លោក ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​លែង​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​អឺរ៉ុប​ហើយ

05
មិថុនា

លោក ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​លែង​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​អឺរ៉ុប​ហើយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​របស់​លោក​លែង​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ពី​សហភាព​អឺរ៉ុប​ត​ទៀត​ហើយ​។ អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប គឺជា​ដើមចម​ដែល​នាំ​ឱ្យ​លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ។

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ទៀត​ថា លោក​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប​ដក​អ៊ី​ប៊ីអេ (EBA) ពី​កម្ពុជា​ឡើយ ដោយ​លោក​សំអាង​ថា ប្រព័ន្ធ​អនុគ្រោះ​នេះ គង់តែ​សហភាព​អឺរ៉ុប​ដក​ហូត​នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ចាក​ចេញពី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ​២០២៧ ខាងមុខ​នេះ។ ម្យ៉ាងទៀត​លោក​ថា ការសម្រេចចិត្ត​បែបនេះ​ក៏​ជួយ​ឱ្យ​កម្ពុជា​ពង្រឹងសមត្ថភាព​ដោយ​ឈប់​ពឹង​ផ្អែក​លើ​ដង្ហើម​គេ​ដក តទៅទៀត​ដែរ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី៤ ខែ​មិថុនា លោក ហ៊ុន សែន អះអាង​ថា ទោះបី​ស្ថិត​ក្នុង​តម្លៃ​ណាក៏ដោយ រដ្ឋាភិបាល​របស់​លោក​មិន​យក​អធិបតេយ្យ​របស់​ជាតិ​ទៅ​ប្ដូរ​ជាមួយ EBA របស់​សហភាព​អឺរ៉ុប និង​ជំនួយ​របស់​ប្រទេស​ណាមួយ​ឡើយ។ លោក​ថា អឺរ៉ុប​ដក​២០​ភាគរយ​កន្លងមក​ពុំបាន​ប៉ះពាល់​ដល់​ការនាំចេញ​ទំនិញ និង​សេដ្ឋកិច្ច​កម្ពុជា​ទេ ហើយ​កម្ពុជា​អាច​រស់​បាន​ដោយ​មិន​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​ពី​អឺរ៉ុប​បាន​ដែរ។

លោក ហ៊ុន សែន៖ «ខ្ញុំ​ចង់​ដឹង​ពី​ភាព​ធន់​របស់​កម្ពុជា​ដល់​ណា​ដែរ ដើម្បី​យើង​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ដោយ​កុំ​រង់ចាំ​គេ​បន្តក់​ខ្យល់​ឱ្យ​យើង ខ្ញុំ​បាន​ប្រកាស​ពី​ពេលមុន​ថា ខ្ញុំ​មិន​យក​អធិបតេយ្យ​របស់ខ្ញុំ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​អនុគ្រោះ​ណា​ទាំងអស់​។ ឥឡូវ​លើ​ការ​ជាក់ស្តែង​តើ​កម្ពុជា​ងាប់​ហើយ​ឬ​នៅ អា​ក្មេង​ពាល​នៅ​ក្រៅ​ស្រុក តើ​កម្ពុជា​ងាប់​ហើយ​ឬ​នៅ វា​អត់​ទាន់​ងាប់​ទេ​អាពៅ បើ​ងាប់​មានតែ​ពួក​ឯង​ទេ​ដែល​ងាប់»

ទោះ​យ៉ាងណា អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ធ្វើតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដែល​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជ្យ ឬ​អធិបតេយ្យ​ជាតិ ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ​។ ផ្ទុយទៅវិញ​ពួកគេ​ថា​ការ​ធ្វើតាម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​នឹង​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ពង្រឹង​អធិបតេយ្យ​កម្ពុជា ព្រមទាំង​ជួយ​ដល់​ការ​រីក​លូតលាស់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ទៀត​ផង។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន ដឹង​ច្បាស់​ថា​ប្រព័ន្ធ​អនុគ្រោះ​របស់​ប្រទេស​លោក​សេរី​នៅតែ​សំខាន់​ក្នុង​ការ​ជួយ​ជ្រោង​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​កសិករ និង​កម្មករ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ។ លោក​យល់​ថា លក្ខខណ្ឌ​នៃ​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ គឺជា​ឧបសគ្គ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ត្រូវ​ប្រកាស​ជា ចំហ​នៅ​ចំពោះមុខ​កម្មករ​ថា​លោក​មិន​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ របស់​អឺរ៉ុប និង​ជីអេសភី (GSP) របស់​អាមេរិក ដើម្បី​បកស្រាយ​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ។ លោក​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ត្រូវ​ការ​កម្មវិធី​អនុគ្រោះ​លើ​មុខ​ទំនិញ​នាំ​ចេញ​ជា​ចាំបាច់ ដើម្បី​បង្កើត​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស និង​ជួយ​ដល់​ជីវភាព​ពួកគេ​ឱ្យ​រស់នៅ​សមរម្យ​ជាង​សព្វថ្ងៃ។

