សូមលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ៖ ការដកហូតសញ្ជាតិខ្មែរក្នុងច្បាប់នេះ រំលោភលើបទដ្ឋានអន្តរជាតិ

ចន្ទ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ ព.ស. ២៥៦៩ (08 កញ្ញា 2025)

 

 

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២៥

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់អំណាចពេញលេញដល់អាជ្ញាធរ ដើម្បី​ដក​ហូត​​សញ្ជាតិពី​ពលរដ្ឋខ្មែរ ដែលធ្វើឱ្យអ្នកទាំងនោះក្លាយជាជនគ្មានសញ្ជាតិ ។ មូលហេតុដែលអាច​ដក​សញ្ជាតិបាន ត្រូវបាន​ចែង​នៅក្នុងមាត្រា ២៩ ថ្មី នៃច្បាប់នេះ ហើយនីតិវិធីជាក់លាក់ក្នុងការដកហូត នឹងត្រូវបាន​បញ្ញត្តិនៅក្នុងអនុក្រឹត្យ​ដាច់​ដោយឡែកមួយទៀត ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ យើងខ្ញុំនឹងពន្យល់អំពី​មូលហេតុ និង​របៀប​ដែលវិសោធនកម្ម​ច្បាប់នេះ មានលក្ខណៈទូលាយ និងស្រពិចស្រពិល ដែលរំលោភ​ទៅនឹង​បទដ្ឋាន​គតិយុត្តិ និងច្បាប់អន្តរជាតិ ។ 

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអនុម័ត ក្រោយពេលដែលមានការអំពាវនាវរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោយពេលមានការបើកផ្លូវតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ។ ក្រុមសង្គមស៊ីវិលជាង ៥០ ស្ថាប័ន/ក្រុម បានលើកឡើងអំពីកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរនៃវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរួមមានលទ្ធភាពនៃការ​អនុវត្តខុសគោលដៅ និងផលប៉ះពាល់ទៅលើសកម្មជនសិទិ្ធមនុស្ស នយោបាយនិងសង្គម និងប្រជាពលរដ្ឋ​សាមញ្ញ ដែលអ្នកទាំងនោះអាចនឹងប្រឈមនឹងការបាត់បង់សិទិ្ធសេរីភាព ដោយជាប់ពន្ធនាគារ ហើយនិង​បាត់បង់​នូវអត្តសញ្ញាណជា ពលរដ្ឋ “ខ្មែរ” ។ 

សិទិ្ធក្នុងការទទួលបានសញ្ជាតិ

មាត្រា ១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស បានចែងថា “មនុស្សគ្រប់រូបមានសិទិ្ធទទួល​បាន​សញ្ជាតិ​មួយ” ហើយ “គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទិ្ធប្តូរសញ្ជាតិរបស់ខ្លួនដោយ​រំលោភ​បានឡើយ” ។ សេចក្តីប្រកាសរបស់អាស៊ានស្តីពីសិទិ្ធមនុស្ស ក៏មានចែងនូវមាត្រា ១៨ ដែលមានអត្ថន័យ​ដូចគ្នា​នឹងសេចក្តីប្រកាសជាសកលខាងលើដែរ ក៏ដូចជាអនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធមនុស្សដទៃទៀត ដែល​ប្រទេស​កម្ពុជា បានផ្តល់សច្ចាប័ន និងបានបញ្ចូលទៅក្នុងច្បាប់ជាតិ តាមរយៈមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ ។

ដើម្បីជៀសវាងពីការ “អនុវត្តមិនត្រឹមត្រូវ” តាមច្បាប់អន្តរជាតិ ការដកហូតសញ្ជាតិត្រូវ ៖

·       អនុវត្តតាមនីតិវិធីមួយដែលអាចដឹងជាមុន និងធានាបាននូវយុត្តិធម៌ ៖ តើមានច្បាប់ ឬបទដ្ឋានគតិយុត្តិ​ដែលច្បាស់​លាស់ និងជាក់លាក់ សម្រាប់អនុវត្តការដកហូតសញ្ជាតិឬទេ? តើមាននីតិវិធីត្រឹមត្រូវមួយ ដើម្បីអនុវត្តឬទេ ?

·       ភាពចាំបាច់ ៖ តើមានទោសទណ្ឌដែលមានលក្ខណៈស្រាលជាង ឬល្អជាង ដើម្បីដោះស្រាយបញ្ហា​ដែលកើតមានឬទេ ?

