កម្មករថា ការរំលោភសិទ្ធិការងារអាចនឹងកាន់តែអាក្រក់ បើលោក ហេង សួរ មិនចោលចរិតចាស់
រុមកម្មករ និងពលករនៅក្រៅប្រទេសយល់ឃើញថា ការតែងតាំងលោក ហេង សួរ ឱ្យក្លាយជារដ្ឋមន្ត្រីក្រសួងការងារ អាចនឹងធ្វើឱ្យស្ថានភាពរំលោភសិទ្ធិការងារ និងការគំរាមកំហែងពលករកាន់តែធ្ងន់ធ្ងរជាងមុន។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋមន្ត្រីថ្មីរូបនេះ ដោះស្រាយបញ្ហាចាស់ៗដែលនៅរ៉ាំរ៉ៃ ដូចជា បញ្ហាពលករចំណាកស្រុក បញ្ហាធ្វើលិខិតឆ្លងដែនឧបសគ្គក្នុងការបង្កើតសហជីពតាមរោងចក្រ ការផ្ដល់ប្រាក់ឈ្នួលសមរម្យ និងការធានាលើកិច្ចគាំពារសង្គម ជាដើម។
បន្ទាប់ពីការតស៊ូប្ដូរផ្ដាច់យ៉ាងស្មោះស្ម័គ្រ ក្នុងការបង្ហាញគោលជំហរគាំទ្រនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងដើរបញ្ចុះបញ្ចូល ព្រមទាំងគំរាមកំហែងពលករខ្មែរធ្វើការនៅក្រៅប្រទេស ឱ្យងាកមកគាំទ្ររដ្ឋាភិបាលមក ពេលនេះអតីតប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទទួលផលតបស្នងពីចៅហ្វាយនាយរបស់លោកហើយ នោះគឺតំណែងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយជំនួសលោក អ៊ិត សំហេង។
កម្មកររោងចក្រ និងពលករខ្មែរធ្វើការនៅក្រៅប្រទេសមួយចំនួន មិនរំពឹងថា រដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ គឺលោក ហេង សួរ នឹងអាចលើកស្ទួយការគោរពសិទ្ធិការងារ និងគិតគូរពីទុក្ខលំបាករបស់ពួកគាត់ ឱ្យបានល្អប្រសើរជាងរដ្ឋមន្ត្រីអាណត្តិចាស់បាននោះទេ ព្រោះកន្លងមកមន្ត្រីរូបនេះ ច្រើនតែមានជំហរផ្អៀងទៅរកថៅកែក្រុមហ៊ុន។
កម្មករធ្វើការនៅកម្មកររោងចក្រ ឌីន ហាន (Din Han Enterprise co.,LTD) នៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា បើរម្លឹកដល់ឈ្មោះ លោក ហេង សួរ កម្មកររោងចក្រភាគច្រើនឈឺចាប់ នឹងមិនភ្លេចនោះទេ នៅពេលលោកធ្វើជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលកាលនោះ លោក ហេង សួរ បានលម្អៀងទៅរកភាគីថៅកែរោងចក្រ ដែលធ្វើឱ្យកម្មករទទួលបានប្រាក់ខែគោលទាប។ លោកបារម្ភថា ស្ថានភាពកម្មករ និងការរំលោភសិទ្ធិការងារ នៅតាមរោងចក្រ នឹងកាន់តែអាក្រក់ ក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ ដែលដឹកនាំដោយលោក ហេង សួរ ព្រោះរដ្ឋមន្ត្រីថ្មីរូបនេះ តែងតែចេញមុខការពារថៅកែក្រុមហ៊ុន ដែលរំលោភកម្មករ។
