កូដករ​ណាហ្គាវើលដ៍​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចោទ​ថា ពួក​គេ​ទទួល​លុយ ដើម្បី​ធ្វើ​កូដកម្ម

07
មីនា

កូដករ​ណាហ្គាវើលដ៍​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចោទ​ថា ពួក​គេ​ទទួល​លុយ ដើម្បី​ធ្វើ​កូដកម្ម

ក្រុម​កូដករ​ណាហ្គាវើលដ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា លោក​មិន​ជឿ​ការ​តវ៉ា​ជាង​មួយ​ឆ្នាំ​នេះ​របស់​កម្មករ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​លុយ​ពី​ក្រោយ​ខ្នង​នោះ​ទេ។ ពួក​គេ​ចាត់​ទុក​សារ​ដ៏​កម្រ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​លម្អៀង​ទៅ​រក​ភាគី​ថៅកែ​បរទេស។

ក្រុម​កូដករ​ណាហ្គាវើលដ៍​មួយ​ចំនួន​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​លោក ហ៊ុន សែន ដែល​ចោទ​ប្រកាន់​កម្មករ​ខ្មែរ ជា​ជន​រង​គ្រោះ​ដោយសារ​ថៅកែ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ថា ទទួល​លុយ​ឧបត្ថម្ភ​សម្រាប់​ធ្វើ​កូដកម្ម​ទៅ​វិញ។ ពួក​គេ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​(Nagaworld) អ្នកស្រី ឈឹម សុខន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​កូដករ​ប្រមាណ ៤រយ​នាក់​ឆ្លាស់​គ្នា​ចេញ​កូដកម្ម​ចន្លោះ ៨០នាក់ ទៅ ១០០នាក់​ជា​ប្រចាំ។ ប៉ុន្តែ​អ្នកស្រី​ថា ការ​អូស​បន្លាយ​នៃ​វិវាទ​ការងារ​ជាង​មួយ​ឆ្នាំ​មក​នេះ​កូដករ​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាមកំហែង និង​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ ហើយ​លើស​ពី​នេះ កូដករ​បាន​ជួប​ប្រទះ​បញ្ហា​ជីវភាព និង​បំណុល​ធនាគារ ដែល​តម្រូវ​ឱ្យ​អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ទ្រព្យ​សម្បត្តិ​ដោះ​ទាល់​ចំពោះ​មុខ។ អ្នកស្រី​បញ្ជាក់​ថា ការ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​មក​ដល់​ពេល​នេះ ក្រៅពី​លទ្ធភាព​ផ្ទាល់​ខ្លួន និង​ប្រភព​ពី​គ្រួសារ គ្មាន​អ្នក​ណា​ជួយ​ទំនុកបម្រុង​ប្រាក់​ពី​ក្រោយ​ខ្នង​កូដករ​នោះ​ទេ។

អ្នកស្រី ឈឹម សុខន ៖ «ពួក​ខ្ញុំ​តែងតែ​សង្ឃឹម​ក្នុង​ចិត្ត​ថា ខ្ញុំ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​ប្រមុខ​រដ្ឋាភិបាល​ដោយសារ​គាត់ (លោក ហ៊ុន សែន) អត់​ដែល​និយាយ​រឿង​ពួក​ខ្ញុំ ចាប់​តាំង​ពី​ទាមទារ​រហូត​មក​ដល់​ឥឡូវ​នេះ ដល់​ពេល​គាត់​និយាយ​ចោទ​ប្រកាន់ ទម្លាក់កំហុស​ឱ្យ​កូដករ​ទាំង​គាត់​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​គួរ​ក្ដោប​រឿង​ហ្នឹង ហើយ​គាត់​អត់​ដែល​មិន​សាកសួរ​កូដករ​ផង​ថា រង​សម្ពាធ​អ្វី​ខ្លះ​នៅ​ពេល​ចេញ​ទាមទារ​រយៈ​ពេល​មួយ​ហ្នឹង»

