សមាគមរោងចក្រចាត់ទុករបាយការណ៍ម្ចាស់យីហោល្បីទាំង៦មិនបង់ថ្លៃប្រាក់ឈ្នួលដល់កម្មករនិយោជិតជាការចោទប្រកាន់

28
កញ្ញា

សមាគមរោងចក្រចាត់ទុករបាយការណ៍ម្ចាស់យីហោល្បីទាំង៦មិនបង់ថ្លៃប្រាក់ឈ្នួលដល់កម្មករនិយោជិតជាការចោទប្រកាន់

ភ្នំពេញ៖​ ​ជុំវិញរបាយការណ៍អង្គការស៊ីវិលចំនួន៥ ដែលរកឃើញថាមានកម្មករនិយោជិតកម្ពុជាមានជីវភាពកាន់តែលំបាករហូតដល់ធ្លាក់ខ្លួនក្នុងបំណុលវណ្ឌករ ព្រោះម្ចាស់យីហោប្រេនអន្តរជាតិល្បីៗជំពាក់ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​ ៣០០​លានដុល្លារ​អំឡុង​​​កូវីដ​១៩ ត្រូវបានសហមាគមរោងចក្រមួយចំនួនចាត់ទុកថាជាការចោទប្រកាន់។ យ៉ាងណាមិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថាខ្លួននឹងប្តេជ្ញាដោះស្រាយនូវរាល់បញ្ហាទាំងឡាយណាដែលកើតឡើងរវាងភាគីកម្មករថៅកែ និងកម្មករនិយោជិត។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍ ….

 

ប្រតិកម្មខាងលើកើតមានឡើងបន្ទាប់ អង្គការសង់ត្រាល់ (CENTRAL) រួមជាមួយសហជីព និងអង្គការអន្តរជាតិចំនួន ៤ទៀត រួមមាន សហព័ន្ធសហជីពកម្ពុជា (CATU) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករនៅកម្ពុជា អង្គការអាក់សិន អេដ (ACTION AID) និងយុទ្ធនាការសម្លៀកបំពាក់ស្អាត(Clean Clothes Campaign) បានចេញរបាយការណ៍ស្រាវជ្រាវមួយ ដោយដាក់ចំណងជើងថា «សម្ពាធក្រោមថ្នេរសាច់ក្រណាត់ បិទបាំងការបាត់បង់ប្រាក់ឈ្នួលនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរកម្ពុជា»។ ខ្លឹមសារនៃរបាយការណ៍បង្ហាញថា មានក្រុមហ៊ុនម៉ាក​​ល្បីៗ​ចំនួន​៦​ ដូចជា អេដឌីដាស(Adidas) ណៃគី (Nike), ថាហ្កេត USA ហ្កេប (Target USA GAP), ភូម៉ា(Puma), លីវ៉ាយ ស្រ្តឺស (Levi Strauss) បានជំពាក់ប្រាក់កម្មករកម្ពុជាទាំងប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាប្រមាណជាង៣០០លានដុល្លា (៣៤២.៥លានដុល្លារ)។ អង្គការសង្គមស៊ីវិលកត់ត្រាក្នុងរបាយការណ៍ខ្លួនថា ហេតុផលមួយទាំងងនេះ បានបង្កផលលំបាកដល់កម្មករ ដូចជាបញ្ហាប្រឈមមុខនឹងកត្តាជីវភាព ជាពិសេសការលង់ខ្លួននឹងបំណុលវណ្ឌករ។​​

ជុំវិញរបាយការណ៍របស់អង្គការសង្គមស៊ីវិលទាំងនេះ លោក កាំង ម៉ូនីកា ប្រធានសមាគមរោងចក្រកា់តដេរកម្ពុជា(CMAC) ចាត់ទុកថាជាការចោទប្រកាន់ ដោយលោកលើកឡើងថាការប្រើពាក្យ«ជំពាក់» ឬ«លួច» នេះជាការមិនត្រឹមត្រូវ។ លោកក៏បានភ្ជាប់ជាមួយហេតុផលថា កម្មករ ធ្វើការងារអោយរោងចក្រដែលជា«​ភាគី ខ» ហើយទទួលប្រាក់ខែពី «ភាគី ខ» ប៉ុន្តែ រោងចក្រ«ភាគី ខ»  បានផ្តល់សេវាផលិតអោយក្រុមហ៊ុន «ភាគី គ»ដែលតំណាងឱ្យក្រុមហ៊ុនម៉ាកល្បីទាំង៦ ហើយទទួលថ្លៃផលិតពីម្ចាស់ម៉ាក «ភាគី គ»ដែលជាម្ចាស់ប្រេនល្បីទាំងនេះ។

