20
មេសា

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​ជួប​ការ​លំបាក​ផ្នែក​ជីវភាព

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី ត្អូញត្អែរ​ថា ពួកគេ​ជួប​ការ​លំបាក​ក្នុង​ជីវភាព និង​នៅតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ពួកគេ​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ជម្រើស​ល្អ​បំផុត គឺ​រដ្ឋាភិបាល ត្រូវតែ​បើកផ្លូវ​ឱ្យ​ពួកគាត់​បាន​វិល​ត្រឡប់​មក​ខ្មែរ​វិញ។

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​១៧ ខែ​មេសា ថា ពួកគាត់​មិន​ទាន់​ទទួល​បាន ដំណឹង​ពី​ខាង​ស្ថានទូត​កម្ពុជា ឬ​ពី​ខាង​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្របសម្រួល​ឱ្យ​ពួកគាត់ បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។

និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ គឺ​លោក ស្លេះ សាព្រី រៀបរាប់​ថា លោក និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត នៅ​តែ​មាន​បំណង​ចង់​ទៅ​កម្ពុជា​វិញ​ឆាប់ៗ​ដដែល ព្រោះ​ថា ប្រទេស​ម៉ាឡេស៊ី បិទ​សាលារៀន​បណ្ដោះអាសន្ន និង​បិទ​កន្លែង​ការងារ បន្ត​ទៅ​មុខ​ទៀត ដើម្បី​ទប់ស្កាត់​និង​បង្ការ​ជំងឺ​កូវីដ​-១៩​។ លោក​បន្ត​ថា សម្រាប់​លោក​ជា​និស្សិត​មិន​សូវ​ជួប​ការ​លំបាក​ទេ ដោយសារ​បាន​ជួល​កន្លែង​ស្នាក់​នៅ រយៈពេល​មួយ​ឆ្នាំ និង​មាន​ជនជាតិ​ម៉ាឡេស៊ី ជួយ​ផ្ដល់​អាហារ​ហូបចុក ប៉ុន្តែ​លោក​ថា សម្រាប់​ប្រជា​ពលករ​វិញ គឺ​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ពួកគេ គ្មាន​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​ឡើយ៖ «ខ្ញុំ​សួរ​ទៅ​កន្លែង​ទិញ​សំបុត្រ​យន្តហោះ គេ​ថា ទាល់តែ​ខាង​ខ្មែរ​បើក​ឱ្យ​ទៅ បាន​យើង​ទៅ​បាន។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​។ នៅ​ពេល​នេះ ខ្ញុំ​នៅតែ​ចង់​ទៅ ប៉ុន្តែ​បើសិនជា កៀក​ថ្ងៃ​ទៀត ខ្ញុំ​អត់​ទៅ​ទេ ព្រោះ​ទៅ​គេ​ឃុំ​យើង​១៤​ថ្ងៃ​ទៀត ដូច្នេះ​ដល់​ពេល​ល្មម​មក​រៀន​នៅ​ម៉ាឡេស៊ី​វិញ»។

រីឯ​ពលការិនី​មួយ​រូប ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កញ្ញា ខុន ស្រីមុំ ថ្លែង​ថា រដ្ឋាភិបាល ម៉ាឡេស៊ី បាន​ផ្អាក​ការងារ​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​មិន​ដឹង​ពេលណា​បើក​ដំណើរ​ធម្មតា​វិញ​នោះ​ទេ​។ កញ្ញា​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​ប្រមាណ​៨០​ភាគរយ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព និង​ការរស់នៅ​។ កញ្ញា រៀបរាប់​បន្ត​ថា សម្រាប់​កម្មករ​ដែល​ធ្វើការ​តាម​រោងចក្រ អាច​នៅ​ទទួល​បាន​ប្រាក់ខែ​ខ្លះ ប៉ុន្តែ​សម្រាប់ កម្មករ​ដែល​ធ្វើការ​តាម​ផ្ទះ តាម​ភោជនីយដ្ឋាន និង​តាម​ទូក​នេសាទ គឺ​ភាគច្រើន​មិន​ទទួល​បាន ប្រាក់ខែ​នោះ​ទេ​។ កញ្ញា ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​ស្ថានទូត សម្របសម្រួល​បញ្ជូន​ពលករ​ណា​ដែល​មានបំណង​ចាក​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​កម្ពុជា​វិញ៖ «រដ្ឋាភិបាល ត្រូវ​នាំ​អ្នក​១៥០​នាក់​ទៅ​ខ្មែរ​វិញ ព្រោះ​មិន​ត្រូវ​បោះបង់​គ្នា​ចោល​នៅ​នេះ​ទេ​។ ខាង​ស្ថានទូត​ទាល់តែ​គេ​បុក​ខ្លាំង​ណាស់ បាន​មក​ជួប​ពួកគាត់​នៅ ព្រលាន​យន្តហោះ​ម៉ោង​១២ យប់ ហើយ​បាន​ឱ្យ​លុយ​គាត់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ។​ចុះបើ​គាត់​ទៅ​កន្លែង​ស្នាក់នៅ​ហើយ​ដាច់​ប៉ាស្ព័រ ហើយ​អត់​ការងារ​ធ្វើ តើ​ឱ្យ​គាត់​រស់នៅ បែប​ម៉េច​។ រដ្ឋាភិបាល​ធ្វើ​បែប​នេះ​អត់​ល្អ​ហ្មង»។

