អាជ្ញាធរអះអាងថាគ្មានការយកលុយពីពលករចេញទៅថៃទេតែសង្គមស៊ីវិលស្នើឱ្យពិនិត្យបន្ថែម

19
មេសា

អាជ្ញាធរអះអាងថាគ្មានការយកលុយពីពលករចេញទៅថៃទេតែសង្គមស៊ីវិលស្នើឱ្យពិនិត្យបន្ថែម

ក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពលករខ្មែរបានសម្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ ស្របពេលដែលពលករត្រឡប់ទៅវិញបែបនេះ ក៏មានការបង្ហោះតាមបណ្តាញសង្គមថា ពលករខ្មែរដែលចេញទៅធ្វើការនៅថៃតាមច្រកឡែម ត្រូវចំណាយលុយ១,៦០០បាតក្នុងម្នាក់ និងត្រូវចំណាយថ្លៃដឹកអីវ៉ាន់អស់ម្នាក់១០០បាតទៀត។

ស្របពេលដែលមានការបង្ហោះពាក់ព័ន្ធនឹងការយកលុយពីពលករជាថ្នូរនឹងការឆ្លងដែនទៅធ្វើការនៅថៃនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានលើកឡើងថា រឿងនេះគឺកើតមានដដែលៗច្រើនលើកច្រើនសារទៅហើយ ដួច្នេះគួរល្មមដល់ពេលដែលត្រូវបញ្ចប់។

សំឡេងលោកយ៉ង់ គឹមអេង៖

លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ ក៏បានលើកឡើងដែរថា ពលករខ្មែរដែលចេញតាមច្រកឡែមគឺមានកត្តាពីរ ទីមួយគឺចេញដោយស្របច្បាប់ និងទីពីរគឺចេញដោយមិនស្របច្បាប់ ដូច្នេះការចំណាយលុយគឺខុសគ្នា។

សំឡេងលោក លឹង សុផុន៖

លោក លឹង សុផុន បានបន្តទៀតថា…

សំឡេងលោក លឹង សុផុន៖

ប៉ុន្ដែលោក សុខ លូ អភិបាលខេត្តបាត់ដំបងអះអាងថា មិនមានការយកលុយពីពលករដែលវិលចូលទៅប្រទេសថៃវិញតាមច្រកព្រំដែនឡែមដូចការលើកឡើងនោះទេ។ លោកថា បានចុះទៅដល់ទីតាំងនោះ ហើយបានសួរនាំពលរដ្ឋដែលឆ្លងកាត់នោះផ្ទាល់ គឺមិនមានអស់លុយដូចការបង្ហោះតាមបណ្តាញសង្គមឡើយ។

សំឡេងលោកសុខ លូ៖

លោក សុខ លូ បានបន្តថា ក្រោយពីបានចុះទៅដល់ច្រកព្រំដែនឡែម លោកក៏បានណែនាំដល់មេប៉ុស្តិ៍ច្រកឡែម ឱ្យជួយសម្រួលការបំពេញបែបបទឱ្យពលករឱ្យបានរហ័សកុំឱ្យមានការកកស្ទះ។

សំឡេងលោកសុខ លូ៖

លោក ផាត់ វីរៈ មេប៉ុស្តិ៍ច្រកព្រំដែនឡែមបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចមិនបានយកលុយពីពលករជាថ្នូរនឹងការអនុញ្ញាតិឱ្យឆ្លងដែនទៅថៃនោះទេ។ លោកថា ការដែលពលករអស់លុយនោះគឺត្រូវចំណាយថ្លៃឈ្នួលជិះឡាននៅក្នុងទឹកដីថៃ មិនមែនអស់លុយក្នុងទឹកដីខ្មែរទេ។

សំឡេងលោកផាត់ វីរៈ៖

ទោះជាយ៉ាងណាក៏ដោយក្នុងនាមជាអ្នកធ្វើការផ្នែកសិទ្ធិការងារ ទទួលបន្ទុកផ្នែកពលករចំណាកស្រុក លោក លឹង សុផុន ក៏បានស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចជួយកុំឱ្យមានមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។ លោកថា ភាគច្រើនពលរដ្ឋដែលមិនមានចំណេះដឹងគឺឆាប់ជឿគេ និងចេះតែឆ្លងដែនតាមគ្នា។

សំឡេងលោក លឹង សុផុន៖

គួរបញ្ជាក់ថា បើតាមលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងដែរថា ជាគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺមិនមានការតម្រូវឱ្យបង់ប្រាក់ណាមួយសម្រាប់ការបំពេញបែបបទចេញ ឬចូលប្រទេសនោះទេ។ លោកថា ចំពោះករណីនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការត្រួតពិនិត្យស្រាវជ្រាវបន្តទៀត។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានពលករដែលកំពុងធ្វើការនៅក្រៅប្រទេសប្រមាណជាង១លាន៣សែននាក់ ក្នុងនោះរួមមាន១លាន២សែននាក់ធ្វើការនៅប្រទេសថៃ ជាង៤៥,០០០នាក់ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រមាណ២៣,០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ១១,០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុន ជាង៨០០នាក់នៅសិង្ហបុរី ប្រមាណ២០០នាក់នៅហុងកុង និង៤៣នាក់ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា

ប្រភព៖ វាយោ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...