រដ្ឋមន្ត្រីការងារ រំឭកគណៈកម្មការដោះស្រាយកូដកម្ម-បាតុកម្ម ឲ្យដោះស្រាយរាល់បញ្ហាកុំទុកឲ្យរាលដាលពីតូចទៅធំ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា រំឭកដល់គណៈកម្មការនេះឲ្យបន្តខិតខំទប់ស្កាត់ និងដោះស្រាយរាល់កូដកម្ម បាតុកម្មដាច់ខាតមិនទុកឲ្យរាលដាលពីតូចទៅធំ ក្លាយទៅជាបដិវត្តន៍ពណ៌បំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់ សង្គម បំផ្លាញស្ថិរភាពជាតិ។
លោក អ៊ិត សំហេង ថ្លែងអំពីបញ្ហានេះនៅពេលលោកចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមមុខសញ្ញាឆ្នាំ ២០២០-២០២៤ នៅសាលាខេត្តកណ្ដាលពីថ្ងៃអង្គារ។
លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖ «គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ»។
លោករដ្ឋមន្ត្រីបន្តថា៖ «[គណៈកម្មការនេះ] បានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយមដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តាមជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងបំផ្លាញលទ្ធផលនៃការបោះឆ្នោតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាពិសេសធានាបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈក៏ដូចជាការពារផលប្រយោជន៍ជូនកម្មករនិយោជិតនាពេលកន្លងមក»។
លោកបានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត។ គណៈកម្មការបានចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម ដោយអនុវត្តតាមសារាចរណែនាំ និងបទបញ្ជាដែលពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា អ្វីដែលគិតស្មានមិនដល់ និងមិនអាចព្យាករជាមុនបាននោះគឺការផ្ទុះឡើងនូវជំងឺកូវីដ១៩ ដែលបានរាតត្បាតសកល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។ កម្ពុជាក៏ទទួលរងឥទ្ធិពលពីការផ្ទុះឡើងនៃជំងឺនេះដែលប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន។
លោកបន្តថា៖ «ប៉ុន្តែទោះយ៉ាងនេះក្តីកម្ពុជានៅតែរក្សាបានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនបានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នេះមានវិស័យមួយចំនួននៅតែបង្ហាញ ភាពវិជ្ជមានដែលបន្តផ្តល់ជំនឿចិត្តចំពោះដំណើរអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត»។
រដ្ឋាភិបាលបានអនុវត្តដោយពេញលេញនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របតាមច្បាប់ជាធរមាន។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋជាដើម ត្រូវបានគោរព និងការពារ។ នេះបើតាមលោក អ៊ិត សំហេង ដដែល។
លោកបានលើកនូវអនុសាសន៍ជាច្រើនចំណុចសម្រាប់ឲ្យគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មអនុវត្តរួមមានការក្ដាប់ព័ត៌មាន តាមដានផែនការ សកម្មភាពរបស់ក្រុមដែលលោកហៅថា «ជ្រុលនិយមជ្រកក្រោមស្លាកគណបក្សនយោបាយ អង្គការ មិនមែនរដ្ឋាភិបាល» និង «មជ្ឈដ្ឋាន អមិត្តដែលប៉ុនប៉ងបំផុសកូដកម្ម បាតុកម្ម កុបកម្ម បដិវត្តន៍ពណ៌»។
គណៈកម្មាធិការក៏ត្រូវពង្រឹងវិន័យ សមត្ថភាព បង្កើនកិច្ចសហការជាមួយអង្គការសហជីព សមាគម និយោជក អង្គការមិនមែនរដ្ឋាភិបាល និងត្រូវខិតខំដោះស្រាយករណីរោងចក្រ សហគ្រាសដួលរលំដោយថៅកែរត់ចោល។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការបញ្ជាក់ករណីកូដកម្ម បាតុកម្មក្នុងឆ្នាំ ២០២០ នេះពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងលោក ទេស រុក្ខផល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅគ្រប់មុខសញ្ញាបានទេពីម្សិលមិញ។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ថ្លែងថា៖ «ជារួមយើងឃើញមានការកើនឡើង [បាតុកម្ម] ក្នុងដំណាក់កាលចុងក្រោយនេះ។ មូលហេតុនៃការកើនឡើងគឺមកពីរោងចក្រដែលបិទមិនព្រមដោះស្រាយប្រាក់ឈ្នួលឲ្យកម្មករ។ យើងឃើញ ការតវ៉ាភាគច្រើនគឺអ៊ីចឹង។ ដើម្បីទប់កុំឲ្យមានកូដកម្ម បាតុកម្ម ខ្ញុំគិតថា ក្រសួងការងារត្រូវពិនិត្យមើលបញ្ហាទាំងអស់នេះ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