រោងចក្រ​ផ្គត់​ផ្គង់​ស្បែក​ជើង​កីឡា​ឱ្យ​ក្រុមហ៊ុន ​Puma រង​ការ​ចោទ​ប្រកាន់​ថា​បាន​បំពាន​សិទ្ធិ​ចង​ក្រង​សហជីព

13
មិថុនា

រោងចក្រ​ផ្គត់​ផ្គង់​ស្បែក​ជើង​កីឡា​ឱ្យ​ក្រុមហ៊ុន ​Puma រង​ការ​ចោទ​ប្រកាន់​ថា​បាន​បំពាន​សិទ្ធិ​ចង​ក្រង​សហជីព

កម្មករ​ប្រមាណ​១៤​នាក់​ដែល​ជា​ថ្នាក់​ដឹកនាំ និង​ជា​សមាជិក​សហជីព​នៅ​រោង​ចក្រ​មួយ​សិ្ថត​ក្នុង​ខេត្ត​កណ្តាលបាន​បាត់បង់​ការងារ​ជា​បន្ត​បន្ទាប់ ដោយ​សារ​ថៅកែ​រោង​ចក្រ​មិន​បន្ត​កិច្ច​សន្យា​ការងារ ក្រោយ​ការ​បង្កើត​សហជីព​ឯករាជ្យ​មួយ​ជា​លើក​ទី២។ នេះ​បើតាម​តំណាង​សហជីព​ និង​អ្នក​ការពារ​សិទ្ធិ​កម្មករ។

​អ្នកស្រី ស៊ឹង វទុម​ ត្រូវបាន​កម្មករ​បោះឆ្នោត​ឱ្យធ្វើជា​ប្រធាន​សហជីព​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន អ៊ីស្តក្រោនហ្វូតវែរ​អ៊ីនដាសស្ទ្រី ឯ.ក ​(Eastcrown Footwear Industrie) កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២៣។ អ្នកស្រី​បាន​បាត់​បង់​ការងារ​ នៅ​ពេល​កិច្ចសន្យា​ការងារ​ដែល​មាន​រយៈ​ពេល​ត្រឹមតែ​៣​ខែ​មិន​ត្រូវ​បាន​ក្រុមហ៊ុន​បន្តជា​ថ្មី​ទៀត។

អ្នកស្រី​ស៊ឹង វទុម​ ប្រាប់​វីអូអេ​ថា​ គិតត្រឹម​ថ្ងៃអង្គារ​នេះ​មាន​កម្មករ​ចំនួន​១៤នាក់​ស្ថិត​ក្នុងចំណោម​ កម្មករ​ចំនួន​១៦នាក់​ដែល​រួមគ្នា​បង្កើត​និង​បោះឆ្នោត​ឱ្យមាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សហជីព​ត្រូវ​បាន​បញ្ឈប់​ពីការងារ​ ដោយ​ភាគី​រោងចក្រ​ផ្តល់​ហេតុផល​ថា​កិច្ច​សន្យា​ការងារ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​។

អ្នក​ស្រី​ថ្លែង​ថា​៖ «បើ​តាម​ក្រុម​ហ៊ុន​ ពួកខ្ញុំ​ហ្នឹង​ថា​ ដល់​អាណត្តិ​ ដល់​កុង​ត្រា​ ដែល​ត្រូវបញ្ឈប់»។ ​

អ្នកស្រី​ស៊ឹង វទុម​ ស្ថិត​ក្នុង​ចំណោម​ កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ចំនួន​១៤នាក់​នោះ​។ អ្នកស្រី​រៀប​រាប់​ទៀត​ថា​ការ​មិនបន្ត​កិច្ច​សន្យា​ការងារ​ឱ្យ​កម្មករ​ដែលត្រូវបញ្ឈប់​នោះ​ គឺមាន​ទំនាក់ទំនង​នឹង​ការ​ចងក្រង​សហជីព​ដែលក្រុម​ហ៊ុន​មិនចង់​ឱ្យមាន​នោះទេ។ អ្នកស្រី​បន្ថែមថា​ក្រុមហ៊ុន​នៅ​មាន​ការងារ​ជាច្រើន​ឱ្យ​កម្មករ​ធ្វើ​ឥត​ដាច់​ផង​ដែរ​។

