អង្គការ​សង់ត្រាល់៖ ពលករ​ខ្មែរ​ជាង​មួយ​ពាន់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​ពេល​បួន​ខែចុង​ក្រោយ

04
ឧសភា

អង្គការ​សង់ត្រាល់៖ ពលករ​ខ្មែរ​ជាង​មួយ​ពាន់​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​ពេល​បួន​ខែចុង​ក្រោយ

គិតចាប់​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២៣​ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​ជាង​ ១.០០០ នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ ដែល​នេះ​បង្ក​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រាល់​ (Central)។

ក្នុង​ចំណោម​ពលករ​ទាំង​នោះ​ ក៏​មាន​ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ ចាប់​ដាក់​ខ្នោះ​ច្រវាក់​នៅនឹង​ដៃ​ ហើយ​ត្រូវ​គេ​ថត​បាន​ និង​យក​មក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនងសង្គម​កាល​ពីពេល​ថ្មីៗ​នេះ។

បើតាម​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ការចាប់​ខ្លួន​ពលករ​កម្ពុជា​ពី​សំណាក់​អាជ្ញាធរ​ថៃ​ ចុះ​ថ្ងៃ​ទី​ ៣ ខែឧសភា ឆ្នាំ​ ២០២៣ មាន​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ ក្រោយ​ពួក​គេ​ត្រឡប់​មក​ពី​ប្រទេ​ស​កម្ពុជា​នៅ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ខ្មែរ​ ដោយ​សារ​តែ​ពួកគេ​ខ្លះ​គ្មាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់​ ហើយ​អ្នក​ខ្លះ​ទៀត​មាន​ឯកសារ​អនុញ្ញាត​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ថៃ​ស្រប​ច្បាប់ តែ​អស់សុពលភាព។

សេចក្តី​ថ្លែង​ការណ៍​ដដែល​លើក​ឡើង​ថា​ នៅ​ក្នុងរយៈពេល​បួន​ខែ​នេះ​ ករណី​នៃការ​ឃាត់​ខ្លួន​ពលករ​កម្ពុជា​ដែល​ឆ្លងដែន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ គឺ​ចំនួន​ ២៥ ករណី​ ហើយ​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ១.២៩៧ នាក់​ ក្នុង​នោះ​ជាង ៧០០ នាក់​ជា​ស្ត្រី និង​ជាង ​៦០ ​នាក់​ជា​កុមារ។

សេចក្តី​ថ្លែង​ការណ៍បញ្ជា​ក់ថា៖ «ពលករ​ខ្មែរ​ភាគ​ច្រើនត្រូ​វបាន​ចាប់ឃាត់ខ្លួន​ និង​ទទួល​រងការ​ធ្វើ​ទុក្ខ​ទោស​ ទារុណកម្ម​ ការ​ចាប់​ដាក់ខ្នោះ​ និង​ការ​ចាប់​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពី​សំ​ណាក់​អាជ្ញាធរ​ថៃ​ ដោយ​សារ​តែ​ពួក​គេ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ ឬក៏​ផុត​សុពលភាព​ ឬក៏​ការ​ធ្វើ​ដំណើរ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ និង​មិនមាន​លទ្ធភាព​ក្នុងការ​បង់​ប្រាក់​តាម​ច្រក​ព្រំដែន​ផ្លូវ​ការ»។

បើតាម​សេចក្តី​ថ្លែងការណ៍ ក្រោយ​ពួកគេត្រូវ​បាន​ចាប់ខ្លួន ពួក​គេ​ទាំងនោះ​ត្រូវបាន​ឃុំ​ខ្លួន​នៅក្នុង​អគារ​តូច​ចង្អៀត​ ដែល​ការណ៍​នេះ​បាន​បង្ក​ផល​ប៉ះពាល់ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ និង​ជះ​ផល​អវិជ្ជមាន​ទៅ​លើ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេផងដែរ។

ប្រធាន​ផ្នែក​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់វីអូអេ​តាម​ប្រព័ន្ធតេឡេក្រាម​ថា​ ការ​ចាប់​ពលករ​ខ្មែរ​ដោយ​ការ​ដាក់​ច្រវ៉ាក់ មិនមែន​ជាការ​អនុវ​ត្ត​ច្បាប់​ឡើយ ប៉ុន្តែ​ជា​អំពើ​អមនុស្សធម៌។

លោក​ថ្លែង​ថា៖ «គាត់​អត់មាន​ឯកសារ អាជ្ញាធរ​ថៃចាប់​ហ្នឹង​ក៏​មាន​ការ​ទាក់ច្រវ៉ាក់អី​ហ្នឹង​ដូច​បាន​ឃើញ​តាម​រូបភាព​គេ​បង្ហោះ ហើយ​មាន​ការ​ជំរិត​ទារ​លុយ​ ដែល​វា​ជា​ទង្វើ​មួយ​មិន​ឆ្លុះ​បញ្ចាំងពី​ការ​អនុវត្តច្បាប់​ទេ​ ផ្ទុយទៅវិញ វា​ជា​អំពើហិង្សា​អមនុស្សធម៌»។

វីអូអេមិន​ទាន់​អាចសុំការ​អត្ថាធិប្បាយ​ពី ​លោក អាន សុខខឿន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសកម្ពុជា និង​ លោក ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​នៅឡើយទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ទាំង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ និង​ទូរសព្ទ។

​យោង​តាម​របាយ​ការណ៍​ឆ្នាំ​ ២០១៩ របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ ​(IOM) មួយ​ភាគ​បី​នៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​សាកសួរ​ព័ត៌មាន​ ពុំ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​ មុន​ពេល​ពួក​គេ​ចេញ​ពី​កម្ពុជា។ ជិត​ពាក់​កណ្តាល គឺ​គ្មាន​ចំណូល ​និង​ប្រហែល​ពីរ​ភាគ​បី​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ការងារ​ដោយ​សារ​ពុំ​មាន​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក ​និង​ដោយ​សារ​ចង់​បាន​ចំណូល​ប្រសើរ​ជាង​មុន។

របាយ​ការណ៍​បង្ហាញ​ថា​ ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​ស្រុក​កំណើត​ប្រមាណ ​១.២២៨ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប្រាក់​ទាំង​នេះ ​គឺ​ជា​ប្រាក់​ចំណូល​ចម្បង​សម្រាប់​ទំនុក​បម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ​ឬ​ក៏​ដើម្បី​ប្រើ​ប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង។

ក្នុង​ពេល​ចូលរួម​ពិធី​សង្រ្កាន​នៅ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃទី​ ៩ ខែ​មេសា​ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ លោក ​អ៊ិត សំហេង​ ក៏​បាន​លើក​ឡើង​ថា​ ពលករ​ខ្មែរ​ ១ លាន​ ២ សែន​នាក់​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ហើយ​ក្នុង​ម្នាក់ៗបាន​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​ចំនួន​ ១៦៧ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ៕

ប្រភព៖ វីអូអេ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...