មន្ត្រី​ស្ថានទូត​គំរាមកំហែង​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រទេស​ថៃ

24
មីនា

មន្ត្រី​ស្ថានទូត​គំរាមកំហែង​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រទេស​ថៃ

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ រង​ការ​ចោទ​ប្រកាន់​ថា គំរាមកំហែង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​លើ​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រទេស​នេះ។ ទោះ​យ៉ាងណា មន្ត្រី​ស្ថានទូត ឆ្លើយតប​ថា​នេះ​ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​១៨ ខែ​មីនា​ថា ពេលនេះ​សុវត្ថិភាព​របស់​លោក​កំពុង​រង​ការ​គំរាមកំហែង​។ លោក​បន្ត​ថា ចាប់​តាំង​ពី​ដើមឆ្នាំ​២០២៣ នេះ មាន​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​គំរាមកំហែង​លោក​ផ្ទាល់​មុខ​ផង និយាយ​តាម​ទូរស័ព្ទ​ផង និង​ផ្ដាំផ្ញើ​តាម​ក្រុម​ពលករ​ផង​ឱ្យ​លោក​ប្រយ័ត្ន​ខ្លួន​។ លោក​ឱ្យ​ដឹង​ទៀង​ថា មន្ត្រី​ស្ថានទូត​មិន​សប្បាយ​ចិត្តនឹង​ការ​បំពេញ​ការ​ការងារ​របស់​លោក​ទេ ព្រោះ​សកម្មភាព​ជួយ​ការពារ​សិទ្ធិ​ពលករ​ទាំងនោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​មន្ត្រី​ស្ថានទូត និង​សកម្មភាព​ខ្លះទៀត​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី ភាព​អសកម្ម​របស់​ស្ថានទូត​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ និង​ប្រយោជន៍​របស់​ពលករ។

លោក លឹង សុផុន៖ «នៅពេល​ខាង​មន្ត្រី​ស្ថានទូត​ខាង​អនុព័ន្ធ​គាត់​បាន​ខល (ហៅ​ទូរស័ព្ទ​) មក​ខ្ញុំ​ហើយ​សួរនាំ​គំរាម​បែប​លក្ខណៈ​ការងារ​អ៊ីចឹង​ណា ធ្វើ​ម៉េច​ផ្ដល់​ព័ត៌មាន​ទៅ​គេ​ផង​ហើយ​នៅ​ពេល​យើង​ចុះ​ទៅណា​មក​ណា​សូម​ឱ្យ​គេ​ដឹងផង គេ​គំរាម​ខ្ញុំ​នេះ​ខ្ញុំ​មានការ​ភ័យខ្លាច​ដែរ ព្រោះ​ទៅណា​មក​ណា​ក៏​គេ​ដឹង គេ​លឺ​គេ​មាន​បណ្ដាញ»

អ្នកការពារ​សិទ្ធិ​ពលករ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា កាលពី​ខែកុម្ភៈ មន្ត្រី​អនុព័ន្ធ​ទទួល​បន្ទុក​ផ្នែក​ពលករ​ម្នាក់ បាន​ព្រមាន​លោក​ប្រយ័ត្ន​ខ្លួន ប្រយ័ត្ន​កូន​អត់​ឪ​ហៅ​ហ្នឹង​គេ។ លោក​ដឹង​ទៀត​ថា មន្ត្រី​ស្ថានទូត​បាន​ព្យាយាម​ហៅ​លោក​ជាច្រើនលើក​ឱ្យ​លោក​ទៅ​ជួប​ពួកគេ​នៅ​ស្ថានទូត​ដើម្បី​ជជែក​រឿង​ការងារ តែ​លោក​តែងតែ​ប្រកែក​រហូត។ ទោះ​យ៉ាងណា​លោក​ថា ដោយ​ការ​មាន​ហៅ​ដដែល​បែប​នេះ ញឹក​ពេក លោក​បាន​ទៅ​ចូល​ស្ថានទូត តាម​ការ​អញ្ជើញ​។ លោក​ថា នៅ​ពេល​នោះ​មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​ម្នាក់​បាន​ប្រដៅ​លោក​ឱ្យ​លោក​ធ្វើ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​កុំ​ធ្វើ​អ្វី រំលង​ស្ថានទូត។

លោក លឹង សុផុន៖ «ក្នុង​ការ​និយាយ​របស់​គេ​លក្ខណៈ​គេ​ប្រើ​ពាក្យ​សំដី​ក្មួយ​ទៅ​ធំ​មិន​ឱ្យ​មាន​ឪ​ហៅ​អីចឹង​ណា កាលណា​និយាយ​អ៊ីចឹង​ដូច​ប្រមាថ​មើលងាយ​ឬក៏​ប្រមាថ​ដល់​អាយុជីវិត​របស់ខ្ញុំ»