«បើសិនជាគំនិតគិតគឺ បើខ្ញុំវាយតម្លៃឱ្យត្រូវទៅគឺ គាត់វាយហើយស្អំៗ យកចិត្តអ្នកគាំទ្រ បន្ទាបបង្អាប់អ្នកដែលជំទាស់»។
បន្ទាប់ពីទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងការងារ ក្នុងរយៈពេល២ថ្ងៃមកនេះ លោក ហេង សួរ បានចេញមុខចេញមាត់តាំងពីព្រលឹមដល់ព្រលប់ ដើរជួបក្រុមកម្មករនៅតាមរោងចក្រ រហូតទៅដល់ផ្ទះជួលដែលកម្មកររស់នៅ ក្នុងតំបន់រោងចក្រដំបូលខៀវ ផ្លូវវេងស្រេង ដើម្បីស្វែងយល់ពីការរស់នៅរបស់ក្រុមកម្មករ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញថា ការចុះជួបកម្មករដោយផ្ទាល់នេះ មិនមែនជាដំណោះស្រាយល្អសម្រាប់កម្មករនោះទេ។ លោកលើកឡើងថា រដ្ឋមន្ត្រីក្រសួងការងារអាណត្តិថ្មី គួរផ្ដោតលើបញ្ហាដែលកម្មករកំពុងប្រឈមខ្លាំងជាងគេ រួមមាន ការព្យួរការងារ ការកាត់បន្ថយម៉ោងធ្វើការ និងការរំលោភសិទ្ធិការងារ ជាដើម។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងការងារ គួរដកមន្ត្រីអសមត្ថភាព ដែលរាយការណ៍ព័ត៌មានមិនពិតចោល ជាពិសេសមន្ត្រីដែលមានទំនាក់ទំនងជាមួយថៅកែក្រុមហ៊ុន ហើយលាក់បាំងករណីលោភសិទ្ធិកម្មករជាដើម។
លោក អាត់ ធន់៖ «ខ្ញុំផ្ទាល់ដែលខ្ញុំមានបទពិសោធន៍ ហើយខ្ញុំជាអ្នកច្បាប់ស្រាប់ ហើយនិងឆ្លងកាត់ប្រទេសកុម្មុយនិស្ត ប្រទេសសេរី និងប្រទេសអភិវឌ្ឍ និងប្រទេសមិនទាន់អភិវឌ្ឍ គឺយើងនៅដោះស្រាយវិវាទហ្នឹងខ្សោយមែនទែន ព្រោះប្រព័ន្ធដោះស្រាយរបស់យើងហ្នឹងរកយុត្តិធម៌ឱ្យកម្មករមិនបានទេ គឺនៅកម្រិតទាបមែនទែន។ បើសិនជានៅប្រទេសកុម្មុយនិស្តមួយចំនួន មិនបាច់និយាយដល់ប្រទេសជឿនលឿនទេ គេមានប្រព័ន្ធល្អជាងយើង គេអនុវត្តល្អជាងយើង ហើយបើយើងនិយាយពីប្រទេសជឿនលឿនទៀត យើងនៅឆ្ងាយមែនទែន»។
កាលពីអាណត្តិចាស់ លោក ហេង សួរ គឺជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ដែលតែងចូលតុចរចាជាមួយសហជីពរឿងបញ្ហាការងារ និងការដំឡើងប្រាក់ឈ្នួលកម្មករ។ បើតាមមន្ត្រីសហជីព ជានិច្ចកាល លោកតែបង្ហាញជំហរលម្អៀងទៅរកក្រុមនាយទុន ឬថៅកែក្រុមហ៊ុន។
ជាក់ស្ដែង ក្នុងករណីវិវាទនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Nagaworld) នៅពេលដែលកូដករ នាំគ្នាចេញតវ៉ា កាលពីខែធ្នូ ឆ្នាំ២០២១ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា ថៅកែរំលោភសិទ្ធិការងារ បញ្ឈប់កម្មករ និងសហជីពដោយគ្មានហេតុផលត្រឹមត្រូវ និងបង្ក្រាបលើកូដករ រហូតដល់មានស្ត្រីម្នាក់រលូតកូន យ៉ាងណាក្ដី ក៏លោក ហេង សួរ ដែលជាមន្ត្រីអនុវត្តច្បាប់ នៅតែបន្តការពារក្រុមហ៊ុនបរទេស ដែលបានរំលោភសិទ្ធិការងាររបស់កម្មករដដែល។
