អង្គការសង្គមស៊ីវិលស្នើឱ្យដោះលែងសកម្មជនអង្គការមាតាធម្មជាតិ
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ – យើងខ្ញុំជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលមានរាយនាមខាងក្រោម ស្នើអាជ្ញាធរឱ្យដោះលែងលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ជាសកម្មជនបរិស្ថានដែលមានសម្ព័ន្ធភាពជាមួយអង្គការមាតាធម្មជាតិដែលទើបតែត្រូវបានលុបឈ្មោះចេញពីបញ្ជីនាពេលថ្មីៗនេះ ដែលពួកគាត់ត្រូវបានឃុំខ្លួនពុំសមហេតុផលអស់រយៈពេលជាងពីរខែមកហើយទាក់ទិននឹងបទចោទគ្មានមូលដ្ឋានច្បាស់លាស់។ យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនតាមអំពើចិត្ត និងការឃុំខ្លួនពួកគាត់ជាបណ្តោះអាសន្ន ដែលទំនងជាការប៉ុនប៉ងដើម្បីបំបិទ និងដាក់ទណ្ឌកម្មទៅលើការងារស្របច្បាប់របស់ពួកគាត់ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផ្នែកបរិស្ថាន។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ខណៈកំពុងថត កប៉ាល់ធំៗចំនួនពីរគ្រឿងដែលបានបោះយុថ្កានៅឆ្នេរសមុទ្រនៅស្រុកព្រែកខ្សាច់ ខេត្តកោះកុង ដែលពួកគាត់សង្ស័យថាកំពុងដឹកខ្សាច់នាំចេញខុសច្បាប់។ មានសេចក្តីរាយការណ៍ថាការចាប់ខ្លួនពួកគាត់ធ្វើឡើងដោយផ្អែកលើបណ្តឹងចោទថាបានរំលោភលើសិទ្ធិខាងរូបភាពនៃបុគ្គល និងញុះញង់របស់លោក លី យ៉ុងផាត់ ជាអ្នកជំនួញម្នាក់ដ៏មានឥទ្ធិពលបំផុត និងមានទំនាក់ទំនងស្និទ្ធជាមួយអ្នកមានអំណាចនៅកម្ពុជា។ លោក លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុនអ៊ិលវ៉ាយភី គ្រុប និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ អ្នកទាំងពីរត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុងសាកសួរដោយពុំមានវត្តមានមេធាវី និងបន្ទាប់មកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រែកស្វាយ ខេត្តកោះកុង។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ពួកគាត់ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” (មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ) និងបទ “ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល” (មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ)។
អ្នកទាំងពីរកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅពន្ធនាគារខេត្តកោះកុង ដែលកំពុងប្រឈមនឹងការលំបាកដោយសារតែមានអ្នកជាប់ឃុំជាច្រើនកកកុញ ស្ថានភាពអនាម័យមិនល្អ និងកង្វះខាតការផ្តត់ផ្គង់គ្រឿងបរិភោគ និងសេវាមូលដ្ឋាន ដូចជា ទឹក អាហារ និងការថែទាំសុខភាព។ លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី បានឱ្យដឹងថា ពួកគាត់ត្រូវបានឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងដ៏តូចចង្អៀតទំហំតែ ៤ ម៉ែត្រការ៉េ ជាមួយជនជាប់ឃុំរួមបន្ទប់ចំនួន២០នាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ ពុំទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់ការជំនុំជម្រះក្តីនៅឡើយទេ ហើយសំណើសុំនៅក្រៅឃុំរបស់ពួកគាត់ ដែលបានដាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានតុលាការបដិសេធនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧។
មាត្រា ២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ចែងថា ការអនុវត្តការឃុំខ្លួនបណ្តោះអាសន្នអាចធ្វើទៅបានតែក្នុងករណីពិសេសប៉ុណ្ណោះ ដែលលក្ខខណ្ឌឆ្លើយតបទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ [ជាពិសេស មាត្រា ៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ]។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុងបានផ្តល់សម្អាងហេតុចំពោះការឃុំខ្លួនបណ្តោះអាសន្ននោះដោយផ្អែកទៅលើមូលដ្ឋានថា ការស៊ើបអង្កេត ‘មិនទាន់ចប់សព្វគ្រប់’។ ការផ្តល់សម្អាងហេតុនេះមិនទាន់ស្របជាមួយហេតុផលណាមួយក្នុងចំណោមមូលហេតុទាំង ៦ ដែលអាចធ្វើការឃុំខ្លួនបណ្តោះអាសន្ន ដូចមានចែងក្នុងមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌឡើយ។1 ដូច្នេះ ករណីនេះបង្ហាញថា ការឃុំខ្លួនបណ្តោះអាសន្ននោះធ្វើឡើងដោយពុំមានការពិចារណាឱ្យបានដិតដល់ ហើយអាចជាការរំលោភបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
ក្រៅតែពីផ្តល់ទឡ្ហីករណ៍ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ការចោទប្រកាន់នេះទំនងជាការប៉ុនប៉ងរបស់អាជ្ញាធរកម្ពុជា និងអ្នកដែលមានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ដើម្បីបំបិទសំឡេងសកម្មជនវ័យក្មេងទាំងនេះ ក្រុមបរិស្ថានដទៃទៀត និងប្រជាពលរដ្ឋកម្ពុជាណាដែលហ៊ាននិយាយអំពីអំពើពុករលួយ ឬការបំផ្លាញបរិស្ថាន។
សកម្មជនទាំងពីរនេះបានលើកឡើងថា ពួកគេបានថតយករូបភាពកប៉ាល់នៅទីកន្លែងបើកចំហ ពុំមែននៅលើទ្រព្យសម្បត្តិឯកជនទេ ដែលអាចបង្ហាញថាការចោទប្រកាន់ពីបទ “ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល” គឺពុំមានមូលដ្ឋានត្រឹមត្រូវឡើយ។ មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌតម្រូវយ៉ាងច្បាស់ថា “អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន” ដើម្បីគាំទ្រដល់ការចោទប្រកាន់បែបនេះ។ ម្យ៉ាងទៀត សកម្មជនទាំងពីរនាក់នោះកំពុងធ្វើសកម្មភាពឃ្លាំមើលក្នុងគោលបំណងទប់ទល់នឹងសកម្មភាពបូមខ្សាច់ខុសច្បាប់នៅក្នុងតំបន់ ដែលក្រសួងរ៉ែ និងថាមពលបានលើកទឹកចិត្តយ៉ាងច្បាស់លាស់ឱ្យតួអង្គសង្គមស៊ីវិលជួយធ្វើការងារមួយនេះ។ ដូច្នេះ ការចោទប្រកាន់ពីបទ “ញុះញង់” ដែលជាបទល្មើសព្រហ្មទណ្ឌដែលត្រូវបានអនុវត្តជារឿយៗដើម្បីបង្ក្រាបទៅលើភាពសកម្មស្របច្បាប់នៅក្នុងប្រទេសកម្ពុជានោះ ក៏ទំនងជាគ្មានមូលដ្ឋានសមហេតុផលនោះឡើយ។ ការចាប់ និងការឃុំខ្លួននេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីអង្គការមាតាធម្មជាតិបានចេញផ្សាយជាសាធារណៈនូវវីដេអូមួយដែលបង្ហាញពីតួលេខខុសគ្នាក្នុងទំហំទឹកប្រាក់ចំនួន ៣០ លានដុល្លារអាមេរិក រវាងកំណត់ត្រាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា និងតៃវ៉ាន់ទាក់ទងនឹងបរិមាណខ្សាច់ប្រភេទស៊ីលីកា និងថ្មខៀវដែលនាំចូលពីប្រទេសកម្ពុជា។
អង្គការមាតាធម្មជាតិមានប្រវត្តិធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់ប្រកបដោយជោគជ័យ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បានចេញបម្រាមហាមការបូមខ្សាច់បណ្តោះអាសន្ន បន្ទាប់ពីសកម្មជនអង្គការមាតាធម្មជាតិបានបង្ហាញពីតួលេខខុសគ្នាយ៉ាងខ្ពស់នៃរបាយការណ៍ពាណិជ្ជកម្មខ្សាច់រវាងប្រទេសកម្ពុជា និងសិង្ហបូរី។ ក្រោយមកទៀត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលបានដាក់ចេញនូវបម្រាមជាអចិន្តៃ្រយ៍លើការនាំខ្សាច់ចេញពីខេត្តកោះកុងសម្រាប់គោលបំណងសាងសង់ និងការចាក់បំពេញដីនានា។ ប្រសិទ្ធភាពការងាររបស់សកម្មជនទាំងនេះភ្ជាប់ទៅនឹងអង្គការមាតាធម្មជាតិក្នុងការលាតត្រដាងអំពីអំពើពុករលួយដែលអាចមាន និងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាននានាទំនងជាហេតុផលនាំឱ្យមានការចោទប្រកាន់ទាំងនេះ។
