ជីវិត​ពលករ​ខ្មែរ​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ

26
មីនា

ជីវិត​ពលករ​ខ្មែរ​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ

ពលករ​ខ្មែរ​ធ្វើ​ការងារ​ជា​កម្មករ​នេសាទ​នៅ​ប្រទេស​ថៃ ប្រឹង​លក់​កម្លាំង​ដើម្បី​បាន​កម្រៃ​ផ្ញើ​ប្រាក់​ឱ្យ​សាច់​ញាតិ​នៅ​ស្រុក​កំណើត។ យ៉ាងហោចណាស់​ពលករ​ខ្មែរ​ជិត ៧.០០០​នាក់ បាន​រងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រង​ការ​ជួញដូរ​ជាដើម។

នៅ​លើ​សមុទ្រ​ល្វឹងល្វើយ ទូក​នេសាទ​រាប់​រយ​គ្រឿង​ចត​នៅ​ផែ​មួយ​កន្លែង​ក្នុង​ខេត្ត​រ៉ាយ៉ង​(RAYONG) ប្រទេស​ថៃ ត្រៀម​ចេញ​នេសាទ។ ពលករ​ខ្មែរ​មួយ​ក្រុម កំពុង​ធ្វើការ​ងារ​យ៉ាង​ញាប់ដៃ​ញាប់​ជើង រៀបចំ​គ្រឿង​សម្ភារៈ​ដាក់​ឡើង​ទូក​ត្រៀម​ចេញ​នេសាទ។

កំពុង​ចាក់​ខ្សែ​ចង​ដែក​ដាក់​ជើង​សំណាញ់​លោក ឆេង ចាន់ណា អាយុ ៣៣​ឆ្នាំ​ មក​ធ្វើ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ជាង ២​ឆ្នាំ​មក​ហើយ​។ ពលករ​ខ្មែរ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ទូក​នេសាទ​ដែល​លោក​ធ្វើការ​នេះ ចេញ​នេសាទ​ម្ដងៗ​ពី ៨​ថ្ងៃ ទៅ​១០​ថ្ងៃ។ លោក​ថា ការងារ​នេះ​ប្រើ​កម្លាំង​ច្រើន ប៉ុន្តែ​បើ​ជួប​ថៅកែ​ល្អ ទោះ​ហត់​បន្តិច​ក្ដី​តែ​លោក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឡប់​មក​វិញ។

លោក ឆេង ចាន់ណា៖ «ពេល​ត្រី​បាន​ច្រើន​ហត់​​បង​ការងារ​នេះ»

ការងារ​នៅ​លើ​ទូក​នេសាទ​នេះ ក្រុម​ពលករ​ធ្វើការងារ​តាម​ជំនាញ និង​តាម​ចង្អុល​បញ្ហា​ពី​មេការ​ខ្មែរ​គ្រប់គ្រង​លើ​ទូក​នេះ។ ពេល​ពួកគាត់​ធ្វើ​ការងារ​ជុំគ្នា​ម្ដងៗ ពួកគាត់​ស្រែក​ជា​សំនៀង​ពីរោះ​ម្យ៉ាង​ដែរ​។ ពួកគាត់​ម្នាក់ៗ​ចូលចិត្ត​ពាក់​ក្រវិល ចាក់​សាក់​នៅ​លើ​ដៃ ឬ​ដងខ្លួន​មើលទៅ​រាង​កាច តែ​តាម​ពិត​ពួក​គាត​រួសរាយ​រាក់ទាក់​ណាស់។

ពលករ​ម្នាក់ទៀត លោក ឆាយ ស៊ីឡែន រៀបរាប់​ថា លោក​ទទួល​បាន​កម្រៃ​ពី​ការងារ​គិត​ប្រាក់​សរុប​ជាង ១​ម៉ឺន​បាត ឬ​ជាង​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ទោះ​យ៉ាងណា​លោក​ថា ថៅកែ​បើកប្រាក់​ឱ្យ​លោក មួយ​ខែ​តែ​ជាង ៥​ពាន់​បាត​ទេ ដោយ​ប្រាក់​នៅសល់​ផ្សេង​ទៀង ថៅកែ​ទុក​ទូទាត់​នៅ​រៀងរាល់​ចុងឆ្នាំ។ លោក​ឱ្យ​ដឹង​ទៀត​ថា ប្រាក់​ឈ្នួល​នៅ​ទីនេះ បើ​ទូក​នៅ​មិន​ទាន់​ចេញ​នេសាទ ថៅកែ​ផ្ដល់​ប្រាក់​១០០​បាត​ក្នុង​មួយថ្ងៃ សម្រាប់​ពលករ​ម្នាក់ តែបើ​ទូក​ចេញ​នេសាទ​អាច​ទទួល​បាន​កម្រៃ​ពី​៤០០​បាត ទៅ ៥០០​បាត​ក្នុង​មួយថ្ងៃ។

