ម៉ាឡេស៊ីតម្រូវឱ្យពលរដ្ឋខ្មែរបង់ជាង ១ ០០០ ដុល្លារ សម្រាប់ធ្វើចត្តាឡីស័ក
ភ្នំពេញៈ ប្រជាពលរដ្ឋ សិស្ស-និស្សិត ព្រមទាំងពលករខ្មែរដែលធ្វើដំណើរចូលក្នុងប្រទេសម៉ាឡេស៊ីត្រូវបានតម្រូវឱ្យបង់ថ្លៃធ្វើចត្តាឡីស័កជាង ១០០០ ដុល្លារអាមេរិក សម្រាប់អ្នកដំណើរម្នាក់ ប៉ុន្តែការបង់នេះមិនត្រូវបានអនុវត្តចំពោះអ្នកដែលបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះឡើយ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងកាលពីសប្តាហ៍មុនទៅដល់ប្រជាពលរដ្ឋខ្មែរ ដែលជាសិស្ស-និស្សិត ពលករ-ពលការិនី រួមទាំងអ្នកដែលមានទីលំនៅអចិន្រៃ្តយ៍ ឬបណ្តោះអាសន្ននៅប្រទេសម៉ាឡេស៊ី ហើយមានបំណងធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ីវិញ ក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរជាមួយលក្ខខណ្ឌបន្ទូរបន្ថយ (Recovery Movement Control Order-MCO) ត្រូវបង់ថ្លៃធ្វើចត្តាឡីស័ក (Quarantine)។
ស្ថានឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ តទៅ ជនបរទេសទាំងអស់ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កចំនួន ៤ ៧០០ រីងហ្គីត ឬប្រមាណជា ១ ១៥០ ដុល្លារអាមេរិក សម្រាប់អ្នកដំណើរម្នាក់ ហើយថវិកានេះត្រូវជូនមន្ត្រីនៃក្រសួងសុខាភិបាលម៉ាឡេស៊ីដែលប្រចាំការនៅច្រកចេញចូលអន្តរជាតិនានារបស់ប្រទេសម៉ាឡេស៊ី»។
ការបង់ថ្លៃសម្រាប់ធ្វើចត្តាឡីស័កនេះមិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូចជាអ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកការទូត។
ស្ថានទូតកម្ពុជាបានបង្ហាញនូវតម្លៃលម្អិតនៃការធ្វើចត្តាឡីស័កមានថ្លៃប្រតិបត្តិការធ្វើចត្តាឡីស័កតម្លៃ ២ ៦០០ រីងហ្គីត ឬប្រមាណជា ៦២៣,៦៥ ដុល្លារអាមេរិក ថ្លៃស្នាក់នៅធ្វើចត្តាឡីស័កមានតម្លៃ ១៥០ រីងហ្គីត ឬប្រហែល ៣៦ ដុល្លារអាមេរិកក្នុង ១ យប់ និងថ្លៃស្នាក់នៅសម្រាប់ស្វាមី/ភរិយា ឬកូនមានអាយុតិចជាង ១២ ឆ្នាំដែលនៅបន្ទប់ជាមួយគ្នាត្រូវបង់ថ្លៃ ៥០ រីងហ្គីត ឬប្រមាណជា ១២ ដុល្លារអាមេរិកក្នុង ១ យប់។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា កម្ពុជាមិនទាន់បើកជើងហោះហើរត្រង់ពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី ឬពីប្រទេសម៉ាឡេស៊ី មកកម្ពុជាទេ ប៉ុន្តែអាចប្រហែលជាមានគោលដៅក្នុងការបើកជើងហោះហើរត្រង់ឡើងវិញហើយទើបបានជាមានការជូនដំណឹងបែបនេះ។
បើទោះបីជាមិនទាន់មានការហោះហើរត្រង់រវាងប្រទេសទាំង ២ នេះមែន ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាអាចទៅប្រទេសម៉ាឡេស៊ីបានតាមផ្លូវផ្សេង ដោយឆ្លងកាត់ប្រទេសកូរ៉េ ឬប្រទេសសិង្ហបុរី ដើម្បីទៅដល់ប្រទេសម៉ាឡេស៊ី។
ទាក់ទងនឹងការតម្រូវឱ្យប្រជាពលរដ្ឋខ្មែរបង់ថ្លៃធ្វើចត្តាឡីស័កនេះ មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិមនុស្ស និងការងារហៅកាត់ថា សង់ត្រាល់ (CEN-TRAL) លោក ឃុន ថារ៉ូ បានឱ្យដឹងថា ជាទូទៅនៅក្នុងស្ថានភាពកូវីដ ១៩ នេះ មានពលករខ្មែរមិនច្រើនទេ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដែលភាគច្រើនអ្នកដែលវិលមកវិញជាសិស្ស-និស្សិត ឬប្រជាពលរដ្ឋទូទៅ ដែលពួកគាត់មានភារកិច្ចផ្ទាល់ខ្លួនជាដើម ប៉ុន្តែសម្រាប់ពលករខ្មែរមួយចំនួន ដែលត្រូវត្រឡប់ទៅវិញដោយសារជាប់កិច្ចសន្យាការងារនឹងជួបការលំបាកលើបន្ទុកនៃការចំណាយលើការបង់ថ្លៃធ្វើចត្តាឡីស័កនេះ។
លោក ឃុន ថារ៉ូ ថ្លែងថា៖ «វាប្រាកដជាពិបាកសម្រាប់ពលករខ្មែរយើង ដែលត្រូវត្រឡប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញដែលការចំណាយបន្ថែមនេះ ជាបន្ទុកមួយទៀតសម្រាប់ពួកគាត់ ហើយអ្នកដែលមានការខ្វះខាតគឺអាចខ្ចីបុលមីក្រូហិរញ្ញវត្ថុ ឬពីអ្នកចងការប្រាក់ក្រៅប្រព័ន្ធ សម្រាប់ចំណាយថ្លៃនេះ»។
មន្ត្រីអង្គការរូបនេះបានលើកឡើងថា ក្នុងស្ថានការណ៍បែបនេះ ប្រសិនបើរាជរដ្ឋាភិបាលចង់ជំរុញ ឬធានាឱ្យពួកគាត់មានលទ្ធភាពត្រឡប់ទៅវិញ លុះត្រាតែបង្កើតការជជែករវាងប្រទេសទាំង ២ ដោយបង្កនូវលក្ខខណ្ឌឱ្យពលករខ្មែរដែលត្រូវត្រឡប់ទៅវិញហើយការចំណាយនោះជាការចំណាយទៅលើទីភ្នាក់ងារជ្រើសរើសពលករ ឬជាការអនុគ្រោះផ្សេងទៀតដល់ពួកគាត់ទើបពួកគាត់អាចមានលទ្ធភាពវិលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញបាន ប៉ុន្តែប្រសិនបើឱ្យការចំណាយនេះជាបន្ទុករបស់ពលករនោះវាជាការពិបាកសម្រាប់ពួកគាត់៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស