កម្មករ​កាត់ដេរ​ទទូច​ឲ្យ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ​២១៥​ដុល្លារ

28
កញ្ញា

កម្មករ​កាត់ដេរ​ទទូច​ឲ្យ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ​២១៥​ដុល្លារ

កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ថា ការ​រក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​ទាប​មិនអាច​ឆ្លើយតប​តម្រូវ​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ទទូច​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លទ្ធភាព​តំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ក្នុង​កម្រិត​សមរម្យ​តាម​ការ​ចង់​បាន​របស់​ពួកគេ។

កម្មករ​កាត់ដេរ​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល និង​និយោជក ដំឡើង​ប្រាក់ខែ​គោល ចំនួន​២១៥​ដុល្លារ​ទើប​អាច​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ដូចជា ផ្គត់ផ្គង់​អាហារ​ហូបចុក ការសិក្សា​របស់​កូនៗ ថ្លៃ​ផ្ទះ​ជួល និង​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​បាន។

កម្មករ​រោងចក្រ​លោក កែម សៅរី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ កញ្ញា ថា លោក​ស្នើ​ដល់​រដ្ឋាភិបាល និង​និយោជក​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ២១៥​ដុល្លារ ដើម្បី​ឲ្យ​កម្មករ​រស់នៅ​បាន​សមរម្យ។

លោក កែម សៅរី៖ «ខ្ញុំ​ចង់​ឲ្យ​ខាង​រដ្ឋាភិបាល​ក៏ដូចជា ក្រសួង​ដែល​ពាក់ព័ន្ធ​ក៏ដូចជា​និយោជក​កំណត់​អត្រា​នៃ​ប្រាក់ខែ​របស់​កម្មករ​ហ្នឹង​ឲ្យ​បាន ២១៥​ដុល្លារ​ហ្នឹង​មក ដើម្បី​ឲ្យ​បងប្អូន​កម្មករ​យើង​នឹង​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ហ្នឹង​ឲ្យ​មាន​លក្ខណៈ​ដែល​ថា សមរម្យ»

ការ​លើកឡើង​នេះ នៅ​មុន​ពេល​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​គ្រោង​ធ្វើជា​លើក​ចុងក្រោយ នៅ​ថ្ងៃទី​២៨ កញ្ញា។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក ហេង សួរ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយ​តប​សំណើ​របស់​កម្មករ​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៧ កញ្ញា។

នៅមុន​ការបោះឆ្នោត​អាណត្តិ​ទី​៧ កាល​ពី​ថ្ងៃទី​៨ មិថុនា អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ថ្លែង​សារ​ពេល​ចុះ​ជួប​កម្មករ​ជិត​២​ម៉ឺន​នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោល​នយោបាយ​ច្បាស់លាស់ និង​មិនមែន​គ្រាន់​តែ​សន្យា​ទេ។

លោក ហ៊ុន សែន៖ «ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល មិនមែន​កញ្ឆក់​កណ្ដៀត​ទេ។ គណបក្ស​ប្រជាជន​ដឹកនាំ​រាជរដ្ឋាភិបាល មិនមែន​គោលនយោបាយ​កញ្ឆក់​កណ្ដៀ​ត ហើយ​សន្យា​ឲ្យ​ប្រាក់ខែ​ខ្ពស់​ទេ»

