ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ជាប់​កក​ស្ទះ​ដំណើរ នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត

11
មេសា

ពលករ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ជាប់​កក​ស្ទះ​ដំណើរ នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត

ពលករ​ខ្មែរ​ដែល​នាំ​គ្នា​មក​លេង​បុណ្យ​ចូលឆ្នាំ​ថ្មី​ស្រុក​កំណើត​រាប់​រយ​នាក់​ជាប់​កកស្ទះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ព្រោះ​ការ​យឹត​យ៉ាវ​នៃ​បំពេញ​ទិដ្ឋាការ​ចេញចូល (Re-entry Visa) របស់​សមត្ថកិច្ច​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល​ការងារ​សិទ្ធិ​ពលករ​ រិះគន់​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ មាន​ការ​យឹត​យ៉ាវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ពលករ និង​មិន​បាន​យក​ចិត្ត​ទុកដាក់​ជួយ​សម្រួល​ដល់​ពលករ​ដែល​ឆ្លងដែន​ទាំង​នាំង​នោះ​ទេ។

ក្រុម​ពលករ​ខ្មែរ​ដែល​កក់​ស្ទះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​ អ្នក​ខ្លះ​ជាប់​នៅ​កន្លែង​បំពេញ​ឯកសារ​រយៈ​ពេល​មួយ​ថ្ងៃ អ្នក​ខ្លះ​ទៀត​ជាប់​ពីរ​ថ្ងៃ ហើយ​ពួកគាត់​សម្រាក​នៅ​កន្លែង​តម្រង់​ជួរ​ និង​នៅ​កន្លែង​បំពេញ​ទិដ្ឋាការ​ចេញចូល(Re-entry Visa) នោះ​តែ​ម្ដង។ អ្នក​ខ្លះ​មាន​បង្វេច​ឥវ៉ាន់ និង​ពលករ​ខ្លះ​ទៀត​មាន​កូនៗ មក​ជាមួយ​ដែរ។ បញ្ហា​នេះ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី៨ ខែ​មេសា ​តែ​មក​ដល់​ថ្ងៃ​ទី១១ ខែ​មេសា​ មាន​សភាព​ធូរ​ស្រាល។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ​លោក លឹង សុផុន ដែល​ចុះ​អង្កេត​ដល់​ព្រំដែន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មូល​ហេតុ ដែល​ក្រុម​ពលករ​សម្រុក​ចេញ​តាម​ច្រក​ប៉ោយប៉ែត ព្រោះ​ពួក​គាត់​ទទួល​ដំណឹង​ថា​នៅ​ច្រក​ប៉ោយប៉ែត​នេះ សមត្ថកិច្ច​ថៃ​​មិន​យក​ប្រាក់​ពី​ពលករ​ទេ​​ ប៉ុន្តែ​បើ​ចេញ​តាម​ច្រក​ផ្សេងៗ ពលករ​ត្រូវ​បង់​ប្រាក់​ប្រមាណ ៥០០បាត ឬ​ស្មើ​នឹង ១៥ដុល្លារ​សម្រាប់​ពលករ​ម្នាក់​បន្ថែម​ពី​លើ​ប្រាក់​ថ្លៃ​បំពេញ​ទិដ្ឋាការ​ចេញចូល (Re-entry ​Visa)

អ្នក​ជំនាញ​ខាង​សិទ្ធិ​ពលករ​រូប​នេះ​ ឱ្យ​ដឹង​ទៀត​ថា​ពលករ​ខ្មែរ​ដែល​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ នៅ​ពេល​ចេញ​ពី​ប្រទេស​នេះ​ត្រូវ​​បំពេញ​ទិដ្ឋាការ​ចេញ​ចូល ដើម្បី​រក្សា​ទិដ្ឋាការ ឬ​វីសា​ការងារ​ពួក​គេ​មិន​ឱ្យ​ខូច។ លោក​ឱ្យ​ដឹង​ទៀត​ថា វិក្កយបត្រ​របស់​អាជ្ញាធរ​ថៃ​តម្រូវ​ឱ្យ​ពលករ​ម្នាក់​ត្រូវ​បង់​ប្រាក់​ថ្លៃ​ធ្វើ​ ទិដ្ឋាការ​ចេញចូល​ទៅ​អាជ្ញាធរ​ថៃ​ចំនួន ១ពាន់​បាត ស្មើនឹង​ប្រមាណ ៣០ដុល្លារ តែ​អាជ្ញាធរ​ថៃ​បាន​ទា​លុយ​លើស​កំណត់​រហូត​ដល់​ប្រាក់ ១.៣០០បាត (មួយ​ពាន់​បី​រយ) ឬ​ជិត ៤០ដុល្លារ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា​នៅ​ពេល​មាន​បញ្ហា​កក​ស្ទះ​សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ និង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ឃើញ​ចុះ​ទៅ​អន្តរាគមន៍​ដែរ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ។ ​

