មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស

07
មីនា

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​រំលោភ​សិទ្ធិ​សេរីភាព និង​ការ​ជួញដូរ​មនុស្ស​នៅ​បណ្ដាល​ប្រទេស​មួយ​ចំនួន​ពិត​ជា​មាន​ចំនួន​ច្រើន​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​ប្រាកដ​មែន។ ពួក​គេ​ស្នើ​ដល់​រដ្ឋាភិបាល​គួរតែ​មាន​គោល​នយោបាយ​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​សង្គម​ស៊ីវិល អះអាង​ថា ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​បណ្ដាល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក កើត​ឡើង​ជា​ញឹកញាប់ ហើយ​រដ្ឋាភិបាល​ហាក់​មិន​សូវ​យកចិត្តទុកដាក់​ជួយ​ដល់​ពួកគេ​នោះ​ទេ។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ដែល​រង​នូវ​ការ​រំលោភ​សិទ្ធិ​សេរីភាព និង​អំពើ​ជួញដូរ​មនុស្ស​នៅ​ក្រៅ​ប្រទេស គឺ​មាន​ចំនួន​ច្រើន​ដូច​ដែល​ក្រសួងការបរទេស​បាន​លើក​ឡើង​ពិតមែន។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់ និង​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស តែងតែ​ជួប​នូវ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ ដោយ​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ ឬ​ថៅកែ​មិន​ឲ្យ​ឯកសារ​ពាក់ព័ន្ធ​ដូចជា​លិខិតឆ្លងដែន ឬ​ទិដ្ឋាការ​ការងារ​ជា​ដើម។ លោក​បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ជួប​ប្រទះ​នូវ​បញ្ហា​ទាំង​នេះ មន្ត្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​បណ្ដាល​ប្រទេស​មួយ​ចំនួន ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​នោះ​បាន តិចតួច​នៅ​ឡើយ។

លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​រយៈ​មេ​ខ្យល់​វិញ គឺ​ភាគ​ច្រើន​ពួក​គាត់​ចាញ់​បោក​មេខ្យល់ ដែល​សន្យា​ថា មក​ប្រទេស​ថៃ​មាន​ការងារ​ល្អ មាន​ប្រាក់ខែ​ច្រើន​ជា​ដើម។

បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ​មក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​តែងតែ​ចាញ់​បោក​មេ​ខ្យល់ ក្រុមហ៊ុន​ឬ​រោងចក្រ​មិន​បើក​ប្រាក់ខែ​ឲ្យ​យ៉ាងណា​ក្ដី ក៏​ពួកគាត់​នៅ​តែ​បន្ត​ឆ្លង​ដែន​មក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដដែល ដោយ​សារ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ។

លោក លឹង សុផុន បញ្ជាក់​ថា ពលករ​ដែល​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​មក​កម្ពុជា​វិញ​ក៏​ដោយ ក៏​ពួក​គាត់​នៅ​បាន​តែ​មួយ​រយៈ​ក៏​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ លោក​ថា បញ្ហា​នេះ​ដោយសារ​តែ​ពលករ​ភាគ​ច្រើន​ជំពាក់​ប្រាក់​ធនាគារ ហើយ​បើ​បន្ត​នៅ​កម្ពុជា​នោះ​ពួក​គេ​គ្មាន​លទ្ធភាព​ដោះ​បំណុល ដូច្នេះ​ហើយ ពួកគេ​ត្រូវ​ត្រឡប់​មក​ប្រកបរបរ​នៅ​ឯ​ប្រទេស​ថៃ​វិញ ទោះ​ជា​មាន​ហានិភ័យ​ការងារ ឬ​ត្រូវ​បាន​ថៅកែ​រំលោភ​សិទ្ធិ​ការងារ​ក៏​ដោយ។

លោក​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​បង្កើន​ការ​ផ្សព្វផ្សាយ ដើម្បី​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស និង​មាន​គោលនយោបាយ​បង្កើត​ការងារ​ស្រប​តាម​ជំនាញ ដែល​ពលរដ្ឋ​ចំណាក​ស្រុក​មាន​រៀងៗ ខ្លួន។

លោក លឹង សុផុន៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ ផ្ដល់​ព័ត៌មាន​យ៉ាងម៉េច​ឲ្យ​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​ខ្មែរ​យើង​ហ្នឹង​កំឡុង​ពេល​ដែល​គាត់​ស្វែង​រក​ការងារ​ហ្នឹង ជួយ​ណែនាំ​គាត់​ឲ្យ​ច្បាស់លាស់​ថា តើ​ប្រជាពលរដ្ឋ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ពួក​គាត់​ហ្នឹង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ស្វែង​រក​ការងារ ហើយ​ឲ្យ​ពួកគាត់​មក​ដល់​ហើយ ដូច​ថា​មាន​ថៅកែ​អ្វី​ត្រឹមត្រូវ​ហើយ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ច្បាប់​ការងារ​ក្នុង​ប្រទេស​ថៃ»

