23
មេសា

វិភាគ៖ វិធាន​ការ​​ទប់​ស្កាត់​​កូ​វីដ​១៩ និង​​ជីវ​ភាព​​ពលរដ្ឋ​​មាន​​ទំនាក់​ទំនង​​គ្នា​​បែប​​ណា​​?​

បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ឬអ្នកមាន​ប្រាក់ចំណូល​ទាប មានកម្ម​ករ កសិករ និង​អាជីវករ​ជាដើម​នោះ វា​បាន​ចោទ​ជា​សំនួរ​សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ពិចារណា ដើម្បី​ឆ្លើយតបទៅនឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី ហៅ​កូ​វីដ១៩។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក ម៉ម ប៊ុ​នហេង បាន​ព្រមាន​ថា ជំងឺ​កូ​វីដ១៩ នៅជា​ហានិភ័យ​ខ្ពស់​សម្រាប់​កម្ពុជា​នៅឡើយ បើ​ពលរដ្ឋ​មិន​ស្តាប់​តាម​ការណែនាំ​របស់ក្រ​សួង និង​វិធានការ​របស់​រដ្ឋាភិបាល ។

លោក ម៉ម ប៊ុ​នហេង បញ្ជាក់​ថា សកលលោក​មិនទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​ទេ ទោះ​លោក​អះអាង​ថា ក្រសួង​បាន​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩ ជាសះស្បើយ ជាង ៩០ភាគរយ ហើយ​គ្មាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ។

លោក ម៉ម ប៊ុ​នហេង ស្តី​បន្ទោស​ដែរ​ថា អ្នក​បំពាន​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​ទៅ​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ នេះ​ថា ជា​ការប្រមាថ​ជីវិត​ខ្លួនឯង​ផង ប្រមាថ​ដល់​ជីវិត​គ្រួសារ និង​ជីវិត​ពលរដ្ឋ​ក្នុង​សហគមន៍​ផង។

ប្រហាក់​ប្រហែលគ្នា​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា កូ​វីដ១៩ កំពុង​វាយលុក​យ៉ាង​លឿន និង​ធ្ងន់ធ្ងរ​ជាង​មុន លើ​បណ្តា​ប្រទេស​មួយចំនួន​លើស​កល​លោក។

លោកស្រី​ថា សូម្បីតែ​ប្រទេស​ភូមា​ដែល​មិនធ្លាប់​កើតជំងឺ​នេះ ក៏បាន​រក​ឃើញ​ជាង ១០០ករណី និង​មាន​អ្នក​ស្លាប់​ផង​ដែរ នៅពេល​នេះ។

មន្ត្រី​សុខាភិបាល​រូប​នេះ ព្រមាន​ថា នៅពេល​ខាងមុខ កូ​វីដ១៩ នឹង​វាយលុក​ទ្រង់ទ្រាយ​ធំ​ចូល​កម្ពុជា បើ​ពលរដ្ឋបោះបង់​វិធានការការ​ពារ​ខ្លួន ហើយ​គិតថា ​កម្ពុជា​លែង​មាន​ជំ​ងឺ​នេះ​ន។

លោកស្រី​ថា៖ «ស្ថិត​ក្នុង​ដំណាក់កាល​ផុយ​ស្រួយ​នេះ ​យើង​អត់​ចង់​ឃើញ ឃើង​អត់​ចង់​ឱ្យកើតមាន​នូវ​ការ​ចម្លង​ចូល​ទៅ​ក្នុង​សហ​គម​ន៍​យើង​នោះ​ទេ។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​តែងតែបាន​ពន្យល់​ហើយ​ថា​ យើង​ស្ថិតនៅ​ក្នុង​ខ្សែបន្ទាត់ក្រហម។ អីចឹង​ ជើង​របស់​យើង​កុំ​ឱ្យឆ្លងផុត​បន្ទាត់ក្រហម​នេះ​ឱ្យសោះ»។

