កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្ដរប្រវេសន៍

សិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករចំណាកស្រុកកម្ពុជា ទទួលបានការការពារកាន់តែប្រសើរ និងឆ្លើយតបទាន់ពេលវេលាពីភាគីពាក់ព័ន្ធ។  

សកម្មភាពសំខាន់ៗ៖ កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុក អនុវត្តសកម្មភាពការងារ ចំនួន ៣ ផ្នែកធំៗ គឺបង្ការ ជួយសង្គ្រោះ និងលើកកម្ពស់សិទ្ធិពលករ។  

១. ការបង្ការ៖ ការចូលរួមចំណែកក្នុងការទប់ស្កាត់អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរមនុស្ស តាមរយៈការលើកកម្ពស់ការយល់ដឹង ការចែករំលែកព័ត៌មាន និង ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុក ទៅដល់ក្រុមគោលដៅដែលងាយរងគ្រោះ ការរៀបចំវេទិកាសហគមន៍ វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម មានដូចជាគេហទំព័រ ហេ្វសប៊ុក និងតេលេក្រាមជាដើម។  

២. ជួយសង្រ្គោះ៖ សំដៅទៅលើការគាំពារផ្នែកច្បាប់ ការប្រឹក្សាយោបល់ ការជួយសេវាតាមផ្លូវច្បាប់ តាមរយៈមេធាវី សម្រាប់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម រួមមានការដាក់ពាក្យបណ្តឹង ការធ្វើមាតុភូមិនិវត្ត និងការធ្វើសមាហរណកម្ម ជាដើម។  

៣.លើកកម្ពស់សិទ្ធិពលករ៖ សំដៅលើការលើកកម្ពស់ការយល់ដឹងរបស់ពលករអោយបានយល់ដឹងពីសិទ្ធិ និងអត្ថប្រយោជន៍ ច្បាប់ការងារ និងការចងក្រងជាបណ្តាញ ដើម្បីទទួលបានការគាំពារ និងការឆ្លើយតប លើបញ្ហាដែលពួកគេបានជួបប្រទះ ពីភាគីពាក់ព័ន្ធបានទាន់ពេលវេលា។  

 បច្ចុប្បន្ននេះ មានពលករកម្ពុជា ទាំងមានឯកសារ និងមិនមានឯកសារស្របច្បាប់ មិនតិចជាង ៣ លាននាក់នោះទេ ដែលកំពុងចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស រួមមាន ប្រទេសថៃ ប្រទេសម៉ាលេស៊ី ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត។ ពលករចំណាកស្រុកកម្ពុជា ភាគច្រើនបំពេញការងារដែលគេស្គាល់ថាជាកាងារ 3D គឺការងារ លំបាក កខ្វក់ និងគ្រោះថ្នាក់។ ការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍  គឺជាសិទ្ធិ និងជាជម្រើសរបស់បុគ្គលម្នាក់ៗ ដោយគ្មានការបង្ខិតបង្ខំ ដែលអនុញ្ញាតអោយពួកគេអាចស្វែងរកការងារ បង្កើនប្រាក់ចំណូល ព្រមទាំងបង្កើតជំនាញ។ យ៉ាងណាមិញនៅក្នុងស្ថានភាពជាក់ស្តែង ភាគច្រើននៃពលករកម្ពុជាត្រូវចំណាកស្រុកដោយសារតែគ្មានជម្រើស ឬដោយសារស្ថានភាពបង្ខំដូចជា កង្វះខាតឱកាសការងារសមរម្យ ទទួលបានចំណូលមិនសមរម្យ និងទៀងទាត់នៅក្នុងស្រុក ការជំពាក់បំណុល និងខ្វះ ឬគ្មានទីផ្សារលក់ផលិតផលជាដើម។ កត្តាទាំងនេះ បានរុញច្រានអោយពលករចំណាកស្រុក ជ្រើសរើសការចំណាកស្រុកតាមវិធីមិនផ្លូវការ ដូចជាទៅតាមរយៈមេខ្យល់ ឬតាមរយៈសាច់ញាតិ ជាជាងការទៅតាមប្រព័ន្ធ MOU ដោយសារពួកគេចាំបាច់ស្វែងរកការងារអោយបានឆាប់   ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងដោះស្រាយបំណុល។

តាមរយៈការសម្ភាសន៍ជាមួយពលករចំណាកស្រុកកន្លងមក អង្គការសង់ត្រាល់បានរកឃើញថា ពលករដែលចំណាកស្រុកទៅតាមរយៈប្រព័ន្ធ MOU ត្រូវចំណាយខ្ពស់លើសលប់ គឺចន្លោះពី ៤៥០ ទៅ ៦៥០ ដុល្លារ សម្រាប់ការធ្វើឯកសារពាក់ព័ន្ធការធ្វើដំណើរ ដូចជាលិខិតឆ្លងដែន ទិដ្ឋាការការងារ បណ្ណអនុញ្ញាតការងារ ថ្លៃពិនិត្យសុខភាព និងបង់ថ្លៃសេវារកការងារអោយធ្វើទៅអោយក្រុមហ៊ុនជ្រើសរើសពលករជាដើម។ ពួកគេក៏បានបញ្ជាក់ដែរថា នីតិវិធីដំណើរការ មានភាពស្មុគស្មាញ និងចំណាយពេលយូរដែលតម្រូវអោយពួកគេត្រូវធ្វើដំណើរទៅមកក្រុមហ៊ុន ចំណាយក្នុងបន្ទុកកាន់តែច្រើន។ ពលករជាច្រើនមិនមានលទ្ធភាពចំណាយដោយខ្លួនឯងនោះទេ  គឺត្រូវខ្ចីពីសាច់ញាតិ ចងការប្រាក់ពីឯកជន ឬខ្ចីពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម។ ប្រការនេះ នាំអោយពលករចំណាកស្រុក ពិសេស ពលករជាស្រី្ត និងកុមារ ក្លាយជាក្រុមងាយធ្លាក់ខ្លួនទៅក្នុងស្ថានភាពរងគ្រោះកាន់តែខ្លាំង ដូចជាចាញ់បោកមេខ្យល់ ទទួលរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពានសិទ្ធិការងារ និងរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

កម្មវិធីរបស់យើងផ្សេងទៀត

កម្មវិធីចងក្រង

កម្មវិធីចងក្រង

កម្មវិធីចងក្រងរបស់ អង្គការសង់ត្រាល់ មានភារកិច្ចបណ្តុះបណ្តាលសកម្មជនការងារឯករាជ្យ ថ្នាក់ដឹកនាំសហជីព និងក្រុមអ្នកធ្វើការនៅកម្ពុជាដែលមានចែងក្នុងច្បាប់ការងាររបស់ប្រទេសកម្ពុជា

កម្មវិធីការពារ

កម្មវិធីការពារ

ទោះបីជាមានការវិវត្ត និងភាពរីកចម្រើននៅក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ វិស័យការងារនៅកម្ពុជាត្រូវបានមើលឃើញថា ប្រាក់ឈ្នួលសម្រាប់កម្មករនៅមានកម្រឹត

កម្មវិធីផ្សព្វផ្សាយ

កម្មវិធីផ្សព្វផ្សាយ

គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើនការទទួលស្គាល់បញ្ហាការងារ ការធ្វើចំណាកស្រុក និងសិទ្ធិមនុស្ស និងតម្រូវការចាំបាច់ដើម្បីឱ្យមានកំណែទម្រង់ក្នុងស្រុក និងអន្តរជាតិ