ប្រតិកម្ម​បែប​នេះ​គឺ បន្ទាប់​ពី​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​ផ្សាយ​លទ្ធផល​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ២០២២ បង្ហាញ​ថា ក្រសួង​បាន​ជួយ​គាំទ្រ សង្គ្រោះ និង​ធ្វើ​មាតុភូមិ​និវត្តន៍ ដល់​ពលរដ្ឋ​ខ្មែរ ដែល​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៅ​បរទេស និង​អំពើ​ជួញដូរ​មនុស្ស​ចំនួន​ជិត ៨ពាន់​នាក់ (.៩៥៣)។ ក្នុង​នោះ​មាន​នៅ​ប្រទេស​ថៃ ឡាវ វៀតណាម មីយ៉ានម៉ា ឬ​ភូមា និង​ប្រទេស​ផ្សេង​ទៀត។

ជុំវិញ​ករណី​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ មីនា​នេះ​ថា តួលេខ​ដែល​ពលរដ្ឋ​រង​ការ​រំលោភ​សិទ្ធិ​សេរីភាព និង​អំពើ​ជួញដូរ​មនុស្ស​ជិត ៨ពាន់​នាក់​នេះ​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ លោក​យល់​ថា រដ្ឋាភិបាល គួរ​លើក​កម្ពស់​ការងារ​ក្នុង​ប្រទេស ដែល​មាន​ស្រាប់​ឲ្យ​បាន​ល្អ​ប្រសើរ និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​អាច​ឲ្យ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ល្អ ដើម្បី​ជៀសវាង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​អំណោយ​ផល​ស្ទើរ​គ្រប់​វិស័យ ជាពិសេស គឺ​វិស័យ​កសិកម្ម រដ្ឋាភិបាល​គួរ​តែ​បន្ថែម​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម នៅ​តាម​មូលដ្ឋាន​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​កសិកម្ម​របស់​ពលរដ្ឋ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់។ លោក រស់ សុដ្ឋា ស្នើ​ដល់​រដ្ឋាភិបាល ស្វែង​រក​ដៃ​គូរ​ពាណិជ្ជកម្ម​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​សម្រាប់​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ល្អ​ប្រសើរ សម្រាប់​នាំ​ចេញ​ផលិតផល​កសិកម្ម។

លោក រស់ សុដ្ឋា៖ «ទី១ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​គាត់​កែ​លំអ​ឧកាស​ការងារ​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ព្រោះ​ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ហ្នឹង គឺ​វា​ហានិភ័យ​ច្រើន​ណាស់​តាម​ខ្ញុំ​ដឹង។ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ ការ​ចេញ​ក្រៅ​ស្រុក​វា​ហានិភ័យ​តាំង​ពី​ប៉ះពាល់​ដល់​សុខភាព បញ្ហា​សន្តិសុខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ទី២ យើង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ការងារ បញ្ហា​ទីផ្សារ បញ្ហា​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ ឲ្យ​បាន​ច្រើន​ទូលំទូលាយ ដោយ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សំណូមពរ​ឲ្យ​មាន​ប្រូចិចធ៍ (Project) ហ្មង គម្រោង​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ផល​លំបាក​ផ្សេងៗ ពេល​ណា​ដែល​យើង​ចេញ​ទៅ​ក្រៅ​ស្រុក»

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១លាន ២សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central) បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ២លាន​នាក់ ដោយ​មួយ​ចំនួន ពួក​គាត់​ទទួល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផល​ប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ។

របាយការណ៍​របស់​ក្រសួង​ការងារ​ឆ្នាំ២០២២ បង្ហាញ​ថា ពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​សរុបជាង ១លាន​៣សែន (.៣២១.៥០៦) នាក់ ក្នុង​នោះ​នៅ​ប្រទេស​ថៃ​មាន​ពលករ​ខ្មែរ​ចំនួន​ជាង ១លាន ២សែន (.២៣១.៥០៨) នាក់ នៅ​កូរ៉េជិត ៥ម៉ឺន (៤៩.៧៣៨) នាក់ នៅ​ជប៉ុន​ជិត ២ម៉ឺន (១៦.៥៦២) នាក់ និង​នៅ​តាម​បណ្ដាល​ប្រទេស​ផ្សេងៗ ទៀត។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​សង្កេត​ឃើញ​ថា បញ្ហា​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​របស់​ពលករ​ខ្មែរ​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​ចំណុច​ដែល​រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ពួក​គេ​បារម្ភ​ថា កន្លង​មក​រដ្ឋាភិបាល​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តែ​បន្ត​ឆ្លងដែន​ដោយ​ខុស​ច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដែល​ងាយ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...