ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ដាច់​ស្បៀង​ ក្រោយ​ពី​ថៅកែ​មិន​បើក​លុយ​ឱ្យ​

05
កុម្ភៈ

ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ដាច់​ស្បៀង​ ក្រោយ​ពី​ថៅកែ​មិន​បើក​លុយ​ឱ្យ​

ប្រភព៖ RFA

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ដាច់​ស្បៀង​អាហារ​ ដោយ​សារ​ថៅកែ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​ អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ រដ្ឋាភិបាល​គួរ​តែ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ទាំង​នោះ​ជា​បន្ទាន់​ ដើម្បី​ពួក​គាត់​បាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​លើក​ឡើង​ថា​ ពួក​គាត់​ដាច់​ស្បៀង​អាហារ​អស់​រយៈ​ពេល​២​ខែ​មក​ហើយ​ ពោល​គឺ​ចាប់​តាំង​ពី​ថៅកែ​ថៃ​មិន​បើក​ប្រាក់​ឈ្នួល​ដល់​ពួក​គាត់​រហូត​មក​ពួក​គាត់​បារម្ភ​ថា​បើ​សិន​ជា​ថៅកែ​មិន​បើក​ឱ្យ​បាន​ឆាប់ៗ​ទេ​នោះ​ទេ​ អាច​នឹង​មាន​ជីវភាព​កាន់​តែ​លំបាក​ជាង​នេះ​ ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ ជា​ពិសេស​ប៉ះពាល់​ការ​លូត​លាស់​របស់​កុមារ

នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​ដែល​មាន​គ្នា​៥​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​ និង​កូន​ក្មេង​ផង​នោះ​ លោក​ស្រី​ មាន សារៀម ដែល​បច្ចុប្បន្ន​មក​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​សាមុតប្រាកាន​ ប្រទេស​ថៃ​ (Samut Prakan) អស់​រយៈ​ពេល​​ជាង​​៥​ខែ​ ជា​កម្មករ​សំណង់​។ លោក​ស្រី​អាច​រក​ចំណូល​បាន​ជាង​៣រយបាត ​(៣០០បាត) ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ចិញ្ចឹម​កូន​៣​នាក់​ និង​សល់​លុយ​ខ្លះ​ផ្ញើ​ទៅ​ឱ្យ​អ្នក​ផ្ទះ​នៅ​ឯ​ស្រុក​ដើម្បី​សង​បំណុល​ធនាគារ​។ លោកស្រី​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ថា​ ឥឡូវ​នេះ​ លោក​ស្រី​គ្មាន​លុយ​សម្រាប់​ទិញ​បាយ​ហូប​នោះ​ទេ​ ដោយ​សារ​តែ​ថៅកែ​មិន​បើក​លុយ​ឱ្យ​អស់​រយៈ​ពេល​២ខែ​មក​ហើយ​៖

«ពិបាក​នឹង​ឯង​យើង​ជំពាក់​គេ​នៅ​ឯ​ស្រុក​ផង​ ហើយ​មិន​មាន​លុយ​ឱ្យ​គេ​ ម៉ែ​ឪ​នៅ​ឯ​ផ្ទះ​ក៏​ឈឺ​ ហើយ​យើង​យក​កូន​មក​ក៏​មិន​បាន​រៀន​បាន​សូត្រ​។ ចំណាយ​ច្រើន​ យើង​ធ្វើ​ការ​តែ​ពីរ​នាក់​ហើយ​ កូន​ដេក​ស៊ី​ កូន​ក្មេង​វា​ដែល​ដូច​យើង​មនុស្ស​ធំ​ បើ​វា​ទា (សុំ​ញាំ)​ គឺ​ទា​យក​តែ​ពី​បាន​ ដល់​ពេល​អត់​តាំង​យំ​រំពង»

