HRWស្នើឱ្យប៉ូលីសអន្តោប្រវេសន្ត៍ថៃ បើកការស៊ើបអង្កេតករណីពលករខ្មែរត្រូវអាជ្ញាធរថៃដាក់ច្រវ៉ាក់ដៃ

09
ឧសភា

HRWស្នើឱ្យប៉ូលីសអន្តោប្រវេសន្ត៍ថៃ បើកការស៊ើបអង្កេតករណីពលករខ្មែរត្រូវអាជ្ញាធរថៃដាក់ច្រវ៉ាក់ដៃ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអះអាងថា ខ្លួនមិនអាចទទួលយកបានឡើយនូវសកម្មភាពដែលអាជ្ញាធរថៃប្រើច្រវ៉ាក់ដាក់ខ្នោះដៃមកលើពលករចំណាកស្រុកជាជនជាតិខ្មែរ ខណៈទង្វើមិនសមរម្យបែបនេះHuman Right Watchចាត់ទុកថា ជារូបភាពបង្ហាញពីភាពខ្វះខាតនៃការគោរពសិទ្ធិមនុស្សរបស់អាជ្ញាធរក្នុងមូលដ្ឋានរបស់ថៃ និងទាមទារឱ្យបើកការស៊ើបអង្កេត។ ការចេញមករិះគន់អាជ្ញាធរថៃនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានរូបថតពលករខ្មែរ​ក្មេងចាស់អង្គុយក្នុងឡានដៃជាប់ច្រវ៉ាក់ ត្រូវបានបង្ហោះលើបណ្តាញសង្គម​ និងក្រោយពេលដែល អង្គការស្រង់តាល់ចេញផ្សាយរបាយការណ៍មួយដោយរកឃើញថា យ៉ាងហោចណាស់ពលរដ្ឋខ្មែរជិត១ពាន់នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួន និងធ្វើទារុណកម្ម។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានបង្ហោះលើបណ្តាញសង្គមTwitterថា លោកមិនអាចទទួលបានឡើយចំពោះទង្វើដែលអាជ្ញាធរក្នុងមូលដ្ឋានរបស់ប្រទេសថៃចាប់ពលករខ្មែរដោយដាក់ច្រវ៉ាក់ដៃ ពីព្រោះទង្វើនេះបង្ហាញពីភាពមិនសមរម្យ និងការមិនគោរពសិទ្ធិមនុស្ស។  

លោក រ៉ូបឺតសុនចាត់ទុកថា សមត្ថកិច្ចថៃដូចជាប្រមាថមើលងាយពលករខ្មែរ ហើយលោកជំរុញឱ្យសមត្ថកិច្ចផ្នែកអន្តោប្រវេសន្ត៍ថៃបើកការស៊ើបអង្កេតករណីនេះឱ្យបានម៉ត់ចត់ ដើម្បីធានាថា ករណីដាក់ច្រវ៉ាក់ដៃ ការមើលងាយមកលើពលករមិនមានទៀតនាថ្ងៃខាងមុខ។

រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតនាប៉ុន្មានថ្ងៃនេះ គឺបង្ហាញឱ្យឃើញថា ពលករខ្មែរមានទាំងចាស់ មានទាំងក្មេង ត្រូវបានអាជ្ញាធរថៃដាក់ឱ្យអង្គុយក្នុងឡានទ្រុងជុំគ្នា ដោយមានច្រវ៉ាក់ជាប់ដៃផង។ ពលករខ្មែរទាំងនេះត្រូវបានគេអះអាងថា មានចំនួន១៤នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ ហើយត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន ក្រោយឆ្លងដែនខុសច្បាប់។ រូបភាពពលករខ្មែរអង្គុយក្នុងឡាននេះ គឺប៉ូលីសថៃបានដឹកបញ្ចូនទៅមន្ទីរឃុំឃាំងបាងកែវ ស្ថិតក្នុងទីក្រុងបាងកក។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុឃឿន បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា អាជ្ញាធរថៃនឹងត្រៀមបញ្ចូនពលករខ្មែរខាងលើនេះត្រឡប់មកប្រទេសវិញ នៅពេលដែលការសួរនាំ និងបំពេញសំណុំឯកសារចប់សព្វគ្រប់។ អ្នកនាំពាក្យរូបភាពអះអាងថា ភាគីកម្ពុជាក៏ស្នើឱ្យភាគីថៃពន្លឿននីតិវិធី និងស្នើមិនឱ្យមានការដាក់ខ្នោះច្រវ៉ាក់ដៃនេះបន្តទៀតចំពោះពលករខ្មែរណាដែលលួចឆ្លងដែនខុសច្បាប់ ពីព្រោះនេះមិនមែនជាបទឧក្រិដ្ឋ។

ចំណែក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ចាត់ទុកថា ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងរបស់អាជ្ញាធរថៃមកលើពលករខ្មែរដោយធ្វើការដាក់ច្រវ៉ាក់ដៃបែបនេះ ជាទង្វើដ៏ឃោរឃៅ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលមិនគួរឱ្យបន្តកើតមានទៀតឡើយ។

បន្ថែមពីនេះ លោក ឃុន ថារ៉ូ យល់ថា  ករណីនេះ អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ត្បិតប្រទេសថៃកំពុងខិតជិតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិរបស់ខ្លួន។ ម្ល៉ោះហើយ ករណីនេះអាចស្ថិតក្នុងរបៀបវារៈដែលអ្នកនយោបាយ ឬគណបក្សនយោបាយក្នុងប្រទេសថៃលើកយកមកឃោសនា ពិសេសពាក់ព័ន្ធនឹងរឿងពលករចំណាកស្រុក និងការឆ្លងដែនខុសច្បាប់។

កាលពីថ្ងៃទី ០៣ ខែឧសភា អង្គការសង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍មួយដោយរកឃើញថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣ ពលករខ្មែរយ៉ាងហោចណាស់ជាង១ពាន់នាក់ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន នៅពេលដែលពួកគេឆ្លងដែនទៅធ្វើការនៅប្រទេសថៃ។ ហើយពលករជាង៨០០នាក់ត្រូវបានចាប់ខ្លួនអំឡុងពេលពួកគេធ្វើដំណើរត្រឡប់ទៅបំពេញការងារវិញក្រោយបុណ្យចូលឆ្នាំ។

បើតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ពលករខ្មែរភាគច្រើនទទួលរងការធ្វើទុក្ខទោស ទារុញកម្ម ការចាប់ដាក់ខ្នោះ និងការចាប់ឃុំខ្លួនបណ្តោះអាសន្នពីសំណាក់អាជ្ញាធរថៃ ដោយហេតុថា ពួកគេខ្វះឯកសារ ឬផុតសុពលភាព និងគ្មានលទ្ធភាពបង់ប្រាក់តាមច្រកព្រំដែន៕

ប្រភព៖ RFI

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...