គេចាំមិនភ្លេចថា លោក ហេង សួរ បានបង្ហោះសារនៅលើហ្វេសប៊ុក បែបបញ្ឆិតបញ្ឆៀងថា «នេះជាតាក់ទិច (Tactic) របស់អ្នករៀបចំបដិវត្តន៍ពណ៌» ដោយលោកចោទថា អ្នករៀបចំតែងតែបន់ស្រន់ឱ្យមានគ្រោះថ្នាក់លើស្ត្រីទាំងនោះ ដើម្បីបញ្ឆេះកំហឹងមហាជន ប៉ុន្តែតាក់ទិចនេះតែងតែត្រូវបានអាជ្ញាធរចាត់ការលើមេក្លោង និងជនដៃដល់ទាន់ពេលវេលា។
តំណាងកូដករណាហ្គាវើលដ៍ លោកស្រី សុខ រតនា លើកឡើងថា លោកស្រីមានសង្ឃឹមតិចតួចណាស់ ក្នុងការជឿជាក់ថា រដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ នឹងរកយុត្តិធម៌ជូនកូដករ និងដោះលែងតំណាងសហជីព គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពមកវិញ។ តែយ៉ាងណា លោកស្រី សុខ រតនា សង្ឃឹមថា មន្ត្រីនៃក្រសួងការងារអាណត្តិថ្មីនេះ នឹងពិចារណាដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃមួយនេះ ឱ្យបានឆាប់ ដើម្បីស្ដារកិត្តិយសឱ្យរដ្ឋាភិបាលអាណត្តិចាស់ ដែលមិនអាចដោះស្រាយបញ្ចប់បញ្ហាមួយនេះបាន។
លោកស្រី សុខ រតនា៖ «យើងមើលជាក់ស្ដែង ពួកខ្ញុំមានវិវាទការងារនេះតាំងពីនាយករដ្ឋមន្ត្រីចាស់ រហូតដល់ផ្ទេរតំណែងឱ្យនាយករដ្ឋមន្ត្រីថ្មី។ យើងមើលឃើញជាក់ស្ដែង។ ហើយរហូតដល់ក្រសួងការងារ មន្ត្រីការងារចាស់ រហូតដល់មន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ គាត់ឡើងជំនួសវិញ គឺយើងអត់ទាន់ទទួលបានយុត្តិធម៌ទេ។ ទាំងនាយករដ្ឋមន្ត្រី ទាំងមន្ត្រីក្រសួងការងារ គឺគាត់បានដោះដូរគ្នាអស់ហើយ អ៊ីចឹងគឺសង្ឃឹមថា រឿងអយុត្តិធម៌របស់កម្មករ គាត់នឹងដោះស្រាយឱ្យពួកខ្ញុំ ដើម្បីបានឱ្យពួកខ្ញុំមានយុត្តិធម៌ដូចគ្នា»។
ក្រៅតែពីការពារថៅកែក្រុមហ៊ុនហើយ លោក ហេង សួរ ក៏ធ្លាប់បានលាបពណ៌ក្រុមកូដករ ថាជាអ្នកស៊ីឈ្នួលបម្រើឱ្យអ្នកនយោបាយប្រឆាំងដែរ។ លោក ហេង សួរ ដែលមានតួនាទីជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ តំណាងលោក ហ៊ុន ម៉ាណែត នោះ ក៏មានជំនាញដើរបញ្ចុះបញ្ចូលពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស រួមមានកូរ៉េខាងត្បួង(South Korea) និងជប៉ុន(Japan) ឱ្យមកគាំទ្ររដ្ឋាភិបាល និងស្រាវជ្រាវរកមុខអ្នកធ្វើបាតុកម្មប្រឆាំងដើម្បីគំរាមកំហែងផងដែរ។