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ​មូលនិធិ​សង្គ្រោះ​បន្ទាន់ (Urgent Action Fund) បាន​ផ្ទេរ​ប្រាក់​ចំនួន ១ម៉ឺន ៥ពាន់ ១៥០ដុល្លារ ចូល​គណនី​ធនាគារ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ៣នាក់ ដើម្បី​ជួយ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ​នៅ​កម្ពុជា។ ប៉ុន្តែ ប្រាក់​នោះ​ត្រូវ​បាន​ធនាគារ​អេប៊ីអេ (ABA) ផ្អឹប​ទុក ដោយ​មិន​ព្រម​បើក​ឲ្យ​ក្នុង​អំឡុង​ខែតុលា ឆ្នាំ២០២២។ បន្ទាប់​មក​ធនាគារ​បាន​សម្រេច​បញ្ជូន​ប្រាក់​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ ក្រោម​ហេតុផល​បុគ្គល​ទាំង​នោះ​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

ទោះ​យ៉ាង​ណា អ្នកស្រី ឈឹម សុខន មូលនិធិ​នោះ​មាន​ប្រភព​ត្រឹមត្រូវ​ក្នុង​គោល​បំណង​ជួយ​ដល់​សមាជិក​សហជីព​រងគ្រោះ ដូច​ជា ស្រ្តី​មាន​ផ្ទៃពោះ រួមទាំង​ក្មេង​នៅ​ក្នុង​បន្ទុក​អំឡុង​ពេល​បិទ​ខ្ទប់​ដោយសារ​ជំងឺ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ជំនួយ ឬ​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ខ្វះខាត​នោះ​ឡើយ។

ប្រតិកម្ម​របស់​អនុប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បែប​នេះ ធ្វើ​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែមីនា ទោះ​បី​លោក​មិន​ចោទ​ប្រកាន់​ចំ​ឈ្មោះ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ក៏​ដោយ ក៏​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន មាន​តែ​កូដករ​ណាហ្កាវើលដ៍​ទេ ដែល​សកម្ម​ធ្វើ​កូដកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​មុខ​អគារ​ក្រុមហ៊ុន និង​ទាមទារ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​គោរព​ច្បាប់​ការងារ។

លោក ហ៊ុន សែន លើក​ឡើង​ថា អំឡុង​ពេល​បិទ​ខ្ទប់​ដោយ​សារ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ មាន​កម្មករ​រាប់​លាន​នាក់​អត់​ការងារ​ធ្វើ​នៅ​លើ​ពិភពលោក ប៉ុន្តែ​លោក​ថា កម្ពុជា​មាន​កម្មករ​ខ្លះ​គ្មាន​ការងារ​ធ្វើ​ជាង​មួយ​ឆ្នាំ​ហើយ តែ​ពួក​គេ​មាន​លុយ​ចាយ​មាន​បាយ​ហូប​យ៉ាង​ស្រួល​ធ្វើ​បាតុកម្ម​ជាង ១ឆ្នាំ​ទៅ​វិញ។ លោក​បន្ថែម​ថា បាតុកម្ម​មួយ​កន្លែង​នោះ​មាន​អ្នក​ចូលរួម​ពី ៣០០នាក់ រហូត​នៅ​សល់ ១០០នាក់ ដោយសារ​កម្មករ​ភាគច្រើន​ព្រម​ទទួល​យក​ប្រាក់​សំណង និង​រក​ការងារ​ថ្មី​តាម​រយៈ​ក្រសួង​ការងារ។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ថា លោក​មិន​ជឿ​ការ​តវ៉ា​នោះ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​លុយ​ពី​ក្រោយ​ខ្នង​នោះ​ទេ។

