សេចក្តីថ្លែងការណ៍រួម
ពង្រឹងសេវាកម្ម និងកិច្ចគាំពារដល់ពលករចំណាកស្រុក
ភ្នំពេញ ថ្ងៃទី០7 ខែតុលា ឆ្នាំ២០២៥
ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច ចំនួន ៩០០.០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ ចាប់តាំងពីមានការប៉ះទង្គិចខ្លាំងក្លានៅតាមព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ។ តួលេខនេះ គឺយោងតាមទិន្នន័យប៉ាន់ប្រមាណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ [1] ចំនួនពលករចំណាកស្រុកវិលត្រឡប់ចូលប្រទេសវិញនេះ គឺជាចំនួនដ៏ច្រើន ដែលមិនធ្លាប់មានពីមុនមក ។ ចំនួននេះ គឺច្រើនជាងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទៅទៀត ដែលនៅពេលនោះមានពលករចំណាកស្រុកត្រឹមតែប្រមាណ ២៦០.០០០នាក់ ប៉ុណ្ណោះ ដែលបានវិលត្រឡប់មកប្រទេសវិញ ។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ កំពុងក្លាយជាបន្ទុកដ៏ធ្ងន់មួយ ទៅលើសេដ្ឋកិច្ចរបស់ប្រទេស និង សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
មុនពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ប្រាក់ចំណូលដែលពលករចំណាកស្រុកនៅប្រទេសថៃរកបាន ជាកត្តារួមចំណែកយ៉ាងសំខាន់មួយ នៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ។ ពលករចំណាកស្រុកបានផ្ញើប្រាក់មកក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេស រាប់រយដុល្លារអាមេរិក ជារៀងរាល់ខែ ដែលសរុបមានចំនួនជិត ៣ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៤ ។[2] ទិន្នន័យរបស់រាជរដ្ឋាភិបាលបង្ហាញថា ប្រមាណ ៨០% នៃពលករចំណាកស្រុកដែលវិលត្រឡប់មកប្រទេសវិញ ក្នុងម្នាក់អាចមានដីប្រកបរបរកសិកម្មតិចជាងមួយហិកតា នៅពេលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ដែលស្ថានភាពនេះធ្វើឱ្យពលករចំណាកស្រុកទាំងនោះ មានការលំបាកក្នុងការត្រឡប់ទៅប្រកបរបរកសិកម្មវិញ ហើយបង្កើតជាសម្ពាធមួយដល់អ្នកទាំងនោះឱ្យប្រញាប់ស្វែងរកការងារផ្សេងដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាព ។
កាលពីខែសីហា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទិ្ធមនុស្ស (សង់ត្រាល់) បានធ្វើការវាយតម្លៃ និងសិក្សាស្វែងយល់អំពីតម្រូវការ និងស្ថានភាពរបស់ពលករចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ ចំនួនជាង ៧០០ នាក់ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កោះកុង និងប៉ៃលិន ។ ជាលទ្ធផល ពលករចំណាកស្រុកដែលត្រឡប់មកវិញ ភាគច្រើនលើសលុប គឺវិលទៅស្រុកកំណើតនៅតាមជនបទ ក្នុងបណ្តាខេត្ត របស់ពួកគាត់វិញ (ប្រមាណ ៧០% វិលទៅស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង) ហើយមានតម្រូវការខ្លាំងទៅលើម្ហូបអាហារ និងការងារធ្វើ ។ កាលវិលត្រឡប់យ៉ាងគំហុកនៃពលករចំណាកស្រុកនៅពេលនេះ បង្កជាផលប៉ះពាល់យ៉ាងខ្លាំង បន្ថែមទៅលើស្ថានភាពការងារធ្វើ និងសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលកំពុងតែលំបាកស្រាប់ទៅហើយ ។
