HRWចាត់ទុក​សមត្ថកិច្ច​ថៃ​មើលងាយ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ​ករណី​យក​ច្រវាក់​ចង

07
ឧសភា

HRWចាត់ទុក​សមត្ថកិច្ច​ថៃ​មើលងាយ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ​ករណី​យក​ច្រវាក់​ចង

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​សកម្មភាព​សមត្ថកិច្ច​ថៃ​ប្រមាថ​មើល​ងាយ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ ករណី​ចាប់​ដាក់​ច្រវាក់​ជា​ក្រុមៗ​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​នឹង​នេះ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​ថៃ​លើ​ករណី​នេះ​ដែរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch បាន​ថ្កោល​ទោស​ សមត្ថកិច្ច​ថៃ​ថា ប្រមាថ​មើល​ងាយ​ពលករ​ខ្មែរ ដូច​សត្វ​ធាតុ​ករណី​ចាប់​ចង​ដោយ​ច្រវាក់​ ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ លោក ហ្វីល  រ៉ូប៉ឺតសុន (Phil Robertson) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា ទង្វើ​សមត្ថកិច្ច​ថៃ​ជា​ការ​ប្រមាថ​មើល​ងាយ​ពលករ​ខ្មែរ​ដូច​សត្វ​ធាតុ។

លោក ហ្វីល  រ៉ូប៉ឺតសុន«វា​គឺ​ជា​រឿង​ហួសហេតុ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ករណី​ដែល​សមត្ថកិច្ច​ថៃ ប្រើ​ច្រវាក់​ដែក​ចង​ពលករ​ខ្មែរ​ដែល​ជាប់​ឃុំ​ទាំង​នេះ។ នេះ​ជា​ការ​ប្រមាថ​មើល​ងាយ​លើ​កិត្តិយស និង​បង្ហាញ​ថា សមត្ថកិច្ច​ថៃ​មើល​ងាយ​ពលករ​ដូច​សត្វ​ធាតុ»

លោក​ទាមទារ​មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​របស់​ថៃ បើក​ការ​ស៊ើប​អង្កេត​រក​ការ​ពិត​លើ​ករណី​នេះ ដើម្បី​ធានា​ថា មិន​មាន​ការ​ប្រើ​ច្រវាក់​ចង​ពលករ​ដោយ​ប្រមាថ​ មើល​ងាយ​ របៀប​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​អនាគត។

ប្រតិកម្ម​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​បង្ក្រាប​ពលករ​ចំណាក​ស្រុក នៅ​ក្នុង​ទី​ក្រុង​បាងកក នៅ​ពាក់​កណ្តាល​ខែ​មេសា ហើយ​បាន​ចាប់​ពលករ​ខ្មែរ​ចង​ច្រវាក់​ជា​ក្រុមៗ​បញ្ជូន​ចេញ​ពី​កន្លែង​ធ្វើ​ការងារ​របស់​ពួក​គេ ទៅ​កន្លែង​ឃុំ​ឃាំង។

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​បារម្ភ​ថា ក្រៅ​ពី​រូប​ថត​ប៉ុន្មាន​សន្លឹក​បែក​ធ្លាយ​ករណី​សមត្ថកិច្ច​ថៃ​ចង​ដោយ​ច្រវាក់​នេះ អាច​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ប្រមាថ​មើល​ងាយ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​មាន​ការ​ស៊ើបអង្កេត។

នៅ​ក្នុង​អំឡុង​ខែ​មេសា ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ ហើយ​ក៏​មាន​វីដូឃ្លីប​ថត​ដោយ​ពលករ​ខ្មែរ​ជាប់​ឃុំ​នៅ​ក្នុង​រនាំង​ដែក ហើយ​ត្អូញ​ត្អូញត្អែរ​ពី​ការ​ខ្វះ​ទឹក និង​អាហារ​បរិភោគ។

សំឡេង​ពលករ​ជាប់​ឃុំ៖ «បង​ប្អូន​អើយ​នេះ​ជាប់​គុក​អត់​ប៉ាស្ព័រ នៅ​ក្នុង​គុក​ច្រើន​គ្នា​ណាស់។ នេះ​គ្រាន់​តែ​នៅ​ខាង​នេះ​ នៅ​មាន​នៅ​ខាង​ក្រៅ​នៅ​បន្ទប់​ខាង​នេះ​ខាង​នោះ​ទៀត នៅ​ច្រើន​ណាស់។ ឥឡូវ​គេ​ថា​ជាប់​ទោស​ក្នុង​គុក ៣​ខែ​ខ្លះ​៨​ខែ។ អា​ហ្នឹង​ខ្ញុំ​ឮ​គេ​ថា ដែរ​នៅ​ក្នុង​គុក​ទាំង​អស់​គ្នា​នេះ។ ហើយ​ខ្ញុំ​អត់​ទឹក​ហូប​ទឹក​អី​ទេ ហើយ​ជាប់​ទោស​អី ក៏​យូរ​ម្លេះ​ខ្ញុំ​ជំពាក់​អង្គការ​គេ​ច្រើន​ណាស់​បង​ប្អូន​អើយ។ សុំ​ស៊ែ​ខ្ញុំ​បង្ហោះ​នេះ សូម​បង​ប្អូន​ជួយ​ស៊ែ​ដល់​សម្តេច ហ៊ុន សែន អី​ហ្នឹង ប៊ុន​រ៉ានី​អី​ហ្នឹង»។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ​លោក លឹង សុផុន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​កំពុង​តែ​តាម​ដាន​ករណី​នេះ​។ លោក​បន្ត​ ថា​បើ​ត្រឹម​តែ​រស់​នៅ និង​ធ្វើ​ការ​ផុត​ឯកសារ ស្រប​ច្បាប់​គឺ​មិន​គួរ​ចាប់ចង​ដូច​អ្នក​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែប​នេះ​ទេ។

