អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាច្រើន​នាក់​ក្រោយ​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

24
មេសា

អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាច្រើន​នាក់​ក្រោយ​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ដាក់​ពន្ធនាគារ​ជាច្រើន​នាក់ បន្ទាប់ពី​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​អាច​ដោះស្រាយ​ទៅ​បាន​លុះត្រា​រដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ និង​កិច្ច​សម្របសម្រួល​ដល់​ការ​ចេញ​ចូល​របស់​ពល​ករ​ខ្មែរ​ទៅ​ក្រៅប្រទេស​ឱ្យ​បាន​ប្រសើរ​ជាង​មុន។

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​បាន​បញ្ចប់​ទៅ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​មាន​ឯកសារ​ត្រឹម​ត្រូវ​បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ ជា​បន្តបន្ទាប់។ ប៉ុន្តែ​ពលករ​មួយចំនួន​នៅតែ​ប្រើប្រាស់​ផ្លូវ​កាត់ ដោយ​លួច​ឆ្លងដែន​ខុសច្បាប់ ព្រោះ​ពួក​គែ​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​ឯកសារ និង​រង​សម្ពាធ​ត្រូវ​សងបំណុល​ធនាគារ​ជាដើម​។ ការ​ឆ្លង​ដែន​ដោយ​ប្រថុយប្រថាន​នេះ ពលករ​ខ្លះ​អាច​ឆ្លងដែន​បាន​សម្រេច និង​ខ្លះទៀត​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ។

ពលករ​មាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កញ្ញា ឃុត ស្រី​តូច ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ មេសា ថា កញ្ញា​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស្រះកែវ (Sa Kaeo) ចំនួន​៣​ថ្ងៃ​ហើយ ដោយសារ​ឆ្លងដែន​ខុសច្បាប់​។ កញ្ញា​បន្ត​ថា កញ្ញា​និង​ពលរដ្ឋ​ខ្មែរ​៦​នាក់​ទៀត​បាន​ឆ្លង​ដែល​ខុសច្បាប់​តាម​ច្រក​បឹងត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដើម្បី​រក​ការងារ​ធ្វើ​យក​ប្រាក់​សង​ធនាគារ ដោយ​ឱ្យ​ឈ្នួល​ទៅ​មេខ្យល់​ក្នុង​ម្នាក់ ១​ពាន់​បាត ឬ​៣០​ដុល្លារ​។ កញ្ញា​ប្រាប់​ថា អាជ្ញាធរ​ថៃ​បាន​យក​ប្រាក់​ពី​កញ្ញា​ចំនួន​៤​ពាន់​បាត ឬ​ជាង ១​រយ​ដុល្លារ​(១១៦​ដុល្លារ​) ហើយ​ពួកគេ​នឹង​ដោះលែង​កញ្ញា​វិញ នៅ​ថ្ងៃទី​២៥ មេសា ស្អែក។

ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០២៣ មេបញ្ជាការ​កងទ័ព​ជើងគោក​ប្រចាំ​តំបន់ ស្រុក​អារញ្ញប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ បាន​ចាប់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ជាង ១​រយ​នាក់​(១២៣​នាក់) ពី​កម្ពុជា ចូល​ប្រទេស​ថៃ​ក្រោយ​ថ្ងៃ​សង្ក្រាន្ត ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ១១២​នាក់ ក្មេង​៧​នាក់ បង់ក្លាដែស (Bangladesh) ចំនួន​១១​នាក់ ចំណែក​ជនជាតិ​ថៃ ២​នាក់​ទៀត​គឺជា​មេខ្យល់​។ ដោយឡែក នៅ​ឯ​ច្រកព្រំដែន​កាឈើង (Kap Choeng) ខេត្ត​សុរិន្ទ ជាប់​នឹង​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ អាជ្ញាធរ​ថៃ បាន​ចាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន ២​នាក់។