បើ​តាម​ក្រសួង ឥទ្ធិពល​កូ​វីដ១៩ ពេលនេះ បាន​វាល​លុក​កម្ពុជា​ក្នុង​ដំណាក់កាល​ដំបូង មានន័យថា​ ករណី​ដែល​រក​ឃើញ​អ្នក​ផ្ទុក​គឺ​ឆ្លង​ពីក្រៅ​ប្រទេស មិនទាន់​ឆ្លង​ជា​ទ្រង់ទ្រាយ​ធំ​តាម​សហគមន៍​ជា​ដំណាក់កាល​ទី៣ ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅឡើយ​ទេ។

ប៉ុន្តែ​ ពលរដ្ឋ​មាន​ប្រាក់ចំណូល​ទាប ដែល​យើង​បាន​ជួប​សម្ភាស អះអាង​ថា ពួក​គេ​ភ័យខ្លាច​ទាំង​ជំងឺ​កូ​វីដ១៩ និង​ភ័យខ្លាច​ទាំង​បញ្ហា​ក្រពះ និង​ជាប់បំណុល​ធនាគារ។

សំណួរ​ត្រង់ថា វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វីដ១៩ និង​ជីវភាព​ពលរដ្ឋ​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច​?

ការ​ព្រមាន​ផ្ទួន​ៗរបស់ក្រ​សួង​សុខាភិបាល ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ហៅ កូ​វីដ១៩ នេះ ចំ​ពេលដែល​ពលរដ្ឋ​មួយចំនួន​សម្រុក​ចេញពី​ភ្នំពេញ​ទៅ​ស្រុកកំណើត ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រឆាំង​នឹង​បម្រាម​របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​កាលពីមុន​ចូលឆ្នាំ បាន​ចេញ​វិធានការ​បិទ​ការ​ធ្វើដំណើរ​ឆ្លងខេត្ត និង​ក្រុង ជិត ១សប្តាហ៍ នូវ​អ្វី​ដែល​រដ្ឋាភិបាល​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យជំងឺ​នេះ​សម្លាប់​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​បណ្តា​ប្រទេស​មួយចំនួន​កំពុង​រងគ្រោះ។ នៅ​ប៉ុន្មាន​ថ្ងៃនេះ ក្រសួងការងារ បាន​ប្រមូល​កម្មករ កម្មការិនី ដែល​អវត្តមាន​ពី​ការងារ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ ដាក់​ពួក​គេ​ឱ្យនៅ​ដាច់ដោយឡែក ១៤ថ្ងៃ ដើម្បី​តាមដាន​សុខភាព​មុន​ឱ្យចូល​ធ្វើការ​វិញ តាម​ការ​ស្នើសុំ​របស់ក្រ​សួង​សុខាភិបាល។

អាជ្ញាធរដាក់របាំងហាមឃាត់ការធ្វើដំណើរពលរដ្ឋ នៅតាមបណ្ដាោយផ្លូវជាតិលេខ៦ រវាងខេត្តកណ្ដាល និងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌ​លសម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក មឿន តុលា មានប្រសាសន៍​ថា ការ​ត្រួតពិនិត្យ​តែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ មិន​គ្រប់គ្រាន់​ទេ ដោយ​ថា ​អ្នក​ផ្អាក​ការងារ​ និង​មុខរបរក្នុង​ពិធី​ចូលឆ្នាំ មាន​ទាំង​កម្មករវិស័យ​សំណង់ អាជីវករ និង​អ្នករក​ស៊ីក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយចំនួន​ផង​ដែរ។

លោក មឿន តុលា បង្ហាញ​ការយល់ឃើញ​ថា ការ​ដាក់​កម្មករ​ទើប​មក​ពី​ស្រុក​ឱ្យនៅ​ដាច់ដោយឡែក ១៤ថ្ងៃ​ ដើម្បី​តាមដាន​សុខភាព ជា​រឿង​ល្អ ។