·       សមាមាត្រ ៖ តើទោសទណ្ឌនេះ មានលក្ខណៈសមាមាត្រ ទៅនឹងអំពើល្មើស ឬទេ​ ?

·       សមហេតុផលទៅនឹងសត្យានុម័ត ៖ តើមានមូលហេតុរឹងមាំ ដែលបញ្ជាក់ថាអំពើល្មើស​សាកសម​នឹង​ទទួលរងទោសទណ្ឌ​នេះឬទេ ?

·       មិនរើសអើង ៖ តើទោសទណ្ឌ អាចត្រូវបានអាជ្ញាធរអនុវត្ត ដោយភាពរើសអើងរបស់ខ្លួនទៅលើជនណា​ម្នាក់ឬទេ ដូចជាដោយសារនិន្នាការនយោបាយ ជាតិពន្ធុ ឬឋានៈក្នុងសង្គមផ្សេងទៀត ?

 

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលទើបតែត្រូវបានអនុម័ត មិនបានគោរពតាមលក្ខខណ្ឌខាងលើ​នោះទេ ។ មាត្រា ២៩ នៃច្បាប់ស្តីពីសញ្ជាតិ អនុញ្ញាតឱ្យអាជ្ញាធរ ដកហូតសញ្ជាតិ ពីពលរដ្ឋខ្មែរ ក្នុងលក្ខខណ្ឌ ដែលមានចែងយ៉ាងទូលាយ និងស្រពិចស្រពិល ដោយមិនផ្តល់និយមន័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌ​នីមួយៗ​​នោះទេ ដូចជា ៖

 

·       “ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផល​ប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា”

·       “ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ” និង

·       “ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ​ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម” ។

 

ឃ្លាខាងលើ ដែលជានិយមន័យនៃអំពើល្មើស មានលក្ខណៈទូលាយ និងអាចឱ្យអាជ្ញាធរអនុវត្ត​ច្បាប់ដោយអត្តនោម័ត ហើយ ​មិនអាចឱ្យសាធារណជនអាចដឹងជាមុនបាន ពីលក្ខខណ្ឌជាក់លាក់នៃអំពើល្មើស និងផ្តល់នូវ​លទ្ធភាព​ខ្ពស់​ឱ្យ​អាជ្ញាធរ​រដ្ឋ​ក្នុងការ​បកស្រាយ និងប្រើប្រាស់តាមចិត្ត ។ ជាឧទាហរណ៍ អំពើល្មើស​ក្នុងចំណុចពីរ​ដំបូងខាងលើ មិនតម្រូវឱ្យ​តុលាការ​ពិនិត្យលើភស្តុតាង ឬ​សម្រេចផ្តន្ទាទោស  ពីបទល្មើសព្រហ្មទណ្ឌ ជាមុន​នោះទេ ដោយ​គ្រាន់តែ​មានសកម្មភាព “ប្រព្រឹត្ត” អំពើល្មើស ឬ “ឃុបឃិត” ដែលនាំឱ្យ “អន្តរាយ” គឺគ្រប់គ្រាន់​អាចចាត់​ជាអំពើ​ល្មើស​តាមវិសោធនកម្មច្បាប់នេះ ។ ក្នុងន័យនេះ គឺមិនមានដំណើរការនីតិវិធី​មួយដែល ផ្តល់យុត្តិធម៌ សម្រាប់​ជនត្រូវចោទនោះទេ ហើយក៏មិនមាននីតិវិធី​ណា​មួយ ដែលអាចបង្ហាញ ភាពសមហេតុផលទៅនឹងសត្យានុម័ត នៃការចោទប្រកាន់ទៅលើជនត្រូវចោទនោះដែរ ។ នីតិវិធីដែលផ្តល់​យុត្តិធម៌ ក៏រួមបញ្ចូលផងដែរ នូវការសរសេរ ជាលាយល័ក្ខអក្សរ អំពីសេចក្តីសម្រេច​ដកហូត​សញ្ជាតិ​ ហើយសេចក្តីសម្រេចនោះទៀតសោត ត្រូវបើកផ្លូវ ឱ្យជនដែលត្រូវបានដកហូតសញ្ជាតិ អាចប្តឹងជំទាស់បាន ទៅកាន់ស្ថាប័នឯករាជ្យមួយ ដែលមាន​អំណាចគ្រប់គ្រាន់ ដើម្បីអាចបដិសេធចោល សេចក្តីសម្រេចនោះ ។ នៅកម្ពុជា មិនមានច្បាប់ណាមួយ ចែងអំពី​លក្ខខណ្ឌគតិយុត្តិខាងលើនេះទេ ។