លោក ហ៊ុន សែន៖ «បាន​ខ្ញុំ​ចង្អុល​បង្ហាញ​បើ​សិន​ជា​ខ្ញុំ​ទៅ​ចាប់​ដល់​កន្លែង​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម​ហ្នឹង ក៏​ខ្ញុំ​ចាប់​បាន​ដែរ អ្នក​ឯង​កុំ​ស្មាន​ថា​ខ្ញុំ​មិន​ដឹង​នោះ។ ឥឡូវ​យើង​គិត​ខ្លួន​គេ ខ្លួន​យើង​អត់​មាន​ការងារ​ធ្វើ​ជាង​មួយ​ឆ្នាំ​នៅ​មាន​លទ្ធភាព​ស៊ី​បាយ​យ៉ាង​ស្រួល ហើយ​ដើរ​ធ្វើ​បាតុកម្ម សម្រាប់​អ្នក​អត់​មាន​ការងារ​ធ្វើ​ពិត​ប្រាកដ តើ​អាច​រស់​បាន​ទេ នេះ​ជា​ចំណោទ ហើយ​រឿង​នេះ​សូម​អ្នក​ដទៃ​យល់​ពី​កម្ពុជា​ឱ្យ​ច្បាស់​មិនមែន​កម្ពុជា​ភ្លើ​ទេ និយាយ​មួយ​ម៉ាត់​ទៅ»

ផ្ទុយ​ពី​ការ​អះអាង​នេះ កូដករ​ណាហ្គាវើលដ៍​ម្នាក់​ទៀត កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែង​ថា បើ​សិន​ប្រមុខ​រដ្ឋាភិបាល​ចោទ​សំដៅ​លើ​កម្មករ​ណាហ្កាវើលដ៍​នោះ គឺ​ជា​រឿង​គួរ​សោក​ស្ដាយ និង​អយុត្តិធម៌​បំផុត​សម្រាប់​កម្មករ​ខ្មែរ ដែល​ចេញ​ទាមទារ​ឱ្យ​ថៅកែ​បរទេស​គោរព​ច្បាប់​ការងារ។ ទោះ​យ៉ាង​ណា​ក្ដី កញ្ញា​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា កម្មករ​ទទួល​លុយ​ខុស​ច្បាប់ ដើម្បី​ធ្វើ​បាតុកម្ម​កន្លង​មក។ កញ្ញា​និយាយ​ថា សព្វថ្ងៃ​កម្មករ​ជួប​បញ្ហា​ប្រឈម​ផ្នែក​ជីវភាព និង​សុខភាព​ជា​ខ្លាំង ប៉ុន្តែក្រុម​គ្រួសារ​មិន​បណ្ដោយ​ឱ្យ​សាច់​ញាតិ​អត់​បាយ​ស្លាប់​ទេ ត្រឹម​អាហារ​បី​ពេល​ក្នុង​មួយ​ក្នុង​ថ្ងៃ ដើម្បី​បន្ត​ការ​ទាមទារ​រឿង​ត្រឹមត្រូវ​ក្នុង​សង្គម។ កញ្ញា​យល់​ថា រដ្ឋាភិបាល​គួរ​ស្វែង​យល់​ទុក​លំបាក​វេទនា និង​មូលហេតុ​ពិត​ប្រាកដ​របស់​កម្មករ ដែល​ឈាន​ដល់​ផ្ទុះ​ការ​តវ៉ា ជា​ជាង​ការ​ចោទ​ប្រកាន់​លើ​កូដករ ដោយ​មិន​លើក​ឡើង​ពី​កំហុស​ថៅកែ​នោះ។

កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «ការ​ធ្វើ​បែប​ហ្នឹង (ការ​ចោទ​ប្រកាន់) មិនមែន​ជា​ដំណោះស្រាយ​ទេ យើង​មាន​ការ​ស្តោក​ស្ដាយ​ជា​ខ្លាំង បើសិន​ការ​ចោទ​ប្រកាន់​ហ្នឹង​មក​លើ​ពួក​យើង ពីព្រោះ​យើង​ជា​ប្រជាពលរដ្ឋ ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្កាវើលដ៍ យើង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ការងារ​មួយ​ដែល​ថៅកែ​គោរព​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​មួយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ធ្វើ​ការងារ​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​យើង​ធ្វើ​ការងារ​លើ​ទឹក​ដី​នេះ យើង​ចង់​ឱ្យ​គេ​គោរព​ច្បាប់​យើង​ដូច​គ្នា​ដែរ»