ក្រោយពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ រួចមក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៣ កញ្ញា​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៤ នឹង​ដំឡើង​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «គុណភាព​ការងារ​យើង​មិនមែន​បង្កើត​ឲ្យ​ច្រើន​ទេ យើង​ត្រូវ​គិត​ពី​គុណភាព​ផង​។ គុណភាព នៃ​ការងារ ដែល​ឲ្យ​បងប្អូន​ទី​១ ការងារ ដែល​មាន​បៀវត្ស​សមរម្យ ហើយ​យើង​ចរចា​បៀវត្ស​បង្កើត​រហូត​អប្បបរមា​របស់​យើង»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​គណបក្សប្រឆាំង​ចាត់ទុក​សម្ដី​ទាំងនេះ ជា​វោហារសាស្ត្រ​ប្រជាភិថុតិ​បោកប្រាស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ដោយសារតែ​ក្រសួង​ការងារ លម្អៀង​ទៅ​ខាង​ថៅកែ​ក្រុមហ៊ុន ដែល​មិន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​សម្រួល​បញ្ហា​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។ នៅក្នុង​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ថ្ងៃទី​១៨ កញ្ញា​កន្លង​ទៅ ភាគី​សហជីព​ឯករាជ្យ​ដាក់​តួលេខ​ចុងក្រោយ ២១៣​ដុល្លារ ភាគី​សហជីព​របស់រដ្ឋាភិបាល ដាក់​តួលេខ​ចុងក្រោយ​២០៤​ដុល្លារ ភាគី​ថៅកែ​ក្រុមហ៊ុន ឬ​និយោជក ដាក់​តួលេខ​ចុងក្រោយ ២០១,៥​ដុល្លារ និង​ភាគ​រដ្ឋាភិបាល​ដាក់​តួលេខ​ចុងក្រោយ​ចំនួន​២០២​ដុល្លារ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ចាត់​ទុក​ការសន្យា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ជា ពាក្យសម្ដី​បែប​ប្រជាភិថុតិ​តែប៉ុណ្ណោះ ដោយសារ​ការ​ដំឡើង​ប្រាក់ខែ​គោល ២​ដុល្លារ​ក្នុង​មួយ​ខែ​ដែល​ក្រសួង​ការងារ​ស្នើ​ឡើង មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ដល់​ពលរដ្ឋ​បាន​នោះ​ទេ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «បាទ​គឺ​អាក្រក់​! អាក្រក់​មែនទែន​ហើយ​! គឺ​គាត់​ប្រជាភិថុតិ គឺ​គាត់​ថា​គាត់​ស្រឡាញ់​ប្រជាពលរដ្ឋ ស្រឡាញ់​កម្មករ ប៉ុន្តែ​អានេះ​មិនមែន​ទេ ។ បើសិន​គាត់​ស្រឡាញ់​កម្មករ​ពិតប្រាកដ គឺ​គាត់​ធ្វើតាម​សំណូមពរ​របស់​សហរដ្ឋ​អាមេរិក ខាង​ប្រទេស​លោក​សេរី ខាង​សហភាព​អឺរ៉ុប​ហើយ គឺ​ឲ្យ​បាន​សហភាព​អឺរ៉ុប គឺ​ឲ្យ​បាន​EBA GPS​ត្រឡប់មកវិញ»

មន្ត្រី​សហជីព​ថា នៅពេល​កិច្ចចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ភាគី​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន តែងតែមាន​សហជីព​របស់​ខ្លួន ដាក់​តួលេខ​ប្រហាក់ប្រហែល​គ្នា ដែល​រារាំង​ដល់​សហជីព​ឯករាជ្យ ដែល​ទាមទារ​ប្រាក់ខែ​គោល​ខ្ពស់​ដូច​កម្មករ​ចង់បាន។ ពួកគេ​ចាត់ទុក សហជីព​មិន​ឯករាជ្យ ធ្វើស្រែ​លើ​ខ្នង​កម្មករ ហើយ​យក​កម្មករ​ជា​ឈ្នាន់ ដើម្បី​ទទួល​បាន​លាភសក្ការៈ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ភាគី​និយោជក អាច​ដំឡើង​ប្រាក់ខែ​គោល​ដល់​២១៥​ដុល្លារ អាច​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​កម្មករ​បាន​មួយ​កម្រិត​ស្រប​ពេល​ការស្រាវជ្រាវ​រកឃើញ​ថា ពួកគាត់​ត្រូវ​ចំណាយ​ចន្លោះ​ពី​២៥០​ដុល្លារ ដល់​៣០០​ដុល្លារ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​សហជីព ដែល​មិន​ឯករាជ្យ រារាំង​ដល់​ការ​ស្នើសុំ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ។