លោកបន្តថា​ ការណ៍ដែលកម្មករប្រឈមនឹងបញ្ហាលំបាកទៅនឹងការដោះស្រាយជីវភាពគឺបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលនោះ ដោយលោកលើកឡើងក្នុងសំណេរដើមថា «ប្រាក់ចំណូលកម្មករធ្លាក់ចុះដោយសារកត្តាសេដ្ឋកិច្ច ដោយសារការថយចុះការបញ្ជាទិញ ហើយជាអកុសលកម្មករទទួលរងការភ្ជួរការងារដោយស្របច្បាប់ ហេតុអ្វីទៅចោទគេលួច គេជំពាក់ប្រាក់ឈ្នួល? សូមបញ្ជាក់ម្តងទៀត ការភ្ជួរការងារត្រូវបានធ្វើឡើយដោយស្របច្បាប់ ហើយស្របតាមកត្តាសេដ្ឋកិច្ចដែលមនុស្ស១ពិភពលោកបានយល់ បានដឹង។»

ដោយឡែកលោក ឃុន ថារ៉ូ ប្រធានកម្មវិធីអង្គការសង់ត្រាល់គូសបន្ថែមទៅលើរបាយការណ៍នេះធ្វើឡើងដោយផ្អែកទៅលើ ​ការ​អង្កេត និង​ប្រមូល​ទិន្នន័យជាមួយ​កម្មកររោង​ចក្រកាត់ដេរ​ផ្ទាល់ចំនួន​៣០៨​នាក់ និង​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​ផ្សេងៗ រួមមាន បណ្ណបើក​ប្រាក់​ឈ្នួល​ចេញ​ដោយ​រោងចក្រ ទិន្ន័យ​បញ្ជូន​ទំនិញ និង​ទិន្នន័យ​នាំ​ចេញ​ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​និង​ឯកសារ​មាន​ស្រាប់​មួយ​ចំនួន។ លោកសង្កត់ធ្ងន់ថារបាយការណ៍នេះជាតឹកតាងបញ្ជាក់ឱ្យឃើញថា ​ក្រុមហ៊ុនបញ្ជាទិញ និងភាគីពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ និងគោរពទៅតាមសិទ្ធិការងារ។

លោក ឃុន ថារ៉ូ៖«នៅក្នុងអនុសាសន៍ដែលយើងបានកំណត់នៅក្នុងរបាយការណ៍នៃការរកឃើញយើងនេះគឺដាក់ទៅក្រុមហ៊ុនបញ្ជាទិញទាំងអស់នេះត្រូវតែកំណែទម្រង់នៃក្របខ័ណ្ឌគោលនយោបាយទាំងឡាយដោយការធ្វើពាណិជ្ជកម្មអនុឡោមទៅតាមគោលការណ៍អាជីវកម្ម សារជីវកម្មហើយនឹងការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ជាពិសេសពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលកម្មករនិយោជិត»

ក៏ប៉ុន្តែលើបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមានការបកស្រាយជាក់លាក់ក្នុងទិដ្ឋភាពណាមួយទៅលើរបាយការណ៍នេះឡើយ។ ក៏ប៉ុន្តែលោកលើកហេតុផលដែលកម្មករមួយចំនួនធ្លាក់ខ្លួនក្នុងបំណុល ដោយលោកមើលឃើញស្រដៀងគ្នាទៅនឹងលោក កាំង ម៉ូនីកា។

លោក កត្តា អ៊ន៖«២០២១,២០២២, ២០២៣ គឺការនាំចេញមានទំហំកើនឡើង ជុំវិញការរកឃើញរបស់ពួកគាត់ខ្ញុំក៏មិនវាយតម្លៃថាមិចដែរ អាហ្នឹងជាសិទ្ធិរបស់គាត់តែប៉ុណ្ណោះ ជម្រាបបន្ថែមទៀតថាក្នុងអំឡុងកូវីដនេះបញ្ហាកូវីដជាបញ្ហាសកលដែលពិភពលោករងផលប៉ះពាល់ធ្ងន់ធ្ងរដោយឡែកកម្ពុជាយើងក៏ប៉ះពាល់ដែរ»