លោក គឹម សុខ៖ «បើ​បើក​សិទ្ធិ​សេរីភាព​វិញ​(​កម្មករ​)​ទូទាំង​ប្រទេស​នឹង​មាន​កម្មករ​រោងចក្រ​តវ៉ា​គ្រប់​កន្លែង នេះ​ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បន្លំ​សាច់រឿង​លួងលោម​កម្មករ​កម្មការិនី​ថា អ៊ីប៊ីអេ គង់​តែ​បាត់​ទេ ជីអេសភី​គង់តែ​បាត់​ទេ ចុះ​នៅ​យូរ​ឆ្នាំ​ទៀត​ហេតុអ្វី​មិន​រក្សាទុក​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​ការងារ​របស់​កម្មករ​កម្មការិនី​ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ការងារ​ធ្វើ​អ្វី មែនទែន​ទៅ វា​ជា​អំពើ​ដឹកនាំ​ប្រទេសជាតិ​ដែល​ផ្ទុយ​ការ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ»

កាលពី​ថ្ងៃទី​១៦ ខែ​មីនា សភា​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​ថ្មី​មួយ​ដោយ​ព្រមាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា​បន្ថែម​ទៀត ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ខែ​កក្កដា​ខាងមុខ​នេះ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឬ​ប្រសិន​បើ​នៅតែ​កើត​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​ទៀត។

សេចក្តី​សម្រេច​នេះ​បាន​ក្លាយ​ជា​ការ​ព្រមាន​របស់​សភា​អឺរ៉ុប​ជា​លើក​ទី​ពីរ​ក្រោយ​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%​ពី​កម្ពុជា ដោយសារ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​យ៉ាង​ជាក់លាក់​នៅ​កម្ពុជា​។ ទោះជា​យ៉ាងណា សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា បើ​ស្ថានការណ៍​ដុនដាប​ផ្នែក​សិទ្ធិមនុស្ស​នេះ មានការ​ជឿនលឿន​ទៅ​រក​ភាព​ប្រសើរ​ឡើង នោះ​សហភាព​អឺរ៉ុប នឹង​ពិចារណា​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​វិញ។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប និង​អាមេរិក​នៅតែ​ជាទី​ផ្សារ​នាំ​ចេញ​អាទិភាព​របស់​កម្ពុជា ដោយ​មិន​អាច​បដិសេធ​បាន​ទេ។ លោក​យល់​ថា បើ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​មិន​ធ្វើតាម​សំណើ​របស់​អឺរ៉ុប​ទាក់ទង​នឹង​ការ​លើក​កម្ពស់​លក្ខខណ្ឌ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បរិយាកាស​ប្រជាធិបតេយ្យ​ទេ នោះ​កម្ពុជា​នឹង​ខាតបង់​អត្ថប្រយោជន៍​ជាច្រើន​ដែល​ប៉ះពាល់​ដល់​ក្រុម​អ្នក​វិនិយោគ ចង្វាក់​ផលិតកម្ម​នាំចេញ និង​ការ​បញ្ជា​ទិញ​ធ្វើ​ឱ្យ​កម្មករ​រោងចក្រ​ជាច្រើន​ត្រូវ​ប្រឈម​នឹង​អត់​ការងារ​ដោយសារ​រោងចក្រ​កាត់បន្ថយ​កម្មករ និង​បិទ​រោងចក្រ​មិន​ដំណើរការ​ជាដើម។

