សហជីព​ស្នើ​រដ្ឋាភិបាល​ថ្មី​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់ ២២០​ដុល្លារ​ជូន​កម្មករ​នៅ​ឆ្នាំ២០២៤

26
សីហា

សហជីព​ស្នើ​រដ្ឋាភិបាល​ថ្មី​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់ ២២០​ដុល្លារ​ជូន​កម្មករ​នៅ​ឆ្នាំ២០២៤

សហជីព​ឯករាជ្យ​ជំរុញ​រដ្ឋាភិបាល​ថ្មី​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជាង​២០ដុល្លារ ឬ​២២០ដុល្លារ​ជូន​កម្មករ​នៅ​ឆ្នាំ២០២៤ ទើប​ពួកគាត់​អាច​រស់​នៅបាន​សមរម្យ ស្របពេល​កម្ពុជា​ប្រឈម​នឹង​អតិផរណា។ ការលើក​ឡើងនេះ ធ្វើឡើង​មុន​ពេល​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជួប​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ពេល​ខាង​មុខ​នេះ។

មេដឹកនាំ​សហជីព​ឯករាជ្យ​បាន​កំណត់​យក​តួលេខ​២២០ដុល្លារ ដើម្បី​ត្រៀម យក​ទៅ​ចរចា​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ២០២៤ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរ ដែល​មាន​ត្រីភាគី គឺ​ភាគី​រដ្ឋាភិបាល និយោជក និង​ភាគី​សហជីព​តំណាង​កម្មករ​នៅ​ពេល​ខាងមុខ​នេះ។

សហជីព​កំណត់​តួលេខ​នេះ បាន​មក​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ ៧​ចំណុច ដូច​ជា​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​កម្មករ អត្រា​អតិផរណា ស្ថានភាព​គ្រួសារ ផលិត​ភាព ភាព​ប្រកួត​ប្រជែង ទីផ្សារ និង​ចុងក្រោយ​កម្រិត​ប្រាក់​ចំណេញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ លើកឡើង​ថា ការដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០២៤ គួរ​បន្ថែម​ចំនួន​ជាង ២០ដុល្លារ​លើ​ប្រាក់​ឈ្នួល​គោល​កាល​ពី​ឆ្នាំ២០២៣ ពីព្រោះ​សហជីព​រក​ឃើញ​ថា បច្ចុប្បន្ន​កម្មករ​ជួប​ការ​លំបាក​ដោយសារ​ការ​រស់​នៅ​ចំណាយ​កាន់តែ​កើន​ឡើង និង​ការផ្គត់ផ្គង់​សមាជិក​ក្នុង​បន្ទុក​គ្រួសារ​ពី ៤ ទៅ ៥នាក់​ជា​ដើម។

លោក អាត់ ធន់«ស្ថានភាព​លំបាក​របស់​កម្មករ​បច្ចុប្បន្ន​ដែល​អតិផរណា​កើន​ឡើង ហើយ​ចំណាយ​ក្នុង​ការរស់​នៅ​មាន​ការលំបាក និង​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ក្នុង​ទឡ្ហីករណ៍​ទាំង៧​រកឃើញ​ថា និយោជក និង​រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​សមរម្យ​ចន្លោះ​២២០​ទៅ​២៥០ដុល្លារ​ដែរ ទើប​ពួកគាត់​កាត់​បន្ថយ​ការចំណាយ និង​ការលំបាក​របស់​ពួកគាត់​បាន»

ស្រដៀងគ្នានេះ​ដែរ មន្រ្តី​សិទ្ធិការងារ​នៃ​អង្គការ​សង់ត្រាល់​លោក ឃុន ថារ៉ូ លើកឡើង​ថា កាល​ពី​ពេលថ្មីៗ​នេះ​ក្រសួង​ការងារការ និង​សហជីព​រក​ឃើញ​ប្រហែល​គ្នា​គ្រាន់​តែ​កម្មករ​ចំណាយ​សម្រាប់​ការ​រស់​នៅ​ប្រចាំថ្ងៃ​ដោយ​មិន​ទាន់​គិត​លើ​ការ​ចំណាយផ្សេង​ទៀត​នោះ គឺ​កម្មករ​ម្នាក់​ត្រូវ​ចំណាយ​កើនឡើង​រហូត​ដល់​ចន្លោះ១៨០ ទៅ​ជិត២០០ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ថា លទ្ធផល​សិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រាក់​ឈ្នួល​គោល ២រយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​មិន​អាច​ដោះស្រាយ​ជីវភាព​របស់​កម្មករ​ឱ្យ​រស់​នៅ​សមរម្យ​បាន​នោះ​ទេ។  លោក​យល់​ថា គ្រប់​ភាគី​គួរ​ជជែក​ឱ្យ​គ្រប់ជ្រុង​ជ្រោយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដើម្បី​រក​ដំណោះស្រាយ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ក្នុង​កម្រិត​សមរម្យ​មួយ។