ប៉ុន្តែ ​មន្ត្រីធ្វើការ​លើកកម្ពស់​សិទ្ធិ​កម្មករ​រូ​បនេះ បង្ហាញ​ការយល់ឃើញ​ថា វិធានការ​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ បើ​ក្រសួង​មិនបាន​ចុះ​ពិនិត្យ​ឱ្យបាន​ដិតដល់​នៅកន្លែង​កម្មករ​ធ្វើការ ដើម្បីឱ្យប្រាកដ​ថា រោងចក្រ​នីមួយ​ៗពិតជា​បាន​រៀបចំ​ឧបករណ៍​សុវត្ថិភាព មាន​អាល់កុល​លាងដៃ ចែក​ម៉ាស​ដល់​កម្មករ រួម​ទាំង​ការ​តម្រូវឱ្យនៅ​ឆ្ងាយ​ពីគ្នា​ជិត​ពីរ​ម៉ែត្រ​ជាដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​តគ្នា​នៃ​ជំងឺ​កូ​វីដ១៩នោះ។

លោក​ថា៖ «ការ​ធ្វើដំណើរ​ទៀត​សោ​ត ចង្អៀត​គ្នា [ជិះឡាន​] គាត់​ឈរ​ក្នុង​ឡាន វា​មិនមែន​ជា​គម្លាត​សង្គម​ទេ គ្រាន់តែ​ដកដង្ហើម ឬហិត​ដង្ហើម​គ្នា​ហ្នឹង។ បើសិនជា​យើង​មើល​អាហ្នឹង វិធានការ​ហ្នឹង​វា​ចន្លោះប្រហោង​អាហ្នឹង។ អ៊ីចឹង ​ហាក់ដូច​ដាក់​គាត់​ក្នុង​ហានិភ័យ​មួយ​ដែរ»។

អ្នកនាំពាក្យ​ក្រសួងការងារ​ លោក ហេង សួរ ឱ្យដឹង​ថា វិធានការ​ផ្តោត​លើ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​មុនគេ ដោយសារតែ​មន្ត្រី​ជំនាញ​យល់ឃើញ​ថា ជា​វិធានការ​ជួរមុខ​នៃ​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ បើ​ធៀប​ទៅ​នឹង​សហគ្រាស​ផ្សេងទៀត។

លោក​ថា៖ «គឺ​ដោយសារតែ​រោងចក្រ​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ជាង​សហគ្រាស​ដទៃទៀត។ តាម​ស្ថិតិ​ នៅ​រាជធានី​ភ្នំពេញ​យើង​នេះ ​បងប្អូន​កម្មករ​រោងចក្រ​លើស​ពី ៧០ភាគរយ​ ដែល​គា​ត់​អញ្ជើញ​មក​ពី​ខេត្ត។ រី​ឯកម្មករ​រោងចក្រ​នៅ​តាម​បណ្តា​ខេត្ត​ គឺ​លើស ៨០ភាគរយ ​គឺជា​អ្នកមាន​អសយ​ដ្ឋាន​នៅក្នុង​ខេត្ត​នោះ​ស្រាប់តែ​ម្តង»។

អ្នក​រត់​ម៉ូតូឌុប និង​កង់​បី​មួយចំនួន​ ដែល VOD បាន​ចុះ​សម្ភាស ​ពួក​គេ​អះអាង​ថា ពួក​គេ​ខ្លាចជំងឺ​កូ​វីដ១៩នេះ​នៅពេលដឹក​ភ្ញៀវ ពេល​ឮថា ​ជំងឺ​នេះ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ។ ប៉ុន្តែ​ ពួក​គេ​ថា កត្តា​ពីរ​ទៀត​ដែល​គាត់​ខ្លាច​ដែរ​នោះ គឺ​បញ្ហា​ក្រពះ និង​ជាប់បំណុល​ធនាគារ។

លោក​ថា៖ «មករ​កទាំង​ហានិភ័យ​ទេស​ព្វ​ថ្ងៃ បើ​យើង​មិន​មករ​ក អត់មាន​អី​ទិញ​ម្ហូប​ឱ្យកូន។ បើ​និយាយ​ពី​ជីវភាព​វិញ ពិបាក​លែងនិយាយ​ហើយ ព្រោះ​យើង​បង់​ធនា​គារ​ផង​អី​ផង ម្យ៉ាង​កូន​ហូបចុក​រាល់ថ្ងៃ។ វា​អត់​ទៅ​សាលា​មែន ​តែ​វា​ហូប​រាល់ថ្ងៃ។ បើ​មាន​លុយកាក់​ដូច​គេ​ មិន​មករកទេ។ អូន​ដឹង​ស្រាប់ហើយ​ មក​ទាំង​ប្រថុយ​ទេ»។