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា​៖ «​មិន​មែន​ដោយ​សារ​ហេតុ​ផល​ពួក​ខ្ញុំ​ដល់​កុង​ត្រា​ទេ។ ជាក់​ស្តែង​នៅ​ពេល​ខ្ញុំ​មើល​គឺ​ គេ​រើស​អើង​ពួក​ខ្ញុំ។ ហើយ​មួយ​ទៀត​ ខាង​ក្រុម​ហ៊ុន​ថា​អត់​អីវ៉ាន់​ធ្វើ​។ ជាក់​ស្តែង​បើ​អត់​អីវ៉ាន់​ធ្វើ​ក្រុមហ៊ុន មក​ដល់​សព្វថ្ងៃ​នេះ គឺ​មាន​ការ​ថែម​ម៉ោង​៦ ថែម​ម៉ោង​៨។ ហើយ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បញ្ឈប់​ពួក​ខ្ញុំ​ហ្នឹង​ ក៏​ខាង​ក្រុម​មាន​អីវ៉ាន់​ធ្វើ​គ្រប់​គ្រាន់​ដែរ​ គឺ​គេថែម​ម៉ោង​៨ ថែម​ម៉ោង​៦​ ជា​ធម្មតា​។ ប៉ុន្តែ​ក្រុម​ហ៊ុន​រើស​អើង​ពួក​ខ្ញុំ​ គឺ​នៅ​តែ​បញ្ឈប់​ពួក​ខ្ញុំ»។

ការបញ្ឈប់​ស្ថាបនិក​ ថ្នាក់ដឹកនាំ​ និងសមាជិក​សហជីព​ខាងលើនេះ​ កើតមាន​ឡើង​អំឡុងពេល​ដែល​ពួក​គេ​កំពុងស្ថិត​នៅ​ក្នុងកិច្ចសន្យា​ការងារ​រយៈពេល​បីខែ ហើយដែល​ត្រូវ​បន្ត​ឡើងវិញ​នៅចន្លោះ​ខែ​មេសា និង​ខែឧសភា​។ ប៉ុន្តែ​គិតចាប់​តាំងពី​ពេលនោះ​មក​ កិច្ចសន្យា​ការងារ​របស់​ពួកគេ​មិន​ត្រូវ​បាន​បន្ត​ឡើង​វិញ​ទេ។ នេះ​បើ​តាម​អ្នកស្រី ​ស៊ឹង វទុម។ អ្នកស្រី​បន្ថែម​ថា​ការ​បញ្ឈប់​ស្ថាបនិក​ ថ្នាក់​ដឹកនាំ​ និង​សមាជិក​សហជីព​លើក​នេះ​ គឺជា​លើក​ទី២​ហើយ​ក្នុងអំឡុង​ពេល​ដែល​មាន​ការ​រៀប​ចំ​បង្កើត​សហជីព។

ក្រុមហ៊ុន​ អ៊ីស្ត​ក្រោន ​ហ្វូតវែរ​ អ៊ីន​ដាស​ស្ទ្រី​ឯ.ក ​(Eastcrown Footwear Industrie)ដែល​មាន​ម្ចាស់ជា​ជនជាតិ​ចិន​នេះ​ បាន​ដំណើរ​ការ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល​ ដើម្បី​ផលិត​ស្បែក​ជើង​ឱ្យ​ក្រុម​ហ៊ុន​ Puma។ រោងចក្រ​នេះ​មាន​កម្មករ​សរុប​ជាង​២ពាន់​នាក់។ រាល់​ពេល​នៃ​ការ​បង្កើត​សហជីព​ឯករាជ្យ​នៅ​រោង​ចក្រ​មួយ​នេះ ​ឧបសគ្គជា​ច្រើន​បាន​កើតឡើង​ចំពោះ​កម្មករ​ដែល​ចូល​រួម​បង្កើត​សហជីព​។ នេះ​បើ​តាម​របាយការណ៍​របស់មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​។ ​

