សាច់ញាតិខកចិត្តនឹងមន្ត្រីស្ថានទូតខ្មែរនៅថែមិនជួយអន្តរាគមន៍ដល់ពលករខ្មែរចំនួន៩នាក់
សាច់ញាតិពលករខកចិត្តនឹងមន្ត្រីស្ថានទូតខ្មែរនៅថៃ ដែលមិនជួយអន្តរាគមន៍ទៅអាជ្ញាធរថៃករណីចាប់ខ្លួនពលករចំនួន៩នាក់បើទោះជាពួកគាត់ព្យាយាមទាក់ទងសុំឱ្យមានការជួយកិច្ចអន្តរាគមន៍ក្តី។មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករលើកឡើងថា ករណីនេះមិនមែនជាទី១ទេដែលមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃខកខានជួយពលករខ្មែរនៅពេលជួបទុក្ខលំបាកឬត្រូវសមត្ថកិច្ចថៃចាប់ខ្លួន។
ជិតពីរសប្ដាហ៍ហើយបន្ទាប់សមត្ថកិច្ចថៃចាប់ពលករខ្មែរ៩នាក់ហើយសាច់ញាតិពលករទាំងនោះនៅមិនទាន់ទទួលការឆ្លើយតបណាមួយពីមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដើម្បីធ្វើកិច្ចអន្តរាគមន៍ជួយពួកគាត់បាននៅឡើយ។
លោកស្រី រី ស្រីយ័ន្ត ជាពលករធ្វើសំណង់នៅប្រទេសថៃដែលមានសាច់ញាតិត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២១ ខែមិថុនា ថា លោកស្រីបានទូរស័ព្ទទៅមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ស្ទើររាល់ថ្ងៃចាប់តាំងពីសមត្ថកិច្ចថៃចាប់ខ្លួន សាច់ញាតិលោកស្រីរហូតមកដល់ពេលនេះ តែមិនទទួលបានការឆ្លើយតបឡើយ។ លោកស្រីយល់ថា ប្រសិនបើករណីនេះមន្ត្រីស្ថានទូតជួយអន្តរាគមន៍ទាន់ពេលទំនងជាសមត្ថកិច្ចថៃ មិនបញ្ជូនករណីនេះទៅកាត់ក្ដីដល់តុលាការនោះឡើយ។ លោកស្រីសោកស្ដាយដែលមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនជួយពលករដែលជួបទុក្ខបាននៅឡើយ។
លោកស្រី រី ស្រីយ័ន្ត៖ «ទាក់ទងទៅនេះ(ស្ថានទូតខ្មែរប្រចាំប្រទេសថៃ)ខ្ញុំចង់ឱ្យបងប្អូននៅខ្មែរអស់ចិត្តកុំឱ្យថា មើលបងប្អូនមានរឿងហើយក៏មិនជួយតែបើខ្ញុំព្យាយាមហើយ តែគេមិនបានតបខ្ញុំក៏មិនដឹងធ្វើម៉េច? ខ្ញុំព្យាយាមទាក់ទងតាមលេខគេឱ្យមកហើយ តែគេអន្តរាគមន៍មកយើងផងថារឿងរ៉ាវបានយ៉ាងម៉េចៗទេ ពេលនេះមានតែអស់សង្ឃឹមហើយព្រោះមនុស្សអីមនុស្សចូលគុកហើយ»។
លោកស្រី រី ស្រីយ័ន្ត ឱ្យដឹងទៀតថា សមត្ថកិច្ចបានបញ្ជូនពលករទាំង៩នាក់ទៅកាត់ក្ដី ឬជំនុំជម្រះក្ដីនៅតុលាការប្រទេសថៃរួចហើយ កាលពីថ្ងៃទី១៤ខែមិថុនា។ លោកស្រីបន្តថា មុនពេលសមត្ថកិច្ចថៃបញ្ជូនសំណុំរឿងនេះទៅតុលាការ សមត្ថកិច្ចថៃបង្គាប់ឱ្យពលករទាំងនោះបង់ប្រាក់ក្នុងម្នាក់ចំនួន១.៤០០០បាត ឬជាង៥០០ដុល្លារជាថ្នូរនឹងដោះលែងនៅក្រៅឃុំ។
សមត្ថកិច្ចថៃនៅទីក្រុងបាងកក (Bangkok) កាលពីថ្ងៃទី១២ ខែមិថុនា បានចុះឆែកឆេរនិងចាប់ខ្លួនពលករខ្មែរចំនួន ៩នាក់នៅការដ្ឋានសំណង់មួយកន្លែងក្រោយរកឃើញថា ពួកគេគ្មានឯកសារធ្វើការគ្រប់គ្រាន់ហើយសមត្ថកិច្ចថៃក៏បានយកទាំងកុមារតាមម្ដាយពីរនាក់ ម្នាក់អាយុ ៤ឆ្នាំ និងម្នាក់ទៀតអាយុជាង១ឆ្នាំទៅឃុំខ្លួនជាមួយម្ដាយផងដែរ។
លោកស្រី រី ស្រីយ័ន្ត ប្រាប់ថា មូលហេតុដែលសមត្ថកិច្ចថៃចុះចាប់ពលករខ្មែរដូច្នេះព្រោះមានជនជាតិថៃប្ដឹងសមត្ថកិច្ចថៃថា មានពលករខ្មែរលួចធ្វើការខុសច្បាប់។