និយាយដោយខ្លី ទីមួយ កម្ពុជាមិនមានការងារធ្វើគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នានោះទេ ។ កាលពីដើមខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថាឱកាសការងារមានយ៉ាងតិច ១៩០.០០០ កន្លែងនៅទូទាំងប្រទេស ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។ ទីពីរ ការងារភាគច្រើន មានតែនៅតំបន់ខាងក្នុង និងជុំវិញរាជធានីភ្នំពេញ និងទីប្រជុំជននានា ខណៈដែលពលករចំណាកស្រុកភាគច្រើន រស់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។ ទីបី ការងារដែលត្រូវបានផ្សព្វផ្សាយ ជាការងារនៅក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែភាគច្រើននៃពលករចំណាកស្រុកមានជំនាញផ្នែកសំណង់ និងកសិកម្មខ្នាតធំ ដែលជាតម្រូវការនៅក្នុងប្រទេសថៃ ។ ដូចនេះ វាជាការលំបាកមួយសម្រាប់ពលករចំណាកស្រុកទាំងនោះ ដើម្បីស្វែងរកការងារឱ្យត្រូវជាមួយនឹងជំនាញរបស់ពួកគេ ។
លើសពីនេះ ពលករចំណាកស្រុកជាស្ត្រីដែលត្រូវបានសម្ភាស៍ មានជាង ៤០៦ នាក់ ក្នុងចំណោម ពលករចំណាកស្រុកសរុបចំនួន ៨០៣ (ជាង ៥០%) នៅក្នុងការសិក្សា និងវាយតម្លៃរបស់អង្គការ សង់ត្រាល់ ។ ភាគច្រើននៃស្ត្រីដែលជាពលករចំណាកស្រុកទាំងនោះ ធ្វើការជាអ្នកធ្វើការងារតាមផ្ទះ មើលថែរក្សាកូនក្មេង ឬក្នុងរោងចក្រកែច្នៃគ្រឿងសមុទ្រនៅក្នុងប្រទេសថៃ ហើយត្រឡប់មកស្រុកវិញដោយមិនសូវមានជំនាញដែលត្រូវនឹងទីផ្សារក្នុងប្រទេសនោះទេ ។ កម្មវិធីដែលលើកទឹកចិត្តដល់វិស័យឯកជនឱ្យជ្រើសរើសកម្មករជាពលករចំណាកស្រុក ក៏គួរតែរួមបញ្ចូលកូតាសម្រាប់ស្ត្រី ជាមួយនឹងលក្ខខណ្ឌផ្សេងៗដូចជាសុវត្ថិភាពនៅកន្លែងការងារ ការផ្តល់ប្រាក់ឈ្នួលស្មើគ្នា និងការទទួលបានការថែទាំកូន ដើម្បីធានាថាស្ត្រីទាំងនោះទទួលបានអត្ថប្រយោជន៍ស្មើគ្នាពីឱកាសការងារថ្មីទាំងនោះ ។ ប្រសិនបើមិនមានការកំណត់លក្ខខណ្ឌទាំងនេះ ស្ត្រីជាពលករចំណាកស្រុកនឹងរងគ្រោះខ្លាំង និងពិបាកងើបឡើងមកវិញ ហើយអាចនឹងប្រឈមមុខនឹងសំពាធម្តងទៀតឱ្យចំណាកស្រុកដោយខុសច្បាប់ ។