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​អង្គការ​សង់ត្រាល់​ លោក ឃុន ថារ៉ូ ​ប្រាប់​វីអូអេ​ថា​ការ​បញ្ឈប់​អ្នក​សហ​ជីព​ដែល​ការពារ​ប្រយោជន៍​កម្មករ​នៅ​រោងចក្រ​ អ៊ីស្ត​ក្រោន ​ហ្វូតវែរ​ អ៊ីន​ដាស​ស្ទ្រី​គឺជា​ការ​រំលោភ​សិទ្ធិ​សហជីព​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ករណី​នេះធ្លាប់​កើត​ឡើង​ម្តង​មក​ហើយ​កាល​ពីឆ្នាំ​២០២២ ប៉ុន្តែ​អ្នក​ត្រូវ​បាន​បញ្ឈប់​នោះ​ បាន​ទទួល​ការងារ​វិញ​ បន្ទាប់​ពី​មាន​ការប្តឹង​ផ្តល់​ទៅ​ក្រុម​ហ៊ុន​បញ្ជា​ទិញ។

លោក​បន្ថែម​ថា៖ «បើ​យើង​និយាយ​អំពី​តថភាព​ផ្លូវច្បាប់​វិញ​ មេដឹកនាំ​សហជីព​ ហើយ​និង​ស្ថាបនិក​សហជីព​ហ្នឹង​ គឺ​ពួកគាត់​ទទួល​បាន​នូវ​ការ​ការ​ពារ​ពិសេស​ រួច​ផុត​ពី​ការ​បញ្ឈប់​ពី​ការងារ​ ទាំង​មុន​ពេល​ កំឡុង​ពេល​ និង​ក្រោយ​ពេល​ដែល​ពួក​គាត់រៀប​ចំ​បង្កើត​សហជីព​។ ហើយ​ការ​ប្រព្រឹត្ត​របស់​ក្រុម​ហ៊ុន​វា​គឺជា​ការ​រំលោភ​ វា​ជា​ការ​រើស​អើង​សហជីព​មួយ​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​កម្មករ​ដែល​គាត់​បាន​ចូល​រួម​នៅ​ក្នុង​ការ​បង្កើត​សហជីព​នៅ​កន្លែង​ការងារ​ដើម្បី​ជំរុញ​ឱ្យ​មាន​នូវការ​លើក​កម្ពស់​សិទ្ធិ​ការងារ​ ហើយ​និង​ការពារ​ផល​ប្រយោជន៍​របស់​សមាជិក​នៅ​កន្លែង​ការងារ​»។ ​

បើ​តាមរបាយការណ៍​ដែល​វីអូអេ​បាន​ទទួល​ពី​អង្គការ​សង់ត្រាល់​ ថ្នាក់​ដឹកនាំ​សហជីព​នៅ​រោង​ចក្រ​របស់​ក្រុមហ៊ុន​ អ៊ីស្ត​ក្រោន ​ហ្វូតវែរ ​អ៊ីន​ដាស​ស្ទ្រី បាន​រងការ​ធ្វើ​ទុក្ខបុក​ម្នេញជា​បន្តបន្ទាប់​ រាប់​តាំង​ពីការផ្តាច់​កិច្ចសន្យា​ការងារ​ ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ ហើយ​អំពើ​ហិង្សា​ក៏បាន​កើត​ឡើង​លើ​មេដឹកនាំ​សហជីព គឺ​អ្នកស្រី​ស៊ឹង វទុម ផង​ដែរ​ពី​ខាង​ភាគី​សហជីព​ដែល​រណប​នឹង​ផ្នែក​គ្រប់​គ្រង​របស់ក្រុមហ៊ុន​ នៅ​ពេល​មាន​ការ​រៀបចំ​បង្កើត​សហជីព​។ អ្នកស្រី ស៊ឹង វទុម បាន​រង​ការ​ជេរ​ប្រទេច​ពីបុរស​ម្នាក់​ថា​ជា​ស្ត្រី«​គ្មាន​កំណើត និង​អត់​តម្លៃ»​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​អ៊ីស្ត​ក្រោន​ ហ្វូតវែរ​ អ៊ីន​ដាស​ស្ទ្រី បាន​នៅ​ឡើយ​ទេ។

