សេចក្តីថ្លែងការណ៍រួម

08
មីនា

ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ “ធានាសិទ្ធិសេរីភាពស្រ្តី និងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម”

សេចក្តីថ្លែងការណ៍រួម៖ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ៖ ធានាសិទ្ធិសេរីភាពស្រ្តី និងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម”

 

យើង​​ទាំងអស់គ្នាតំណាងឱ្យ សមាគម បណ្តាញ សហគមន៍មូលដ្ឋាន សហព័ន្ធសហជីព   និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារផ្នែកសិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងសង្គម មានដូចជា ឧស្សាហកម្មកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់  កម្មករធ្វើការងារតាមផ្ទះ កសិករ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញ​យុវជន​បាន​រួមសហការគ្នា ជាដើម បានរៀបចំ ទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៣ ក្រោមប្រធានបទ “ធានាសិទ្ធិសេរីភាពស្រ្តីនិងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម” និងសូមអំពាវនាវដល់រាជ​រដ្ឋាភិបាល ជាពិសេស ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី​ ​និងវិស័យឯកជន សូមឱ្យចាត់នូវវិធានការក្នុងការឆ្លើយតបជាអាទិភាពចំពោះតម្រូវការចាំបាច់ ​និងបន្ទាន់របស់ស្រ្តីក្នុងការលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់​លើ​ស្រ្តី​និងក្មេងស្រី ជាពិសេសនៅក្នុងវិស័យការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បរិស្ថាន និងវិស័យគាំពារសង្គម ។

 

យើងខ្ញុំពិតជាទទួលស្គាល់នូវកិច្ចខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើក​កម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ កន្លងមកអស់រយៈពេលជិត៣០ឆ្នាំមកនេះ ប៉ុន្តែយើងខ្ញុំសង្កេតឃើញថា​ការអើសអើងមួយចំនួនមកលើស្រ្តីនៅតែបន្ត​កើតមាន​ស្ទើរ​តែ​គ្រប់វិស័យ គ្រប់ទម្រង់ និងគ្រប់ទីកន្លែង រួមមាននៅក្នុងផ្ទះ នៅក្នុងសហគមន៍ កន្លែងធ្វើការ និងនៅតាមទីសារធារណៈ ដែលមានដូចជា ការប្រើអំពើហិង្សាដោយផ្អែកលើយេនឌ័រមកលើស្រ្តី ក្មេងស្រី និងអ្នកស្រលាញ់ភេទដូចគ្នា  ការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើសកម្មជនស្ត្រីដែលជាតំណាង អង្គការសង្គមស៊ីវិល សហជីព សកម្មជនដីធ្លី សកម្មជន​នយោ​បាយ និងអ្នកសារព័ត៌មានជាស្ត្រីគ្រប់រូបភាពផង។​

 

ស្ថាន​ភាព​កូ​វីដ​-១៩    បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​អ្នក​ងាយ​រងគ្រោះ     ​ត្រូវ​បាន​ធ្លាក់​ក្នុង​ស្ថាន​ភាពកាន់តែ​រងគ្រោះ​ជាង​មុន​ ហើយបញ្ហាថ្មីបានកើ​ត​ឡើងក្នុងអំឡុងពេលនោះ ដែលនេះ​ជា​បន្ទុក​ធ្ងន់​ដល់ពួក​គេ​។​ តាម​រយៈ​ការ​បាត់​បង់​ចំណូល​ និងការកើន​ឡើង​បំណុលបន្ថែម​ ធ្វើឲ្យកូនៗរបស់កម្មករនិយោជិតមួយចំនួនត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដើម្បីចេញធ្វើការងារ ជួយដោះបំណុលរបស់ក្រុមគ្រួសារ រីឯគ្រួសារកម្មករទាំងនោះព្យាយាមកាត់បន្ថយអាហារដើម្បីសន្សំថវិការបង់ធនាគារ។ ការ​បាត់​បង់​ការងារ​ និងការ​ប្រែ​ក្លាយ​ពីកម្មករ​ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធដែល រួមមានកម្មករក្នុងវិស័យសេវាកម្សាន្ត វិស័យសំណង់ និងជាពិសេសកម្មការដែលធ្វើការនៅឡឥដ្ឋជាដើម ​ដែល​ទទួល​បាន​ការ​ចុះ​បញ្ជី​ពី​បេឡាជាតិ​សន្តិ​សុខ​សង្គម​​ទៅ​ជា​ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លែង​ទទួល​ការ​ការ​ពារ និងការគាំ​ពារ​សង្គម ​ពី​កម្មវិធី​បេឡា​ជាតិ​សន្តិ​សុខ​សង្គម ដោយសារតែកង្វះខាតនៃការធ្វើអធិការកិច្ចការងារនៅក្នុងគ្រឹះស្ថាន និងកន្លែងការងារទាំងនោះ។

 

