញ្ហាអ្វីឡើយ»។
លោកបន្ថែមថា៖ « ជនបរទេសទាំងបីនាក់នោះបច្ចុប្បន្នស្ថិតនៅនាយកដ្ឋានសន្តិសុខនៃនគរបាលជាតិសម្រាប់សួរព័ត៌មានបន្ថែម ។ ពួកគេមានសុវត្ថិភាព ប៉ុន្តែពួកគេគ្មានឯកសារណាមួយត្រឹមត្រូវ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា ជនបរទេសទាំង៣នាក់នោះ មានជនជាតិខ្មែរ-អាមេរិកាំងលោក Sath Chap អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក Daniel Wayne Scott អាយុ៤៣ឆ្នាំ និងជនជាតិឥណ្ឌូនេស៊ី Plasidia Retta Riama អាយុ៣១ឆ្នាំ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ។
នាយឧត្តមសេនីយ៍ សុភ័គ មានប្រសាសន៍ថា ជនបរទេសទាំង៣នាក់នេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១៨ ខែសីហា នៅក្នុងបន្ទប់របស់ពួកគេក្នុងក្រុងព្រះសីហនុ។ លោកថា៖ «បន្ទប់របស់ពួកគេមិនបានចាក់សោនៅខាងក្រៅទេ ហើយក៏គ្មានអ្នកយាមដែរ»។
លោកបានបន្តថា នៅពេលសាកសួរលោក លោក Sath Chap បាននិយាយថាលោកបានចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីខែសីហាឆ្នាំមុនដើម្បីទេសចរណ៍។ លោកបានធ្វើការឱ្យក្រុមហ៊ុនកុំព្យូទ័រចំនួន៤។ បន្ទាប់ពីធ្វើការនៅក្រុមហ៊ុនទីបីបានកន្លះខែ ក្រុមហ៊ុនបានផ្ទេរគាត់ទៅធ្វើការនៅក្រុមហ៊ុនទី ៤ ស្ថិតនៅភូមិទី ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលអ្នកជ្រើសរើសទទួលប្រាក់បៀវត្សរ៍ចំនួន ៤,000 ដុល្លារ និង Sath Chap ទទួលបានប្រាក់ខែចំនួន 900 ដុល្លារ។
លោកបន្តថាបន្ទាប់ពីធ្វើការឱ្យក្រុមហ៊ុនបានបីខែ គាត់ចង់លាឈប់ ប៉ុន្តែគាត់នៅជាប់កុងត្រាមួយឆ្នាំ។ នាយឧត្តមសេនីយ៍ សុភ័គ មានប្រសាសន៍ថា៖ « នៅកន្លែងធ្វើការនីមួយៗ គាត់ទទួលបានប្រាក់ខែពេញ ហើយគាត់មិនត្រូវបានគេវាយដំ ឬឃុំខ្លួននោះទេ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅនោះទេ»។
ចំណែកលោក Scott និង Retta Riama ដែលជាភរិយារបស់លោក ត្រូវបានលោកនាយឧត្តមសេនីយ៍ សុភ័គ រៀបរាប់ថា ពួកគេបានមកប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងខែសីហា ឆ្នាំ ២០១៩ ហើយ Scott បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនរយៈពេលពីរឆ្នាំនៅទីក្រុងភ្នំពេញ។
លោក Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកមានប្រសាសន៍ថា សុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិកនៅបរទេសគឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលអាមេរិក។
លោកមានប្រសាសន៍ថា៖ « ស្ថានទូតធ្វើការដើម្បីផ្តល់សេវាកុងស៊ុលសមស្របឱ្យបានលឿនតាមដែលអាចធ្វើទៅបានដល់ពលរដ្ឋអាមេរិកទាំងអស់ដែលត្រូវការពួកគេ។ ដោយសារតែការពិចារណាអំពីឯកជនភាព យើងមិនអាចធ្វើអត្ថាធិប្បាយលើករណីជាក់លាក់ណាមួយបានទេ»។
ជុំវិញសំណើរបស់ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា សុំឱ្យអាជ្ញាធរជួយសង្រ្គោះមនុស្ស ៤នាក់ ដែលជាប់ក្នុងបរិវេណក្នុងគម្រោង Union Development Group អភិបាលខេត្តកោះកុង លោកស្រី មិថូណា ភូថង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីមិនទាន់ទទួលបានព័ត៌មានណាមួយអំពីជនជាតិហ្វីលីពីនទាំងបួននាក់ដែលកំពុងជាប់ឃុំនោះ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ដឹងអំពីករណីនេះនៅឡើយទេ ខ្ញុំនឹងស៊ើបអង្កេតករណីនេះឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជនរងគ្រោះហ្វីលីពីនទាំងបួននាក់នេះ។ ខ្ញុំនឹងបញ្ជូនមន្ត្រីជំនាញទៅស៊ើបអង្កេតឆាប់ៗនេះ»។
លិខិតរបស់ស្ថានទូត ចុះថ្ងៃទី៨ ខែសីហា និងបញ្ជាក់ដោយនគរបាលកម្ពុជា បានឲ្យដឹងថា ជនជាតិហ្វីលីពីន ៤នាក់ កំពុងត្រូវបានឃុំខ្លួននៅជាន់ទី៤ នៃអគារមួយក្នុងបរិវេណកាស៊ីណូឡុងបាយ ក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង។
ស្ថានទូតមិនបានស្គាល់លេខអគារនោះទេ ប៉ុន្តែបាននិយាយថា អ្នកទាំងបួនកំពុងត្រូវបានគេរក្សាទុកក្នុងបន្ទប់លេខ ៥០៨ ហើយពួកគេត្រូវបានស្នើឱ្យបង់ប្រាក់ដើម្បីចាកចេញ។
ស្ថានទូតស្នើសុំការឆ្លើយតបជាបន្ទាន់ពីអគ្គស្នងការនគរបាលជាតិ ក្នុងការសម្របសម្រួលដោះលែងជនជាតិហ្វីលីពីន ៤នាក់ជាបន្ទាន់ ពីការងាររបស់ក្រុមហ៊ុនចិនមិនស្គាល់អត្តសញ្ញាណ ការប្រគល់លិខិតឆ្លងដែន ប្រាក់បៀវត្សរ៍ និងការផ្ទេរពួកគេមកវិញទៅកាន់តំបន់សុវត្ថិភាព។
លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់ មានប្រសាសន៍ថា ករណីជួញដូរមនុស្ស និងការឆបោកបានកំពុងកើតឡើងនាពេលថ្មីៗនេះ ហើយវាជារឿងសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការមានផែនការច្បាស់លាស់ ដើម្បីចាត់វិធានការទាន់ពេលវេលា។
លោកមានប្រសាសន៍ថា៖ « យើងមិនអាចអនុញ្ញាតឲ្យមានរឿងនេះកើតឡើងទៀតទេ ព្រោះវាប៉ះពាល់ដល់កិត្តិយសជាតិ ហើយវាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើកម្ពុជាធ្លាក់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក កម្ពុជានឹងបាត់បង់ជំនួយមួយចំនួន»៕
This post is also available in: អង់គ្លេស