អ្នកស្រី Samantha Du Plessis ប្រធាន​ផ្នែក​ទំនាក់​ទំនង​ខាង​ចីរភាព​សង្គម​នៃ​ក្រុមហ៊ុន​ Puma បញ្ជាក់​វីអូអេ​ឱ្យដឹង​តាម​សារអ៊ីមែល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​Puma មាន​ការ​តាំងចិត្ត​ចំពោះ​សេរីភាព​នៃការ​ចង​ក្រង​សមាគម​ សិទ្ធិ​បង្កើត​ ឬ​ចូលរួម​សហជីព​ឬក៏ការងារ​ផ្សេង​ទៀត​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចង​ក្រង​សមាគម​ទៅ​តាម​ជម្រើស​រៀងៗ​ខ្លួន ​និង​ការ​ចរចា​ដើម្បី​ប្រយោជន៍​រួម។​

អ្នកស្រី​លើកឡើង​ថា៖​«យើង​រំពឹង​ថា​នឹង​មិន​មាន​ការជ្រៀត​ជ្រែក​ពី​បុគ្គលិក​រោង​ចក្រ​នៅ​ក្នុង​ដំណើរ​ការបង្កើត​សហជីព​ពាណិជ្ជកម្ម​ ឬសកម្មភាព​សហជីព​ពាណិជ្ជកម្ម​នៅក្នុង​រោងចក្រ​ទាំង​ឡាយ។ យើង​រំពឹងថា​រាល់​វិធានការ​ចាំបាច់​ត្រូវ​តែធ្វើ​ឡើង​ដើម្បី​ធានាថា​គ្មាន​សមាជិកឬមេដឹកនាំ​សហ​ជីព​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់​ចេញ​ពី​ការងារ​ដោយ​ខុស​ច្បាប់​ ការ​សង​សឹក​ ការ​គំរាម​កំហែង​ ការ​យាយី​ ឬ​ការ​គាប​សង្កត់ ទោះ​ក្នុង​មធ្យោបាយ​ណា​ក៏​ដោយ​ពី​បុគ្គលិក​រោង​ចក្រ»។

អ្នកស្រី​បន្ថែមថា​៖ «វា​ជា​រឿង​សំខាន់​សម្រាប់ Pumaដែល​ត្រូវ​ស្ថិត​ក្នុង​ការសន្ទនា​ជាមួយ​អ្នកផ្គត់​ផ្គង់​របស់​ពួក​យើង​ដើម្បីធានាថា​សិទ្ធិ​ទាំង​អស់នេះ​ត្រូវបាន​គោរព​ ហើយ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​យូរ​អង្វែង​ខាង​ឧស្សាហកម្ម​នឹង​បន្តកើត​មាន​ឡើង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​ងារ​ លោក​ ហេង សួរ បាន​នៅ​ឡើយ​ទេ។

គួររំឭក​ថា​ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​ខ្លីៗ​ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា​ជា​លេស​មួយ​របស់​និយោជក ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន និង​ជា​ការ​រារាំង​ការ​ធ្វើ​សកម្មភាព​របស់​កម្មករ​ដែល​ក្រុមហ៊ុន​មិន​ពេញ​ចិត្ត៕

ប្រភព៖ វីអូអេ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...