លោក ឆាយ ស៊ីឡែន៖ «ពេល​យើង​ចាយៗ​យើង​កត់​បញ្ជី​ខ្លួនឯង ដល់​ថ្ងៃ​យើង​យក​បញ្ជី​ទៅ​សរុប​ជាមួយ​គេ យើង​ចាយ​ប៉ុន្មាន ១៨​ខែ ឬ ១៥​ខែ​ហ្នឹង​ចាយ​អស់​ប៉ុន្មាន ឧទាហរណ៍​ថា បាន​៣​សែន​បាត​អ៊ីចឹង​យើង​ចាយ ១​សែន​បាត នៅ​សល់ ១​សែន​ជាង»

ការគ្រប់គ្រង​ការងារ​លើ​ទូក​នេសាទ​នេះ ក្រៅពី​មាន​កម្មករ​នេសាទ ក៏​មាន​មេការ​មើល​ការខុសត្រូវ​ដែរ។ នៅ​លើ​ទូក​នេះ​មេការ​ជា​ជនជាតិ​ខ្មែរ​ដែរ។ នៅ​ពេល​ផ្ដល់​បទ​សម្ភាស ក្រុម​កម្មករ​ហាក់​មាន​ភាព​ភ័យខ្លាច ក្នុង​ការ​ផ្ដល់​សម្ភាស ទាក់ទង​ការ​បើកប្រាក់​ឈ្នួល ការ​គោរព​សិទ្ធិ​ពលករ និង​ហូប​ចុក​ជាដើម។ ចំណែក​មេការ​គ្រប់គ្រង​លើ​ទូក​នេះ បាន​មក​ឈរ​តាម​ឃ្លាំមើល​កម្មករ​នេសាទ​ផ្ដល់​សម្ភាស​មក​វិទ្យុ​អាស៊ីសេរី។

boat_fishing-Thai_rayong_032523-1.jpg
ទិដ្ឋភាព​លើ​ទូក​នេសាទ នៅ​ផែ​មួយ​កន្លែង​ ក្នុង​ខេត្ត​រ៉ាយ៉ង​(RAYONG) ប្រទេស​ថៃ កាលពីថ្ងៃទី២៥ មីនា ២០២៣។ RFA

មេការ​ទូក​នេសាទ​លោក យាន រិទ្ធិ ជា​អ្នកចាត់ចែង​ការងារ​ទូទៅ​លើ​ទូក​នេះ។ លោក យាន រិទ្ធិ ឱ្យ​ដឹង​ថា ទូក​នេសាទ​នេះ​មានកម្មករ​ជាង​៤០​នាក់ ដែល​ស្ទើរ​ទាំងអស់​ជា​ពលករ​ខ្មែរ។ លោក​ថា ក្នុង​នាម​លោក​ជា​មេការ​តែងតែ យោគ​យល់​ដល់​កម្មករ ហើយ​បើ​អ្នក​មក​ថ្មី​មិន​សូវ​ចេះ​ធ្វើការ លោក​ជួយ​ណែនាំ។ មេការ​រូប​នេះ​អះអាង​ទៀត​ថា ទូក​នេសាទ​របស់​លោក​នេះ តម្រូវ​គ្រប់​កម្មករ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយក៏​គ្មាន​ការ​បង្ខិតបង្ខំ​ប្រើ​គ្រឿងញៀន​ដើម្បី​ឱ្យ​មាន​កម្លាំង​ដើម្បី​ធ្វើ​ការងារ​នោះ​ដែរ ។ លោក​ថា បើ​ថៅកែ​ដឹង​ថា កម្មករ​ណា​លួច​ប្រើ​គ្រឿងញៀន គេ​នឹង​បញ្ឈប់​ពី​ការងារ។