លោក ឃុន ថារ៉ូ៖ «ប្រាក់​ចំណូល​របស់​គាត់​មាន​ការធ្លាក់​ចុះ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ តាម​រយៈទិន្នន័យ​របស់​អង្គការ​សង់ត្រាល់​ដែល​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល​កន្លង​មក​នេះ នៅ​ក្នុង​ឆ្នាំ២០២៣ ក្នុង​រយៈពេល​៦ខែ​ចុងក្រោយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០២២ យើង​រកឃើញ​ថា ប្រាក់​ចំណូល​របស់​កម្មករ​និយោជិត​មាន​ធ្លាក់​ចុះ​ជា​គំហុក​ដែល​ជា​មធ្យម​កម្មករ​ម្នាក់​ខាត់បង់​ប្រាក់​ចំណូល​ចន្លោះ​ពី​ប្រមាណ ២៥ភាគរយ ទៅ​៣០ភាគរយ​ក្នុង​មួយខែ ដែល​បញ្ហានេះ​ធ្វើ​កម្មករ​និយោជិក​ជួប​បញ្ហា​សេដ្ឋកិច្ច​ជា​ពិសេស​ការចំណាយ​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ដោះស្រាយ​បញ្ហា​បំណុល»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈលោក ហេង សួរ និង​អគ្គលេខា​ធិការ​រង​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​លោក កាំង ម៉ូនីកា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពីថ្ងៃ​ទី២៥ ខែ​សីហា

កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​អះអាង​ថា ពួកគាត់​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ចំណូល​ធ្លាក់​ចុះ​ហើយ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ។ ពួកគេ​ស្នើ​ដល់​និយោជក​ជាពិសេស​រដ្ឋាភិបាល​ថ្មី​ដំឡើង​ប្រាក់​ឈ្នួលគោល​ឱ្យ​បាន​សមរម្យ​ដើម្បី​សង្គ្រោះ​កម្មករ​ក្នុង​គ្រាលំបាក​នេះ។

កម្មករ​រោងចក្រ លោកស្រី ព្រហ្ម សុភី លើកឡើង​ថា គ្រួសារ​លោកស្រី និង​កម្មករ​ដទៃទៀត​ជួប​ទុក្ខលំបាក​ផ្នែក​ជីវភាព​ដោយសារ​ការចំណាយ​ប្រចាំថ្ងៃ​កើន​ឡើង ហើយ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ​ក៏​ឡើង​ថ្លៃ។

លោកស្រី ព្រហ្ម សុភី«កម្ម​ទូទៅ​មាន​ការលំបាក​ដូចគ្នា​មាន​បង់​រំលោះ​ទូរស័ព្ទ ម៉ូតូ​ជា​ដើម ប្រាក់​ប៉ុណ្ណឹង​ចាយ​វាយ​អត់​គ្រប់គ្រាន់​ទេ ចាយ​វាយ​របស់​ពួកគាត់​ត្បិតត្បៀត​មែន​ទែន ហើយ​ទំនិញ​នៅ​ឡើង​ទីផ្សារ​ដឹង​ស្រាប់​ហើយ គាត់​ទាមទារ​ដំឡើង​ប្រាក់ខែ​មិន​ហួស​ហេតុ​ពេក​ទេ គឺ​កម្មករ​ចង់​ទទួល​បាន​ត្រឹម​ប្រាក់​ខែ២១៥ ទៅ​២២០ដុល្លារ​អាច​ទទួល​បាន ប្រាក់​ខែ​នេះ​ចាយ​មិន​គ្រប់​ទេ​តែ​អាច​ទទួល​យក​បាន​ទាំង​សង​ខាង»

រាល់​ឆ្នាំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កំណត់​យក​ខែកក្កដា ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយៗ និង​ខែសីហា​សម្រាប់​ពិភាក្សា​ទ្វេភាគី និងត្រីភាគី។ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹង​បើក​កិច្ចប្រជុំ​នៅខែកញ្ញា​ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​របស់​កម្មករ​ផ្នែក​វាយន​ភណ្ឌកាត់ដេរ និង​ផលិតស្បែក​ជើង​សម្រាប់​ឆ្នាំ​បន្ទាប់។

នៅឆ្នាំ២០២៣ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិតផល​ស្បែកជើង​២០០ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​សហជីព​លើកឡើង​ថា​កម្មករ​អាច​រស់​បាន​សមរម្យ​នៅក្នុង​កំរិត​ប្រាក់​ឈ្នួល​គោល​ចន្លោះពី ២៥០ ទៅ៣០០ដុល្លារ ក្នុង​មួយខែ។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បើក​ការជជែកគ្នា​ជាលើក​ដំបូង​នៅថ្ងៃទី១៦ ខែ​សីហា ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ២០២៤។ កិច្ច​ប្រជុំ​នោះ​បាន​កំណត់​ការ​ចរចា​ចំនួន​៦ដំណាក់​កាល គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថ្ងៃ​ទី៤ ទី១១ ទី១៨ ទី២៥ ខែ​កញ្ញា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៣។

ថ្មីៗនេះ​របាយការណ៍​អង្កេត​បឋម​របស់​អង្គការ​សង់ត្រាល់ រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​បាន​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី ២០% ទៅ ៣០% នៅ​ឆ្នាំ​នេះ ហើយ​កម្មករ​និយោជិត មួយ​ចំនួន​ធំ​បាត់បង់​ប្រាក់​ចំណូល ចន្លោះពី ២៥ % ទៅ ៣០% បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ២០២២ ករណី​នេះធ្វើ​ឲ្យ​កម្មករ​ត្រូវតែ​បង្ខំចិត្ត​កាត់បន្ថយ​របប​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​រង​សម្ពាធ​វិបត្តិ​ផ្លូវចិត្ត​ជា​ដើម៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...