លោក លឹង សុផុន ជា​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលករ​នៅទេ​ស​ថៃ ដែល​បំពេញការងារ​នេះ​តែម្នាក់ឯង​ជិត​១០​ឆ្នាំ​មក​ហើយ​។ សកម្មភាព​ជួយ​ការពារ​សិទ្ធិ​ពលករ​នេះ​ពេលខ្លះ​លោក​ចុះ​ឃ្លាំមើល​ការបញ្ឈប់​ពលករ​ខ្មែរ​ពី​ការងារ​របស់​ថៅកែ ជួយ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលករ ជូន​ពលករ​ទៅ​ស្ថានទូត​ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ស្ថានទូត និង​ពេល​ខ្លះ​ទៀត ករណី​ពលករ​ស្លាប់​នៅ​ប្រទេស​ថៃ គឺ​លោក​ត្រូវ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ថៃ និង​មន្ត្រី​ស្ថានទូត​កម្ពុជា​ដើម្បី​ទាមទារ​ឱ្យ​ផ្ដល់​ថវិកា​នៃ​ការ​បាត់​បង់ជីវិត​ពលករ​ពី​រដ្ឋាភិបាល​ថៃ។

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ហ៊ុន សារឿន បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ​មីនា។ ចំណែក​អនុព័ន្ធ​ផ្នែក​ការងារ​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល ឆ្លើយតប​យ៉ាង​ខ្លី​ដោយ​ទាមទារ​ឱ្យ​បង្ហាញ​ភស្តុតាង និង​បាន​លើកឡើង​ថា ការ​ចោទប្រកាន់​នេះ​មិនមែន​ជា​ការពិត​ទេ។ ទោះ​យ៉ាងណា​នៅពេល​មាន​បញ្ជាក់​ថា មន្ត្រី​សិទ្ធិមនុស្ស​មាន​ភស្តុតាង​មក​បញ្ជាក់​ទាក់ទង​ការ​គំរាមកំហែង​នេះ មន្ត្រី​ស្ថានទូត​រូប​នេះ​បាន​បិទ​ទូរស័ព្ទ​ដោយ​ប្រាប់​ថា ជាប់រវល់។

លោក ឈឹម វិបុល៖ «បាទ​ចង់​ជម្រាប​បង​អ៊ីចេះ​ជាទូទៅ​ណា​បង​នេះ​ជា​ការ​និយាយ​របស់​គាត់​តែ​សំខាន់​គាត់​មាន​ភស្តុតាង​អត់ សំខាន់​ទៅ​លើ​ភស្តុតាង»

បើ​ទោះ​ជា​ពី​មន្ត្រី​ស្ថានទូត​ឆ្លើយតប​បែប​ក្ដី តែ​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា ក្នុង​ឆ្នាំ​បោះឆ្នោត​បើ​ទោះ​ជា​ច្បាប់​កម្ពុជា​មិនទាន់​អាច​ឱ្យ​ពលករ​ខ្មែរ​អាច​បោះឆ្នោត​នៅ​ប្រទេស​របស់​ពួកគេ​រស់នៅ និង​ធ្វើការ​ក្ដី តែ​ស្ថានទូត​កម្ពុជា​ប្រទេស​ថៃ​កំពុង​រៀបចំ​ផែន​ការទិញ​ទឹកចិត្ត​តំណាង​ពលករ​ដើម្បី​ឲ្យ​កៀរគរ​ពលករ​ទៅ​គាំទ្រ​បក្ស​កាន់អំណាច​។ ដោយឡែក​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​រិះគន់​ស្ថានទូត តែងតែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ​។ កន្លង​មក នៅ​ពេល​អ្នកធ្វើការ​ជាមួយ​ពលករ​រូប​ណា​ដែល​មាន​បណ្ដាញ​ពលករ​ច្រើន រួម​ក្រុម​មេការ​សំណង់ អ្នក​នាំ​ពលករ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ និង​សូម្បី​អ្នកលក់​ឡេ​តាម​អនឡាញ​(Online) នៅ​ប្រទេស​ថៃ ជាដើម ក៏​ត្រូវ​បាន​ស្ថានទូត​អូសទាញ​អ្នក​ទាំងនោះ​ឱ្យ​ឈប់​រិះគន់​ស្ថានទូត ឬ​បក្ស​កាន់អំណាច និង​អូសទាញ​អ្នក​ទាំងនោះ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ដែរ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនារស្មី ដែល​ធ្លាប់​រិះគន់ រដ្ឋាភិបាល លោក ហ៊ុន សែន និង​រិះគន់​ភាព​អសកម្ម​របស់​មន្ត្រី​ស្ថានទូត​ខ្មែរ ក៏​ត្រូវ​គណបក្សកាន់អំណាច​អូសទាញ​ឱ្យធ្វើ​សកម្មភាព​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។