ស្ថានភាពនេះ គឺជាបញ្ហាប្រឈមមួយយ៉ាងធំ ដែលតម្រូវឱ្យមានវិធានការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងក្រុមសង្គមស៊ីវិល ដើម្បីរក្សាឱ្យបាននូវជីវភាពរស់នៅមួយដ៏សមរម្យសម្រាប់ពលករចំណាកស្រុកដែលបានវិលត្រឡប់ចូលប្រទេសវិញ ។ នៅក្នុងស្មារតីនេះ យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមគាំទ្រទៅលើគំនិតគោលនយោបាយ និងអនុសាសន៍មួយចំនួនដែលបានលើកឡើងនៅក្នុង របាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ហើយក៏សូមលើកឡើងនូវអនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោមផងដែរ ។
អនុសាសន៍ទី ១ ៖ ពង្រីកនូវយន្តការកិច្ចគាំពារសង្គមដល់គ្រួសារដែលមានពលករចំណាកស្រុក
កំណត់សម្គាល់គោលនយោបាយ ចំណុចទី ២ របស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានលើកឡើងថា ប្រសិនបើគ្មានយន្តការកិច្ចគាំពារសង្គមនោះទេ ភាពគ្មានការងារធ្វើនឹងរុញច្រានឱ្យពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ ធ្លាក់ចូលក្នុងភាពលំបាកកាន់តែខ្លាំង ។ រាជរដ្ឋាភិបាលគួរតែចាត់វិធានការភ្លាមៗ ដោយ (១) ពង្រីក និងបន្ថែមសាច់ប្រាក់ជំនួយ ដល់គ្រួសារដែលមានសមាជិកជាពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ (២) ផ្តល់ជំនួយជាស្បៀងអាហារក្នុងអំឡុងពេលជាក់លាក់ណាមួយ (អង្ករ ត្រីសាច់ គ្រាប់ពូជ និងសម្ភារៈចាំបាច់ផ្សេងៗទៀត) និង (៣) ពង្រីកសេវាសុខាភិបាល និងសេវាសាធារណៈឥតគិតថ្លៃ ដទៃទៀត ក្នុងករណីចាំបាច់ ។
វិធានការទាំងនេះ គួរត្រូវបានដាក់ជាអាទិភាពនៅតាមបណ្តាខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ ហើយអាជ្ញាធរគួរធ្វើឱ្យការចុះឈ្មោះទទួលបានអត្ថប្រយោជន៍ខាងលើនេះ មានភាពងាយស្រួល នៅទីតាំងច្រកចូលតាមព្រំដែន និងតាមសាលាឃុំនានា ដោយអនុវត្តការផ្ទៀងផ្ទាត់តែមួយដងដែលមានប្រសិទ្ធភាព និងចំណាយពេលតិច (ការកត់ត្រានៅច្រកចូលតាមព្រំដែន ជាមួយនឹងការបញ្ជាក់ពីអាជ្ញាធរឃុំ) ហើយបង្កើតឱ្យមានយន្តការបណ្តឹងទាស់និងការដោះស្រាយបណ្តឹងនោះប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការការអនុវត្តវិធានការដោយគ្មានការរើសអើង ។
វិធានការផ្តល់ជាកញ្ចប់សាច់ប្រាក់ គួរត្រូវបានអនុវត្តជាទៀងទាត់ (រៀងរាល់មួយ ឬពីរសប្តាហ៍) អំឡុងពេល ៨ ទៅ ១២ សប្តាហ៍ដំបូង ហើយអាចពន្លាតរយៈពេលយូរជាងនេះនៅពេលក្រោយៗ ក្រោយពេលដែលស្ថានភាពអត្រាការងារធ្វើមានភាពនឹងនរ ហើយការអនុវត្តគួរពិនិត្យបន្ថែម អាស្រ័យលើប្រភេទគ្រួសារមួយចំនួនដែលអាចប្រឈមនឹងហានិភ័យខ្ពស់ ដូចជាគ្រួសារដែលមានស្ត្រីជាអ្នករាប់រងបន្ទុក គ្រួសារដែលជាប់បំណុលច្រើន ឬគ្រួសារដែលមានសមាជិកក្នុងបន្ទុកច្រើន ) ។ វិធានការទាំងនេះ នឹងជួយដល់ក្រុមគ្រួសារទាំងនោះ បំពេញនូវតម្រូវការជាមូលដ្ឋានរបស់ពួកគេ និងជៀសវាងការជួបប្រទះនឹងបញ្ហាអវិជ្ជមានមួយចំនួនដូចជា (ការលក់ដីធ្លី ផ្ទះសម្បែងដោយបង្ខំ ដើម្បីដោះបំណុល ការបោះបង់ចោលការសិក្សា ជាដើម) ហើយក៏ជាស្ពានចម្លងគ្រួសារទាំងនោះទៅកាន់ស្ថានភាពជីវភាពមួយដែលនឹងនរ ។