ទាក់ទងរឿងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃលោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២១ ខែមិថុនា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន យល់ថា ការងារចំបងរបស់មន្ត្រីស្ថានទូតខ្មែរនៅក្រៅប្រទេស គឺជួយដោះស្រាយបញ្ហារបស់ពលករ។ លោក សុខ ឥសាន ឆ្លើយជំនួសមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃថា ករណីមន្ត្រីស្ថានទូតបានទទួលទូរស័ព្ទរបស់ក្រុមពលករអាចមកពីមន្ត្រីស្ថានទូតមានការងារច្រើនដែលត្រូវបំពេញ ឬក៏មកពីពលករខ្មែរនៅប្រទេសថៃចុចលេខទូរស័ព្ទខុស។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះប្រាប់ទៅក្រុមពលករថាបើពិបាកទាក់ទងមន្ត្រីស្ថានទូតតាមប្រព័ន្ធទូរស័ព្ទ ពលករគួរធ្វើដំណើរទៅដល់មុខស្ថានទូតតែម្ដងដើម្បីសុំការអន្តរាគមន៍។
លោក សុខ ឥសាន៖ «ឥឡូវថ្ងៃក្រោយមិនបាច់ចុកតេឡេហ្វូន(ទូរស័ព្ទ)ជិះតាក់ស៊ីទៅចូលស្ថានទូតម្ដងទៅ បានដឹងច្បាស់ហើយមកសួរខ្ញុំនៅភ្នំពេញខ្ញុំក៏អត់ដឹងឆ្លើយអីច្បាស់លាស់ដែរ ឱ្យដើរទៅស្ថានទូតទៅ សួរនាំគេទៅ ហើយនៅព្រំដែនគេមានអគ្គកុងស៊ុលដែរតាស គេប្រចាំនៅហ្នឹងដើម្បីជួយដោះស្រាយបងប្អូន»។
បើទោះជាមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដីតែក្រុមពលករនិងអ្នកការពារសិទ្ធិពលកររិះគន់ថាមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃមិនសូវយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហារបស់ពលករទេ តែបើការងារពង្រឹងបក្សគឺមន្ត្រីស្ថានទូតធ្វើការងារនេះយ៉ាងសកម្មតែម្ដង។
មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃលោក លឹង សុផុន លើកឡើងថា តួនាទីរបស់មន្ត្រីស្ថានទូតនៅប្រទេសថៃមានសារៈសំខាន់ណាស់ព្រោះប្រទេសថៃមានពលករជិត ២លាននាក់កំពុងធ្វើការងារនៅប្រទេសថៃ។ លោក លឹង សុផុន សង្កេតឃើញទៀតថា ពលករខ្មែរភាគច្រើនដែលស្នើទៅមន្ត្រីស្ថានទូតឱ្យជួយកន្លងកន្លងមកគឺមិនសូវទទួលបានការឆ្លើយតបវិញនោះទេ។ អ្នកការពារសិទ្ធិពលកររូបនេះថា ភាពមិនអើពើពីទុក្ខលំបាករបស់ពលករពីសំណាក់មន្ត្រីស្ថានទូតខ្មែរបែបនេះនឹងធ្វើឱ្យពលករអស់ជំនឿនលើស្ថានទូតខ្មែរប្រចាំប្រទេសថៃ។
លោក លឹង សុផុន៖ «ស្ថានទូតអីយើងគួរតែជួយពួកគាត់(ពលករ)ធ្វើយ៉ាងណាយើងតាមដានពួកគាត់មានទោសដោយសារអីបានជាគេចាប់គាត់ដាក់គុកពលករហៅទៅហើយ តែយើង(ស្ថានទូត)មិនលើកទូរស័ព្ទពួកគាត់អ៊ីចឹង មានតែប្រជាពលរដ្ឋរិះគន់ហើយថា យើងមកធ្វើដើម្បីប្រជាពលរដ្ឋថាយើងមកធ្វើការដើម្បីប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋមានបញ្ហាយើងមិនអើពើអ៊ីចឹងជារឿងមិនល្អទេ»។
លោក លឹង សុផុន ឱ្យដឹងដែរថា ប៉ុន្មានខែចុងក្រោយមានពលករខ្មែរជាង១ពាន់នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះករណីគ្មានឯកសារធ្វើការងារគ្រប់គ្រាន់។ អង្គការសង់ត្រាល់រកឃើញថា ពលករខ្មែរភាគច្រើនដែលសមត្ថកិច្ចថៃចាប់ខ្លួននោះពួកគាត់ត្រូវបានរងការធ្វើទុក្ខទោសទារុណកម្ម និងជាប់ឃុំក្នុងបន្ទប់តូចចង្អៀតហើយក៏មានករណីខ្លះទៀតត្រូវបានសមត្ថកិច្ចថៃដាក់ខ្នោះប្រៀបដូចឧក្រិដ្ឋជន៕
ប្រភព៖ វិទ្យុអាស៊ីសេរី