អ្នក​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ រៀប​រាប់​ទាំង​អស់​សង្ឃឹម​ថា​ ពេល​ខ្លះ​បើ​ថៅកែ​ បើក​លុយ​ឱ្យ​១ពាន់​បាត​ ស្មើ​នឹង​ជាង១០ម៉ឺន​រៀល​ គឺ​គ្រាន់​ទុក​ទិញ​អាហារ​ហូប​ចុក​បន្តិច​បន្តូច​ព្រឹក​ល្ងាច​ ដើម្បី​រស់​នៅ​តែ​ប៉ុណ្ណោះ​។ លោក​ស្រី​បន្ត​ថា​ មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា​នោះ​ទេ​ បើ​សិន​ជា​ជូន​ដំណឹង​ដល់​ស្ថាន​ទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​ ខ្លាច ប៉ូលិស​ថៃ​ចាប់​ពួក​គាត់​បញ្ជូន​មក​ខ្មែរ​វិញ​ ព្រោះ​លោក​ស្រី​ និង​ពលករ​មួយ​ចំនួន​ទៀត​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ ព្រោះ​មិន​មាន​លុយ​ធ្វើ​លិខិត​ឆ្លង​ដែន​ ឬ​ប៉ាស្ទ័រ​ និង​ប័ណ្ណ​ការ​ងារ​ទេ​

ស្រដៀង​គ្នា​នេះ​ដែរ​ ពលករ​ម្នាក់​ទៀត​ គឺ​លោក​ស្រី​ ចុង ម៉ៅ ដែល​នៅ​ក្បែរ​នឹង​លោក​ស្រី មាន សារៀម ដែរ​នោះ​ លើក​ឡើង​ថា​ លោក​ស្រី​មិន​អាច​ត្រឡប់​ទៅ​ប្រទេស​ខ្មែរ​វិញ​បាន​ទេ​ ព្រោះ​លោក​ស្រី​ជំពាក់​លុយ​បង​ប្អូន​ និង​ធនាគារ​ ដែល​តម្រូវ​ឱ្យ​លោក​ស្រី​ត្រូវ​ប្រឹង​ប្រែង​រក​ចំណូល​ ដូច្នេះ​លោក​ស្រី​មាន​តែ​តស៊ូ​លំបាក​រង់​ចាំ​ ថៅកែ​បើក​លុយ​ឱ្យ​ទោះ​យ៉ាង​ណា​ លោក​ស្រី​ទទូច​ឱ្យ​ស្ថាន​ទូត​ខ្មែរ​ជួយ​សម្រួល​ដល់​ពួក​គាត់​ក្នុង​ការ​ធ្វើ​ប៉ាស្ទ័រ​ និង​ប័ណ្ណ​ការងារ​ក្នុង​តម្លៃ​ទាប​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​រស់​នៅ​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ

«ខ្ញុំ​ជួប​ផល​លំបាក​តែ​រឿង​អត់​ហូប​ អត់​បាយ​អត់​លុយ​ ហើយ​មាន​កូន​ក្មេង​តូចៗ​ផង​ចង់​ឱ្យ​បងៗ​ជួយ​រក​ការងារ​ថ្មី​ ឱ្យ​ពួក​ខ្ញុំ​ធ្វើ​ខ្លាច​ទៅ​កន្លែង​ផ្សេង​គេ​ធ្វើ​ប៉ាស្ទ័រ​ឱ្យ​ថៅកែ​កាល​ពី​មុនៗ​លុយ​គាត់​ចេញ​ ដល់​ពេល​ចូល​មក​ដល់​ខែ​នេះ​ មិន​ដឹង​ម៉េច​គាត់​ខាត​គាត់​អី​ក៏​មិន​ដឹង​គាត់​មិន​មាន​លុយ​បើក​ឱ្យ​»

អ្នក​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​អះអាង​ថា​ ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​សំណង់​ដោយ​ខុស​ច្បាប់​ជា​មួយ​នឹង​លោក​ស្រី​នៅ​ខេត្ត​សាមុតប្រាកាននេះ​មាន​ជាង​២០​គ្រួសារ​ ដែល​មាន​ចំនួន​មនុស្ស​ចាស់​ជិត​៣០នាក់​ និង​មាន​កុមារ​៥​នាក់​។ លោក​ស្រី​ថា​ ភាគ​ច្រើន​ជា​អ្នក​មក​ពី​ខេត្តបន្ទាយមានជ័យ​ ហើយ​ពួក​គាត់​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច​ប៉ូលិស​ថៃ​ចាប់​

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ លោក ហេង សួរ និង​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​បាងកក  ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​ពលករ​ដាច់​ស្បៀង​នេះ​ បាន​ទេ​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា​  ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​