អនុសាសន៍ទី ២ ៖ លើកទឹកចិត្តដល់វិស័យឯកជនដែលទទួលយកពលករចំណាកស្រុកចូលធ្វើការងារ
រាជរដ្ឋាភិបាលគួរបង្កើតនូវយន្តការកូតាទទួលយកពលករចំណាកស្រុក ជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តដល់សហគ្រាសឯកជននៅក្នុងវិស័យដែលស្រូបយកកម្មករចំនួនច្រើន ដូចជាវិស័យសំណង់ វិស័យកែច្នៃផលិតផលកសិកម្ម វិស័យភស្តុភារកម្ម និងវិស័យថែទាំហេដ្ឋារចនាសម្ព័ន្ធ ឱ្យទទួលយកពលករចំណាកស្រុកដែលទើបត្រឡប់ទាំងនោះ ចូលធ្វើការងារ ។
សហគ្រាសដែលចូលរួមក្នុងយន្តការនេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធក្នុងអំឡុងពេលជាក់លាក់ណាមួយ ឬជំនួយលើប្រាក់ឈ្នួលមួយផ្នែក ដើម្បីទូទាត់លើការចំណាយរបស់សហគ្រាស ក្នុងការជួលកម្មករបន្ថែម ឬពង្រីកឱកាសការងារដល់ពលករចំណាកស្រុកទាំងនោះ ឱ្យបានឆាប់រហ័ស ។ កិច្ចសន្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាការជួសជុលផ្លូវជនបទ ឬការកែលំអប្រព័ន្ធធារាសាស្ត្រ គួររួមបញ្ចូលកូតាជួលកម្មករដែលជាអតីតពលករចំណាកស្រុក ដោយផ្តោតលើអ្នកដែលមានប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) អតីតពលករចំណាកស្រុកជាស្រ្តី សុវត្ថិភាពកន្លែងការងារ និងការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីធានាការផ្តល់ប្រាក់ឈ្នួលបានឆាប់រហ័ស និងមានគណនេយ្យភាពត្រឹមត្រូវ ។
យន្តការនេះនឹងជួយលើកកម្ពស់សមត្ថភាពរបស់សហគ្រាសឯកជន ឱ្យបង្កើតឱកាសការងារបានកាន់តែច្រើន គាំទ្រដល់ការផ្ទេរជំនាញការងារ និងរក្សាកម្មករធ្វើការងារក្នុងសហគ្រាសរយៈពេលយូរ និងកាត់បន្ថយហានិភ័យនៃបក្សពួកនិយម ឬអំពើពុករលួយ ដែលអាចកើតមានឡើងនៅក្នុងកម្មវិធីសាធារណៈរបស់រាជរដ្ឋាភិបាល ។
អនុសាសន៍ទី ៣ ៖ ទទួលស្គាល់ឱ្យបានឆាប់រហ័សនូវជំនាញ ផ្តល់ជំនួយដល់ការអភិវឌ្ឍជំនាញរយៈពេលខ្លី និងការផ្តល់ហិរញ្ញប្បទានលើផ្នែកសុខភាពដល់ពលករចំណាកស្រុកដែលត្រឡប់មកវិញ
ដោយផ្អែកលើយន្តការផ្តល់វិញ្ញាប័ណ្ណបត្រជំនាញ ស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ (ILO) រាជរដ្ឋាភិបាលគួរពង្រីកបន្ថែមការទទួលស្គាល់ ជំនាញដោយមិនបានឆ្លងកាត់ការចូលរៀនវគ្គបណ្តុះបណ្តាល ។ ដូចនេះពលករចំណាកស្រុកដែលមានបទពិសោធន៍ការងារ អាចស្នើសុំវិញ្ញាបនបត្រជំនាញ ដោយមិនចាំបាច់ចូលរៀនវគ្គបណ្តុះបណ្តាល ។