ការលើកឡើងនេះ ក្រោយពីមានសារសំឡេងរយៈពេលជាងមួយនាទីត្រូវបានគេចែកចាយលើបណ្ដាញសង្គម កាលពីខែតុលា ឆ្នាំ២០១៨ ដែលសារសំឡេងនោះ គេជឿថា ជាសំឡេងរបស់លោក ហេង សួរ និយាយអំពីគម្រោងជួលក្រុមជើងកាង ដើម្បីវាយធ្វើបាបក្រុមពលករខ្មែរនៅក្រៅប្រទេសដែលគាំទ្រគណបក្សប្រឆាំង។
លោក ហេង សួរ៖ «ពិនិត្យមើល យើងនៅហ្នឹងមិនដឹងជាមានស្គាល់បណ្ដាញខាងណា។ ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េអ៊ីចឹង! រកពួកជើងកាងមួយចំនួន មើលមុខសញ្ញាណាដែលចាំបាច់ យកជើងកាងទៅវាយទៅ ហើយជើងកាងត្រឡប់មកវិញ យើងចិញ្ចឹម។ ធ្វើម៉េចឱ្យអាមួយនៅហ្នឹងវាប្រកាច់ប្រកិនចុះ។ ហើយអាជើងកាងហ្នឹងគេមិនដែលចាប់ដាក់គុកនៅស្រុកគេទេ។ អាហ្នឹងគេចាប់បន្តិច គេលែងមកឱ្យជាប់គុកនៅស្រុកយើង ចាំមកដល់ស្រុកយើងចាំយើងចិញ្ចឹម»។
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន លោកស្រី មាស ភារ៉ា អះអាងថា វត្តមានរបស់លោក ហេង សួរ នៅលើទឹកដីជប៉ុន មិនមែនជាការមកបំពេញតួនាទីក្នុងនាមជាមន្ត្រីជាន់ខ្ពស់ក្រសួងការងារនោះទេ ប៉ុន្តែជាការធ្វើការបម្រើបក្ស តាមរយៈការគំរាមកំហែង បំបែកបំបាក់ ពលករក្រៅប្រទេស ដែលងើបតស៊ូប្រឆាំងតវ៉ានឹងរបៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ លោកស្រីអះអាងថា ក្រោយពេលកម្ពុជារៀបចំការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅ មន្ត្រីក្រសួងការងារ ដែលស្ថិតនៅក្រោមការបញ្ជារបស់លោក ហេង សួរ បានមកបង្ខំឱ្យពលករ និងនិស្សិតដែលមករៀននៅប្រទេសជប៉ុន ថតវីដេអូ និងធ្វើញត្តិគាំទ្រលទ្ធផលបោះឆ្នោត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទាំងដែលពួកគេមិនពេញចិត្តនោះទេ។ លោកស្រី មាស ភារ៉ា បារម្ភថា លោក ហេង សួរ អាចនឹងប្រើតួនាទីជារដ្ឋមន្ត្រីក្រសួងការងារ មកគំរាមកំហែងដល់ពលករខ្មែរ ដែលធ្វើការនៅជប៉ុន កាន់តែខ្លាំងជាងមុន។
លោកស្រី មាស ភារ៉ា៖ «គាត់ធុញទ្រាន់នឹងការបង្គាប់បញ្ជាឱ្យធ្វើញត្តិគាំទ្រ ឱ្យធ្វើនេះធ្វើនោះ គាត់ធុញទ្រាន់គាត់ខ្លាំង ហើយគាត់ទាក់ទងមកខ្ញុំ ថា បងគេបង្គាប់បញ្ជាមកឱ្យពួកកូនសិស្សធ្វើញត្តិគាំទ្រ ខ្ញុំធុញដល់ហើយ។ មានរឿងអីក៏ឱ្យគាំទ្រ ទោះបីយើងចង់ឬមិនចង់។ អាហ្នឹងក៏មានប្រធានក្រុមហ៊ុនដែលជាជនជាតិខ្មែរ ឬមួយអីផ្សេងៗហ្នឹង គេដាក់បទបញ្ជាពីខាងខ្មែរមកតែម្ដង ឱ្យចេញវីដេអូធ្វើការគាំទ្រអីផ្សេងៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២៤ សីហា។
