ក្រុមឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ដំណោះស្រាយដល់កូដករណាហ្គាដើម្បីបញ្ចប់ការតវ៉ា
ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់ដំណោះស្រាយសមរម្យដល់ក្រុមកូដករណាហ្គាវើលដ៍ ដើម្បីបញ្ចប់នូវការតវ៉ាទាមទារដែលបានអូសបន្លាយអស់រយៈពេលជាង ២ឆ្នាំ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មិថុនា នេះថា រហូតមកដល់ពេលនេះ វិវាទនៃក្រុមកូដករណាហ្គាវើលដ៍មានរយៈពេលប្រមាណជា ២ឆ្នាំហើយ ខណៈស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ ជាដើម នៅតែមិនអាចជួយរកដំណោះស្រាយលើវិវាទនេះបាននៅឡើយ។ ផ្ទុយទៅវិញ ក្រុមកូដករបែរជាត្រូវរងនូវការចោទប្រកាន់ថាមានបំណងប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទៅវិញ។
លោក សេក សុជាតិ លើកឡើងថា វិវាទនៃក្រុមកូដករណាហ្គាវើលដ៍កើតឡើងដោយសារតែការទាមទាររកយុត្តិធម៌ពីការបញ្ឈប់ពីការងារពីសំណាក់ថៅកែក្រុមហ៊ុនដោយរំលោភសិទ្ធិការងារប៉ុណ្ណោះ ហើយមុននឹងពួកគេចេញធ្វើកូដកម្ម ក៏បានជូនដំណឹងរួចហើយដែរ ដូច្នេះគ្មានហេតុផលណាមួយដែលពួកគេធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាលឡើយ ប៉ុន្តែកូដកម្មនេះគឺដើម្បីទាមទារសិទ្ធិការងាររបស់ពួកគេប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ដោយសារតែក្រុមកូដករណាហ្គាវើលដ៍អស់ជំនឿលើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដូច្នេះហើយបានជាការតវ៉ាមានចំនួនកូដករកាន់តែតិចទៅៗរហូតដល់ពេលនេះ ហើយនេះក៏ជាសញ្ញាមួយដែលបង្ហាញថា ពួកគេក៏អាចនឹងលែងជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលទៅថ្ងៃក្រោយផងដែរ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បាននាំគ្នាចេញតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឈរលើកបដាដើម្បីធ្វើកូដកម្មទាមទារឲ្យមានការដោះស្រាយឲ្យបុគ្គលិកណាហ្គាវើលដ៍ចូលធ្វើការងារវិញ និងទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំសព្វថ្ងៃនេះផងដែរ។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់បុគ្គលិកពីការងារទាំងអយុត្តិធម៌ជាង ១៣០០នាក់។ បញ្ហានេះ ត្រូវកម្មករធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុនអស់រយៈពេលជាង ២ឆ្នាំហើយ បើគិតមកទល់នឹងពេលនេះ ប៉ុន្តែមិនត្រូវបានក្រសួងពាក់ព័ន្ធរកដំណោះស្រាយជូនកម្មករឡើយ។ ផ្ទុយទៅវិញ ក្រុមកូដករ ៩នាក់ត្រូវរងនូវការចោទប្រកាន់តាមផ្លូវតុលាការពីបទព្រហ្មទណ្ឌ ខណៈតំណាងកម្មករ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាលើកទី២ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ និងបន្តឃុំខ្លួនរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបជាមួយកម្មករក្នុងខេត្តកណ្តាល មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន លើកឡើងថា អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ចំនួន ៩៨នាក់ គួរតែបញ្ឈប់សកម្មភាពតវ៉ាទៀតទៅ។ លោកបន្ថែមថា មិនមែនលោកមិនដឹងថាពួកគេកំពុងស៊ីឈ្នួលបាតុកម្មនោះទេ។
លោក ហ៊ុន សែន លើកជាសំណួរថា កម្មករម្នាក់ដែលអត់មានការងារធ្វើសោះ តែមានលទ្ធភាពធ្វើបាតុកម្មរយៈពេល ២ឆ្នាំដោយមិនចាំបាច់ធ្វើការងារ តើជារឿងដែលទៅរួចដោយរបៀបណា។ លោកបន្ថែមថា នេះគឺដោយសារមានអ្នកជួលនៅពីក្រោយខ្នងឱ្យកម្មករទាំងនោះធ្វើបាតុកម្មប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអង្គការបរទេសដែលផ្តល់លុយកាក់សម្រាប់កូដករទាំង ៩៨នាក់ដែលនៅសេសសល់នោះ ដកខ្លួនចេញ ព្រោះថាលោកបានដឹងអស់ហើយ គ្រាន់តែលោកមិនទាន់បញ្ជាឱ្យទៅចាប់កន្លែងបើកលុយសម្រាប់ធ្វើបាតុកម្មនោះប៉ុណ្ណោះ។ លោក ហ៊ុន សែន ព្រមានថា លោកក៏អាចរំលាយអង្គការដែលជាកន្លែងបើកលុយឱ្យកូដករទាំងនោះធ្វើបាតុកម្មដែរ។
យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ អះអាងថា មូលនិធិដែលសហជីពនៃក្រុមកូដករណាហ្គាវើលដ៍ទទួលបានកន្លងមក គឺជាមូលនិធិស្របច្បាប់ដែលមានគណនេយ្យភាព និងតម្លាភាពត្រឹមត្រូវស្របតាមប្រតិបត្តិការហិរញ្ញវត្ថុរបស់សហជីព ដែលមានចែងក្នុងលក្ខន្តិកៈរបស់ពួកគេ មិនមែនជាមូលនិធិសម្រាប់ប្រព្រឹត្តរឿងខុសច្បាប់ណាមួយនោះឡើយ។
ចាប់តាំងពីថ្ងៃចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ ប៉ុន្តែវិវាទនេះនៅតែគ្មានដំណោះស្រាយដដែល ខណៈប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនរហូតដល់ពេលនេះ និងក្រុមកូដករមួយចំនួនផ្សេងទៀតកំពុងរងនូវបណ្តឹងនានាតាមផ្លូវតុលាការផងដែរ ប៉ុន្តែលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីបែរជាចោទថា ពួកគេស៊ីឈ្នួលធ្វើបាតុកម្មទៅវិញ៕
ប្រភព៖ ឌឹ ខេមបូឌា ដេលី