កម្មវិធីការពារ
កម្មករនិយោជិត និងបណ្តាញរបស់ពួកគេទទួលបានការការពារប្រសើរជាងមុន ក្នុងការការពារសិទ្ធិកម្មករនិយោជិត និងការផ្លាស់ប្តូរសង្គម។
សកម្មភាពសំខាន់ៗ៖
១. ផ្តល់ការប្រឹក្សាយោបល់ ផ្តល់តំណាង និងការពារផ្នែកច្បាប់ ដល់ក្រុមអ្នកធ្វើការដែលរងនូវហានិភ័យ អ្នកការពារសិទ្ធិមនុស្ស និងភាពអយុត្តិធម៌ក្នុងវិស័យការងារ។
២. ពង្រឹងសមត្ថភាពផ្នែកច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ជាពិសេស ច្បាប់ស្តីពីការងារ ច្បាប់ស្តីពី សហជីព និងកិច្ចគាំពារសុខសង្គម។
៣. ការត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត និងតស៊ូមតិផ្នែកច្បាប់ ក្នុងការការពារកម្មករនិយោជិត និងថ្នាក់ដឹកនាំ សហជីពដែលមានហានិភ័យ និងរងនូវភាពអយុត្តិធម៌ក្នុងការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន។
ទោះបីជាមានការវិវត្ត និងភាពរីកចម្រើននៅក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ វិស័យការងារនៅកម្ពុជាត្រូវបានមើលឃើញថា ប្រាក់ឈ្នួលសម្រាប់កម្មករនៅមានកម្រឹតទាបនៅឡើយ បើធៀប ទៅបណ្តាប្រទេសនៅក្នុងតំបន់។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករចំនួន ២០៤ ដុល្លារអាមេរិក សម្រាប់វិស័យ វាយណភណ្ឌកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា គឺបង្ហាញពីបញ្ហារ៉ាំរ៉ៃនៃប្រាក់ឈ្នួល អប្បបរមាដែលមិនអាចឆ្លើយតបជាមួយនឹងអតិផរណាចំណាយជាមូលដ្ឋាន និងធ្វើអោយកម្មករងាយធ្លាក់ក្នុង ភាពក្រីក្រកាន់តែខ្លាំង ដោយសារតែវិបត្តិថ្លៃចំណាយកើនឡើង ហើយកម្មករកាន់តែងាកទៅរកកម្ចីក្រៅប្រព័ន្ធ ដែលមាន អត្រាការប្រាក់ខ្ពស់រហូតដល់ ២០ភាគរយ ដែលធ្វើឱ្យមានវិបត្តិបំណុលគ្រួសារកាន់តែខ្លាំងឡើង គ្មានទីបញ្ចប់។ បន្ថែមពីនេះ សេរីភាពផ្នែកសមាគម សហជីព បានធ្លាក់ទៅក្នុងស្ថានភាពគួរឱ្យបារម្មណ៍។ នៅខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសង់ត្រាល់ បានរកឃើញថា យ៉ាងហោចណាស់មាន ៦៩ករណី បានសម្រេចក្តីដោយអយុត្តិធម៌ពីតុលការ និងការចាត់ថ្នាក់វិវាទខុសនីតិវិធី ដែលករណីទាំងនេះមិនអាចនាំយកទៅ ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បើផ្អែកតាមទិន្នន័យដែលប្រមូលបាន និងផ្តល់ដោយសហជីព និង សហព័ន្ធឯករាជ្យ យ៉ាងហោចណាស់មានកម្មករសរុប ៣៣៩២៣នាក់ មកពីរោងចក្រចំនួន ៤៩ នៅតែត្រូវបានផ្តល់ការងារដោយចុះ កិច្ចសន្យាខ្លីៗ ឬ កិច្ចសន្យាមានថេរវេលាកំណត់ (FDCs) ទោះបីជាក់ស្តែង កិច្ចសន្យាពួកគេគួរតែជា កិច្ចសន្យា មិនកំណត់ថេរវេលា (UDCs) ក៏ដោយ។ មានករណីកម្មករចំនួន ៦៣០នាក់ ប្រើប្រាស់កិច្ចសន្យាមានថេរវេលាកំណត់ ហើយពួកគេមិនត្រូវបាន ជួលឡើងវិញបន្ទាប់ពីបង្កើត និងចូលរួមសកម្មភាព ជាមួយសហជីពនៅកន្លែងការងាររបស់ពួកគេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង់ត្រាល់ បានតំណាងឱ្យថ្នាក់ដឹកនាំសហជីពជាង ៤១៨៩ នាក់ ដែលត្រូវបានបណ្តេញចេញពីការងារដោយខុសនីតិវិធី ហើយថ្នាក់ដឹកនាំសហជីពជាង ១០០នាក់ ត្រូវបានផ្តន្ទា ទោសពីបទឧក្រិដ្ឋសម្រាប់សកម្មភាពសហជីព និងការការពារសិទ្ធិសេរីភាពផ្នែកសមាគមរបស់ពួកគេ និងជនរង គ្រោះដែលត្រូវបានរងគ្រោះដោយការឆបោកសរុប ២៥០ នាក់។ ការតំណាងផ្នែកច្បាប់លើករណីខាងលើ បានធ្វើ ឡើងនៅក្នុង កម្មវិធីគាំពារផ្នែកច្បាប់។ កម្មវិធីគាំពារផ្នែកច្បាប់ដើរតួនាទីសំខាន់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់រួមមាន ការប្រឹក្សាយោបល់ ការការពារនៅតុលាការ រួមទាំងការត្រួតពិនិត្យ និងតស៊ូមតិផ្នែកច្បាប់ ដើម្បីការពារកម្មករ និយោជិត និង ថ្នាក់ដឹកនាំសហជីពដែលមានហានិភ័យ ដើម្បីអោយពួកគេបានអនុវត្តសិទ្ធិ និងសេរីភាពផ្នែក សមាគមដោយពេញលេញក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជាសមូហភាពរបស់កម្មករ និងអ្នកធ្វើការដែល មានចែងទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
កម្មវិធីរបស់យើងផ្សេងទៀត

កម្មវិធីចងក្រង
កម្មវិធីចងក្រងរបស់ អង្គការសង់ត្រាល់ មានភារកិច្ចបណ្តុះបណ្តាលសកម្មជនការងារឯករាជ្យ ថ្នាក់ដឹកនាំសហជីព និងក្រុមអ្នកធ្វើការនៅកម្ពុជាដែលមានចែងក្នុងច្បាប់ការងាររបស់ប្រទេសកម្ពុជា

កម្មវិធីផ្សព្វផ្សាយ
គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើនការទទួលស្គាល់បញ្ហាការងារ ការធ្វើចំណាកស្រុក និងសិទ្ធិមនុស្ស និងតម្រូវការចាំបាច់ដើម្បីឱ្យមានកំណែទម្រង់ក្នុងស្រុក និងអន្តរជាតិ

កម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្ដរប្រវេសន៍
បច្ចុប្បន្ននេះ មានពលករកម្ពុជា ទាំងមានឯកសារ និងមិនមានឯកសារស្របច្បាប់ មិនតិចជាង ៣ លាននាក់នោះទេ ដែលកំពុងចំណាកស្រុកទៅបំពេញការងារនៅក្រៅប្រទេស