ជាដំណោះស្រាយលោក ឃុន ថារ៉ូ ស្នើសុំឱ្យភាគីសហគ្រាសក្រុមហ៊ុនបញ្ជានាំចេញពិនិត្យឡើងវិញ ដោយលោកអះអាងថាក្រុមហ៊ុនទាំងនោះគួរតែមានកំណែទម្រង់វិស័យឧស្សាហកម្ម។ ​លើសពីនេះ លោកក៏ទទូចទៅរដ្ឋាភិបាលឱ្យចូលរួមដោះស្រាយបញ្ហា ដោយធ្វើយ៉ាងណាឱ្យតម្លៃប្រាក់ឈ្នួលកម្មករសមមាត្រទៅនឹងថ្លៃទំនិញ។ ក្នុងន័យនេះលោកសំដៅទៅលើកការ ជំរុញដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រួលដល់កម្មករឱ្យមានជីវភាពសមរម្យឡើងវិញ ខណៈអង្គការសង្គមស៊ីវិលសង្កេតឃើញថា តួលេខប្រាក់ឈ្នួលគោលដែលដាក់ចេញថ្មីៗនេះ ហាក់មិនបានឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញនោះឡើយ។

លោក ឃុន ថារ៉ូ៖«អនុសាសន៍នៃការសិក្សាស្រាវជ្រាវនេះគឺឱ្យរាជរដ្ឋាភិបាលរួមទាំងក្រុមហ៊ុនអ្នកបញ្ជាទិញត្រូវពិនិត្យនូវកំណែទម្រង់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតដើម្បីជម្រុញឱ្យមានការរស់នៅសមរម្យឆ្លើយតបទៅនឹងសេចក្តីត្រូវការឆ្លើយតបទៅនឹងមូលដ្ឋានរបស់កម្មករនិយោជិត»

ទោះជាមានការចោទប្រកាន់យ៉ាងណាក្ដី រហូតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ គេនៅមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាពីក្រុមប្រេនល្បីៗទាំង៦នេះឡើយ។ យ៉ាងណាមិញ តាមរយៈវីដេអូរយៈពេលប្រមាណជិត ៣នាទី ដែលផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន សង់ត្រាល់បាន បញ្ចូលនូវសម្រង់សម្តីកម្មករផងដែរ ដោយពួកគេអំពាវនាវឲ្យមានកំណែទម្រង់វិស័យឧស្សាហកម្មជាបន្ទាន់ ដោយសំដៅដល់ក្រុមហ៊ុនម៉ាកល្បីៗទាំង៦។

ផ្អែកតាមទិដ្ឋភាពជាក់ស្តែង លោក​ កត្តា អ៊ន  មើលឃើញថាវិវាទរបស់កម្មករហាក់មិនទាន់មានជាបញ្ហាធំៗកើតឡើងនោះទេ ដោយលោកសំអាងទៅលើករណីដែលក្រសួងការងារធ្លាប់បានដោះស្រាយជូនកម្មករកន្លងមក។ យ៉ាងណាមិញ ជាការឆ្លើយតបក្នុងនាមជាភាគីរដ្ឋាភិបាល លោកសម្តែងការប្តេជ្ញាថានូវរាល់បញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិត។

លោក កត្តា អ៊ន៖«ដូចខ្ញុំបានជម្រាបអ៊ីចឹងការរកឃើញបញ្ហាជារឿងរបស់សង់ត្រាល់ ប៉ុន្តែអ្វីដែលក្រសួងការងារធ្វើគឺក្រសួងការងារធានានូវនិរន្តរភាព នូវធានាបានសិទ្ធិរវាងកម្មករនិយោជិត និងនិយោជកឱ្យសមភាពគ្នា ហើយរាជរដ្ឋាភិបាលធានានិរន្តរភាពឧបត្ថម្ភធនដល់កម្មករដែលរងផលប៉ះពាល់ហ្នឹងហើយ ធ្វើយ៉ាងណាដើម្បីទ្រទ្រង់ពួកគាត់ ធ្វើយ៉ាងណាដើម្បីធានាការនាំចេញ»

ផ្អែក​តាមរបាយការណ៍សហព័ន្ធសហជីពសេរីកម្មករនៅកម្ពុជា បង្ហាញថា ដើមឆ្នាំ២០២៣ ​មាន​រោង​ចក្រ​ចំនួន​១០បានបិទទ្វា​រ និងរោងចក្រ​ចំនួន​២០ បានព្យួរការងារកម្មករ​ ស្របពេលរោងចក្រប្រមាណ​៦០​ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ហើយរោងចក្រប្រមាណ៧០ ទៅ៨០ភាគរយគ្មានវត្ថុដើមសម្រាប់កាត់ដេរ៕

ប្រភព៖ WMC

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...