សម្រាប់សង្គមស៊ីវិល យល់ឃើញថា រដ្ឋមន្ត្រីក្រសួងការងារថ្មីរូបនេះ មានការងារជាច្រើនដែលត្រូវដោះស្រាយ ជាពិសេសគឺការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅដែលជាប់ឈ្មោះថា មានករណីរំលោភសិទ្ធិការងារ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា លើកឡើងថា លោកគ្មានការរំពឹងថា នឹងមានការផ្លាស់ប្ដូរវិជ្ជមាននោះឡើយ បើផ្អែកលើបទពិសោធន៍ និងសមិទ្ធផលការងាររបស់លោក ហេង សួរ កន្លងមក ដែលមិនសូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនកម្មករនោះ។ ទោះជាបែបនេះក្ដី លោក ឌី ថេហូយ៉ា ស្នើឱ្យរដ្ឋមន្ត្រីថ្មីរូបនេះ គួរដោះស្រាយបញ្ហាចាស់ៗដែលនៅរ៉ាំរ៉ៃ ដូចជា បញ្ហាពលករចំណាកស្រុក បញ្ហាធ្វើលិខិតឆ្លងដែន បញ្ហាសុខភាពកម្មករ ឧបសគ្គក្នុងការបង្កើតសហជីពតាមរោងចក្រ ការផ្ដល់ប្រាក់ឈ្នួលសមរម្យ និងការធានាលើកិច្ចគាំពារសង្គម ជាដើម។
លោក ឌី ថេហូយ៉ា៖ «ខ្ញុំស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ មេត្តាធ្វើកិច្ចការងារបម្រើជាតិ បម្រើពលរដ្ឋ ព្រោះយើងជាអ្នកស៊ីប្រាក់ខែ ហើយបានតួនាទីហ្នឹងតាមរយៈពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹងបោះឱ្យ។ ពីរ សូមបោះចោលការប្រកាន់និន្នាការគណបក្សនយោបាយ។ ទីបី ធ្វើយ៉ាងណាជំរុញគោលនយោបាយដែលមានស្រាប់ហ្នឹងអនុវត្តឱ្យមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការការពារសិទ្ធិពលករចំណាកស្រុកហ្នឹងទាំងក្នុងប្រទេស និងក្រៅប្រទេស»។
ក្រុមកម្មករលើកឡើងថា ប្រសិនបើលោក ហេង សួរ ពិតជាមន្ត្រីល្អម្នាក់ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករពិតមែននោះ លោកគួរតែដោះស្រាយបញ្ចប់វិវាទការងាររបស់កម្មករ ដែលនៅសេសសល់ប្រកបដោយភាពយុត្តិធម៌ និងពង្រឹងការគោរពសិទ្ធិការងារនៅតាមរោងចក្រ ជាដើម។ ជាមួយគ្នានេះ ពួកគាត់ស្នើឱ្យលោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងជាមនុស្សជំនិតរបស់នាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ផងនោះ ប្រើប្រាស់ជំនាញអូសទាញរបស់លោកបញ្ចុះបញ្ចូលលោក ហ៊ុន ម៉ាណែត ឱ្យងាកមកស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីស្នើសុំអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក មកវិញ ឬមិនឱ្យប្រទេសទាំងនោះកាត់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត ដើម្បីប្រយោជន៍រួមនៃប្រជាជាតិកម្ពុជា៕
ប្រភព៖ វិទ្យុអាស៊ីសេរី