កម្មកររោងចក្រដែលផ្គត់ផ្គង់ផលិតផលឱ្យ Puma បាត់បង់ការងារជាថ្មី ដោយចោទថាកើតចេញពីការរើសអើងសហជីព
កម្មករចំនួន១៣នាក់ដែលបម្រើការនៅរោងចក្រផ្គត់ផ្គង់ផលិតផលឱ្យក្រុមហ៊ុន Puma បានបាត់បង់ការងារក្រោយពីបានចូលរួមបោះឆ្នោតជ្រើសរើសតំណាងសហជីពកាលពីដើមឆ្នាំនេះ។
សកម្មជនសិទ្ធិការងារ និងសមាជិកសហជីពបានលើកឡើងថា រោងចក្រដេរស្បែកជើង East Crown ដែលមានទីតាំងស្ថិតក្នុងខេត្តកណ្ដាលនេះ បានបញ្ឈប់សហជីព និងបំពានលើសិទ្ធិកម្មករជាច្រើនលើកច្រើនសារ។
ប្រធានសហជីព អ្នកស្រី សឹង វទុម លើកឡើងថា៖ «ខ្ញុំគិតថានេះជាការរើសអើងសហជីព មិនបានបញ្ឈមប់តាមច្បាប់ការងារ»។
អ្នកស្រី វទុម បានជាប់ឆ្នោតជាប្រធានសហជីពកាលពីខែកុម្ភៈ ហើយក្រោយពីចប់កិច្ចសន្យាការងារខ្លីរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា អ្នកស្រី វទុម មិនត្រូវបានខាងរោងចក្របន្តកិច្ចសន្យាការងារឱ្យទៀតទេ។ កាលពីខែមេសា សមាជិកសហជីពប្រចាំរោងចក្រចំនួន១៣នាក់ ក្នុងចំណោម១៦ មិនបានទទួលកិច្ចសន្យាការងាររយៈពេលខ្លីពីខាងរោងចក្រទៀតទេ។
សមាជិកសហជីពប្រាំបួនរូប រួមទាំងអ្នកស្រី វទុម កាលពីលើកមុនក៏ធ្លាប់បាត់បង់ការងារម្ដងរួចមកហើយពេលពួកគេព្យាយាមបង្កើតសហជីពនៅក្នុងរោងចក្រក្នុងខែសីហា។
អ្នកស្រីបន្តថា៖ «ទាំងលើកទី១ និងលើកទី២ ពួកគេរើសអើងពួកយើង។ ពួកគេនៅតែមិនលើកលែងឱ្យពួកយើង»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាបើសិនជា អ្នកបញ្ជាទិញ [Puma] ដាក់សម្ពាធលើក្រុមហ៊ុន ពួកគេនឹងទទួលពួកយើងចូលធ្វើការងារវិញ»។
កាលពីឆ្នាំកន្លងទៅមជ្ឈមណ្ឌលសម្ព័ន្ធភាពនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានអំពាវនាវឱ្យក្រុមហ៊ុនស្បែកជើងដ៏ធំរបស់អាល្លឺម៉ង់ Puma ឱ្យជំរុញទៅរោងចក្រទទួលអ្នកស្រី វទុម និងសហការីឱ្យចូលធ្វើការវិញ ហើយអ្នកទាំងនោះក៏បានទទួលធ្វើការងារវិញនៅដើមខែមករា។
ច្បាប់ស្ដីពីសហជីពរបស់កម្ពុជាបានហាមឃាត់ «ការរើសអើងលើសកម្មភាពសហជីពនៅក្នុងរោងចក្រ» ដោយរួមទាំង «លក្ខខណ្ឌនៃការបន្តកិច្ចសន្យាការងារថ្មីផង»។
អង្គការ Human Rights Watch និងក្រុមអង្គការធ្វើការលើសិទ្ធិការងារបានចាត់ទុកថា ការប្រើកិច្ចសន្យាការងាររយៈពេលខ្លី ជាវិធីគន្លឹះរបស់រោងចក្រក្នុងការគ្រប់គ្រងកម្មករ រួមទាំងការគំរាមកំហែងប្រឆាំងនឹងការបង្កើតសហជីព និងការតស៊ូមតិផងដែរ។
អ្នកស្រី អាន យូសា អនុប្រធានសហជីព បានបាត់បង់ការងារលើកដំបូងនៅក្នុងខែតុលា ឆ្នាំមុន ហើយក៏បានបាត់បង់ម្ដងទៀតដោយខាងរោងចក្រមិនបន្តកិច្ចសន្យាការងារឱ្យនៅថ្ងៃទី១១ ខែមេសា។ អ្នកស្រី និងស្វាមី ឯម សម្បត្តិ ដែលជាប្រធានសហជីពជាប់ឆ្នោត ក៏បានវិលត្រឡប់ទៅស្រុកកំណើតក្នុងខេត្តព្រៃវែងវិញ។ អ្នកស្រី យូសា បានត្រឡប់ទៅធ្វើស្រែវិញ ហើយស្វាមីបានទៅធ្វើជាអ្នកបើករថយន្តដឹកដី ប៉ុន្តែចំណូលអ្នកទាំងពីរមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រួសារនោះទេ។
អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំមិនបានរកប្រាក់អ្វីទៀតទេ ព្រោះខ្ញុំនៅផ្ទះ…ហើយប្ដីខ្ញុំវិញបានទៅធ្វើជាអ្នកបើកឡានដឹកដីមួយសប្ដាហ៍ហើយ តែមិនទាន់មានការងារធ្វើទេ ព្រោះតែភ្លៀងពេក»។
អ្នកស្រី វទុម ឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមិថុនា សមាជិកសហជីពបានជួបជាមួយក្រុមហ៊ុន និងក្រសួងការងារ ប៉ុន្តែមិនមានដំណោះស្រាយទេ។ អ្នកស្រីឱ្យដឹងទៀតថា អ្នកស្រីមានសង្ឃឹមតិចណាស់លើក្រសួងការងារដែលថា បានសម្របសម្រួលលើការចរចា ដើម្បីអាចនាំឱ្យអ្នកស្រីបានចូលធ្វើការវិញនោះ។ អ្នកស្រីបន្តស្នាក់នៅទីក្រុងភ្នំពេញ និងថាអ្នកស្រីកំពុងមានការពិបាកក្នុងការចំណាយលើថ្លៃជួលផ្ទះ។
សមាជិកសហជីពក៏បានឱ្យដឹងដែរថា ពួកគេបានប្រឈមនឹងការរំលោភបំពាននៅប៉ុន្មានខែចុងក្រោយបន្ទាប់ពីពួកគេបានចងក្រងសហជីព។ បើតាមរបាយការណ៍របស់កម្មករដែលចងក្រងដោយអង្គការសង់ត្រាល់ សមាជិកសហជីពត្រូវបានតាមដានយ៉ាងស្អិតពីបុគ្គលិកផ្សេងទៀត រួមមានការថតជាវីដេអូ រូបថត និងតាមទៅដល់ផ្ទះជាដើម។ សមាជិកសហជីពផ្សេងទៀតបានរាយការណ៍ថា ពួកខ្លួនត្រូវគេរិតត្បិតលើការធ្វើការថែមម៉ោងផងដែរ។
សមាជិកម្នាក់ត្រូវបានរាយការណ៍ថា បានស្រែកដាក់សមាជិកសហជីព ដោយបានស្រែកជេរដូចជាពាក្យថា «មីថោក» និង «មីអត់ប្រយោជន៍»។ វទុម និងសមាជិកសហជីពផ្សេងទៀត បានចោទប្រកាន់បុគ្គលិកផ្សេងទៀតថាបានរុញច្រាន និងធ្វើបាបរាងកាយលើអ្នកស្រី ព្រមទាំងបានកញ្ឆក់យកឯកសារសហជីពពីដៃអ្នកស្រីទៀតផង។
អ្នកគ្រប់គ្រងគម្រោងអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា មេដឹកនាំសហជីពជាប់ឆ្នោត និងស្ថាបនិក គឺត្រូវទទួលបានការគាំពារពិសេសរួចផុតពីការបញ្ឈប់ពីការងារទាំងមុនពេល អំឡុងពេល និងក្រោយពេលជាប់ជាប្រធានសហជីព។ លោកបន្ថែមថា ការប្រព្រឹត្តរបស់បុគ្គលិកដែលឈានដល់ការយាយីសមាជិកសហជីព គឺត្រូវបានចាត់ទុកថាជាការប្រព្រឹត្តខុសធ្ងន់ធ្ងរ និងថាបុគ្គលិករូបនោះគួរត្រូវបានបញ្ឈប់ពីការងារដោយផ្អែកតាមច្បាប់ស្ដីពីការងារ។
លោកបន្ថែមថា៖ «អង្គការសង់ត្រាល់ទាមទារថា អ្នកដែលបានជាប់ពាក់ព័ន្ធនឹងការបំភិតបំភ័យ គំរាមកំហែង និងយាយីប្រឆាំងនឹងមេដឹកនាំ ឬស្ថាបនិកសហជីព គួរតែទទួលនូវចំណាត់ការជាក់លាក់ភ្លាមៗ»។
តំណាងក្រុមហ៊ុន Puma ប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថា ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Eastcrown បានចូលរួមសិក្ខាសាលាកាលពីឆ្នាំ២០២១ ដែលរៀបចំដោយ Puma និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលពេលនោះមាននិយាយពី «សិទ្ធិ និងកាតព្វកិច្ចរបស់និយោជក តំណាងសហជីព និងកម្មករ និងទំនាក់ទំនងនៅកន្លែងការងារ»។
លោក វ៉ាន់ អ៊ី ហុង រដ្ឋបាលរោងចក្រដេរស្បែកជើង Eastcrown បានច្រានចោលការចោទប្រកាន់ថា រោងចក្របានរើសអើងលើសមាជិកសហជីព។ លោកថា ការបញ្ឈប់កម្មករគឺធ្វើឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឱ្យមានការបញ្ឈប់កម្មករទ្រង់ទ្រាយធំទូទាំងរោងចក្រ។