បញ្ហា​ប្រឈម​នឹង​ជីវភាព​នេះ​ដែរ ពលរដ្ឋ​មួយ​ក្រុម ​កាលពី​ថ្ងៃទី៥ ខែមេសា បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ឱ្យបើក​ច្រក​ឱ្យ​ពួក​គេ​បាន​ចូល​ទៅ​ប្រកបមុខរបរ​ក្នុងទឹក​ដី​ថៃ​ជាប់​ព្រំដែន​នេះ​វិញ ទាំង​ភាគី​ថៃ​ប្រកាស​បិទ​នៅឡើយ ដោយ​អះអាង​ថា ជីវិត​ពួក​គេ​នឹង​ស្លាប់​ដោយសារ​អត់បាយ ​មុនជំងឺ​កូ​វីដ១៩នេះ​សម្លាប់។

ក្រុម​អ្នក​តវ៉ា​ថា៖ «អត់មាន​លុយ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ភ្លើង​ឱ្យគេ ​ឱ្យជួយ​នឹកឃើញ​ផង។ កូ​រ៉ូ​ណាៗ​ហ្នឹងមក​មិនទាន់​ទេ ខ្ញុំ​នឹង​ងាប់​មុន​កូ​រ៉ូ​ណា​ហើយ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ក្រើន​រំឭក​តាម​ហ្វេសប៊ុក​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ថា៖ «ជំងឺឆ្លង​កូ​វីដ​-១៩ គឺជា​ជំងឺឆ្លង​រា​តត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ក្នុង​តែមួយ​ព​ព្រិច​ភ្នែក​ប៉ុណ្ណោះ​ វា​អាច​បង្ក​វិនាសកម្ម​បាន​យ៉ាង​ឆាប់រហ័ស​បំផុត។ មកទល់​ពេលនេះ គ្មាន​ថ្នាំលេប ​ឬចាក់​ព្យាបាល​នៅឡើយ​ទេ»។

មេដឹកនាំ​រូប​នេះ ក្រើន​រំឭក​ឱ្យប្រជាពលរដ្ឋ​យក​ជាប់​ខ្លួន​ទៅជាមួយនូវ​ម៉ាស ទឹក​អាល់កុល ដើម្បី​សម្លាប់​មេរោគ និងឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ កុំ​ឱ្យមានការ​សោក​ស្តាយ​ធ្លាក់​មក​លើ​ខ្លួន និង​ក្រុម​គ្រួសារ ដោយសារតែ​ការ​ធ្វេសប្រហែស និង​មើលស្រាលជំងឺឆ្លង​កូ​វីដ​-១៩។

លោក មឿន តុលា វិភាគ​ថា វិធានការ​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ ហៅ ​កូ​វីដ១៩ នេះ មិន​គួរ​ទុកឱ្យពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​គេច​ពី​ជំងឺឆ្លង​នេះ ទៅដេក​ស្លាប់​ដោយសារ​បញ្ហា​ក្រពះ​នោះ​ទេ។

បើ​តាម​លោក មឿន តុលា បញ្ហា​កូ​វីដ១៩ វា​បាន​ក្លាយជា​វិបត្តិ​សកល ហើយ​មេដឹកនាំ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ជួប​បញ្ហា​នេះដូច​កម្ពុជា​ដែរ​នោះ គេ​បាន​ដោះ​ស្រាយ​បណ្តើរ​ៗហើយ​ដែរ។

