សេចក្តីថ្លែងការណ៍រួម
ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជំរុញឱ្យពង្រឹងវិធានការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦—ដើម្បីរំលឹកខួបនៃទិវាសេរីភាពសារព័ត៌មានពិភព លោក ៣ឧសភា យើងខ្ញុំ ដែលជាភាគីពាក់ព័ន្ធដូចមានរាយនាមខាងក្រោម សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តចំពោះគោលការណ៍គ្រឹះនៃសេរីភាពនៃការបញ្ចេញមតិ និងតួនាទីមិនអាចខ្វះបាននៃប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះ ទាំងនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅទូទាំងពិភពលោក ។ ខណៈដែលសហគមន៍ពិភពលោកប្រារព្វទិវានេះក្រោមប្រធានបទ «ការរៀបចំអនាគតប្រកបដោយសន្តិភាព៖ ការលើកកម្ពស់សេរីភាពសារព័ត៌មានដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ» យើងខ្ញុំសូមអះអាងជាថ្មីម្តងទៀតថា បរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលអំណោយផល គឺជាច្រកនៃការធ្វើឲ្យប្រសើរឡើងនូវគណនេយ្យភាព ការទទួលបានសិទ្ធិ និងសង្គមដែលទទួលបានព័ត៌មានត្រឹមត្រូវ។
យើងបានជ្រើសរើសការរំលឹកខួបនៃទិវានេះក្រោមប្រធានបទថ្នាក់ជាតិ៖ «ការលើកកម្ពស់ប្រព័ន្ធ ផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ យើងខ្ញុំ សូមបញ្ជាក់ថា បរិយា កាសប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ គឺមានសារៈសំខាន់បំផុតក្នុងការគាំទ្រដល់វឌ្ឍនភាពប្រកបដោយចីរភាព និងអភិបាលកិច្ចល្អរបស់កម្ពុជា។
កង្វះការការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងការរាយការណ៍ដោយឯករាជ្យ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិបានរារាំងសាធារណជនមិនឱ្យទទួលបានព័ត៌មានពិត ផ្ទុយទៅវិញបែរជាត្រូវបានគ្របណ្តប់ ដោយព័ត៌មានមិនពិត និងព័ត៌មានបន្លំ។ ករណីនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈព្រឹត្តិការណ៍ជម្លោះព្រំដែន កម្ពុជា ថៃ កាលពីឆ្នាំមុន ដែលបានបង្ហាញយ៉ាងច្បាស់នូវតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការរាយការណ៍ផ្អែកលើអង្គហេតុពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សន្តិភាព និងជម្លោះ ដើម្បីផ្តល់ព័ត៌មានដល់សាធារណជនអំពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ។
ក្នុងន័យនេះ បរិយាកាសដែលអំណោយផលពិតប្រាកដមួយ មិនអាចកើតមានឡើងបានឡើយ បើគ្មានការធានានូវសុវត្ថិភាព និងកិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកដែលបំពេញការងារដ៏សំខាន់នេះ។ ជាការគួរឱ្យសោកស្តាយ អ្នកសារព័ត៌មានដែលបានរាយការណ៍អំពីជម្លោះបានប្រឈមការរឹតត្បិតសិទ្ធិ និងការយាយីតាមផ្លូវច្បាប់ ដោយសារតែការបំពេញវិជ្ជាជីវៈរបស់ពួកគេ ហើយយើងនៅតែមានការព្រួយបារម្ភចំពោះការធ្លាក់ចុះជាបន្តបន្ទាប់នៃស្ថានភាពប្រព័ន្ធផ្សព្វផ្សាយឯការជ្យ។ ចាប់ពី ខែមករា ដល់ ខែមេសា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រានូវករណីរំលោភបំពានសិទ្ធិអ្នកសារព័ត៌មានចំនួន ១៤ករណី ។ ក្នុងនោះ អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ៦នាក់ត្រូវបានឃាត់ខ្លួន ៥នាក់ត្រូវបានកោះហៅ និង ១ករណីជាការគំរាមកំហែង ។ ក្នុងឆ្នាំ២០២៥ ខេមបូចា បានកត់ត្រានូវការរំលោភបំពានសិទ្ធិលើអ្នកសារព័ត៌មានចំនួន ៦១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌- មានចំនួន ៥៧នាក់។ ក្នុងចំណោមនោះមាន ៤៥ករណី ជាការគំរាមកំហែងតាមផ្លូវច្បាប់ ។ អ្នកសារព័ត៌មាន ២នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។
តួលេខទាំងនេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់បរិយាកាសដែលមានសុវត្ថិភាព និងវិជ្ជាជីវៈ ដែលអ្នកសារព័ត៌មានអាចបំពេញការងារបានដោយគ្មានការភ័យខ្លាចពីការយាយីតាមផ្លូវច្បាប់។ ស្ថានភាពនេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ដែលបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានប្រទេសកម្ពុជា នៅលេខរៀងទី ១៥១ ក្នុងចំណោម ១៨០ប្រទេស ដែលស្ថានការណ៍នេះនៅតែធ្ងន់ធ្ងនៅឡើយ នៅក្នុងបរិបទ សកលដែលមានប្រទេសជាងពាក់កណ្តាលនៃពិភពលោកបានធ្លាក់ចូលក្នុងចំណាត់ថ្នាក់ «ធ្ងន់ធ្ងរ» សម្រាប់សេរីភាពសារព័ត៌មាន។