ការចាប់ខ្លួនលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី គឺជាចំណាត់ការចុងក្រោយក្នុងចំណោមចំណាត់ការផ្លូវច្បាប់ជាច្រើនប្រឆាំងលើសកម្មជនអង្គការមាតាធម្មជាតិ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ អង្គការមាតាធម្មជាតិត្រូវបានរដ្ឋាភិបាលលុបឈ្មោះជាផ្លូវការចេញពីបញ្ជី បន្ទាប់ពីមានសំណើមួយពីអង្គការមាតាធម្មជាតិនៅថ្ងៃទី២៣ ខែសីហា។ សកម្មជនអង្គការមាតាធម្មជាតិអះអាងថាសំណើនោះបានដាក់ទៅក្រសួងមហាផ្ទៃ ដោយក្រុមនាយកនៃអង្គការនេះដែលទំនងជាពុំមែនធ្វើឡើងដោយឯកឯង ដោយសារតែរងការយាយីពីសំណាក់អាជ្ញាធរអស់ជាច្រើនឆ្នាំ។
យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរកម្ពុជា គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សអន្តរជាតិនានា តាមរយៈការដោះលែងលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី និងធានាការគោរពពេញលេញចំពោះការសន្មតជាមុនថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដទៃទៀត។ យើងខ្ញុំក៏សូមស្នើឱ្យទម្លាក់ចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ និងផ្តល់សំណងសមរម្យទៅដល់លោក ឌឹម គុនឌី និងលោក ហ៊ុន វណ្ណៈ ដើម្បីជាការទទួលស្គាល់ចំពោះការដកហូតសេរីភាពរបស់ពួកគាត់តាមអំពើចិត្ត។
អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖
១. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
២. អង្គការវេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្ស
៣. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
៥. សហជីពកម្មករចំណីអាហារ និងសេវាកម្ម
៦. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
៧. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
៨. អង្គការជនជាតិដើមភាគតិចកម្ពុជា
៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ
១០. បណ្ដាញយុវជនកម្ពុជា
១១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
១២. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
១៣. សហព័ទ្ធអន្តរជាតិដើម្បីមនុស្ស (FIDH) ក្នុងក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
១៤. Frontline Defenders
១៥. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
១៦. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន
១៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
១៨. សមាគមឥន្ទ្រទេវី
១៩. គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
២០. អង្គការពន្លកខ្មែរ
២១. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា
២២. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT) ក្រុមក្របខ័ណ្ឌអង្កេតដើម្បីកិច្ចការពារដល់អ្នកការពារសិទ្ធិមនុស្ស
ទាញយកឯកសារ ទីនេះ
This post is also available in: អង់គ្លេស