អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ពលករ​ខ្មែរ ៨០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ចាប់​តាំង​ពី​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ

04
ឧសភា

អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ពលករ​ខ្មែរ ៨០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ចាប់​តាំង​ពី​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ

អង្គការ​សង់ត្រាល់ (CENTRAL) ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​ថៃ​ដោះ​លែង​ពលករ​ខ្មែរ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន។ សំណើ​នេះ​ធ្វើ​ក្រោយ​ពេល​អង្គការ​ការពារ​សិទ្ធិ​ពលករ​មួយ​នេះ​រក​ឃើញ​ថា ពលករ​ខ្មែរ​ជាង ៨០០នាក់​ត្រូវ​បាន​​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ក្រោយ​ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

អង្គការ​សង់ត្រាល់ (CENTRAL) រក​ឃើញ​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ពួក​គាត់​ត្រូវ​បាន​រង​ការ​ធ្វើ​ទុក្ខ​ទោស ទារុណកម្ម ដោយ​ការ​ចាប់​ដាក់​ខ្នោះ និង​ត្រូវ​ដាក់​ឱ្យ​ជាប់​ឃុំ​ក្នុង​បន្ទប់​តូច​ចង្អៀត​។

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង់ត្រាល់​ចុះ កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា ឱ្យ​ដឹង​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​ជាង ៨០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កំឡុង​ពេល​​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​បំពេញ​ការងារ​វិញ​នៅ​ប្រទេស​ថៃ​ក្រោយ​ចប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ពលករ​ទាំង​នោះ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ឯកសារ​ផុត​សុពលភាព ឬ​ការ​ធ្វើ​ដំណើរ​ពួក​គាត់​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​របស់​ថៃ និង​ពលករ​ខ្លះ​ទៀត ​លួច​ឆ្លងដែន​តាម​ច្រក​របៀង​ ព្រោះ​​គ្មាន​លទ្ធភាព​បង់​ប្រាក់​តាម​ច្រក​ព្រំដែន​ផ្លូវការ ជា​ដើម។ អង្គការ​សង់ត្រាល់ ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ ដើម្បី​ឱ្យ​ពលករ​ដែល​កំពុង​ជាប់​ឃុំ​ទទួល​បាន​សេរីភាព​ឡើងវិញ​។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាក​ស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា​ថា ទីតាំង​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​មាន​ពីរ​កន្លែង គឺ​នៅ​ព្រំដែន និង​កន្លែង​ពលករ​ស្នាក់នៅ​ឬ​កន្លែង​ពួក​គាត់​ធ្វើ​ការ។ លោក​សង្កេត​ឃើញ​ទៀត​ថា ក្រុម​ពលករ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​នៅ​ព្រំដែន មាន​ការ​សម្របសម្រួល ឬ​ការ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខ្មែរ​ខ្លះ​ដែរ ដែល​ធ្វើ​ឱ្យ​ពលករ​ទាំង​នោះ​អាច​វិល​ទៅ​ស្រុក​វិញ។ ដោយ​ឡែក លោក​ថា ចំពោះ​ពលករ​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​នៅ​កន្លែង​ស្នាក់នៅ ឬ​កន្លែង​ធ្វើ​ការងារ​ភាគ​ច្រើន​កំពុង​ជាប់​ឃុំ​ព្រោះ​មិន​មាន​ការ​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ឬ​មាន​ការ​ជួយ​ធានា​ពី​ថៅកែ​របស់​​ពលករ​ទាំង​នោះ។ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​ពលករ​រូប​នេះ យល់​ថា ប្រសិនបើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ស្វះស្វែង​ជួយ​ធ្វើ​អន្តរាគមន៍ នោះ​ពលករ​ដែល​កំពុង​ជាប់​ឃុំ​ អាច​នឹង​ត្រូវ​សមត្ថកិច្ច​ថៃ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក លឹង សុផុន៖ «បើសិនជា​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា ស្ថានទូត​ គាត់​ចុះ​ជួយ​សម្រប​សម្រួល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​បង​ប្អូន​ពលករ​ ខ្ញុំ​ក៏​ជឿជាក់​ថា ពលករ​នឹង​អាច​បាន​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ឆាប់ៗ នេះ​បាទ​ដែរ​បាទ ក្នុង​មន្ទីរ​ឃុំឃាំង​មើល​លំបាក​រស់នៅ ហើយ​ការ​ហូប​ចុក ក៏​លំបាក»