ការដាក់ចេញនូវប្រកាស ឬបទប្បញ្ញត្តិថ្មីមួយចំនួនក៏បានធ្វើឱ្យមានការព្រួយបារម្ភបន្ថែមទៀតផងដែរ ។ លក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន និងលក្ខខណ្ឌក្នុងការផ្តល់បណ្ណសារព័ត៌មាន ដែលរួមមានដូចជា លិខិតបញ្ជាក់កិរិយាមាយាទ និងលិខិតថ្កោលទោស ជាដើម បានបង្កើតឱ្យមានរបាំងរដ្ឋបាលបន្ថែមសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន។
ការធានាសុវត្ថិភាពសម្រាប់អ្នកបម្រើការនៅក្នុងវិស័យសារព័ត៌មាន គឺជាការទទួលខុសត្រូវរួមគ្នា។ យើងខ្ញុំសូមអំពាវនាវឱ្យបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ រួមមានស្ថាប័ន រដ្ឋាភិបាល អង្គភាពសារព័ត៌មាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមាន។ តាមរយៈការពង្រឹងសំឡេងរួមគ្នា និងការប្រកាន់ខ្ជាប់នូវក្របខណ្ឌសិទ្ធិមនុស្សអន្តរជាតិ យើងអាចធានាបានថាអ្នកសារព័ត៌មានអាចបំពេញការងារបានដោយសេរី សុវត្ថិភាព និងឯករាជ្យ ។ ជាមួយគ្នានេះដែរ យើងខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះសេរីភាពសារព័ត៌មាន ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព និងសាមគ្គីភាពសង្គម សម្រាប់ប្រជាជនកម្ពុជាទាំងអស់។
យើងខ្ញុំសូមជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ចាត់វិធានការដូចមាននៅក្នុងអនុសាសន៍ខាងក្រោម៖
អនុសាសន៍ជូនចំពោះរាជរដ្ឋាភិបាល៖
· លុបចោលលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន និងលក្ខខណ្ឌក្នុងការផ្តល់បណ្ណសារព័ត៌- មាន។
· បញ្ឈប់ការប្រើប្រាស់បទចោទប្រកាន់ព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពល រដ្ឋ ដែលបំពេញការងារពាក់ព័ន្ធនឹងការងារសារព័ត៌មាន។
· ទម្លាក់បទចោទប្រកាន់ជាបន្ទាន់ប្រឆាំងនឹងអ្នកសារព័ត៌មាន និងពិនិត្យឡើងវិញនូវទោសព្រហ្ម ទណ្ឌទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស និងស៊ើបអង្កេតករណី បង្កហិង្សាមកលើ ពួកគេ។
· ធានាថា ការតាក់តែងបទប្បញ្ញត្តិបច្ចុប្បន្ន និងទៅថ្ងៃអនាគតពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានធ្វើឡើងតាមរយៈការពិគ្រោះយោបល់ដោយតម្លាភាពជាមួយភាគីពាក់ព័ន្ធ និងស្របតាមក្របខណ្ឌសិទ្ធិមនុស្សអន្តរជាតិ។
· ធានាសុវត្ថិភាពទាំងលើរូបរាងកាយ និងតាមឌីជីថល ដោយអនុវត្តយន្តការការពារជាក់ស្តែង ដើម្បីធានាថាអ្នកសារព័ត៌មានអាចបំពេញការងារបានដោយគ្មានការភ័យខ្លាច ឬការគាបសង្កត់។
· ពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលបានព័ត៌មាន ដែលស្របតាមស្តង់ដារអន្តរជាតិដើម្បីផ្តល់អំណាចដល់អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ។
អនុសាសន៍ចំពោះដៃគូអភិវឌ្ឍន៍ អង្គភាពសារព័ត៌មាន និងម្ចាស់ជំនួយ៖
· ផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃសារព័ត៌មាន ក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន ព្រមទាំងច្បាប់ និងសេរីភាព ។
· ផ្តល់ការបណ្តុះបណ្តាលអំពីសុវត្ថិភាពដល់អ្នកសារព័ត៌មាន ទាំងផ្នែកសន្តិសុខរូបរាងកាយ និងប្រព័ន្ធឌីជីថល។
· ផ្តល់ការគាំទ្រផ្នែកសុខុមាលភាពផ្លូវចិត្តដល់អ្នកសារព័ត៌មាន។
· ផ្តល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលរងការចោទប្រកាន់ និងការប្តឹងផ្តល់។
· ផ្តល់ការគាំទ្រ ការបណ្តុះបណ្តាល និងធនធានដល់អង្គភាព ដែលបំពេញភារកិច្ចស៊ើបអង្កេតបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន និងការបណ្តុះបណ្តាលដោយគិតគូរអំពីយេនឌ័រ។
សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា
២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ស៊ីស៊ីអាយអ៉ឹម
៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៤. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO)
៥. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា (អាដហុក)
៧. មជ្ឃមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
៨. សារព័ត៌មាន គិរីផូស
៩. បណ្តាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា (CFJ)
១០. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា
១២. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
១៣. អង្គការអភិវឌ្ឍន៏សំឡេងសហគមន៍ (BCV)