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ «សម្ពាធក្រោមថ្នេរសាច់ក្រណាត់» កម្មករចំនួន៩១% ជំពាក់បំណុលគេ ហើយ ៧០% កើនបំណុល ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ​យោងតាម​ស្ថាន​ភាព​នេះ ​និយោជកមួយចំនួនបាន​បិទ​សហគ្រាស  ដោយ​មិន​មានការ​ទូ​ទាត់ប្រាក់​សំណងសមរម្យជូនដល់ កម្មករនិយោជិតឡើយ​។ និយោជក​មួយចំនួន បានយក​ហេតុ​ផល​ថា ដោយ​សារ​ស្ថាន​ភាព​កូវីដ-១៩   ហើយក៏បានធ្វើការ​រំសាយ​កម្មករនិយោជិត ដែលរួមមានទាំងថ្នាក់​ដឹកនាំសហជីពផងដែរ។ បើ​ទោះ​បី​រាជរដ្ឋាភិបាល​បាន​អន្តរាគមន៍តាម​រយៈ​គោលនយោបាយ​ក្តី ក៏​ការអន្តរាគមន៍នេះ​ បានគ្រប​ដណ្តប់បានតែលើកម្មករនិយោជិតចំនួន​តិចតួចតែប៉ុណ្ណោះ។  នេះមាន​ន័យថាកម្មករនិយោជិតតិចតួចតែប៉ុណ្ណោះ ដែលបាន​ជំនួយ​ឧ​បត្ថម្ភ​ពី​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​ជំនួយសង្គម​នេះ​។​

 

ដូច្នេះក្នុងឱកាស ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៤ នេះ យើងទាំងអស់គ្នា សូមលើកយក​តម្រូវ​ការ ​និង​​ដំណោះ​ស្រាយ​ជាអាទិភាពចំនួន ១៦ចំណុច ដែលយើងទាំងអស់គ្នាធ្លាប់បានលើកឡើងកន្លងមក តាំងពីឆ្នាំ២០១៩ ដូចខាងក្រោម ដាក់ជូនដល់រាជរដ្ឋាភិបាល សូមលោកមេត្តាជួយដោះស្រាយជាអាទិភាព។ យើងខ្ញុំក៏ធ្លាប់បានស្នើសុំពីមុនមកផងដែរ ដោយបានដាក់ញត្តិជូន​ទៅ​កាន់ក្រសួងពាក់ព័ន្ធ និង​អ្នក​តាក់​តែង​គោល​នយោបាយ​ផងដែរ។ យើងខ្ញុំបានធ្វើលិខិតណាត់ជួបជាបន្តបន្ទាប់ ដើម្បីចូលរួមបំភ្លឺ និងសន្ទនាលើស្ថានភាពទាំងនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលបានដឹងលឺដោយផ្ទាល់   ហើយចូលរួមដោះស្រាយបញ្ហារបស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។ តែគួរឱ្យសោកស្តាយ លិខិតស្នើណាត់ជួបដើម្បីសន្ទនាបញ្ហាទាំងនោះ មិនទទួលបានការឆ្លើយតបនោះទេ។

 

ជាថ្មីម្តងទៀតយើងទាំងអស់គ្នា សូមទទូចដល់រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធ  សូមលោកមេត្តាពិនិត្យ និងដោះស្រាយនូវតម្រូវការ ដែលមានចំណុចដូចខាងក្រោម៖

 

តម្រូវការទី១៖   បង្កើនចំនួនមត្តេយ្យសហគមន៍ និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ

តម្រូវការទី២៖    ធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពសម្រាប់ស្ត្រីរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រីងាយរងគ្រោះនៅតាមសហគមន៍

តម្រូវការទី៣៖   ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរឹងចំពោះអំពើហិង្សា ចំពោះការបៀតបៀន គ្រប់ទម្រង់មកលើស្ត្រី ដោយគ្មានការលើកលែង

តម្រូវការទី៤៖     ចាត់​វិធានការ​រដ្ឋ​បាល​ជាក់​លាក់ ​និង​បញ្ឈប់​ការ​ប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រីអ្នក​ការ​ពារសិ​ទ្ធិមនុស្ស សិទ្ធិដីធ្លី ​សិទ្ធិការងារ និងការងារបរិស្ថាន

តម្រូវការទី៥៖   ធ្វើការកែ​ទម្រង់ ​និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយ​ដឹកជញ្ជូនកម្មករ ក្នុងវិស័យវាយនភ័ណ្ឌ​ កាត់​ដេរ និងដេរស្បែកជើង ​

តម្រូវការទី៦៖ ​​  កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ

តម្រូវការទី៧៖​​​  ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុក    ចំពោះការកេងប្រវ័ញ្ចកម្លាំងពលកម្មកជួញដូរមនុស្ស និងទាសភាពសម័យទំនើប