លោកលើកឡើងថា៖ «នេះគ្រាន់តែជាការចោទប្រកាន់ ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុនបានប្រកាសថាក្រុមហ៊ុនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល»។ លោក អ៊ីហុង បន្តថា៖ «ដូចនេះផ្អែកតាមកិច្ចសន្យាការងារ អ្នកដែលមានកិច្ចសន្យាត្រូវចប់ គឺខាងក្រុមហ៊ុនមិនបន្ត[ការងារ]ឱ្យទេ»។
លោកបន្តទៀតថា បើសិនជារោងចក្របានទទួលការបញ្ជាទិញល្អ នោះក្រុមហ៊ុននឹងជួលកម្មករទាំងនោះវិញ។
លោកបន្ថែមថា៖ «បើសិនជាមានទំនិញត្រូវធ្វើច្រើន យើងនឹងហៅបុគ្គលិកមានបទពិសោធន៍មកវិញ។ ក្រុមហ៊ុននៅតែត្រូវការ [ពួកគាត់]»។
ទាក់ទងនឹងការលើកឡើងថាមានការធ្វើបាបរាងកាយលើ អ្នកស្រី វទុម លោក ហុង ថាក្រុមហ៊ុនបានប្រគល់កិច្ចការនេះទៅឱ្យសមត្ថកិច្ច។
លោក ណេង សុធានី មន្ត្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោមបានឱ្យដឹងថា លោកមិនបានតាមដានករណីចោទប្រកាន់រឿងធ្វើបាបរាងកាយទេ ដោយថាសមាជិកសហជីពមិនបានដាក់ពាក្យបណ្ដឹងទៅលោក។
អ្នកស្រី វទុម មានប្រសាសន៍ថាខ្លួនបានជ្រើសរើសមិនប្ដឹងទៅនគរបាល ដោយថាអ្នកស្រីជឿថារឿងនេះកំពុងស្ថិតនៅក្នុងការពិនិត្យរបស់ក្រសួងការងារ និងថាគួរតែត្រូវបានដោះស្រាយតាមរយៈក្រសួងការងារមិនមែននគរបាលទេ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក Kerstin Neuber ប្រធានផ្នែកទំនាក់ទំនងជាន់ខ្ពស់របស់ Puma បានប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថា តាំងពីខែមេសាមក ខាងក្រុមហ៊ុនបានទទួលផែនការបញ្ឈប់បុគ្គលិករបស់រោងចក្រ ដែលនាំឱ្យមានការបាត់បង់ការងារជាច្រើន បានសម្ភាសថ្នាក់ដឹកនាំសហជីពចំនួនបីនាក់ និងបានចុះទៅទស្សនកិច្ចផ្ទាល់មួយកន្លែងផងដែរ។
លោកសរសេរទៀតថា៖ «កម្មករដែលត្រូវជ្រើសរើសក្នុងការបញ្ឈប់ គឺផ្អែកទៅលើការអស់សុពលភាពនៃកិច្ចសន្យាការងារ យ៉ាងណា គម្រោងរោងចក្រកាន់តែប្រសើរ[sic]នៅកម្ពុជាបានសិក្សាពីរឿងនេះកាលពីដើមខែឧសភា ហើយលទ្ធផលគឺកំពុងស្ថិតក្នុងការពិភាក្សាគ្នាជាមួយថ្នាក់គ្រប់គ្រងរោងចក្រ»។
លោកឱ្យដឹងទៀតថា ក្រសួងការងារបានដឹងពីសំណើរបស់សហជីពក្នុងការទាមទារឱ្យកម្មករចូលធ្វើការវិញ ហើយថារបាយការណ៍របស់ក្រសួងរំពឹងថានឹងត្រូវធ្វើរួចរាល់នៅចុងខែកក្កដាខាងមុខ។
លោកបន្ថែមថា រោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន Xinlong Group «នៅតែជាដៃគូសំខាន់» សម្រាប់ Puma ហើយ «ប្រទេសកម្ពុជាក៏នៅតែជាប្រទេសផលិតដ៏សំខាន់ដែរ»។
អ្នកស្រី វទុម ដែលជាថ្នាក់ដឹកនាំសហជីពមួយរូប បាននិយាយថា សមាជិកសហជីពនឹងនៅតែបន្តតស៊ូទាមទារឱ្យមានការទទួលយកកម្មករចូលធ្វើការវិញ បើទោះបីជាក្រសួងការងារ និងក្រុមហ៊ុន Puma មិនបានជួយឱ្យពួកគេបានការងារវិញក៏ដោយ។
អ្នកស្រីបន្ថែមថា៖ «យើងនឹងបន្តដាក់ពាក្យបណ្ដឹង ដោយមិនបោះបង់ទេ»៕
ប្រភព៖ ខេមបូចា
This post is also available in: អង់គ្លេស