សង្គមស៊ីវិលទាមទារឱ្យរដ្ឋសភាពិនិត្យនិងដោះស្រាយបញ្ហាជូនកម្មករនិយោជិតដែលកំពុងប្រឈម
ក្រុមសង្គមស៊ីវិលទាមទារឱ្យរដ្ឋសភាកម្ពុជាពិនិត្យញត្តិរបស់កម្មករនិយោជិតដែលបានស្នើសុំ ដើម្បីដោះស្រាយបញ្ហាជូនពួកគេ ខណៈមានការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីសំណាក់ថៅកែរោងចក្រសម្រាប់កម្មករនិយោជិតដែលជាសមាជិក និងជាថ្នាក់ដឹកនាំសហជីព។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ឧសភា នេះថា សង្គមស៊ីវិលមើលឃើញថា បច្ចុប្បន្ននេះពិតជាមានការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីសំណាក់ថៅកែរោងចក្រសម្រាប់កម្មករនិយោជិតដែលជាសមាជិក និងជាថ្នាក់ដឹកនាំសហជីព ក្នុងការធ្វើកិច្ចការងារដើម្បីធានានូវសិទ្ធិការងារក្នុងរោងចក្រដែលពួកគេកំពុងធ្វើការបច្ចុប្បន្ននេះ។
លោក មឿន តុលា លើកឡើងថា បើមិនមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីពដែលកំពុងប្រើប្រាស់សព្វថ្ងៃទេ សិទ្ធិសេរីភាពរបស់កម្មករនិយោជិតក្នុងការបង្កើតសហជីពក្នុងបំណងដើម្បីគាំពារសិទ្ធិការងាររបស់កម្មករនៅកន្លែងបំពេញការងាររបស់ពួកគេ គឺនៅតែមានការរំលោភបំពានសិទ្ធិពីសំណាក់ថៅកែរោងចក្រដដែល។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា ជាក់ស្តែងកម្មករនិយោជិតដែលជាសមាជិកសហជីព និងជាថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវរងនូវការរំលោភបំពានដោយគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ឬអាជ្ញាធរឡើយ។ ផ្ទុយទៅវិញ មានតែការការបង្ក្រាប និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចោទប្តឹងកម្មករនិយោជិតដែលទាមទារយុត្តិធម៌ពីការរំលោភសិទ្ធិការងារប៉ុណ្ណោះ។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ តំណាងសហជីព សមាគមដែលធ្វើការងារក្នុងវិស័យការងារ វិស័យកាត់ដេរសម្លៀកបំពាក់ វិស័យសំណង់ វិស័យសេវាកម្ម សណ្ឋាគារ ចំណីអាហារ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម បានជួបជុំគ្នានៅខាងមុខរដ្ឋសភាជាតិកម្ពុជា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧ ក្រោមប្រធានបទ “ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ” ដែលមានអ្នកចូលរួមប្រមាណ ៦០០នាក់ និងដើម្បីដាក់ញត្តិជូនរដ្ឋសភាកម្ពុជា។
ការជួបជុំក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នេះ អ្នកចូលរួមទាំងអស់បានកាន់នូវបដា និងពាក្យស្លោកជាច្រើន ដូចជា យើងត្រូវការស្តង់ដារប្រាក់ឈ្នួលគោលសម្រាប់កម្មករ រដ្ឋត្រូវផ្តល់វិធានការសុវត្ថិភាពការងារ និងពាក្យស្លោកថា សូមបញ្ឈប់ការរើសអើងកម្មករនិយោជិត ជាដើម។
ក្រៅពីបដា អ្នកចូលរួមទាំងនោះក៏បានសរសេរអក្សរលើកន្សែងចងក្បាលរបស់ពួកគេផងដែរ ដូចជាពាក្យថា ជីវិតថ្លៃថ្នូរលើក្រណាត់ពណ៌ខៀវ ជាដើម។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងក្នុងពេលជួបជុំនោះថា សហជីព និងកម្មករនិយោជិតត្រូវបានរំលោភសិទ្ធិរហូតមកដោយគ្មានដំណោះស្រាយ ខណៈការប្រើប្រាស់បណ្តឹងផ្លូវច្បាប់លើកម្មករនិយោជិតដែលតវ៉ាទាមទារសិទ្ធិការងារពីសំណាក់ស្ថាប័នតុលាការ នៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
លោក ប៉ាវ ស៊ីណា អះអាងថា រដ្ឋសភាកម្ពុជាគួរតែពិនិត្យលើញត្តិដែលជាបញ្ហាប្រឈមរបស់កម្មករនិយោជិតដាក់ជូននៅពេលនេះ ដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីជួយលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិត កុំឱ្យមានការរំលោភបំពានបន្តទៀត។
ទាក់ទិននឹងបញ្ហានេះ សាលាក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ថា ការជួបជុំរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គឺជាទង្វើខុសច្បាប់ ព្រោះសកម្មភាពនោះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈយ៉ាងធ្ងន់ធ្ងរ។
សាលាក្រុងភ្នំពេញព្រមានចាត់វិធានការច្បាប់ផងដែរ ប្រសិនបើក្រុមអង្គការសង្គមស៊ីវិលទាំងនោះមិនព្រមបញ្ឈប់សកម្មភាពជួបជុំរបស់ខ្លួនទេនោះ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ ខណៈសេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានដោះស្រាយ និងពិនិត្យយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ប៉ុន្តែរដ្ឋាភិបាលក្រោមការគ្រប់របស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា បានអនុវត្តផ្ទុយពីមាត្រាដែលបានចែងក្នុងរដ្ឋធម្មនុញ្ញទាំងស្រុង៕
ប្រភព៖ ឌឹ ខេមបូឌា ដេលី