លោក ហ៊ុន សែន ថាលោកមិនខ្វល់នឹងការតវ៉ារបស់កូដករណាហ្គាវើលដ៍
ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងពិធីជួបកម្មករជាង២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ហ៊ុន សែន បានចោទសួរទៅក្រុមកូដករថាតើមានលុយមកពីណាសម្រាប់ការតវ៉ា ខណៈមិនមានការងារធ្វើជាង២ឆ្នាំមកហើយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «យើងដាក់ជាសំណួរមើល អត់មានការងារធ្វើ តែមានលុយចិញ្ចឹមខ្លួន ដើម្បីធ្វើបាតុកម្ម។ តើនេះជាអ្វីពិតប្រាកដ? បើសិនជាក្មួយៗៗរត់រួចទេ ពីរឆ្នាំអត់មានប្រាក់ ប៉ុន្តែមានលុយមក[តវ៉ា]។ អ៊ីចឹងអ្នកនោះជាអ្នកមាន មិនមែនជាកម្មករធម្មតាទេ ជាអ្នកមានលុយ។ នរណាជាអ្នកផ្គត់ផ្គង់លុយឱ្យធ្វើបាតុកម្ម? ជាវារឿងសញ្ញាសួរនៅពីក្រោយ»។
លោក ហ៊ុន សែន បន្ថែមថា៖ «អ៊ីចឹងបានខ្ញុំអត់ខ្វល់ ដោយសារតែរឿងនយោបាយវានៅពីក្រោយខ្នង បានខ្ញុំមិនខ្វល់។ ប៉ុន្តែសម្រាប់ក្មួយៗជាកម្មករ កម្មការិនី តាមរោងចក្រ ខ្ញុំខ្វល់»។
អ្នកស្រី ស៊ុន ស្រីពេជ្យ កូដករណាហ្គាវើលដ៍ម្នាក់ ប្រាប់វីអូអេថាអ្នកស្រីមានខកចិត្ត និងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនយល់ឬក៏ទទួលបានព័ត៌មានឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយលើវិវាទការងារមួយនេះ។
អ្នកស្រីថ្លែងថា៖«សម្តេចពុកម្សិលមិញដែលគាត់បាននិយាយថាកូដកម្មរបស់កូដករណាហ្គាវើលដ៍នេះ គឺជាខាងនយោបាយអីឬក៏មានអ្នកនៅពីក្រោយអីអ៊ីចឹង ខ្ញុំក៏ចូលរួមសោកស្តាយដែរ។ បើសិនជាអ្នកដែលនៅក្បែរគាត់និយាយអីចឹង ខ្ញុំជឿថាគេមិនដែលនិយាយថាពីបញ្ហារបស់ពួកខ្ញុំហ្នឹង វាមានបញ្ហាអីឱ្យចំដើម្បីដោះស្រាយឱ្យចំទេ។ បើសិនជាដោះស្រាយចំ វាមិនអូសបន្លាយដល់២ឆ្នាំទេ»។
បើតាមកូដកររូបនេះ ការតវ៉ារបស់ពួកគេ គឺទាមទារយុត្តិធម៌ និងឱ្យក្រុមហ៊ុនគោរពទៅតាមច្បាប់ស្តីពីសិទ្ធិការងារ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ឃើញថាបើវិវាទនេះត្រូវបានដោះស្រាយទៅតាមគោលការណ៍និងច្បាប់ វាមិនមានអ្វីជាភាពស្មុគស្មាញឡើយ។ លោកបន្ថែមថាជម្លោះនេះនៅតែអូសបន្លាយ ដោយសារតែមានការលាបពណ៌ និងចោទប្រកាន់។
លោកបញ្ជាក់ថា៖ «អ៊ីចឹងករណីនេះ បើសិនជាមានការបន្តនូវការចោទប្រកាន់បែបទម្រង់នយោបាយបែបហ្នឹង ខ្ញុំគិតថាវិវាទការងារមួយហ្នឹង វាអាចមានការជាប់គាំង ហើយដំណោះស្រាយនៅតែមិនអាចឈានទៅរកដោះស្រាយបាន ពីព្រោះបើសិនជាចង់បាននូវដំណោះស្រាយមួយសមស្រប។ អ្វីដែលសំខាន់ គឺការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ហើយដើម្បីឱ្យមានភាពច្បាស់លាស់ហ្នឹងគឺទៅសួរពួកគាត់ដែលជាកូដករទៅ ដែលគាត់នៅបន្តធ្វើកូដកម្មហ្នឹង។ម្នាក់ៗដែលគាត់មិនបោះបង់ចោលហ្នឹង គឺយើងត្រូវស្តាប់នូវការទាមទាររបស់ពួកគាត់»។
អតីតបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើកូដកម្មជាច្រើនខែ បន្ទាប់ពីកម្មករនិយោជិតប្រមាណ១.៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ កាលពីអំឡុងខែមេសា ឆ្នាំ២០២១។ អតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបញ្ឈប់នោះ ភាគច្រើនជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមការតវ៉ា កាលពីខែធ្នូ ឆ្នាំ២០២១។ ការបញ្ឈប់ពួកគេត្រូវបានមើលឃើញថាជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូ ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុងមួយនេះ។
គួរបញ្ជាក់ថាកាលពីខែឧសភា តុលាការរាជធានីភ្នំពេញ បានកាត់ទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការតវ៉ារបស់កញ្ញាកាលពីកន្លងទៅ៕
ប្រភព៖ វីអូអេ