លិខិតចំហរួម ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះ​ករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី

26
មេសា

លិខិតចំហរួម ស្នើសុំឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះ​ករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី

លិខិតចំហរួម

 

ស្នើសុំឯកឧត្តម កើត រិទ្ធិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាបើកការស៊ើបអង្កេតឡើងវិញចំពោះ​ករណីឃាតកម្មមកលើសកម្មជនព្រៃឈើលោក ឈុត វុទ្ធី

ថ្ងៃសុក្រ ២​រោជ ខែ​ចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧

រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែ​មេសា ឆ្នាំ​២០២៤ 

គិតមកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំ មកហើយ ដែលលោក ឈុត វុទ្ធី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។ លោក ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់ ត្រង់ចំណុច​វាលបី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈពេលដែលលោក និងអ្នកសារព័ត៌មានពីររូបផ្សេងទៀតរបស់ កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ចុះទៅស៊ើបអង្កេតអំពីបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងតំបន់ភ្នំក្រវ៉ាញ។ មរណភាពរបស់លោក និងការ​មិនទាន់ទទួលបានភាពយុត្តិធម៌អំពីឃាតកម្មនេះ បង្កជាការឈឺចាប់ និងសោកស្តាយជាខ្លាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ សកម្មជនបរិស្ថាន អ្នកស្រឡាញ់ព្រៃឈើ ពលរដ្ឋសហគមន៍ព្រៃឈើ ព្រមទាំងអ្នកស្រឡាញ់គាំទ្ររូបលោក។

ព្រឹត្តិការណ៍បាញ់សម្លាប់លោក ឈុត វុទ្ធី ទាំងកណ្តាលថ្ងៃ ដោយខ្មាន់កាំភ្លើង​ ដែលមានតួនាទីជាកងកម្លាំងយោធា បានបង្ហាញយ៉ាងច្បាស់ថា ថាភាពសកម្មនិយមរបស់ពលរដ្ឋនៅក្នុងកិច្ចអភិរក្ស ថែរក្សាការពារធនធានធម្មជាតិ នៅតែបន្តត្រូវបានគេដាក់គោលដៅក្នុងការគំរាមកំហែង បំភិតបំភ័យ រំលោភបំពាន និងវាយប្រហារ ដោយជនល្មើសព្រៃឈើដែលមានទំនាក់ទំនងជិតសិទិ្ធជាមួយអ្នកមានអំណាច ។

ឃាតកម្មលើរូបលោក និងការមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេល ១២ ឆ្នាំនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង​ដល់សេរីភាពជា​មូលដ្ឋានរបស់ពលរដ្ឋសហគមន៍ព្រៃឈើ សកម្មជនព្រៃឈើ សកម្មជនបរិស្ថាន និងអ្នកស្រលាញ់ធនធានធម្មជាតិដទៃទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។ សិទិ្ធ និងសេរីភាពដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវបានរឹតត្បិតកាន់តែខ្លាំងឡើង​ៗ ។ ក្រៅពីរងការគំរាមកំហែង និងបំភិតបំភ័យពីជនល្មើសព្រៃឈើ ពលរដ្ឋសហគមន៍ការពារព្រៃឈើ និងសកម្មជនបរិស្ថាន និងព្រៃឈើ នៅតែត្រូវបានអាជ្ញាធរ​មូលដ្ឋានចោទប្រកាន់មិនត្រឹមត្រូវ និងរឹតត្បិតក្នុងការចូលល្បាតព្រៃ ដូចជាព្រៃព្រះរកា និងព្រៃឡង់ជាដើម ។