យើងខ្ញុំក៏សូមផ្តល់អនុសាសន៍ ដល់រាជរដ្ឋាភិបាល សូមបង្កើតនូវភ្នាក់ងារវាយតម្លៃចល័ត នៅតាមបណ្តាខេត្តនានាជាប់ព្រំដែន ការលើកលែងសោហ៊ុយនានា និងការចេញនូវវិញ្ញាបនបត្រក្នុងរយៈពេលខ្លី ។ សម្រាប់ពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ មិនមានជំនាញដែលត្រូវនឹងទីផ្សារការងារនៅក្នុងប្រទេស រាជរដ្ឋាភិបាលគួរអនុញ្ញាតឱ្យចូលរៀនវគ្គបណ្តុះបណ្តាលដោយមិនគិតថ្លៃ បូករួមទាំងការផ្តល់ប្រាក់ឧបត្ថម្ភរយៈពេលខ្លី សម្រាប់ជំនាញមួយចំនួនដែលមានរយៈពេលពី ៦ ទៅ ៨ ខែ ដែលត្រូវនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន (ឧទាហរណ៍ សំណង់ ដំណើរការ និងការថែទាំសំណង់ធារាសាស្ត្រ រោងចក្រកែច្នៃផលិតផលកសិកម្ម សេវាកម្មថែទាំ ជាដើម) ។ ដើម្បីការពារស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ពលករចំណាកស្រុក និងលើកទឹកចិត្តឱ្យអ្នកទាំងនោះចុះឈ្មោះជាផ្លូវការ រាជរដ្ឋាភិបាលគួរពង្រីកបេឡាជាតិរបបសន្តិសុខសង្គម (បសស) ផ្នែកថែទាំសុខភាព ជាបណ្តោះអាសន្ន ទៅដល់ពលករចំណាកស្រុកដែលទើបត្រឡប់មកវិញហើយបានចុះឈ្មោះ (ដោយមិនមានការបង់ភាគទានសមាជិក ឬចូលរួមបង់ពីសាមីខ្លួនសម្រាប់រយៈពេលពី ៦ ដល់ ១២ ខែ) ដោយមានការបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទផុតកំណត់ និងឱកាសចូលជាសមាជិក បសស នៅពេលក្រោយ នៅពេលមានលទ្ធភាពបង់ភាគទាន ។
ដោយភាពបត់បែនផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល និងភាពច្រើនសម្បើមនៃចំនួនសាច់ប្រាក់ផ្ញើចូលក្នុងប្រទេសដោយពលករចំណាកស្រុក មានឥទ្ធិពលយ៉ាងធំមកលើសេដ្ឋកិច្ចរបស់ប្រទេស ការអនុវត្តយន្តការដែលផ្តល់អត្ថប្រយោជន៍ដែលមានអំឡុងពេលជាក់លាក់ខាងលើនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរក្សាលំនឹងក្នុងការចាយវាយ កាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច និងទ្រទ្រង់សាមគ្គីភាពក្នុងសង្គម ។ ទន្ទឹមនឹងនេះ យន្តការនេះក៏បានបង្កើតឱ្យមានការចុះឈ្មោះជាផ្លូវការ ពីពលករចំណាកស្រុកដែលទើបត្រឡប់មកវិញទាំងនោះ ដែលជាប្រព័ន្ធមួយជួយភ្ជាប់រវាងមនុស្ស ទៅនឹងការងារ ប្រភេទវគ្គបណ្តុះបណ្តាល និងអត្ថប្រយោជន៍ផ្សេងៗ ។
អនុសាសន៍ទី ៤ ៖ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការសងបំណុលរបស់គ្រួសារ ដែលមានសមាជិកជាពលករចំណាកស្រុកទើបត្រឡប់មកវិញ
យ៉ាងតិចពាក់កណ្តាលនៃចំនួនពលករចំណាកស្រុកទើបត្រឡប់មកវិញ ដែលអង្គការ សង់ត្រាល់ បានវាយតម្លៃ និងសិក្សាស្វែងយល់ បានរាយការណ៍ថាពួកគេមានការព្រួយបារម្ភអំពីការសងបំណុលឱ្យបានទាន់ពេលវេលា ។ ដោយផ្អែកទៅលើបទពិសោធន៍នៃការឆ្លើយតបរបស់រាជរដ្ឋាភិបាល អំឡុងពេលនៃការរីករាលដានជំងឺ កូវីដ ១៩ ការអន្តរាគមន៍ពាក់ព័ន្ធនឹងបំណុល គួរត្រូវបានធ្វើឡើង និងដាក់អាទិភាពលើគ្រួសារដែលមានបញ្ហាបំណុលធ្ងន់ធ្ងរ ។