កាល​ពី​ថ្ងៃទី​៧ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ជើង​យន្តហោះ​ដឹក​ពលរដ្ឋ​ខ្មែរ ១៥០​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូវីដ​-១៩​។ លោក ណែនាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទ្រាំ​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ត​ទៀត ដោយ​លោក យល់ថា មិន​លំបាក​ដល់​ថ្នាក់​ស្លាប់​នោះ​ទេ។

ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់ទុក​ការសម្រេច​របស់​លោក ហ៊ុន សែន នេះ ថា​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ ការ​មិន​ទទួលខុសត្រូវ និង​ជា​ទង្វើ​អមនុស្សធម៌ មក​លើ​ពលរដ្ឋ​ខ្លួនឯង ដែល​ផ្ទុយ​ពី​មេដឹកនាំ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ចំណែក​លេខ​ទូរស័ព្ទ​សម្រាប់​កិច្ចការ​ពលករ និង​កិច្ចការ​កុងស៊ុល របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​មាន​អ្នកទទួល​ដែរ។ ទោះជា​យ៉ាងណា ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត បាន​បង្ហោះ​សារលិខិត​ថ្លែងអំណរគុណ​ដល់​ជនជាតិ​ម៉ាឡេស៊ី ដែល​បាន​ជួយឧបត្ថម្ភ​ស្បៀង​អាហារ និង​កន្លែង​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​រដ្ឋ​ស្លាង៉រ (Selangor) និង​ក្នុង​រដ្ឋ​ចូហូ (Johor)។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា នៅ​តែ​យល់​ថា ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំងនោះ បាន​វិល ចូល​ប្រទេស​កម្ពុជា​វិញ គឺជា​ជម្រើស​ល្អ​បំផុត ព្រោះថា ពេលនេះ​កម្ពុជា មាន​តួលេខ​ល្អ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូវីដ​និង​មិន​មាន​ករណី​ថ្មី​កើន​ឡើង​នោះ​ទេ៖ «ពួកគាត់ ទី​១ អត់​ការងារ​ធ្វើ ទី​២ អត់​ប្រាក់ចំណូល ទី​៣ គាត់​ឈប់​ជួល​ផ្ទះ ឬ​បន្ទប់​គេ​ហើយ និង​ត្រូវ​ត្រឡប់​ទៅ​រក​បន្ទប់​ជួល​វិញ វា​គឺជា​ឧបសគ្គ ទី​៤ គាត់​បាន​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ​អស់ហើយ ហើយ​អ្នកខ្លះ​មាន​បញ្ហា​សុខភាព​អី​ផ្សេងៗ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​គឺជា​បញ្ហា​ចាំបាច់​បំផុត​ហើយ​សម្រាប់​ជីវិត​របស់​ពួកគាត់។ មែនទែន គោលការណ៍ នៅ​ក្នុង​ពិភពលោក ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ ឬ​ជាតិ​សាសន៍​របស់​ខ្លួន​ទៅ​រស់នៅ​កន្លែង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ចង់​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ គឺ​គេ​អត់​ហាមឃាត់​ទេ គេ​មានតែ​លើក​ទឹក ចិត្ត​ត្រឡប់​ទៅ​មាតុប្រទេស​វិញ ដើម្បី​រដ្ឋ​នៅ​ពេល​នឹង ការពារ និង​ថែទាំ​ក្នុងនាម​ជា​ផ្ដល់​សេវា បម្រើ​សេវា​ផង និង​ជា​អាណា​ព្យាបាល​ផង»។

តួលេខ​ផ្លូវការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង ៣ ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​ក្រៅផ្លូវការ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​មិន​ក្រោម ១០​ម៉ឺន​នាក់​នោះ​ទេ ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ ពួកគេ​ភាគច្រើន​ធ្វើការ​ងារ​តាម​រោងចក្រ ធ្វើការ​ងារ​តាម​ផ្ទះ និង​ខ្លះ​ទៀត​ធ្វើការ​នៅ​លើ​ទូក​នេសាទ។

មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ចំណែក​មាត្រា​៣៥ ចែង​ថា សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​ដោយ​ហ្មត់ចត់​ដោយ​អង្គការ​រដ្ឋ៕

ប្រភព៖ អាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...