ក្រុម​ពលករ​ឆ្លងដែន​ខុសច្បាប់​បាន​ចំណាយ​ប្រាក់​ក្នុង​ម្នាក់ ៤​ពាន់ ៥​រយ​បាត ឬ​១៣០​ដុល្លារ​ឱ្យ​មេខ្យល់​។ ពលករ​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​រាប់​សិប​គីឡូម៉ែត្រ និង​ដេក​លាក់ខ្លួន​ក្នុង​ព្រៃ​តាម​វាលស្រែ ហាល​មូស អត់បាយ យ៉ាងតិច​២​ថ្ងៃ ដើម្បី​រង់ចាំ​រថយន្ត​ពី​ឈ្មួញ​ជួញដូរ​ពលករ​ខុសច្បាប់​មក​ដឹក​យក​ទៅ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ខេត្ត​។ នៅពេល​រថយន្ត​មក​ទទួល ពលករ​ទាំង​នោះ​បាន​បង្កប់​ខ្លួន​នៅក្នុង​ឃ្លុប​រថយន្ត ឬ​បង្កប់​ខ្លួន​ក្រោម​សម្ភារៈ ដូចជា​បន្លែ ផ្លែឈើ សំរាម ឬ​លាមក​សត្វ​ជាដើម​។ ភាគច្រើន​នៃ​ពលករ​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំណង់ តាម​ចម្ការ និង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ជាដើម ព្រោះ​កន្លែង​ទាំងនោះ មិន​ទាមទារ​ឯកសារ​ស្របច្បាប់​នោះ​ទេ ជា​ថ្នូរ​មក​​វិញ ពលករ​ទទួល​បាន​កម្រៃ​ពលកម្ម​ទាប និង​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន និង​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិប៊ុល ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​២៤ មេសា។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ឱ្យ​ដឹង​ថា ភាគច្រើន​នៃ​ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់ ព្រោះ​ពួកគេ​ទាល់ច្រក និង​ប្រញាប់​ត្រូវការ​ប្រាក់​ដើម្បី​យក​ទៅ​សង​ធនាគារ។ លោក​បន្ត​ថា បញ្ហា​នេះ​ជា​រឿង​ដដែលៗ​ច្រើន​កើតមាន​ករណី​រួច​មក​ហើយ ខណៈ​លោក​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​មាន​ដំណោះស្រាយ​ជាក់លាក់​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ ចេញមុខ​ទៅ​សម្របសម្រួល​ជាមួយ​ភាគី​ប្រទេស​ថៃ ក៏ដូចជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។

លទ្ធផល​បូក​សរុប​បណ្ដោះអាសន្ន របស់​សមត្ថកិច្ច​ខេត្ត​ស្រះកែវ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​បញ្ចប់​នៃ​បុណ្យចូលឆ្នាំ មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ជិត ៩​រយ​នាក់​(៨៧៨​នាក់) ហើយ​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន។ តាម​ការ​ឱ្យ​ដឹង​ពី​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​ថៃ មាន​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី ស្ថិត​ក្នុង​វ័យ​កំពុង​ពេញកម្លាំង​បាន​ជាប់ឃុំ​ក្នុង​បន្ទប់​រួម មាន​គ្នា​ប្រមាណ​ជាង ១០​នាក់ ក្នុង​មួយ​បន្ទប់ ដោយ​ស្ត្រី​នៅ​ដោយឡែក​ពី​បុរស។ ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​បង្ខំចិត្ត​ឆ្លងដែន​ទាំង​ខុសច្បាប់ ដោយសារ​នៅ​ស្រុកកំណើត​គ្មាន​ការងារ​ធ្វើ មាន​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​ធនាគារ ខណៈ​មួយ​ចំនួន​ចាញ់​បោក​មេខ្យល់ និង​ខ្លះ​រង់ចាំ​ឯកសារ​ឆ្លងដែន​យូរ​ពេក។

របាយការណ៍​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា ត្រឹម​ដំណាច់ឆ្នាំ​២០២២ មាន​ពលករ​កម្ពុជា​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស សរុប​ជាង ១​លាន​៣​សែន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន​២​សែន​នាក់​។ ចំណែក​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (Central) រក​ឃើញ​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​មាន​ជាង​ពីរ​លាន​នាក់។

ករណី​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ បាន​ម្ដង​រាប់​រយ​នាក់​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ថៃ​មាន​ចម្ងល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ចិត្តល្អ​ម្នាក់ និង​តែងតែ​ជួយ​យកអាសា​អន្តោប្រវេសន៍​ដែល​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា ហេតុអ្វី​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជួយ​ពលករ​ខ្លួនឯង និង​បណ្ដោយ​ឱ្យ​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​យ៉ាង​ដូច្នេះ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...