លោក លឹង សុផុន៖ «ករណី​ធម្មតា​ដែល​បង​ប្អូន មិន​មាន​ឯក​សារ​គ្រប់​គ្រាន់​មិន​គួរ​ណា​ដាក់​ច្រវាក់​ដល់​ថ្នាក់​ហ្នឹង​ទេ។ យើង​មើល​ទៅ​ដូច​ជា​ ទោស​ឧក្រិដ្ឋ​ដូច​ជា​ទោស​ដែល​ធ្ងន់​ពេក​ហើយ។ យើង​មើល​ទៅ​មិន​គួរ​ដល់​ថ្នាក់​ហ្នឹង​ទេ បើ​យើង​ត្រឹម​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​មិន​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវ​អីចឹង​នោះ»

សាស្ត្រាចារ្យ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​លោក​ ស៊ឹម វិបុល ពន្យល់​ករណី​នេះ​ ថា​តាម​ច្បាប់​អន្តរជាតិ​កម្ពុជា​ជា​ប្រទេស​សាមី​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​ខ្លួន​ តាម​រយៈ​ការ​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​ថៃ​ ឬ​ប្តឹង​ទៅ​អង្គការ​អន្តរជាតិ​រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខឃឿន បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ចំណែក​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​ស្ថាន​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា ក៏​មិន​ឆ្លើយ​តប​សារ​របស់​អ្នក​សារព័ត៌មាន​អាស៊ីសេរី​ដែល​ផ្ញើ​ទៅ​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

បើ​ទោះ​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ប្រាប់​វិទ្យុ​បារាំង ផ្សាយ​ជា​ខេមរភាសា តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​ទទួល​ស្គាល់​ថា ពលករ​ដែល​សមត្ថកិច្ច​ថៃ​ដាក់​ច្រវាក់​នោះ​ ជា​ពលករ​ខ្មែរ​ក៏​ដោយ​ ក៏​រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា នេះ មិន​ទាន់​ឃើញ​ក្រសួង​ការបរទេស ឬ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​មាន​ប្រតិកម្ម​ណា​មួយ​ជា​ផ្លូវ​ការ​នោះ​ទេ។

ទាំង​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​ក្រសួង​ការបរទេស និង​ហ្វេសប៊ុក​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​មិន​បាន​និយាយ​ពី​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ចង​ដោយ​ច្រវាក់​ជា​ក្រុម​ៗ​នោះ​ទេ។

អ្នក​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ ចាត់​ទុក​ការ​ដាក់​ច្រវាក់​ពលករ​ខ្មែរ​នេះ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិ​បាល​ថៃ និង​រដ្ឋាភិបាល​ កម្ពុជា​ត្រូវ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ករណី​នេះ។

លោក ស្រ៊ុន ស្រ៊ន៖ «វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទាំង​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ​ត្រូវ​ទទួល​ខុស​ត្រូវ​។ មិន​មែន​ជា​បន្ទុក​តែ​រដ្ឋាភិបាល​ថៃ​ទេ​ ជា​ធម្មតា​ទេ​ យើង​ចូល​ក្នុង​ប្រទេស​គេ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ការ​រើស​អើង​ខ្លាំងក្លា​រវាង​ខ្មែរ​ថៃ។ យើង​មើល​ឃើញ​ពី​នីតិវិធី​នៃ​ការ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ ក៏​អ៊ីចឹង​ដែរ បើ​យើង​មិន​ចូល​រួម​ជួយ​ទេ គឺ​ស្មើនឹង​រដ្ឋាភិបាល​ខ្មែរ​ចូលរួម​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ហ្នឹង​ជាមួយ​រដ្ឋាភិបាល​ថៃ ជាមួយ​ទាហាន​ថៃ​ជាមួយ​ប៉ូលិស និង​អាជ្ញាធរ​ថៃ​ដែរ»

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង់ត្រាល់ នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព ពលករ​ខ្មែរ​ដែល​បន្ត​សម្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ខុស​ច្បាប់ ខណៈ​បច្ចុប្បន្ន​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នោះ​ចំនួន ២​លាន​នាក់ ហើយ​ក្នុង​នោះ​ពាក់​កណ្តាល​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...