សវនាការដែលបានធ្វើឡើង ដោយបានផ្តន្ទាទោសបុគ្គលិកក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ពីបទ “មនុស្សឃាតដោយអចេតនា” បានបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើន ពីសំណាក់សាធារណជន ក្រុមសង្គមស៊ីវិលជាតិ-អន្តរជាតិ ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រផងដែរ ។ ការផ្តល់សក្ខីកម្ម ភស្តុតាង និងការធ្វើបទបង្ហាញរបស់ជនល្មើសនៅក្នុងអំឡុងពេលសវនាការ គឺមិនមានភាពស៊ីចង្វាក់គ្នានោះទេ ។ ជាពិសេសការសម្តែងឡើងវិញរបស់ បូរ័ត្ន អំពីការបាញ់​ទៅលើ​លោក រតនា​ នៅក្នុងបន្ទប់សវនាការ បានបង្ហាញយ៉ាងច្បាស់​ដំណើររឿងឧប្បទវហេតុនេះ មិនអាចឱ្យ​គេជឿបាន​ ព្រោះមិនអាចទៅរួចទេ ដែលកាំភ្លើង​ដ៏វែង AK 47 របស់​លោក រតនា​ អាចបែរ ១៨០ ដឺក្រេ ហើយបណ្តាលឱ្យ​បាញ់ត្រូវកន្លែងពីរផ្សេងគ្នា​ចំងាយឆ្ងាយពីគ្នា​ ដោយមួយនៅទ្រូង ឯមួយទៀត​នៅចំត្រង់​ពោះ​លោក រតនា នោះទេ ។

ក្នុងឱកាសគម្រប់ខួប ១២ ឆ្នាំ នៃឃាតកម្មរបស់លោក ឈុត វុទ្ធី និងការមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដ ក្រុមសហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល សហជីព ដូចមានរាយឈ្មោះខាងក្រោមនេះ ស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តា​អន្តរាគមន៍ និងពិចារណា៖

១.      បើកការស៊ើបអង្កេតឡើងវិញដោយគណកម្មការឯករាជ្យ ទៅ​លើ​ករណីឃាតកម្មសកម្មជនព្រៃឈើលោក ឈុត វុទ្ធី ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងយុត្តិធម៌ ។

២. ​     ក្រសួងយុត្តិធម៌​ ​សូម​បន្ត​ជំរុញ​ឱ្យ​ស្ថាប័ន​អយ្យការ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ​ ​ដើម្បី​ឈាន​ទៅ​រក​ការកំណត់​អ្នកបញ្ជា​ ​និង​អ្នក​ពាក់ព័ន្ធ​ ឱ្យ​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​ ​ ព្រមទាំងបញ្ឈប់នូវវប្បធម៌និទណ្ឌភាព។​

​៣.     ក្រសួង​ការពារ​ជាតិ​ ​សូម​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​នេះ​ ​ដែល​រួម​ទាំង​ការប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ទាហាន​ ​ឬ​កង​រាជ​អាវុធហត្ថ​ក្នុង​ហេតុការណ៍​ដែល​នាំទៅ​ដល់​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ជាសកម្ម​ជន​បរិស្ថាន​ ​និង​ជា​ជនស៊ីវិល​ ​និង​ការសង្ស័យ​ថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​ ​។​

៤. ​     រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ក្រសួង​បរិស្ថាន​ ​សូម​មេត្តា​បញ្ឈប់​ការ​រឹតត្បិត​ ​និង​ធ្វើទុក្ខបុកម្នេញ​ដោយ​មិន​ត្រឹមត្រូវ​មក​លើ​សិទិ្ធ​សេរីភាព​របស់​សហគមន៍​មូលដ្ឋាន​ ​យុវជន​ ​ក៏ដូចជា​អ្នកការពារ​ធនធានធម្មជាតិ​នានា​ ​ក្នុង​ការ​ចូល​ល្បាត​ ​និង​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​ ​។​

៥.      សូម​អនុញ្ញាតឱ្យមានការសាងសង់ស្តូបរលឹកដល់វីរភាពសកម្មជនការពារព្រៃឈើដ៏ឆ្នើមរូបនេះ ដើម្បីជាការផ្តល់នូវកិត្តិយស និងជាការចូលរួមនិងលើកទឹកចិត្តដល់សកម្មជនព្រៃឈើនិងបរិស្ថាន ពលរដ្ឋសហគមន៍ការពារព្រៃឈើ និងអ្នកស្រលាញ់ព្រៃឈើនិងធនធានធម្មជាតិដទៃទៀត ឱ្យបន្តការងារចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។

 

លិខិតចំហនេះចូលរួមគាំទ្រដោយ៖ 

  1. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ-PED
  2. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ-KSILA
  3. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា – CCHR
  4. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ – LICADHO
  5. សមាគមបណ្តាញយុវជនកម្ពុជា-CYN
  6. សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជា- ADHOC
  7. មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស-CENTRAL
  8. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា-CFSWF
  9. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ-IDEA

ទាញយកលិខិតចំហររួម

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...