 

ការអាចដឹងជាមុនបាន មិនត្រូវបានពិចារណានោះទេ នៅពេលប្រើប្រាស់ពាក្យមួយ​ចំនួនដែលមានន័យ​ស្រពិច​ស្រពិល ដូចជា “ផល​ប្រយោជន៍ស្នូល” “សន្តិសុខជាតិ” ឬ “ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ” ដែលឃ្លា​ទាំង​នេះ អាចត្រូវបានអាជ្ញាធរបកស្រាយបានច្រើនយ៉ាង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនបរិស្ថានជាច្រើន​នាក់ ដោយគ្រាន់តែធ្វើការពិសោធន៍ទឹក រកសារធាតុពុល ហើយផ្សព្វផ្សាយជាសាធារណៈ ត្រូវបានអាជ្ញាធរ​រដ្ឋចោទ​ប្រកាន់​ថា ធ្វើឱ្យប៉ះពាល់​ដល់សន្តិសុខជាតិ ។ ដូចនេះប្រសិនបើពលរដ្ឋ “ខ្មែរ” ណាម្នាក់ រងការចោទ​ប្រកាន់​ដែលមានលក្ខណៈ​ទូលាយ​ខាងលើនេះ ដោយយោងតាមវិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ ហើយអាចធ្វើឱ្យ​ប្រជាពលរដ្ឋ “ខ្មែរ” នោះ បាត់បង់សញ្ជាតិ តើអាចឱ្យពលរដ្ឋ “ខ្មែរ” ដទៃទៀត យល់ដឹងដោយរបៀបណាទៅ ថាសកម្មភាពណាខ្លះ ជាការប៉ះពាល់​សន្តិសុខ​​ជាតិ និងអាច​ធ្វើ​ឱ្យ​អាជ្ញាធ​រដ្ឋដកហូតសញ្ជាតិ ខ្មែរ ពីពួកគាត់ ?

 

លើសពីនេះទៅទៀត វិសោធនកម្មច្បាប់នេះ មិនមាន ភាពចាំបាច់សមាមាត្រ នោះទេ។ យោងតាម​ច្បាប់​​អន្តរជាតិ ការដកហូតសញ្ជាតិត្រូវបានចាត់ទុកថាជាជម្រើសទណ្ឌកម្មចុងក្រោយ ។ ទោសទណ្ឌនេះ អាចត្រូវបាន​អាជ្ញាធរប្រើប្រាស់ តែនៅក្នុងករណីដែលវិធានការនានា មិនអាចសម្រេចបាននូវគោលបំណងរបស់​រដ្ឋ ។ អាជ្ញាធរ​រដ្ឋ​នៅកម្ពុជា មិនបានផ្តល់អំណះអំណាងណាមួយ ដែលបញ្ជាក់ថា មូលហេតុអ្វីបានជាក្រម​ព្រហ្មទណ្ឌ មិនអាចដោះស្រាយបញ្ហា និងរក្សាបាននូវ “សន្តិសុខជាតិ” ។

 

វិសោធនកម្មច្បាប់នេះ ក៏មិនបានហាមឃាត់ ការអនុវត្តដោយការរើសអើង ផ្នែកលើនិន្នាការនយោបាយ ជាតិពន្ធុ ឬឋានៈសង្គមផ្សេងទៀត នោះដែរ ។ ការផ្តន្ទាទោសថ្មីៗនេះ ទៅលើសកម្មជនសង្គម និងនយោបាយ ជាច្រើន​នាក់ ពីបទពាក់ព័ន្ធនឹងសន្តិសុខជាតិ និងរួមគំនិតក្បត់ បានបង្ហាញឱ្យឃើញ អំពីហានិភ័យខ្ពស់ ទៅលើ​ពលរដ្ឋ “ខ្មែរ” ប្រភេទខាងលើនេះ នៅពេលអនុវត្តវិសោធនកម្មច្បាប់នេះ ។ វិសោធនកម្មច្បាប់នេះ ក៏មិនបានចែង​នូវការណ៍​ដែលមិនមានពលរដ្ឋ “ខ្មែរ” ណាម្នាក់ នឹងត្រូវបានដកហូតសញ្ជាតិ ដោយសារនិន្នាការនយោបាយ ជាតិពន្ធុ ឬលក្ខណៈផ្សេងទៀត ដែលត្រូវបានគាំពារដោយច្បាប់អន្តរជាតិនោះទេ ។

 

