កម្មករ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​យូរ ខណៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់តែ​ខិតជិត​មក​ដល់

26
កក្កដា

កម្មករ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​យូរ ខណៈ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កាន់តែ​ខិតជិត​មក​ដល់

ក្រុមកម្មករ​រោងចក្រ​មួយ​ចំនួន ចាប់ផ្ដើម​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​យូរ ឬ​ជា​រៀងរហូត ដោយសារ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប នឹង​ចាប់ផ្ដើម នៅ​រយៈពេល​២​សប្ដាហ៍​ខាងមុខ​ទៀត។ សហជីព ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វះស្វែង​ដោះស្រាយ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​EBA ដែលជា​ប្រយោជន៍​របស់​កម្មករ​។​

ក្រុម​កម្មករ​ខ្លះ និយាយ​ថា ពួកគេ​ទើប​ទទួល​បាន​ការងារ​វិញ ក្រោយ​ការព្យួរ​ការងារ​ច្រើន​ខែ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ (-19) ដូច្នេះ ពួកគេ​មិន​ចង់​បាត់បង់​ការងារ​ធ្វើ​ម្ដងទៀត​ទេ ខណៈ​កម្មករ​ខ្លះ​ទៀត ព្រួយ​បារម្ភ​ថា ការផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ នៅពេល​ខាងមុខ ដ៏​ខ្លី​នេះ នឹង​ប្រឈម​បាត់បង់​ការងារ ហើយ​ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​ជួប​វិបត្តិ។

កម្មការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ ជា ស៊ីណាត (CHEA SINAT GARMENT CO., LTD) នៅ​ខណ្ឌ​ច្បារអំពៅ លោកស្រី អែម លីលី ប្រាប់​ថា ការបាត់បង់​ការងារ​ធ្វើ​រយៈពេល​៣​ខែ​កន្លងមក បណ្ដាល​ឱ្យ​លោកស្រី ធ្លាក់​ជីវភាព​ដុនដាប ដូច្នេះ​លោកស្រី មិន​ចង់​បាត់បង់​ការងារ​ធ្វើ​ម្ដងទៀត ដោយសារ តែ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ទេ​។ កម្មការិនី​រូបនេះ សំណូមពរ រដ្ឋាភិបាល រក​វិធី​ទប់​ទល់នឹង​វិបត្តិ​មួយ​នេះ ដោយ​ត្រូវតែ​ធានា​ពី​និរន្តរភាព​ការងារ និង​អត្ថប្រយោជន៍​របស់​កម្មករ ឱ្យ​បាន នៅ​ពេល​ដែល​បណ្ដោយ​ឱ្យ​បាត់បង់ EBA នៅពេល​ខាងមុខ៖

«​កំពុងតែ​កង្វល់​ថា មាន​ការ​ងារ​អត់​ទាន់​បាន​មួយខែ​ទេ ដល់ពេល​ឥឡូវ​គេ​កាត់​EBA ហ្នឹង​ទៀត ត្រូវ​អត់​ការងារ​ធ្វើ​ទៀត​។ តើ​ខ្ញុំ​ទៅរក​ការងារ​ឯណា​បាន​ធ្វើខ្ញុំ​អត់​ដឹងថា ត្រូវធ្វើ​យ៉ាង​ម្ដេច​ទេ ព្រោះ​ដោយសារ​អ្វី វា​ប៉ះពាល់​ច្រើន​កន្លែង​អ៊ីចឹង​ណា​បង ព្រោះ​អ្វី​អត់លុយ​អត់​កាក់ ហើយ​ជួល​ផ្ទះ​គេ​ផង អ្វី​ផង ហើយ​ទើប​ធ្វើការ​បាន​មួយខែ មិន​ទាន់​បាន​បើក​(​លុយ​ផង គេ​តម្រូវ ត្រូវ​កាត់​(EBA) បាត់​ទៀត​។ វា​ពិបាក​ណាស់ ព្រោះ​អ្វី​រោងចក្រ​គេ​ក៏​ប៉ះពាល់ យើង​ក៏​ប៉ះពាល់»។

កម្មការិនី​ម្នាក់ទៀត ធ្វើការ​នៅ​រោងចក្រ​ប័ររី អាប់ភើរ៉ែល (BERRY APPAREL (CAMBODIA) CO., LTD.) នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ លោកស្រី ឡេង សីហា ដែល​ទើបតែ​បាន​ចូលធ្វើ​ការងារ​វិញ នៅ​ដើមខែ​កក្កដា​នេះ ក៏​ព្រួយបារម្ភ​ពី​ការបាត់បង់​ការងារ​ជាថ្មីទៀត​ដែរ ដោយសារ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ តំណាង​កម្មករ​រោងចក្រ​ប័ររី អាប់ភើរ៉ែល រូបនេះ ចង់​ឱ្យ​រដ្ឋាភិបាល ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស តាម​ការចង់បាន​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែលជា​ប្រយោជន៍​ធំ​បំផុត​របស់​កម្មករ​៖