តម្រូវការ​ទី​៨៖   ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជកជាពិសេសកម្មករនៅ​ក្នុង​វិស័យ​សំណង់ និង​រោង​ចក្រ​កាត់​ដេរ​ វាយ​នភ័ណ្ឌ​ដែល​ធ្វើការ​ស៊ី​ឈ្នួល​ដេរ​​បន្ត ​​ (Sub-Contract) ​

តម្រូវការទី ៩៖  ត្រូវ​ធានាថាកម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព  និងសុវត្ថិភាពត្រឹម​ត្រូវ​តាម​ច្បាប់ និង​សហគ្រាស​ គ្រឹះ​ស្ថាន​ បាន​ចុះ​បញ្ជី​ជា​សមាជិក​ ប.ស.ស

តម្រូវការទី១០៖  ដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតតូចនៅជនបទ ពិសេសកសិករជាស្រ្តីក្នុងគោលនយោបាយ កិច្ចគាំពារសង្គម គាំទ្រ បណ្តុះ​បណ្តាល​ជំនាញ ​និងឧបត្ថម្ភទុន

តម្រូវការទី១១៖  ត្រូវ​រៀ​ប​ចំ​ផ្តល់​ទី​កន្លែង​សម្រាប់​អ្នក​លក់​ដូរ​តូចតាចតាម​ចិញ្ចើម​ផ្លូវ ​និង​ផ្តល់​​នូវតម្លៃធូរថ្លៃ​ រួម​មាន​តាមផ្សារ ​តាមឆ្នេរ ​និងតំបន់ទេសចរណ៍

តម្រូវការទី១២៖  ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍ សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និង​កន្លែង​ស្នាក់​នៅឥតគិត​ថ្លៃ​ ជាពិសេស​ក្មេង​ស្រី​មកពីជនបទ

តម្រូវ​ការ​ទី១៣៖  ធ្វើការ​ផ្តល់សេវាជួយដល់ស្រ្តី ពិសេសស្រ្តីមានពិការភាព ក្នុងការទទួលសេវាគាំពារ​ផ្នែកសុខ​ភាព​ ផ្លូវចិត្ត​និង​ផ្លូវច្បាប់​

តម្រូវ​ការ​ទី​១៤៖ ធ្វើ​ការវិសោធនកម្ម​ច្បាប់ និង​ប្រកាស​​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គ​ម    ​ដោយ​ត្រូវធ្វើការកែ​សម្រួលលក្ខខណ្ឌ​​​ ដោយតម្រូវ​​ឱ្យនិយោជកនៃ​សហគ្រាស​​​នោះបានបង់​ប្រាក់​ភាគទាន​ ​​​៩ខែ​ម្តង ទើប​កម្មករ​ជាស្ត្រីមាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ​៧០ភាគ​រយ​នៃ​ប្រាក់​ជាប់​ភាគ​ទាន​

តម្រូវការ​ទី​១៥៖  ពង្រីកទីផ្សារការងារក្នុងស្រុក និងបង្កើន​ជំនាញ​ថ្មី រួម​ទាំង​​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​ផ្តល់ប្រាក់​ឧបត្ថម្ភ អំឡុង​ពេលបាត់​បង់​ប្រាក់​ចំណូល​ ឬអត់​ការងារ​ធ្វើ

ជា​ពិសេស​សម្រាប់​ស្ត្រី​និងយុវជន​​

តម្រូវ​ការ​ទី​១៦៖  ពន្លឿនការចុះបញ្ជីពលរដ្ឋដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការនិរាករណ៍ប្រកាសអន្តរក្រសួង ៤០៤

 

 

 

ទំនាក់ទំនងព័ត៌មានបន្ថែម៖

១. អ្នកស្រី អ៊ូ ទេពផល្លីន              លេខទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣

២. កញ្ញា កែវ ចាន់រ៉ា                    លេខទូរស័ព្ទ៖ ០៩៦ ៥៥៦ ៦៦៣

៣. លោក ឈឹម​ អូន                    លេខទូរស័ព្ទ៖ ០៨៦ ២៥៩ ៣៩៤

*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖

១.សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា) (CFSWF)

២.សហព័ន្ធសហជីពកម្ពុជា (CATU)

៣.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៤.សមាគមបណ្តាញយុវជនកម្ពុជា (CYN) 

៥.អង្គការសមាគមធាងត្នោត (STT)

៦.អង្គការសមធម៌កម្ពុជា (EC)

៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៨.អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

៩.អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១០.សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១១.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១២.អង្គការក្លាហាន (Klahaan)

១៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៤.គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តី    ភេទ(NGO-CEDAW)

១៥.អង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP)

១៦.អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

១៧.អង្គការបន្ទាយស្រី (Banteay Srei)

១៨.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

១៩.វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

២០.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២១.សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)

២២.សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)

ទាញយកសេចក្តីថ្លៃងការណ៍រួម

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...