លើសពីនេះ អ្នកដែលត្រូវអាជ្ញាធរដកហូតសញ្ជាតិក្រោមវិសោធនកម្មច្បាប់នេះ អាចនឹងក្លាយជាជនគ្មាន​សញ្ជាតិ ដែលនេះជាអំពើរំលោភច្បាប់អន្តរជាតិ ។ វិសោធនកម្មច្បាប់នេះ អនុញ្ញាតឱ្យអាជ្ញាធរដកហូត​សញ្ជាតិ ប្រសិនបើ “មានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស” ។  វាក្យខណ្ឌនេះ មានលក្ខណៈស្រពិចស្រពិល និងមិនអាចដឹងមុននោះទេ ថានៅក្នុងលក្ខខណ្ឌ ឬស្ថានភាពណាខ្លះ ដែលត្រូវចាត់ទុកថាសមហេតុផលក្នុងការ “ជឿជាក់” ថាជនណាម្នាក់ អាចទទួលបានសញ្ជាតិផ្សេងទៀតនោះ ។

 

ការដកហូតសញ្ជាតិពីពលរដ្ឋ “ខ្មែរ” អាចនឹងមានផលវិបាកធំធេង និងធ្ងន់ធ្ងរ ជាច្រើន ។ អំពើនេះក៏នឹង​ដក​ហូត​នូវ​សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ការទទួលបានសេវាសុខាភិបាល​សាធារណៈ ការអប់រំ ការរៀប​អាពាហ៍ពិពាហ៍ ការធ្វើការងារស្របច្បាប់ ការចូលរួមក្នុងសកម្មភាពនយោបាយ និងការធ្វើ​ដំណើរចេញ-ចូល​ប្រទេស ។

 

វិសោធនកម្មច្បាប់នេះ អាចនឹងបង្កហានិភ័យ ដែលជាការដកហូតដោយមិនត្រឹមត្រូវ នូវសញ្ជាតិ “ខ្មែរ” ពីពលរដ្ឋ “ខ្មែរ” និងសិទ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទាំងនោះ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ ។ យើងខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល សូមលុបចោលវិសោធនកម្មនេះជាបន្ទាន់ ។

 

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ ៖

 

1.     សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)

2.     សហគមន៍ដីធ្លី ១៩៧ (កោះកុង)

3.     សហគមន៍អមលាំង (កំពង់ស្ពឺ)

4.    សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)

5.     សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

6.     សហគមន៍បឹងពីរ (បាត់ដំបង)

7.     សហគមន៍បឹងប្រាំ (បាត់ដំបង)

8.     សហព័ន្ធសហជីពកម្ពុជា (CATU)

9.     មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

10.    វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

11.    សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

12.  សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

13.    សមាគមបណ្តាញយុវជនកម្ពុជា (CYN)

14.    មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

15.    សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

16.  សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យ​ភាព​សង្គម​ (CISA)

17.  គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)

18.  សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

19.    សហគមន៍ដក់ពរ (កំពង់ស្ពឺ)​

20.  អង្គការសមធម៌កម្ពុជា (EC)

21.  សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

22.  សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)

23.  សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ

24.  សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

25.  សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)

26.  សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)

27.  សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)

28.  សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

29.  សហគមន៍ដីធ្លី (ប៉ៃលិន)

30.  សហគមន៍ឡពាង (កំពង់ឆ្នាំង)​

31.  ចលនាមាតាធម្មជាតិ (MNC)

32.  សហគមន៍មានជ័យ (ស្វាយរៀង)

33.  សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)

34.  សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)

35.  អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ​ (PED Cambodia)

36.  មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)

37.  សហគមន៍ភ្នំក្រោម (សៀមរាប)

38.  សហគមន៍ដីធ្លីភូមិសិលាខ្មែរ​ (បន្ទាយមានជ័យ)

39.    សហគមន៍ពង្រកជ័យល័ក្ខ (កំពត)

40.    អង្គការពន្លកខ្មែរ (PKH)

41.  សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង) 

42.  បណ្តាញសហគមន៍ព្រៃឡង់ (PLCN)

43.  សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ) 

44.  សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

45.  អង្គការសមាគមធាងត្នោត (ស.ធ.ត)

46.  សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)

47.  សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

48.  សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)

49.  សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

50.    គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)

51.  សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)

52.  សហគមន៍ទន្លូង (ត្បូងឃ្មុំ)

53.  សហគមន៍ព្រៃឈើត្រពាំងចាន (កំពង់ឆ្នាំង)

54.  សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)