លោក​ថា៖ «តាមខ្ញុំ​ដឹង ​នៅ​អូស្ត្រាលី និង​នៅ​អាមេរិក​អីហ្នឹង ក្រៅពី​ប្រាក់ខែ​គេ​រក្សាទុក ​គេ​ឧបត្ថម្ភ ១២០០ដុល្លារ​ក្នុង​បុគ្គលិក​ម្នាក់​ ហើយ​បើ​ប្រពន្ធ​អត់​ធ្លាប់​បាន​ប្រាក់ខែ​ គេ​ឱ្យ ១២០០ដុល្លារ ​និង​កូន​ម្នាក់ ៥០០ដុល្លារ​ទៀត។ អាហ្នឹង​ដែលគេ​រក្សា​មនុស្ស​អត់ឱ្យបាត់​ចំណូល មាន​ចំណូល​ចាយ​គ្រប់គ្រាន់ គាត់​មិន​ប្រថុយទៅ​រកស៊ី ឬធ្វើការ​អី​មួយ​នៅ​ខាងក្រៅ​ដែល​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​ទេ»។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​មាន​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំង​កុមារ ហៅ​វិធានការ​តាមដាន​សុខភាព ដាក់​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ​សម្រាប់​អ្នក​ទៅ​ចូលឆ្នាំ​ខ្មែរ ដោយ​ផ្តោត​លើ​តែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ មិនទាន់​គ្រប់គ្រាន់​ទេ ដោយ​ថា ​កម្មករ​ច្រើន​វិស័យ​បាន​សម្រុក​ទៅ​ស្រុកកំណើត​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ​នេះ។

ប៉ុន្តែ​ អ្នកមាន​ជំនាញ​ផ្នែក​កសិកម្ម​រូប​នេះ ចាត់ទុកថា ពលរដ្ឋ​គ្រប់រូប​គួ​រតែ​យល់ដឹង​ និ​ងរួម​គ្នា​ទប់ស្កាត់​កុំ​ឱ្យមាន​រលក​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នេះ ​ខណៈ​ពិភពលោក​មិនទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​នៅឡើយ​នោះ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ វិភាគ​ថា ឥទ្ធិពល​កូ​វីដ១៩ វា​ជំរុញ​ឱ្យពលរដ្ឋ​ប្រឈម​បញ្ហា​ធំ៣ គឺ​ភ័យខ្លាច​ឆ្លង​ជំងឺ ភ័យ​ខ្លា​ចគ្មាន​លុយ​សង​ធនាគារ និង​ខ្លាច​ដាច់​ស្បៀង។

បើ​តាម​លោក យ៉ង សាំង​កុមារ បញ្ហា​ប្រឈម​ទាំងនេះ វា​ចាំបាច់ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​ផង និង​ត្រូវ​មាន​ទិ​ន្នន័យស​ម្រាប់​ត្រៀម​ដោះស្រាយផល​ប៉ះពាល់​សង្គម​ផង។

លោក​ថា៖ «មាន​ទិ​ន្នន័យដើម្បី​ងាយ​ស្រួយ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ ដើម្បី​រដ្ឋ​ត្រៀម​ថា ​ខែ៥ជួយ​ប៉ុន្មាន​ ខែ៦ជួយ​ប៉ុន្មាន​ ទាក់ទង​រឿង​បំណុល​អីហ្នឹង។ ពិសេស​គ្រួសារ​នៅ​តាម​ជនបទ​ជិត ២លាន​ហ្នឹង​ ដែល​ជំពាក់បំណុល​ហ្នឹង​[…] អាហ្នឹង​វា​ឆ្លង​ទាំងអស់គ្នា ពី​ជំងឺ​ទៅ​សេដ្ឋកិច្ច ពី​សេដ្ឋកិច្ច​ឆ្លង​ទៅដល់​ប្រព័ន្ធ​ធនាគារ»។

វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​វិស័យ​បាត់បង់​ចំណូល ទាំងស្រុង និង​ខ្លះ​មួយ​ផ្នែក ដូចជា វិស័យ​កាត់ដេរ សណ្ឋាគារ ដឹក​ញ្ជូន លក់ដូរ​ម្ហូបអាហារ សេវាកម្ម​កម្សាន្ត បូករួម​ទាំង​ពលរដ្ឋខ្មែរ​មក​ពី​ថៃ​រាប់​ម៉ឺន​នាក់ ​ក៏​កំពុង​បាត់បង់​ការងារ​ដែរ​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...