លោក លឹង សុផុន៖ «បើ​តាម​ខ្ញុំ​ឃើញ​ស្ថានការណ៍​ផ្ទាល់ គឺ​គាត់​(ក្រុម​ពលករ) សម្រាក​នៅ​កន្លែង​គាត់​តម្រង់​ជួរ​ហើយ​នៅ​កន្លែង ដែល​វាយ​ទិដ្ឋាការ​ចេញចូល (Re-entry Visa) ហើយ​បង​ប្អូន​មួយ​ចំនួន​អង្គុយ​ហើយ​ឈរ​នៅ​កន្លែង​គាត់​តម្រង់​ជួរ​ចោល គឺ​អត់​មាន​បន្ទប់​អត់​មាន​ផ្ទះ​សំណាក់​អី​ទេ គឺ​គាត់​រង់ចាំ​ខាង​រដ្ឋាភិបាល​គេ​ឱ្យ​វាយ​ចេញ»

លោក លឹង សុផុន ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ច្រក​អន្តរជាតិ​ទាំង​អស់​មានតែ​ច្រក​អន្តរជាតិ​ ប៉ោយប៉ែត​ដែល​ស្ទះ​ជាង​គេ​ចំណែក​ច្រក​បានឡែម និង​ច្រក​សំពៅលូន មិន​សូវ​ស្ទះ​នោះ​ទេ គឺ​ស្ទះ​តែ​ជាង​ពីរ​បី​ម៉ោង​ពលករ​អាច​ធ្វើ​ដំណើរ​ចេញ​មក​ខ្មែរ​បាន​ហើយ។​

ស្រដៀងគ្នា​នេះ​ដែរ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី សង្កេត​ឃើញ​ថា​ការ​បញ្ហា​កកស្ទះ​មាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ តែ​នៅ​ថ្ងៃ​ទី១១ ខែ​មេសា​មិន​សូវ​មាន​ការ​កក​ស្ទះ​​ទេ។ លោក​សង្កេត​ឃើញ​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កម្ពុជា​បាន​ចុះ​ចែក​អាហារ​ជូន​​ដល់​ពលករ​ ប៉ុន្តែ​លោក​យល់​ថា រូប​ភាព​បែប​នេះ​គ្រាន់តែ​ជា​ការសម្ដែង​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ។ លោក ឌិន ពុទ្ធី ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​ជាមួយ​សមត្ថកិច្ច​ថៃ​ ជួយ​សម្រួល​ក្នុង​ការ​បំពេញ​ឯកសារ​ជួន​ពលករ ដើម្បី​អាច​ចេញ​បាន​លឿន។

លោក ឌិន ពុទ្ធី៖ «ធ្វើ​ការ​យឹត​យ៉ាវ​ដើម្បី​អី?​​ធ្វើ​អ៊ីចឹង​ដើម្បី​បើក​ឱកាស​ឱ្យ​គេ គប់​ជេរ ដូច​ថា អ្នក​ដើរ​និយាយ​ថា បង​ឯង​ប្រញាប់​ឱ្យ​ខ្ញុំ​បី​រយ (បី​រយ​បាត) ខ្ញុំ​ជួយ​ជ្រេ​ឱ្យ»

ទាក់ទង​ការ​លើក​ឡើង​នេះ​ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​លោក​ អ៊ុំ រាត្រី​ ​បាន​ទេ​នៅ​ថ្ងៃ​ទី១១​ខែ​មេសា។​ ចំ​ណែក​មន្ត្រី​ស្ថានទូត​ទូត​កម្ពុជា​ទទួល​បន្ទុក​​ផ្នែក​ពលករ លោក ឈឹម វិប៊ុល ក៏​អាច​មិន​សុំ​ការ​បំភ្លឺ​បាន​ដែរ។