លោក យាន រិទ្ធ៖ «ប្រឹងប្រែង​ហ្នឹង​ហើយ​ព្រោះ​ធ្វើការ​យក​លុយ រក​លុយ​យើង​បាន​លុយ​ច្រើន​ដែរ​ដល់​ពេល​មិន​សូវ​ធ្វើការ​មិន​សូវ​បាន​ដែរ គ្រាន់តែ​មើល​ប្រាប់​ថា ធ្វើការ​ម៉េច ធ្វើការ​អ៊ីចេះ ធ្វើការ​អ៊ីចុះ​យើង​ដែរ​ហ្នឹង»

កម្មករ​លើ​ទូក​នេសាទ​នេះ អាច​ទទួល​បាន​របប​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ​ពី​ថៅកែ។ អាហារ​ពេល​ល្ងាច​របស់​ក្រុម​ពលករ​ថ្ងៃ​នេះ គឺ​មួយ​បាយ​ឆ្នាំង​ធំ​សម្រាប់​ហូប​រួមគ្នា ចំណែក​ម្ហូប​វិញ គឺ​ភ្លៅ​មាន់ និង​ស្លាប​មាន់​បំពង។

បុរស​មាឌ​ធំ និង​រូប​សាក់​លើ​ដងខ្លួន​ផង​នោះ គឺ​លោក ឆន រិទ្ធិ ពលករ​រូប​នេះ កំពុង​ទទួល​អាហារ​ទំនង​ឆ្ងាញ់​ណាស់ ក្រោយ​លោក​ធ្វើ​ការងារ​ហត់នឿយ​ពេញ​មួយថ្ងៃ​នេះ​។ លោក ឆន រិទ្ធិ មាន​អាយុ​២៩​ឆ្នាំ មកពី​ខេត្ត​សៀមរាប មក​ធ្វើ​ការងារ​នៅ​នេះ​បាន ២​ឆ្នាំ​ហើយ​។ លោក​ថា ថ្ងៃ​ខ្លះ​បាយ​ម្ហូប​ដែល​ថៅកែ​រៀបចំ​នេះ​លោក​ហូប​មិន​ឆ្អែត ដែល​លោក​ត្រូវ​ទិញ​បាយ​ម្ហូប​ពី​ក្រៅ មក​ហូប​បន្ថែម។ លោក​យល់​ថា ជីវិត​កម្មករ​នេសាទ​នៅ​លើ​សមុទ្រ​នេះ មិនមែន​ជា​ការងារ​ងាយ​ស្រួល​ព្រោះ​ត្រូវ​ធ្វើ​ការងារ​ទាំង​ឈឺ​ទាំង​ជា​ដើម្បី​បាន​ប្រាក់​កម្រៃ។

លោក ឆន រិទ្ធិ៖ «ជួន​កាលបើ​ថា យើង​ខ្ជិល​ហូបបាយ​នៅ​ហ្នឹង​បើ​យើង​មាន​លុយ យើង​ទៅ​ក្រៅ​ក៏បាន​ដែរ​ទៅ​ហូប​គុយទាវ មួយ​ចាន​ប្រាំ​ពាន់​រៀល។ ពិបាក​យើង​ធ្វើ​ការងារ​យប់​អ៊ីចឹង​ជួន​កាល​រលក ជូន​កាល​អត់​ស្រួល។ ចំណាប់អារម្មណ៍​បើ​នៅ​ខ្មែរ​គេ​ឱ្យ​ថ្លៃ​សមរម្យ​យើង​អាច​ទៅ ប៉ុន្តែ​បើ​នៅ​យ៉ាប់យ៉ឺន​យើង​ចង់​នៅ​ថៃ»