«ប្រហែលជា​ព្យួរ​ទៀត ព្រោះ​ពីមុន​ថៅកែ​យើង ប្រាប់​២​ជំហាន​ដែរ។ ថៅកែ​ប្រជុំ​ប្រាប់​ថា វា​ប៉ះពាល់​នឹង​អត្ថប្រយោជន៍​និយោជក និយោជក​ទៅ​អត់​រួច ពួកគាត់​អាច​ព្យួរ ឬក៏​បិទ​រោងចក្រ​។ អ៊ីចឹង ពួក​ខ្ញុំ គិត​ថា ព្រួយបារម្ភ​ខ្លាំង សម្រាប់​ការបិទ​EBA ហ្នឹង​ទៀត​។ ពួក​ខ្ញុំ ព្រួយ​មែនទែន ដោយសារ​កម្មករ​វា​ច្រើន​ម៉ឺន​នាក់​ដែរ អត់​ការងារ​ធ្វើ​។ បង​ជួយ​ផ្សាយ​ព័ត៌មាន​ហ្នឹង ដើម្បី​ឱ្យ​ដល់​សម្ដេច (​ហ៊ុន សែន​ឱ្យ​គាត់​ជួយ​មកដល់​ប្រទេស​ខ្មែរ​យើង ព្រោះ​កម្មករ​យើង​ពិបាក​ខ្លាំង​ណាស់ណា​បង»។

ចំណែក​កម្មករ​កំពុង​តវ៉ា​វិវាទ​ការងារ ជាមួយ​ថៅកែ​រោងចក្រ​សឺពីយ៉ា (SEPIA (CAMBODIA) GARMENT CO., LTD.) នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ គឺ លោក ហោ វាសនា ព្រួយបារម្ភ​ថា ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​កាន់​ខាត​ប្រយោជន៍ កម្មករ ដែល​កំពុងមាន​វិវាទ​ការងារ​។ កម្មករ​រូប​នេះ ចង់​ឱ្យ​រដ្ឋាភិបាល បង្ហាញ​យុទ្ធសាស្ត្រ​ស្ដារ​ជីវភាព​កម្មករ ប្រសិនបើ​រង​វិបត្តិ​ការងារ ដោយសារ​EBA បន្ថែម​លើ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ (Covid-19) ក្នុង​ពេល​បច្ចុប្បន្ន៖

«សង្ឃឹម​ភាគតិច​ដែលមាន​ការងារ​ធ្វើ​ទៀត​បង (​ពេល​ដក​EBA) សង្ឃឹម​ភាគតិច SEPIA​។ ស្រុក​ខ្មែរ​យើង ពិបាក​រក​ការងារ​ធ្វើ​ណាស់​ឥឡូវ​។ ភាគច្រើន គេ​ទាល់​តែមាន​ខ្សែរយៈ​ទើបបាន​ចូល (​ធ្វើការ​រោងចក្រ​)​។ ជួនកាល​ទៅ​អ្នក​ខ្លះទៅ គេ​សូកលុយ​សូក​អ្វី​ទៅ ទើបបាន​ចូល​។ បើ​និយាយ​ពី​(​រោងចក្រ​)​តាម​ជនបទ​វិញ សូកលុយ ប្រាំ ប្រាំមួយរយ (​ដុល្លារ​ទើប​បាន​ចូល​។ អ៊ីចឹង​ពិបាក​ណាស់»។

សហភាព​អឺរ៉ុប នឹង​ចាប់ផ្ដើម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០​ភាគរយ ស្មើនឹង​ទឹកប្រាក់​ជាង​មួយ​ពាន់​(១.១០០) លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃទី​១២ ខែសីហា ខាងមុខនេះ​។ ថ្វីត្បិតតែ​ភាគី​រដ្ឋាភិបាល ធ្វើ​ដូច​គ្មាន​ការព្រួយបារម្ភ ពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ប៉ុន្តែ​តំណាង​ថៅកែ​រោងចក្រ​នៅ​កម្ពុជា មានការ​បារម្ភ​ខ្លាំង​ពី​វិបត្តិ​នេះ និង​តែងតែ​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប ពិចារណា​ឡើងវិញ ម្ដង​ហើយ​ម្ដងទៀត។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​ព្យាករណ៍​ថា កម្មករ​ខ្ទង់​ជិត​មួយ​លាន (៧៥០ ០០០)​នាក់​នឹង​ប្រឈម​ភាព​អត់​ការងារ​ធ្វើ នៅពេល​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន​២០​ភាគរយ ហើយ​នៅពេលនោះ ក្រុមគ្រួសារ​របស់​កម្មករ ខ្ទង់​បី (៣)​លាន​នាក់​ផ្សេងទៀត នឹង​ទទួលរង​ផលប៉ះពាល់ ពី​វិបត្តិ​នេះដែរ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បរាជ័យ ក្នុង​ការសុំ​សហភាព​អឺរ៉ុប ពន្យារពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ៣​ដង​រួចមក​ហើយ។

ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ សូអៀង លើកឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ដើម​ខែ​មិថុនា ថា អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជាទិញ​ថែមទៀត ហើយនឹង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ការងារ​សម្រាប់​កម្មករ ហើយ​ឱកាស​ការងារ​នេះ នឹង​បាត់បង់ ជា​រៀងរហូត មិន​វិល​ត្រលប់​មកវិញ ជាដាច់ខាត​។ លោក វ៉ាន់ ស៊ូអៀង បន្តថា បើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ធ្វើ​ឡើង​តាម​ការកំណត់ ក្នុង​ខែសីហា​ខាងមុខ​នេះ វិស័យ​កាត់ដេរ នៅ​កម្ពុជា នឹង​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ពីមុនមក។

ជុំវិញ​ករណីនេះ អាស៊ីសេរី មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា លោក ខេន លូ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានទេ នៅ​ថ្ងៃទី​២៦ កក្កដា។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ (NTUC) លោក ហ្វា សាលី ទទួល​ស្គាល់​ថា បើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​២០​ភាគរយ នៅ​ខែសីហា​ខាងមុខនេះ ធ្វើឡើង​មែន នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​បន្ថែម​ទៀត លើ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក ហ្វា សាលី ជំរុញ​ឱ្យ​រដ្ឋាភិបាល រិះរក​មធ្យោបាយ​ជួយ​កម្មករ ចេញពី​វិបត្តិ​នេះ និង​ចង់​ឱ្យ​គណបក្សប្រឆាំង ជួយ​អន្តរាគមន៍​ទៅ​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៖

«អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្សប្រឆាំង គួរតែ​បន្ធូរបន្ថយ​ដូចគ្នា​។ គួរតែ​យោគយល់​ដូចគ្នា​។ ជួយ​ដល់ក​ម្មករ កម្មការិនី​ខ្មែរ ស្នើ​ដល់​សហគមន៍​អឺរ៉ុប​ឱ្យ​បន្ត​ឡើងវិញ​។ កុំ​ឱ្យ​មាន​គំនុំគុំកួន​នឹង​គ្នា​។ ដោះស្រាយ​បញ្ហា​សំខាន់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ កម្មករនិយោជិត និង​ប្រជាជន​ទាំងមូល​តែម្ដង»។

ប៉ុន្តែ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គ​ការសង់​ត្រា​ល់ (CENTRAL) លោក ឃុន ថា​រ៉ូ អះអាង​ថា គ្មាន​នរណាម្នាក់ ឬ​ស្ថាប័ន​ណាមួយ អាច​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប មិន​ឱ្យ​ផ្ដាច់​EBA បានទេ ក្រៅពី​រដ្ឋាភិបាល​កម្ពុជា ព្រោះ​អឺរ៉ុប រក​ឃើញ​ថា រដ្ឋាភិបាល​បាន​រំលោភសិទ្ធិ​កម្មករ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិ​ការងារ​រូបនេះ បញ្ជាក់ថា មានតែ​ឆន្ទៈ​នយោបាយ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​កម្មករ សិទ្ធិមនុស្ស តាម​ការចង់បាន​រប​ស់​សហភាព​អឺរ៉ុប​តែមួយគត់ ទើប​អាចធ្វើ​ឱ្យ​អឺរ៉ុប បន្ត​ការអនុគ្រោះ​ពន្ធ ដល់​កម្ពុជា៖ 

«បើសិនជា​ចង់​ដោះស្រាយ​មែន វា​មានតែ​ឆន្ទៈ​នយោបាយ ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាងដើម ថា​សម្បទាន​គ្នា ហើយ​ស្វែងរក​ដំណោះស្រាយ ហើយ​ចរចា​គ្នា ដើម្បី​កសាង​នូវ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឡើងវិញ ឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​គ្រប់គ្រាន់ ដើម្បី​មក​កសាង​សេដ្ឋកិច្ច ឱ្យ​ប្រជាពលរដ្ឋ កម្មករ​ហ្នឹង មានការ​ងារ​ធ្វើ​។ អាហ្នឹង ជា​កត្តា​សំខាន់»។

របាយការណ៍​របស់​សហភាព​អឺរ៉ុប បង្ហាញថា ការ​នាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អឺរ៉ុប កាលពី​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ជាង​ប្រាំ​ពាន់ (៥,៨) លាន​ដុល្លារ ក្នុង​នោះ​ផលិតផល​សំលៀកបំពាក់ មាន​ច្រើន​ជាងគេ គឺ ៧៣៤%​ភាគរយ ផលិតផល​ស្បែកជើង ១២,៧% ភាគរយ ផលិតផល​កង់ ៥,៧​ភាគរយ និង​អង្ករ​បី​ភាគរយ ជាដើម៕

ប្រភព៖RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...