ធនាគារជាតិនៃកម្ពុជា គួរសហការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្អាកការបង់សងត្រឡប់របស់កូនបំណុលបណ្តោះអាសន្ន ឬការរៀបចំឥណទានឡើងវិញដោយមានអត្រាការប្រាក់ទាប ឬ ការផ្តល់សាច់ប្រាក់ជួយដល់គ្រួសារ ទៅតាមកម្រិតនៃទំហំបំណុលដែលគ្រួសារមាន ។ ការផ្តល់ជំនួយហិរញ្ញវត្ថុទៅតាមកម្រិតនៃទំហំបំណុល នឹងជួយដល់គ្រួសារដែលងាយរងគ្រោះបំផុត ឱ្យទទួលបាននូវការអនុគ្រោះភ្លាមៗ មានលំនឹងសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយសម្ពាធក្នុងការធ្វើចំណាកស្រុកម្តងទៀតដើម្បីរកប្រាក់ដោះបំណុល ។
យន្តការនេះនឹងអាចជួយដល់ស្ថាប័នហិរញ្ញវត្ថុ ឱ្យអនុវត្តវិធានការដោះស្រាយបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយការពារទាំងអតិថិជនដែលជាអ្នកខ្ចីប្រាក់ និងអ្នកផ្តល់ប្រាក់កម្ចី ក៏ដូចជាកាត់បន្ថយហានិភ័យផ្នែកសេដ្ឋកិច្ច និងសង្គម ដូចដែលបានលើកឡើងនៅក្នុងការវាយតម្លៃរបស់អង្គការ សង់ត្រាល់ ។ សកម្មភាពភ្លាមៗ អាចជួយការពារការបង្ខំចិត្តលក់ដីធ្លី ការបោះបង់ចោលការសិក្សា ការកើនឡើងនូវបំណុលដែលមិនអាចសងត្រឡប់ និងជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ និងវិស័យធនាគារនិងហិរញ្ញវត្ថុ ។
អនុសាសន៍ទី ៥ ៖ បង្រួមដំណើរការទទួលបានឯកសារផ្លូវច្បាប់ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាកស្រុកខុសច្បាប់ម្តងទៀត
របាយការណ៍វាយតម្លៃរបស់អង្គការ សង់ត្រាល់ បានបង្ហាញថា យ៉ាងតិចពាក់កណ្តាលនៃពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ មានការព្រួយបារម្ភអំពីការបង់សងបំណុលរបស់ពួកគេ ហើយពលករចំណាកស្រុកជាច្រើនដែលមិនចង់ត្រឡប់ទៅប្រទេសថៃភ្លាមៗ មានអារម្មណ៍ ឬសម្ពាធ ថាត្រូវតែត្រឡប់ទៅប្រទេសថៃវិញ ទោះបីជាប្រឈមនឹងហានិភ័យ ឆ្លងព្រំដែនខុសច្បាប់ និងរងគ្រោះពីការកេងប្រវ័ញ្ចក៏ដោយ ។
នៅក្នុងរយៈពេល ៦០ ទៅ ៩០ ថ្ងៃ ខាងមុខ នាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ គួរពន្លឿនយន្តការធ្វើឯកសារផ្តល់លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ តាមរយៈក្រុមការងារចល័ត នៅតាមបណ្តាខេត្តនានាជាប់ព្រំដែន លើកលែងកម្រៃសេវានានា សម្រាប់ពលករចំណាកស្រុកដែលត្រឡប់មកវិញ ផ្តល់នូវការលើកលែងដែលមានអំឡុងពេលផុតកំណត់ជាក់លាក់ ចំនួនមួយដង ដល់ឯកសារ ឬលិខិតអនុញ្ញាតណាដែលបានផុតសុពលភាព ផ្តល់នូវការចុះឈ្មោះជាមុនតាមប្រព័ន្ធអេឡិចត្រូនិច ការចុះបញ្ជីលក្ខណៈសាមញ្ញនៅតាមសាលាឃុំនានា និងផ្តល់នូវជំនួយផ្នែកច្បាប់នៅតាមតំបន់ ឬលេខទូរស័ព្ទទំនាក់ទំនង ។ ឆ្លើយតបនឹងការព្រួយបារម្ភរបស់ពលករចំណាកស្រុកពាក់ព័ន្ធនឹងបំណុល រាជរដ្ឋាភិបាលគួរពិចារណាកាត់បន្ថយតម្លៃក្នុងការធ្វើឯកសារ ក្នុងរយៈពេលខ្លីមួយ ដើម្បីលើកទឹកចិត្តដល់ការអនុវត្តច្បាប់ ។