ជុំ​វិញ​រឿង​នេះ​ មន្ត្រី​ផ្នែក​អន្តោ​ប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ​ នៃ​អង្គការ​សង់ត្រាល់ (Central)​ លោក លឹង សុផុន មាន​ប្រសាសន៍​ថា កាល​ពី​ថ្មីៗ​នេះ​ លោក​បាន​ទៅ​ជួប​នឹង​ពលករ​ជាង​២០​គ្រួសារ​ នោះ​ហើយ​ ដោយ​លោក​សង្កេត​ឃើញ​ថា​ ពលករ​ភាគ​ច្រើន​ខ្វះខាត​ ហើយ​គ្មាន​លុយ​ទិញ​បាយ​ហូប​ចុក​ឱ្យ​បាន​ត្រឹម​ត្រូវ​លោក​ថា​ បញ្ហា​នេះ​មិន​មែន​ទើប​តែ​មាន​ទេ​ គឺ​មាន​ស្ទើរ​តែ​គ្រប់​កន្លែង​ឱ្យ​តែ​ មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ ដោយ​សារ​ភាគ​ច្រើន​ពួក​គេ​ចាញ់​បោក​មេ​ខ្យល់​។ លើស​ពី​នេះ​ លោក​ទទូច​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ជួយ​ដោះស្រាយ​បញ្ហា​អត់​ស្បៀង​ដល់​ពលករ​ខ្មែរ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​៖

«ខាង​រដ្ឋាភិបាល​គាត់​គួរ​តែ​មាន​វិធាន​ការ​ជួយ​ជ្រុង​ជ្រែង​ ជួយ​អប់រំ​ពលករ​តាម​តំបន់​ឱ្យ​ពួក​គាត់​យល់​ដឹង​បន្ថែម​អំពើ​ការ​ធ្វើ​យ៉ាង​ម៉េច​ ឱ្យ​យើង​នឹង​មាន​សិទ្ធិ​ពេញ​លេញ​មាន​សិទ្ធ​ក្នុង​ការ​ធ្វើ​ការងារ​ដោយ​ស្រប​ច្បាប់​នៅ​ស្រុក​គេ​សូម​បញ្ជាក់​បន្ថែម​ថា​ បើ​សិន​ជា​វិធាន​ការ​ណា​មួយ​ដើម្បី​ឱ្យ​បង​ប្អូន​យើង​ វា​ជា​រឿង​ល្អ​ជា​ពិសេស​សម្រាប់​បង​ប្អូន​យើង​ពលករ​»

របាយការណ៍​របស់​ក្រសួងការងារ​កម្ពុជា​ ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង​ ១លាន ២សែននាក់​កំពុង​ ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central)​ បង្ហាញ​ថា​ មាន​ពលករ​ខ្មែរ​កំពុង​ ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ​ ២​លាន​នាក់​ ដោយ​មួយ​ចំនួន​ពួក​គាត់​ទទួល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​បាត់​បង់​ផល​ប្រយោជន៍​ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​នៅ​កម្ពុជា​ សង្កេត​ឃើញ​ថា​បញ្ហា​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​របស់​ពលករ​ខ្មែរ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ជា​ចំណុច​ដែល​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​។  ពួក​គេ​បារម្ភ​ថា​ កន្លង​មក​រដ្ឋាភិបាល​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តែ​បន្ត​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដោយ​សារ​តែ​ពួក​គេ​មាន​ជីវភាព​ខ្វះខាត​ ខណៈ​ដែល​តម្លៃ​ឯកសារ​ផ្សេងៗ​ និង​លិខិត​ឆ្លង​ដែន​មាន​តម្លៃ​ខ្ពស់​ ហួស​ពី​លទ្ធភាព​របស់​ពួក​គាត់​។ ដូច្នេះ​ពួក​គេ​  ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា សហការ​នឹង​អាជ្ញាធរ​ថៃ​ជួយ​សម្រួល​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ក្នុង​តម្លៃ​ទាប​សមរម្យ​ដែល​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បាន​ និង​ជួយ​ឧបត្ថម្ភ​ស្បៀង​កំឡុង​ពេល​ដែល​ពួក​គាត់​កំពុង​ខ្វះខាត​ដូច​ពេល​នេះ​។ ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ភាគ​​ច្រើន​លើក​ឡើង​ថា​ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ ដោយ​សារ​តែ​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ ឬ​ការងារ​ក្នុង​ស្រុក​បាន​ប្រាក់​ចំណូល​ទាប​ បើ​ធៀប​នឹង​ប្រទេស​ថៃ​

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...