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា​ ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​​​​កូដករ​ណាហ្គាវើលដ៍ គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព។ លោក​យល់​ថា ការណ៍​ដែល​លោក ហ៊ុន សែន លើក​ឡើង​ទាក់ទង​អ្នក​ជួយ​ឧបត្ថម្ភ​លុយ​ពី​ក្រោយ​បាតុកម្ម​របស់​កម្មករ​នេះ ទំនង​ចង់​សំដៅ​លើ​មូលនិធិ​ជួយ​ទ្រទ្រង់​ធ្វើ​បាតុកម្ម ឬ​កូដកម្ម។ ប៉ុន្តែ​លោក​បញ្ជាក់​ថា តាម​ច្បាប់​កូដករ​ណាហ្គាវើលដ៍​ជា​នីតិបុគ្គល ដែល​មាន​សហជីព​ជា​តំណាង​មាន​សិទ្ធិ​ទទួល​វិភាគទាន​ពី​សមាជិក ឬ​មូលនិធិ​ពី​អង្គការ​ដៃគូ ដើម្បី​ទ្រទ្រង់​សកម្មភាព​ស្រប​ច្បាប់ និង​ស្រប​តាម​លក្ខន្តិក​របស់​សហជីព។

លោក ឃុន ថារ៉ូ៖ «ខ្ញុំ​ជឿ​ជាក់​ថា លោក (ហ៊ុន សែន) ប្រាកដ​ជា​ដឹង​ហើយ ចាប់​តាំង​ពី​ធ្វើ​កូដកម្ម​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ប៉ុន្តែ​បើ​សិន​ជា​លោក​មាន​វិធានការ​ដូច​អ្វី​ដែល​លោក​បាន​ដោះ​ស្រាយ​ជូន​មជ្ឈដ្ឋាន​ទូទៅ​ដែល​ប្រជាពលរដ្ឋ​ទទួល​រង​ផល​ប៉ះពាល់​របស់​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ខ្ញុំ​គិត​ថា វិវាទ​ការងារ​នេះ​អាច​បិទ​បញ្ចប់​ក្នុង​ពេល​នេះ​ស្អែក​នេះ​ក៏​អាច​ទៅ​រួច​ដែរ ពីព្រោះ​សម្តេច​លោក​អាច​មាន​សិទ្ធិ​មាន​អំណាច​ក្នុង​ការ​សម្របសម្រួល ឬ​ផ្តល់​ជា​ជម្រើស​ណា​មួយ ដើម្បី​មាន​ដំណោះស្រាយ​ទាំង​ភាគី​និយោជិក និង​និយោជក»

មាត្រា២២ នៃ​ច្បាប់​ស្តីពី​សហជីព ត្រង់​ចំណុច () ចែង​ថា អំណោយ ឬ​ជំនួយ​ធនធាន​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​ស្រប​ច្បាប់​ពី​សមាជិក​សហជីព ឬ​សមាគម​និយោជក ឬ​ពី​ភាគី​ផ្សេង​ទៀត សម្រាប់​បម្រើ​ឱ្យ​សកម្មភាព​ស្រប​ច្បាប់។

ណាហ្គាវើលដ៍ ជា​ក្រុមហ៊ុន ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែល​រក​ប្រាក់​ចំណេញ​បាន​ច្រើន​បំផុត។ ក្រុមហ៊ុន​នេះ មាន​មណ្ឌល​កម្សាន្ត សណ្ឋាគារ និង​កាស៊ីណូ ឬ​បនល្បែង ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រក​ស៊ី​រយៈ​ពេល ៧០ឆ្នាំ​នៅ​កម្ពុជា។ នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែក​ធ្លាយ កាល​ពី​ឆ្នាំ២០១៧ បង្ហាញ​ថា ម្ចាស់​កាស៊ីណូ​ណាហ្គាវើលដ៍​មាន​ទំនាក់ទំនង​ជាមួយ​ភរិយា និង​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូនលោក សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន។ កូនៗ លោក ហ៊ុន សែន ទាំង ៤នាក់ ដែល​សារ​បែក​ធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ ណាហ្គាវើលដ៍ រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

ក្រុម​កូដករ​ស្នើ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​កូដករ​ដោយ​រុញ​ទៅ​ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ចេញ​មក​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...