កម្មករ​ទូក​នេសាទ​គឺជា​ការងារ​មួយ​ស្ថិត​ចំណោម​ការងារ​មាន​ហានិភ័យ​ខ្ពស់​ផ្សេង​ទៀត ដោយ​ការងារ​នេះ​ប្រឈម ការ​ប្រើ​អំពើ​ហិង្សា ការ​រំលោភ​សិទ្ធិ ថៅកែ​បើក​លុយ​មិន​គ្រប់​ចំនួន និង​ត្រូវ​បង្ខិតបង្ខំ​ឱ្យធ្វើ​ការងារ​ហួស​កម្លាំង​ជាដើម​។ កម្មករ​ទូក​នេសាទ​ខ្លះ​ធ្វើ​ការងារ​រាប់​ឆ្នាំ​លើ​ទូក​នេសាទ សល់​ត្រឹម​ជីវិត​មក​ជួប​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​ថា នៅ​ប្រទេស​ថៃ​សព្វថ្ងៃ អាជ្ញាធរ​ថៃ​បាន​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ឯកសារ​ការងារ​របស់​ពលករ​ដើម្បី​ជួយ​ពង្រឹង​ការគោរព​សិទ្ធិ​ការងារ​របស់​ពលករ។ ទោះ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​ចុះ​នេសាទ​នៅ​ប្រទេស​នេះ នៅតែ​ជួប​ការ​រំលោភ​សិទ្ធិ ករណី​ថៅកែ​មិន​បើកប្រាក់​ឈ្នួល ថៅកែ​មិន​ធ្វើ​ឯកសារ​គ្រប់គ្រាន់ និង​ការ​បង្ខំ​ឱ្យ​ពលករ​ធ្វើការ​ច្រើន​ម៉ោង​ជាដើម។

លោក លឹង សុផុន៖ «ក្នុងករណី​បែប​ហ្នឹង​ខ្ញុំ​ឃើញ​ចំនួន​ច្រើន​ហើយ​កន្លងមក​ដោយ​ពួកគាត់​(​ពលករ​ទូក​នេសាទ) ទៅ​អ្នកខ្លះ​គាត់​អត់​មាន​លុយ​ចាយ​ប្រចាំថ្ងៃ​ពេល​ខ្លះ​ចេញ គាត់​ឈប់​ពី​កន្លែង​ហ្នឹង​ទៅ​រក​កន្លែង​ផ្សេង ធ្វើ​ឱ្យ​គាត់​ហានិភ័យ​រងគ្រោះ​ពី​មួយ​ទៅ​កន្លែង​អ៊ីចឹង ពួកគាត់​នៅតែ​ប្រឈម នៅ​តែ​មាន​បញ្ហា​រហូត»

កាលពី​ថ្មីៗ​នេះ អង្គការ​ការពារ​សិទ្ធិ​ពលករ​សង់ត្រាល់ បាន​ធ្វើ​វីដេអូ​ឯកសារ​ស្ដីពី​អតីត​ពលករ​ខ្មែរ​ធ្វើ​ការងារ​ទូក​នេសាទ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​យក​ទៅ​លក់​ឱ្យ​ថៅកែ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ។ ពួកគាត់​ធ្វើការ​ជាច្រើន​ឆ្នាំ មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ត្រូវ​រង​អំពើ​ហិង្សា​គ្រប់បែប​យ៉ាង និង​ធ្វើការ​លើស​កម្លាំង​ជា​ទម្ងន់។

រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ យ៉ាងហោចណាស់​ពលករ​ខ្មែរ​ជិត​៧.០០០​នាក់ (.៩៩១) ក្នុង​នោះ​ស្ត្រី​ជាង ៤.០០០​នាក់ ត្រូវ​បាន​អង្គការ​សង់ត្រាល់​ជួយសង្គ្រោះ។ ពលករ​ទាំង​នោះ ចាញ់​បោក​មេខ្យល់ រង​ការ​រំលោភ​សិទ្ធិ​ការងារ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​រង​ការ​ជួញដូរ​ជាដើម។

ធនាគារពិភពលោក​រាយការណ៍​ថា កាល​ពី​ឆ្នាំ​២០១៥ ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាកស្រុក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជិត ៤​លាន​នាក់ (.៧៦)​ក្នុង​នោះ ៥៣ ភាគរយ​មកពី​ប្រទេស​ភូមា ២៦​ភាគរយ​មកពី​ប្រទេស​ឡាវ និង ២១​ភាគរយ​មក​ពី​កម្ពុជា។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញ​ថា កម្មករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​លាន​នាក់ (,៧២៦,៤១៥) ក្នុង​នោះ​ជិត ៥​ម៉ឺន​នាក់ ចុះ​ឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...