លោក អាត ធន់៖ «ខ្ញុំ​គិតថា មិន​គួរ​មាន​ទេ ទី​១ គឺ​កម្មករ​ខ្លួនឯង​គឺ​ត្រូវតែ​ប្រឆាំង​ទៅ​នឹង​តំណាង​មិន​ពិតប្រាកដ​។ ទី​២​រដ្ឋ​គួរតែ​ពិនិត្យមើល​ច្បាប់​សហជីព មិន​ឯករាជ្យ​ទេ ហើយ​មិន​អាច​ឯករាជ្យ​បាន នៅ​ពេល​ដែល​យើង​ស្នើ​ឲ្យ​ឯករាជ្យ​ហើយ​នៅតែ​មិន​បាន ច្បាប់​គេ​ឲ្យ​បិទ ឬ​បញ្ឈប់​សហជីព​នោះ បាទ​អ៊ីចឹង​គួរតែ​ធ្វើ»

ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល នៅតែ​បន្ត​រក្សា​កម្រិត​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​កម្រិត​ទាប​បែបនេះ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស​កម្មករ ដែល​កំពុងតែ​ជាប់បំណុល​ធនាគារ ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​សិក្សា ដើម្បី​កាត់បន្ថយ​អត្រា​អតិផរណា​ទំនិញ​នៅ​លើ​ទីផ្សារ​ជាពិសេស​អាហារ​ហូបចុក និង​ប្រេងសាំង​ជាដើម។

លោក ឃុន ថារ៉ូ៖ «ចុងក្រោយ​នោះ​ខ្ញុំ​គិតថា រដ្ឋ​ត្រូវតែ​ចាត់វិធានការ​ចាំបាច់​ជាក់លាក់ ហើយនឹង​មាន​ប្រសិទ្ធភាព​ទាក់ទង​ទៅ​នឹង​ការពិនិត្យ​មើល​អំពី​កញ្ចប់​ថវិកា​ជាតិ ឬក៏​ទុនបម្រុង​ណាមួយ​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព នៃ​វិបត្តិ​បំណុល​វ័ណ្ឌក​របស់​កម្មករ​និយោជិក ដើម្បី​សម្រាល​បន្ទុក​របស់​ពួកគាត់​ជាពិសេស គឺ​ការ​បង់​ដើម និង​ការប្រាក់​អី​ជាដើម​ហ្នឹង»

នៅ​ថ្ងៃទី​២១ ខែកញ្ញា អង្គការ​សង់ត្រាល់ (CENTRAL) រួម​ជាមួយ​សហជីព និង​អង្គការ​អន្តរជាតិ​ចំនួន ៤​ទៀត រួមមាន សហព័ន្ធ​សហជីព​កម្ពុជា (CATU) សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​នៅ​កម្ពុជា អង្គការ​អាក់សិន អេដ (ACTION AID) និង​អង្គការ ឃ្លីន ខ្លូស ខាំផេន (Clean Clothes Campaign) បាន​ចេញ​របាយការណ៍​មួយ រក​ឃើញ​ថា កម្មករ ៥៤​ភាគរយ មិន​មាន​លទ្ធភាព​សង​ប្រាក់​ឱ្យ​ម្ចាស់​បំណុល​បាន​ទៀងទាត់​នោះ​ឡើយ ខណៈ​រោងចក្រ​មួយចំនួន​នៅតែ​បិទទ្វារ​ដំណើរការ​អាជីវកម្ម ដោយ​មិនបាន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ទៅ​ឱ្យ​កម្មករ​នោះ​ឡើយ។ សហជីព​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដំឡើង​ប្រាក់​ឈ្នួល​គោល​សមរម្យ​ដល់​កម្មករ​នោះ​ទេ កម្មករ​នឹង​បន្ត​រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត និង​មិនអាច​រំដោះខ្លួន​ចេញពី​វិបត្តិ​បំណុល​វ័ណ្ឌក​នោះ​ឡើយ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...