ចំណែក មន្ត្រី​សហជីព​ដែល​ធ្លាប់​ជួយ​ការពារ​សិទ្ធិ​ពលករ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​បក្ស​កាន់​អំណាច​អូសទាញ​ឱ្យ​បម្រើ​សកម្មភាព​របស់​ពួកគេ​វិញ។ ដោយឡែក អ្នក​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន និង​អ្នក​រិះគន់​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ទេស​ថៃ​យ៉ាងហោចណាស់​៥​នាក់​ត្រូវ​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ខ្លួន​ពួកគេ​យក​ទៅ​ឃុំខ្លួន​នៅ​ប្រទេស​កម្ពុជា​វិញ​បើ​ទោះជា​អ្នក​ទាំងនោះ​ជា​ជន​ភៀស​ផ្នែក​នយោបាយ និង​មានការ​ទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ថៃ​ក្ដី។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា កន្លងមក​អ្នកការពារ​សិទ្ធិ​ពលករ​មួយចំនួន រង​ការ​គំរាមកំហែង​ពី​ជនអនាមិក ដែល​បញ្ហា​មិន​គួរ​កើតឡើង​ឡើយ។ លោក អំ សំអាត យល់​ថា បើ​ទោះ​ជា​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ក្រៅ​ប្រទេស និង​មន្ត្រី​ស្ថានទូត​ក្ដី ពួកគាត់​គឺ​សុទ្ធតែ​អ្នក​បំពេញការងារ​ដើម្បី​ជួយ​ការពារ​សិទ្ធិ​ពលករ​ដូចគ្នា។ លោក អំ សំអាត លើកឡើង​ទៀត​ថា គួរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ជួយ​ការពារ​សិទ្ធិ​ពលករ ហើយ​ភាគី​ពាក់ព័ន្ធ​គួរ​ធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​ប្រយោជន៍​ពលករ និង​សិទ្ធិ​ពលករ។

លោក អំ សំអាត៖ «បញ្ហា​អ្នកការពារ​សិទ្ធិ​ពលករ ឬ​ពលករ​ដែល​រងគ្រោះ​ហើយ​ត្រូវការ​អ្នកការពារ​អ្នក​ជួយ​មិន​គួរ​ត្រូវ​ទទួលរង​ការ​គំរាមកំហែង​ទេ គួរណា​បញ្ឈប់​ទៅ​រាល់​ការ​គំរាមកំហែង​ទាំងឡាយ​ណា​ហើយ​រួមគ្នា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពល​ករ​ឱ្យ​មាន​សិទ្ធិ​សេរីភាព ហើយ​ការពារ​ទៅតាម​ផ្លូវច្បាប់​និង​ការពារ​សិទ្ធិ​របស់​គេ»

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាកស្រុក លោក លឹង សុផុន ឱ្យ​ដឹង​ដែរ​ថា ទន្ទឹម​ការ​ព្រមាន​មក​លើ​រូប​លោក ក៏​មាន​មន្ត្រី​ស្ថានទូត​ព្យាយាម​អូសទាញ​លោក​ឱ្យ​ឈប់​ធ្វើ​ការងារ​មន្ត្រី​សង្គម​ស៊ីវិល ដោយ​ប្ដូរ​ទៅ​ធ្វើ​ការងារ​នៅ​ស្ថានទូត និង​ចូលរួម​ធ្វើ​សកម្មភាព​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ ទោះជា​បែបនេះ​ក្ដី ក៏​អ្នកការពារ​សិទ្ធិ​ពលករ​រូប​នេះ​ថា លោក​មិន​ជ្រួលជ្រើម​តាម​អូសទាញ​ដែរ ព្រោះ​លោក​យល់​ថា ការងារ​ជា​អ្នកការពារ​សិទ្ធិ​ពលករ​នេះ​ជា​ការ​ដែល​លោក​ស្រលាញ់​ចេញ​ពី​បេះដូង ត្បិត​លោក​អាច​ជួយ​ពលករ​ដែល​ត្រូវ​ថៅកែ​រំលោភបំពាន​បាន​ច្រើន៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...