លោក លឹង សុផុន ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ទាក់ទង​ទៅ​ពលករ​មួយ​ចំនួន ដែល​កំពុង​ជាប់​ឃុំ​ពួក​គាត់​ថា ពួក​គាត់​ជាប់​ឃុំ​ជាង ១ខែ​មក​នេះ តែ​មិន​ទាន់​ឃើញ​មន្ត្រី​ស្ថានទូត​ខ្មែរ ឬ​តំណាង​របស់​ពួក​គាត់ មក​ជួយ​ធ្វើ​អន្តរាគមន៍​នៅឡើយ​ទេ។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ផ្សារ​មួយ​កន្លែង​ក្នុង​ខេត្ត​ប៉ាធុមថានី (Pathum Thani) ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា លោក ព្រំ ប៊ុនថន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​លោក ​ព្រោះ​ ឯកសារ​ការងារ​របស់​លោក​មិន​គ្រប់គ្រាន់។ លោក​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​ថៅកែ​របស់​លោក​ទៅ​បង់​ប្រាក់​មួយ​ចំនួន​ទៅ​សមត្ថកិច្ច​ថៃ ដើម្បី​សុំ​ធានា​ឱ្យ​លោក​​នៅ​ក្រៅ​ឃុំ តែ​លោក​មិន​ដឹង​ថា អស់​ប្រាក់​ប៉ុន្មាន​ឡើយ ហើយ​ថៅកែ​របស់​លោក ក៏​អះអាង​ដែរ​ថា គេ​មិន​យក​ប្រាក់​ធានា​លោក​ដែរ។ លោក ព្រំ ប៊ុនថន ឱ្យ​ដឹង​ទៀត​ថា កាល​ពី​លោក​ជាប់​ឃុំ​មាន​ពលករ​ខ្មែរ​ជិត​១០​នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដោះលែង​ទេ ព្រោះ​គ្មាន​​ថៅកែ​មក​ធានា ឬ​មានការ​អន្តរាគមន៍​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ។

លោក ព្រំ ប៊ុនថន៖ «ខ្ញុំ​ក៏​សំពះ​អរគុណ​ទឹកចិត្ត​របស់​គាត់ (ថៅកែ) ទី១ ឯកសារ​អត់​គ្រប់​ ធ្វើ​ហើយ​តែ​ធ្វើ​អត់​បាន​ដល់​អ៊ីចឹង​ទៅ​យើង​ទៅ​ទៅ​បន្ត​ឯកសារ​​អត់​បាន​ដល់​ពេល​ជួប​បញ្ហា​ហ្នឹង​គេ​ថា ដាច់​ឯកសារ​ហើយ​អត់​ទៅ​ត (បន្ត​ឯកសារ)

អង្គការ​សង់ត្រាល់​លើក​ឡើង​ថា ករណី​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​នៅ​ពេល​នេះ មិន​ត្រឹម​តែ កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន មក​លើ​សេដ្ឋកិច្ច និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​ពលករ ដោយសារ​ការ​មិន​មាន​ប្រាក់​ចំណូល ​ការ​កើន​ឡើង​នៃ​បំណុល និង​ផល​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ជា​ដើម។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់ រក​ឃើញ​ទៀត​ថា ត្រឹម​រយៈ​ពេល ៤ខែ ចាប់​ពី​ខែ​មករា ដល់​ខែមេសា សមត្ថកិច្ច​ថៃ បាន​ឃាត់​ខ្លួន​ពលករ​កម្ពុជា ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មាន​ជាង ១.២០០នាក់ (.២៩៧) ក្នុង​ស្ត្រី​ជាង ៧០០នាក់ និង​កុមារ​ជាង ៦០នាក់៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...