រីឯ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ស្នើ​ទៅ​ក្រុម​ពលករ​ឱ្យ​បំពេញ​ទិដ្ឋាការ​ចេញចូល​នៅ​កន្លែង​ពលករ​ធ្វើការ​ឬ​រស់នៅ​ប្រទេស​ថៃ​ជាមុន​សិន ​មុន​ពេល​ធ្វើ​ដំណើរ​មក​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជាថៃ។ សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​កាល​ពី​ថ្ងៃ​ទី១០ ខែមេសា​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ដែល​ពលករ​មិន​បាន​បំពេញ​ទិដ្ឋាការ​ចេញចូល​នៅ​កន្លែង​ធ្វើ​ការ​ទេ​ ពលករ​អាច​ទៅ​ធ្វើ​ទិដ្ឋាការ​ចេញ-​ចូល​នេះ​ នៅ​ការិយាល័យ​អន្តោ​ប្រវេសន៍​ថៃ (.ម៉) ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ (Sa Kaeo Province) ឱ្យ​ហើយ មុន​ពេល​ធ្វើ​ដំណើរ​មក​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

ទោះ​យ៉ាងណា​ក្ដី មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន រិះគន់​ថា ការ​សេចក្ដី​ជូន​ដំណឹង​នេះ​​គួរ​ផ្ដល់​ឱ្យ​ពលករ​បាន​ដឹង​មុន​ពេល​ក្រុម​ពលករ​ចេញ​ដំណើរ​មក​ព្រំដែន។ លោក លឹង សុផុន យល់​ថា អាជ្ញាធរ​កម្ពុជា​ឬ​តំណាង​ស្ថានទូត​កម្ពុជា ​គួរ​​យក​ចិត្ត​ទុកដាក់​លើ​ពលករ​ឱ្យ​បាន​ល្អ​ជាង​នេះ ដូច​ជា ការ​រៀបចំ​រថយន្ត​ជួយ​ដឹក​ពលករ​ពេល​ទៅ​ដល់​ព្រំដែន​ ជូន​​ទៅ​កន្លែង​បំពេញ​ទិដ្ឋាការ​ចេញចូល ព្រោះ​ពលករ​ភាគ​ច្រើន​មិន​ស្គាល់​ទីតាំង​នោះ​ទេ​ ​ហើយ​គួរ​លុប​បំបាត់​ការ​យក​​លុយ​ពី​ពលករ​លើស​ច្បាប់​កំណត់​ជាដើម។

លោក លឹង សុផុន៖ «បើសិន​ជា​យើង​មាន​វិធានការ​ដោះស្រាយ​គួរណា​តែ​ប្រកាស​ប្រាប់​ឱ្យ​ជាក់លាក់​ឬ​ក៏​យើង​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ខាង​ហ្នឹង​ជួយ​ប្រចាំការ​ ហើយ​ពន្យល់​ណែនាំ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាត់​សម្រុក​ចេញ​ហ្នឹង​គឺ​គាត់​ថា តើ​ធ្វើ​វិធានការ​បែប​ណា​ដើម្បី​ឱ្យ​ជឿនលឿន​កុំ​ឱ្យ​គាត់​(ពលករ)​នៅ​ស្ទះ​យូរ»

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​កំពុង​នាំគ្នា​ធ្វើ​ដំណើរ​មក​លេង​ស្រុក​កំណើត ដើម​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី០៨ ខែ​មេសា​មក។​ ក្រសួង​ការងារ​ឱ្យ​ដឹង​ថា​មាន​ពលករ​១លាន​៣​សែន​នាក់​ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​នេះ​​មាន​ជាង ២លាន​នាក់។​

អ្នក​ការពារ​សិទ្ធិ​ពលករ​រិះគន់​ថា​សមត្ថកិច្ច​ព្រំដែន​​កម្ពុជា ​និង​ព្រំដែន​ថៃ​មិន​បាន​បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​ពលករ​បាន​ឆ្លងដែន​ទេ ​តែ​សមត្ថកិច្ច​បាន​បង្គាប់​ឱ្យ​ពលករ​បង់​ថ្លៃ​សេវា​ក្រៅ​ផ្លូវការ​ដើម្បី​អាច​ចេញ​ពី​ព្រំដែន​បាន​លឿន៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...