លោក ឃុន ថារ៉ូ៖ «ការ​ទទួល​បាន​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ វា​គឺជា​កត្តា​កិត្តិយស​កេរ្តិ៍ឈ្មោះ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​នាំ​ចេញទៅ​ទីផ្សារ​ដែល​មាន​លក្ខណៈ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ហើយ​ស្ថានភាព​ទាំងអស់​នេះ​មិនមែន​ចំណេញ​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ទេ វា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​លក្ខណៈ​វិនិច្ឆយ​ទាំងអស់​នោះ​មិនមែន​ជា​ការ​ដោះដូរ​ទទួល​បាន​លក្ខខណ្ឌ​ណាមួយ​ដើម្បី​ជា​សម្ពាធ​ទេ វា​ជា​កាតព្វកិច្ច​ដែល​មាន​កំណត់​ក្នុង​គោលការណ៍​អន្តរជាតិ និង​គោលការណ៍​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​លក្ខណៈ​វិនិច្ឆយ​សម្រាប់​ប្រទេស​កម្ពុជា»

នៅ​ដើមឆ្នាំ​២០២៣​នេះ មាន​រោងចក្រ​ចំនួន​១០ បាន​បិទទ្វារ ខណៈ​រោងចក្រ​ចំនួន​៧១ ព្យួរ​កិច្ចសន្យា​ការងារ និង​រោងចក្រ ៦០​ផ្សេងទៀត​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង​៣​ម៉ឺន ២​ពាន់​នាក់ (៣២.០០០) និង​ច្រើន​នាក់​ទៀត​បាន​បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​តែម្ដង។

ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០២២ កន្លងទៅ មាន​ទំហំ​ជា​ទឹកប្រាក់​ជាង ៤​ពាន់ ៨​រយ​លាន​ដុល្លារ (.៨៥៧ លាន​ដុល្លារ​) គឺ​កើន​ឡើង​ជិត​១៦% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ក្នុង​ឆ្នាំ​២០២២​ដដែល កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ក្នុង​តម្លៃ​សរុប​រហូត​ដល់​ជាង ៤​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា​ទិញ​ពី​អឺរ៉ុប​វិញ បាន​ត្រឹម​តែ​ជាង ៨០០ លាន​ដុល្លារ (៨១២ លាន​ដុល្លារ​) ប៉ុណ្ណោះ។

ខុសពី​មិត្ត​ដែកថែប​ចិន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​ជា​ទីផ្សារ​ទិញ​ទំនិញ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​កម្ពុជា ដែល​កម្ពុជា​រកស៊ី​ចំណេញ​ខ្លាំង។ ផ្ទុយទៅវិញ មិត្ត​ដែកថែប​ចិន​មិន​បាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា​ឡើយ ដោយ​ចិន​ពូកែ​តែ​ខាង​យក​ទំនិញ​របស់​ខ្លួន​មក​លក់​ឱ្យ​ខ្មែរ គឺ​រហូត​ដល់​ទៅ​ជិត ១​ម៉ឺន​លាន​ដុល្លារ ខណៈ​ប្រទេស​នេះ​ទិញ​ទំនិញ​ពី​កម្ពុជា​វិញ​បាន​ត្រឹមតែ​ជាង ១​ពាន់ ២​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ។

បើ​ទោះ​បី​លោក ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន និង​មិន​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​យ៉ាង​ណា​ក្តី តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​របស់​លោក​នៅតែ​មិន​អាច​រស់​ដោយ​ខ្លួនឯង​បាន ក្រៅ​តែ​ពី​ការ​រំពឹង​លើ​ការ​ខ្ចី​បុល និង​ត្រូវការ​ជំនួយ​ពី​បរទេស​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដើម្បី​រស់។ ចំណែក​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​វិញ​នៅតែ​រង​ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ការងារ និង​ការ​កាត់បន្ថយ​ម៉ោង​ធ្វើការ រីឯ​ផលិតផល​កសិកម្ម​របស់​កសិករ​គ្មាន​ទីផ្សារ ដែល​ធ្វើ​ឱ្យ​ពួកគេ​បង្ខំចិត្ត​រស់នៅ​ក្នុង​ជីវភាព​លំបាក​លំបិន៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...