កម្មកររោងចក្រ ផេកធីក តវ៉ាទាមទារឲ្យថៅកែទទួលយកតំណាង និងសហជីពចូលធ្វើការវិញ
កម្មករនិយោជិកធ្វើការនៅរោងចក្រ ផេកធីក ខេមបូឌា (Pactics Cambodia) ប្រមាណជា៣០០នាក់ ប្រមូលផ្តុំគ្នាតវ៉ា ដោយមានកាន់បដា និងឈរជាជួរនៅខាងមុខរោងចក្រនេះ ទាមទារឲ្យថៅកែរោងចក្រទទួលយកមេដឹកនាំសហជីព ១រូប និងសកម្មជនសហជីព ១រូបឲ្យចូលធ្វើការវិញ បន្ទាប់ពីថៅកែបានបណ្ដេញពួកគេចេញពីការងារកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។ ការតវ៉ានៅថ្ងៃទី ២៨សីហានេះ ក្រុមកម្មករក៏ទាមទារឲ្យថៅកែរោងចក្រគោរពតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលសម្រេចឲ្យរោងចក្រនេះ បើកប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងឆ្នាំ២០២០ដល់កម្មករនិយោជិកទាំងអស់ក្នុងរោងចក្រដែរ។ ក្រៅពីនេះ ក្រុមកម្មករ និងសហជីពទាមទារឲ្យរោងចក្រនេះ ផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករទាំងអស់យោងតាមប្រកាសរបស់ក្រសួងការងារ។
ទោះយ៉ាងណា រោងចក្រ ផេកធីក ខេមបូឌា ខេត្តសៀមរាបបានប្តឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីថ្ងៃទី២៨ កក្កដា ២០២០។
រោងចក្រ ផេកធីក ខេមបូឌា ផលិតវ៉ែនតា កាបូបស្ពាយ កាបូបទិញអីវ៉ាន់ សំលៀកបំពាក់កីឡា និងវ៉ាលីដាក់សំលៀកបំពាក់ជាដើម ដែលផលិតផលទាំងនេះ ត្រូវនាំចេញទៅសហរដ្ឋអាមេរិក និងសហភាអឺរ៉ុប ជាដើម។ រោងចក្រ ផេកធីក ខេមបូឌា មានទីតាំងនៅ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីសិទ្ធិការងារមកពីអង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ ជំរុញឱ្យ រដ្ឋាភិបាលត្រូវតែចាត់វិធានការឲ្យរោងចក្រ នេះអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រោះកម្មករប្រមាណជា៣០០នាក់នោះ កំពុងប្រឈមនឹងបញ្ហាជីវភាព លោកអះអាងថា រដ្ឋាភិបាលក៏ត្រូវតែជំរុញ រោងចក្រ ឱ្យទទួលយកថ្នាក់ដឹកនាំសហជីព ចូលធ្វើការវិញ ដើម្បីបង្ហាញថា រោងចក្រ និងរដ្ឋាភិបាលពិតជាចូលរួមលើកកម្ពស់សិទ្ធិក្នុងការចូលរួមសហជីព ដោយសេរីនិងយុត្តិធម៌៕
ប្រភព៖ RFA