ពលករខ្មែរធ្វើការនៅម៉ាឡេស៊ី ខកចិត្តចំពោះមន្រ្តីស្ថានទូតខ្មែរមិនអើពើទុក្ខលំបាករបស់ពួកគេអំឡុងពេលរាតត្បាតជំងឺកូវីដ១៩
ប្រភព៖ RFA
ពលករខ្មែរធ្វើការនៅម៉ាឡេស៊ីជាច្រើននាក់ ខកចិត្តចំពោះមន្រ្តីស្ថានទូតខ្មែរប្រចាំប្រទេសនេះ ដែលព្រងើយកន្តើយចំពោះទុក្ខលំបាករបស់ពួកគាត់អំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។ ការលើកឡើងនេះ ដោយសារពលករខ្មែរទាំងនេះកំពុងខ្វះខាតស្បៀងអាហារ និងបាត់បង់ការងារធ្វើជាច្រើនខែមកនេះ ប៉ុន្តែពុំឃើញមន្រ្តីស្ថានទូតខ្មែរជួយអន្តរាគមន៍ដល់ពួកគាត់នោះទេ។ មន្រ្តីសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលកម្ពុជារៀបចំគោលនយោបាយផ្តល់ស្បៀងអាហារនិង តម្រូវការនានាដល់ពលករខ្មែរនៅក្រៅប្រទេស ដើម្បីឆ្លើយតបបន្ទាន់ជុំវិញទុក្ខកង្វល់របស់ពួកគេឱ្យទាន់ពេលវេលា ។
ពលករខ្មែរជាច្រើននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងដាច់ស្បៀងអាហារ គ្មានលុយថ្លៃបន្ទប់ជួល ស្របពេលរដ្ឋាភិបាលប្រទេសមួយនេះ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្តជាងបីខែមកហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ក្រុមពលករខ្មែរទាំងនេះ មិនដឹងទៅរំពឹងស្ថាប័នណាដើម្បីជួយចំលែកទុក្ខកំបាកដែលកំពុងយ៉ាប់យ៉ឺននេះទេ។
ពលការិនីមានស្រុកកំណើតនៅខេត្តសៀមរាបកញ្ញា សុត យ៉េច រៀបរាប់ប្រាប់អាស៊ីសេរីថា កញ្ញាបានមកធ្វើការនៅប្រទេសម៉ាឡេស៊ីរយៈពេល៧ឆ្នាំមកហើយ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ និងសងបំណុលធនាគារនៅស្រុកកំណើត។ កញ្ញាបន្តថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩មក កញ្ញាបាត់បង់ការងារស្ទើរទាំងស្រុង ដែលបច្ចុប្បន្នកញ្ញាកំពុងប្រឈមការខ្វះខាតស្បៀងអាហារ និងគ្មានលុយបង់ថ្លៃបន្ទប់ និងថ្លៃទឹកភ្លើងប្រមាណ ៤៥០ រីងហ្គីត ឬជិត ១២០ ដុល្លារអាមេរិកក្នុងមួយខែ។ កម្មការិនីរូបនេះអះអាងថា រហូតមកដល់ពេលនេះ កញ្ញាមិនដែលឃើញមន្រ្តីស្ថានទូតខ្មែរចុះជួយកម្មករដែលកំពុងខ្វះខាតទេ ខណៈដែលកន្លងមកពលករខំធ្វើការបង់ពន្ធជូនរដ្ឋ៖ «ខ្ញុំអស់ការជឿជាក់លើស្ថានទូត គាត់ដោះស្រាយឱ្យខ្ញុំអត់ចេញ ជួលកាលរឿងខ្លះខ្ញុំអត់ចង់ប្តឹងទៅស្ថានទូតមានរឿងមានហេតុអីដូចថា អត់មានដំណោះស្រាយសម្រាប់ពលករទេ ស្ងាត់ឈឹង រាល់ថ្ងៃខ្ញុំអស់ទំនុកចិត្តទៅលើរដ្ឋាភិបាលអត់មានទំនួលខុសត្រូវចំពោះពួកខ្ញុំដែលមកធ្វើការនៅក្រៅប្រទេស មកខុសច្បាប់ខ្ញុំអត់និយាយទេ តែខ្ញុំមកដោយស្របច្បាប់ ខ្ញុំបង់ពេញទាំងអស់ តែយ៉ាងណាគួរយកចិត្តទុកដាក់ជាមួយពួកខ្ញុំ»។
ស្រដៀងគ្នានេះដែរ ពលការិនីធ្វើការនៅម៉ាឡេស៊ីម្នាក់ទៀតលោកស្រី ថត សាលី រៀបរាប់ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ ខែសីហា ថាលោកស្រីនិងប្តីមកធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ជាង ៤ ឆ្នាំ ប៉ុន្តែគ្រួសាររបស់លោកស្រី គ្មានសេសសល់ប្រាក់សម្រាប់ទុកហូបចុកអំឡុងពេលវិបត្តិជំងឺកូវីដនេះទេ។ ពលការិនីនៅខេត្តត្បូងឃ្មុំរូបនេះត្អូញត្អែរថា គ្រួសារលោកស្រីនិងពលករខ្មែរដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នាកំពុងជួបបញ្ហាជីវភាពដូចៗគ្នា ដែលត្រូវការជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងអង្គការមនុស្សធម៌ជាបន្ទាន់។ ពួកគាត់ មិនអាចចេញពីបន្ទប់ជួលដើម្បីស្វែងរកការងារធ្វើដូចមុនទេ ដោយសាររដ្ឋាភិបាលម៉ាស៊ី កំពុងអនុវត្តវិធានការបិទខ្ទប់ប្រទេសនេះជាច្រើនខែមកហើយ៖ «យើងនៅសុំអង្វរម្ចាស់ផ្ទះគេសិនហ្នឹង អង្វរដូចជាយើងឆ្លៀតបានកន្លែងនេះបន្តិចកន្លែងនោះបន្តិច គេហៅមួយថ្ងៃទៅ ធ្វើទាំងខុសច្បាប់តែបើចង់ទៅខ្មែរវិញយើងកូនភ្លោះចឹងទៅឥឡូវនេះសំបុត្រយន្តហោះវាថ្លៃម្នាក់ ៣ពាន់រីងហ្គីត ហើយកូនតូចគេទារ ២ពាន់ ៦រយរីហ្គីតហើយយើងមានលុយណាទៅខ្មែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង និងមន្រ្តីទទួលបន្ទុកការងារស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ីលោក លី ហា ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ ខែសីហា។
ជុំវិញរឿងនេះ មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារលោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករចំណាកស្រុកនៅក្រៅប្រទេស កំពុងជួបទុក្ខលំបាកផ្នែកជីវភាពដែលស្ថានភាពនេះរដ្ឋាភិបាលគួរផ្តល់ស្បៀងហារដល់ពួកគេកំពុងខ្វះខាតជាមុនសិន។ លោកថា រដ្ឋមានកាតព្វកិច្ចធានានូវសិទ្ធិរស់រានមានជីវិតដល់ពលរដ្ឋគ្រប់រូបដែលធានាដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកសង្កេតឃើញថា រដ្ឋាភិបាលពុំទាន់មានរៀបចំគោលនយោបាយជួយដល់ពលករចំណាកស្រុកក្រៅប្រទេសនៅឡើយទេ។ លោកអំពាវនាវដល់រដ្ឋាភិបាល ត្រូវគិតពិចារណាជុំវិញបញ្ហាប្រឈមទាំងនេះ ដូចជារៀបចំគោលនយោបាយឆ្លើយតបផ្តល់ស្បៀងអាហារ រួមទាំងស្នើទៅរដ្ឋាភិបាលម៉ាឡេស៊ីជួយអនុគ្រោះថ្លៃទឹកភ្លើងក្នុងករណីពួកគាត់ដែលមិនមានលទ្ធភាព៖ «បើនិយាយសហការជាមួយរដ្ឋាភិបាលនៃប្រទេសដែលទទួលវាជាការណ៍មួយដែលប្រទេសទទួលហ្នឹងបានដឹងឮ បានស្នើសុំសម្របសម្រួលលើចំណុចណាខ្លះចឹងទៅ ផ្ទុយទៅវិញបើសិនយើងអត់បាននិយាយអីសោះ អត់មានគោលនយោបាយអីសោះ អត់បានប្រឹងប្រែងសហការជាមួយប្រទេសទទួលហ្នឹងទេ ចឹងក៏គេមិនដឹងផ្តល់ការសម្របសម្រួលឱ្យយើងយ៉ាងមិច ធម្មតាប្រទេសទទួលគេត្រូវការកេងប្រវ័ញ្ច ចង់បានកម្រៃមកលើយើង តែយើងជាប្រទេសម្ចាស់សាមីមិនគិតគូរអំពីពលរដ្ឋខ្លួនឯងអ្នកណាគិតជំនួសយើង»។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា ចាប់តាំងពីដើមឆ្នាំ២០២០ ពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រឈមបញ្ហាអស់សុពលភាពឯកសារស្របច្បាប់ ដែលពួកគេអាច នឹងរងគ្រោះទ្វេដងអំឡុងពេលរីករាលជំងឺកូវីដ-១៩ ព្រោះពួកគេត្រូវថៅកែនិងជនខិលខូចមួយចំនួនរំលោភបំពានសិទ្ធិ កេងប្រវ័ញ្ចពលកម្មដោយមិនបើកប្រាក់ឈ្នួល បញ្ឈប់ពីការងារទាំងបំពាន។
របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា គិតត្រឹមឆ្នាំ២០២០ ពលករខ្មែរស្របច្បាប់ និងពលករខុសច្បាប់មានចំនួនប្រមាណជាង ១០ម៉ឺននាក់ (១០០.០០០) កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។
រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឱ្យជនបរទេសស្របច្បាប់ និងខុសច្បាប់កំពុងស្នាក់នៅនិងធ្វើការទាំងអស់អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ ស្របពេលអាជ្ញាធរប្រទេសនេះបន្តបិទខ្ទប់ប្រទេសនេះរយៈពេលជាង ៣ ខែមកហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ វិធានការរបស់អាជ្ញាធរម៉ាឡេស៊ីហាមឃាត់អ្នកធ្វើដំណើរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៨ ព្រឹក និងហាមការប្រមូលផ្ដុំគ្នាជាដើម។ ប្រសិនបើជនណាល្មើសនឹងបម្រាមនេះ អាចនឹងត្រូវមានទោសដាក់ពន្ធនាគារ ៦ ខែ ទៅ ១ ឆ្នាំនិងពិន័យប្រាក់ ១ម៉ឺន រីងហ្គីត ឬស្មើប្រមាណ ២ពាន់ ៥០០ដុល្លារ(២.៥០០)៕