យើងខ្ញុំក៏សូមអំពាវនាវឱ្យមានការពង្រីកមធ្យោបាយធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅពេលដែលការឆ្លងដែនត្រូវបានធ្វើឱ្យមានប្រក្រតីភាពឡើង ដែលរួមមានការអនុវត្តដោយរាជរដ្ឋាភិបាលទាំងសងខាង ក្នុងយន្តការជ្រើសរើសបុគ្គលិក/កម្មករដោយមិនអស់កម្រៃ និងមិនមានការបង់កម្រៃបន្ថែម ការចេញផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសពលករស្របច្បាប់ ដោយអនុវត្តវិធានការច្បាប់ចំពោះជនល្មើស ការពន្យល់សង្ខេបនូវសិទិ្ធរបស់កម្មករចំណាកស្រុកមុនពេលចាកចេញពីប្រទេស និងកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ហើយនិងការទទួលបណ្តឹងពីអ្នកដែលពាក់ព័ន្ធ ។
រាជរដ្ឋាភិបាល ក៏គួរតែចាត់វិធានការប្រឆាំងនឹងការជួញដូរមនុស្សខុសច្បាប់នៅតាមតំបន់ដឹកជញ្ជូននានា និងឃុំសង្កាត់ដែលមានហានិភ័យខ្ពស់ក្នុងការជួញដូរមនុស្ស បូករួមទាំងការពិនិត្យមើលតាមករណីជាក់លាក់ និងការបញ្ជូនទៅកាន់ស្ថាប័នដែលពាក់ព័ន្ធ ។ រាជរដ្ឋាភិបាល ក៏គួរតែកំណត់រយៈពេល ៩០ ថ្ងៃ (កាត់បន្ថយពេលវេលាធ្វើនិងផ្តល់លិខិតឆ្លងដែនជាមធ្យម ការកត់ត្រាទុកនូវចំនួនគ្រួសារដែលមានសមាជិកជាពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ ហើយរៀបចំចុះបញ្ជីនូវភ្នាក់ងារជ្រើសរើសពលករទាំងអស់ ដែលកំពុងធ្វើការនៅតាមព្រំដែន) ដើម្បីរក្សាលំនឹងគ្រួសារ និងការពារពីការកើនឡើងនៃការចំណាកស្រុកដោយខុសច្បាប់ នៅពេលក្រោយទៀត ។
បញ្ហាប្រឈមនេះ គឺជាបញ្ហាដ៏ធំដែលកំពុងធ្លាក់លើក្រុមគ្រួសារ និងស្ថាប័នជាច្រើននៅកម្ពុជា ។ រាជរដ្ឋាភិបាលគួរតែផ្តល់ការឆ្លើយតបមួយ ដែលបំពេញនូវតម្រូវការរបស់ក្រុមគ្រួសារដែលមានសមាជិកជាពលករចំណាកស្រុកដែលទើបត្រឡប់មកវិញ ។ ពួកគេមិនអាចរង់ចាំយូរបាននោះទេ ។ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមចាត់វិធានការជាបន្ទាន់ និងពិចារណាលើអនុសាសន៍ខាងលើទាំងនេះ ។ យើងខ្ញុំក៏សង្ឃឹមថាក្រុមសង្គមស៊ីវិល និងវិស័យឯកជនគួរត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការជួយដល់វិធានការនានារបស់រាជរដ្ឋាភិបាលតាមលទ្ធភាពរៀងៗខ្លួន ។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖
- អង្គការបន្ទាយស្រី
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- សម្ព័ន្ធសហជីពកម្ពុជា (CATU)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- អង្គការក្លាហាន
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
[1]https://cdri.org.kh/storage/pdf/RPN2_v2_1757326478.pdf
[2] MoLVT figure is 2.95 billion for 2024 https://english.news.cn/asiapacific/20250301/cba8216b1cda4e7d860ac64934249c2a/c.html?utm