សេចក្តីថ្លែងការណ៍រួម៖ ការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

02
វិច្ឆិកា

សេចក្តីថ្លែងការណ៍រួម៖ ការបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣

 

ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែល​មាន​រាយ​នាមដូច​ខាង​ក្រោម សូមអំពាវនាវដល់រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការឱ្យ​បាន​ឆាប់​រហ័ស និង​​ជាក់លាក់ ដើម្បីធានានូវ​ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ​និងអ្នក​ការ​ពារ​សិទ្ធិមនុស្ស ​ដែល​បាន​ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ​យ៉ាង​ហោច​ណាស់​អ្នក​សារព័ត៌មានចំនួន១៥​នាក់​ត្រូវ​បាន​​សម្លាប់​នៅ​ក្នុងប្រទេសកម្ពុជា។ ក្នុង​ចំណោមនោះ អ្នកសារព័ត៌មានចំនួន១២នាក់បានរាយការណ៍អំពីបញ្ហារសើបនៅពេលពួកគេត្រូវបានសម្លាប់។ ​ទោះ​បីជា​យ៉ាង​ណាក៏ដោយ គ្មា​នជនល្មើសណាម្នាក់ត្រូវបាន​​នាំមកផ្តន្ទាទោស​ចំពោះករណីទាំង​អស់​នេះទេ។​

និទណ្ឌភាព​ចំពោះ​បទឧក្រិដ្ឋបែប​នេះ​ មិនមែន​​កើត​មាន​ចំពោះ​​តែ​ទៅលើការ​វាយ​ប្រ​ហារលើ​អ្នក​សារព័ត៌​មាន​​​ប៉ុណ្ណោះ​ទេ។ កង្វះខាតនូវការស៊ើបអង្កេត ​និង​នីតិ​វិធីព្រហ្មទណ្ឌត្រឹម​ត្រូវ​ចំពោះ​ឃាតកម្ម​លើសកម្ម​ជន        បរិស្ថាន​ លោក ឈុត វុទ្ធី សកម្មជនសហជីព លោក ជា វិជ្ជា និង​លោក រស់ សុវណ្ណារ៉េត​ អ្នក​វិភាគនយោបាយ            លោកបណ្ឌិត កែម ឡី កាន់​តែ​បង្ហាញ​ពីការរីករាលដាល​នៃ​វប្បធម៌និទណ្ឌភាពដែល​មាន​នៅក្នុង​ប្រ​ទេសកម្ពុជាបន្ថែម​ទៀត​។​ ករណីរៀប​រាប់​ខាង​លើ​គ្រាន់​តែ​ជា​ផ្នែកមួយនៃករណីជា​ច្រើន​ទៀតនៃ​ការ​រំលោភបំពាន​លើ​អ្នក​សារព័ត៌​មាន​ អ្នក​ការ​ពារ​សិទ្ធិមនុស្ស ​សមាជិក​នយោបាយ​ជំទាស់​ សហជីព និង​សកម្មជនផ្សេងៗទៀត​ដែល​ករណី​ពួក​គេមិន​ត្រូវ​បាន​ដោះស្រាយពីសំណាក់​ស្ថាប័នដែល​មាន​តួ​នាទី​ការ​ពារសិទ្ធិមូលដ្ឋាននៅក្នុងប្រ​ទេសកម្ពុជា។​

ការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភនៅ​ឆ្នាំ២០២៣នេះ​។ យោងតាមសមាគម​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អ្នកសារព័ត៌មានចំនួន៣០នាក់រង​ការ​យាយីក្នុងរយៈពេល១០ខែចុងក្រោយនេះ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣)។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង៣០នាក់នេះ ២៣នាក់ទទួលរងអំពើហិង្សា និងការគំរាមកំហែង ៤នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការ ២នាក់ត្រូវបានឃាត់​ខ្លួនដើម្បីសួរចម្លើយ​។​ បន្ថែមពីនេះ អាជ្ញាបណ្ណសារព័ត៌មានចំនួន៥ត្រូវបានដកហូត។ ជាលទ្ធផល ​អង្គ​​ការ​អ្នកសារព័ត៌​មាន​គ្មា​នព្រំដែន​បាន​ចាត់​ថ្នាក់​ប្រ​ទេសកម្ពុជានៅលេខ​១៤៧ ក្នុង​ចំណោម១៨០ប្រទេសនៅក្នុង    ​ឆ្នាំ​២០២៣ ដូច្នេះ​ប្រទេសកម្ពុជាបាន​ធ្លាក់៥លេខបើប្រៀបធៀបទៅនឹង​ឆ្នាំ​២០២២។​

ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន ជា​ពិសេស​អ្នក​​ដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស ​ធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិនិងសារព័ត៌មាន បង្ក​ជា​ការ​គំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន។ ការយាយី និងការធ្វើទុក្ខបុកម្នេញនេះកាន់​តែ​បង្ក​ផល​​លំបាក​ថែម​ទៀតក្នុង​ការ​នាំ​ឱ្យ​បុគ្គលមានអំណាចទទួលខុសត្រូវចំពោះ​កំហុស​របស់​ខ្លួន​។ នៅពេលដែលអាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតត្រឹមត្រូវ និងផ្តន្ទាទោសអ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន ជាសារមួយបង្ហាញថាឧក្រិដ្ឋកម្មបែបនេះត្រូវបានអនុញ្ញាត។

ដូច្នេះ យើងខ្ញុំសូម​អំពាវ​នាវដល់រដ្ឋាភិបាល​​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យទៅលើឧក្រិដ្ឋកម្មដែល​បាន​ប្រ​ព្រឹត្ត​លើ​អ្នក​សារព័ត៌​មាន​ និង​អ្នក​ការ​ពារសិទ្ធិមនុស្ស។ ​​ការ​ស៊ើបអង្កេតទាំងនេះត្រូវតែប្រព្រឹត្តទៅដោយ​ឆាប់​រហ័ស និងស្រប​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិដែល​រួម​​បញ្ចូល​ទាំង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ ​និងសិទ្ធិនយោបាយ ផែន​ការ​សកម្មភាពនៃ​អង្គ​ការសហប្រ​ជា​ជាតិស្តីពីសុវត្ថិភាពរបស់​អ្នក​សារព័ត៌​មាន​ និងបញ្ហា​និទណ្ឌភាព ​និង​គោល​ការណ៍សម្រាប់​ការ​ពារ ​និងលើកកម្ពស់សិទ្ធិមនុស្សតាម​រយៈសកម្មភាពប្រឆាំងនិទណ្ឌភាព ដែលក្រុម​ប្រឹក្សាសេដ្ឋកិច្ច ​និង​សង្គមរបស់អង្គ​ការ​សហប្រ​ជាជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​។  ​

យើងខ្ញុំសូម​ទាម​ទារ​យុត្តិធម៌សម្រាប់​អ្នកទាំង​ឡាយណា​ដែល​សិទ្ធិរបស់​គេ​មិន​ត្រូវ​បាន​អើពើ។​ រដ្ឋាភិបាល​កម្ពុជា​​​ត្រូវ​តែថ្កោលទោស​ ​និង​បញ្ចប់នូវ​និទណ្ឌភាពចំពោះ​​ឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ​និងអ្នក​ការ​ពារ​សិទ្ធិមនុស្ស។​

 

សេចក្ដីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១.​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

២.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)

៣.​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ស.ស.ម.ក)​

៤.មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រ​ព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ(CCIM)

៥.​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(សមាគមអាដហុក)

៦.​សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)​

៧.សម្ព័ន្ធខ្មែរ​ជំរឿន​ ​និងការ​ពារ​សិទ្ធិមនុស្ស(លីកាដូ)​

៨.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

៩.​សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១០.​​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១១.សហព័ន្ធសហជីពឯករាជ្យ (INTUFE)

១២.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)​

១៣.អង្គការ​សមាគមធាង​ត្នោត(​សធត)

១៤.Association Journalists Timor Leste (AJTL)

១៥.​The Alliance of Independent Journalists (AJI), Indonesia

១៦.Centre for Independent Journalism (CIJ)

១៧.Gerakan Media Merdeka (Geramm)- Malaysia

១៨.​The International Federation of Journalists (IFJ)

១៩.​Prachatai, Thailand

២០.​Reporters Without Borders (RSF)

 

ទាយយកសេចក្តីថ្លែងការណ៍រួម (ភាសាខ្មែរ)

 

 

 

 

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...