ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្មករ​រោងចក្រ​ភាគច្រើន​ប្រឈម​នឹង​បំណុល​វ័ណ្ឌក

23
កញ្ញា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្មករ​រោងចក្រ​ភាគច្រើន​ប្រឈម​នឹង​បំណុល​វ័ណ្ឌក

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្មករ​ភាគច្រើន​កាន់តែ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល ដោយសារតែ​ម្ចាស់​ប្រ៊ែន​ដ៏​ធំៗ ឬ​ម៉ាក យីហោ​ល្បីៗ ក្នុង​ទីផ្សារ​អន្តរជាតិ គិតតែ​ប្រាក់ចំណេញ​របស់​ពួកគេ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កម្មករ​រោងចក្រ​លើកឡើង​ថា ពួកគេ​កាន់តែ​ប្រឈម​នឹង​ជីវភាព​លំបាក ដោយសារ​មិនបាន​ធ្វើ​ការងារ​ថែម​ម៉ោង ហើយ​រោងចក្រ​ផ្អាក​ដំណើរការ​ញឹកញាប់។

របាយការណ៍​ស្រាវជ្រាវ ដែល​ធ្វើឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ចំនួន ៥​អង្គការ រក​ឃើញ​ថា កម្មករ​រោងចក្រ​ភាគច្រើន​កាន់តែ​ប្រឈម​ជីវភាព​លំបាក និង​មិន​មាន​លទ្ធភាព​សងបំណុល​បាន​ទៀងទាត់​នោះ​ឡើយ ដោយសារតែ​ម៉ាក​យីហោ​ល្បីៗ ក្នុង​ទីផ្សារ​អន្តរជាតិ ដែល​ទទួល​បាន​ប្រាក់ចំណេញ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ មាន​ចេតនា​គេចវេះ​ពី​កាតព្វកិច្ច​គោរព​សិទ្ធិ​កម្មករ។

អង្គការ​សង់ត្រាល់ (CENTRAL) រួម​ជាមួយ​សហជីព និង​អង្គការ​អន្តរជាតិ​ចំនួន ៤​ទៀត រួមមាន សហព័ន្ធ​សហជីព​កម្ពុជា (CATU) សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​នៅ​កម្ពុជា អង្គការ​អាក់សិន អេដ (ACTION AID) និង​អង្គការ ឃ្លីន ខ្លូស ខាំផេន (Clean Clothes Campaign) បាន​ចេញ​របាយការណ៍​មួយ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ដោយ​ដាក់​ចំណងជើង​ថា «​សម្ពាធ​ក្រោម​ថ្នេរ​សាច់​ក្រណាត់ បិទបាំង​ការ​បាត់​បង់ប្រាក់​ឈ្នួល​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា»

 

ការសិក្សា​ស្រាវជ្រាវ ដែល​បាន​សម្ភាសន៍​កម្មករ​ជាង ៣​រយ​នាក់ (៣០៨) មកពី​រោងចក្រ​ជាង ១០​ផ្សេងគ្នា បាន​រកឃើញ​ថា កម្មករ ៥៤​ភាគរយ មិន​មាន​លទ្ធភាព​សង​ប្រាក់​ឱ្យ​បាន​ទៀងទាត់​នោះ​ឡើយ ខណៈ​រោងចក្រ​មួយចំនួន​នៅតែ​បិទទ្វារ​ដំណើរការ​អាជីវកម្ម ដោយ​មិនបាន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ទៅ​ឱ្យ​កម្មករ​នោះ​ឡើយ។ របាយការណ៍​លើក​ហេតុផល​ថា មូលហេតុ​ចម្បង ដែល​ធ្វើ​ឱ្យ​កម្មករ​បាត់បង់​ប្រាក់ចំណូល គឺ​បណ្ដាលមកពី​ម្ចាស់​ស្លាក​យីហោ​អន្តរជាតិ​ធំៗ រួមមាន​ដូចជា អាឌីដាស (Adidas) ណៃគី (Nike) លីវ៉ាយស៍ (Levi’s) និង​ភូម៉ា (Puma) ជាដើម នៅតែ​គេចវេះ​មិន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា​គោរព​សិទ្ធិ​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ។

ដោយឡែក នៅ​ផ្នែក​អនុសាសន៍ របាយការណ៍​ស្រាវជ្រាវ​ក៏បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​បញ្ជា​ទិញ រួមមាន សហរដ្ឋអាមេរិក (U.S.A) និង​អូស្ត្រាលី​ជាដើម (Australia) ឱ្យ​ដាក់​លក្ខខណ្ឌ​លើ​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ និង​សម្ភារៈ​កីឡា ដោយ​ភ្ជាប់​កាតព្វកិច្ច​គោរព​សិទ្ធិ​កម្មករ​ជា​កំហិត ដូច​សហភាព​អឺរ៉ុប​ផង​ដែរ។

បន្ថែម​ពីលើ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ឱ្យ​កម្មករ​មាន​ជីវភាព​សមរម្យ​ឡើងវិញ​ផង​ដែរ ខណៈ​ការដំឡើង​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ មិនបាន​ឆ្លើយតប​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​សព្វសារពើ​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា និង​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ នៅ​ថ្ងៃទី​២២ ខែកញ្ញា​។ ទោះជា​យ៉ាងណាក្ដី ក្នុង​ពេល​ពិភាក្សា​ប្រាក់​ឈ្នួល កាល​ពី​ពេល​កន្លងទៅ ភាគី​ថៅកែ​រោងចក្រ​បាន​ស្នើ​សុំ​ឱ្យ​ដំឡើង​ប្រាក់ខែ​ត្រឹមតែ ១.៥​ដុល្លារ ពី​លើ​ប្រាក់ខែ​ឈ្នួល​អប្បបរមា ២០០​ដុល្លារ​តែ​ប៉ុណ្ណោះ។

កម្មករ​ម្នាក់​ដែល​បាន​ធ្វើ​ការ​ជាមួយ​រោងចក្រ វ៉ាយអូលេត អាប់ផារ៉ែល (Violet Apparel) អស់​រយៈពេល ១៧​ឆ្នាំ គឺ​លោកស្រី សុភា បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា លោកស្រី​បាន​ជាប់បំណុល​វ័ណ្ឌក ក្រោយ​រោងចក្រ​បិទ​ដំណើរការ​អាជីវកម្ម ដោយ​មិន​បាន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ កាល​ពី​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩ ក្នុង​ឆ្នាំ​២០២០។ លោកស្រី​បន្ត​ថា ដោយសារ​បាត់បង់​ការងារ និង​ត្រូវ​មើល​ជំងឺ​ម្ដាយ ខណៈ​ពេល​ប្ដី​របស់​លោកស្រី​ក៏​មិនអាច​រក​ប្រាក់​ចំណូល​ក្នុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ១៩ លោកស្រី​បាន​ខ្ចីប្រាក់​អ្នកជិតខាង ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់ ដើម្បី​ដោះ​ទាល់។

ជុំវិញ​រឿង​នេះ មន្ត្រី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើង​ថា កម្មករ​វិស័យ​វាយនភណ្ឌ​កាន់​តែ​ប្រឈម​ជីវភាព​លំបាក ដោយសារតែ​រោងចក្រ​ភាគច្រើន នៅតែ​ផ្អាក​ដំណើរការ និង​កាត់បន្ថយ​ម៉ោង​ធ្វើ​ការ​របស់​កម្មករ​។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៅ​កម្ពុជា ច្រើនជាង​បណ្ដា​ប្រទេស​ជិតខាង​បន្តិចបន្តួច​ក្ដី ប៉ុន្តែ រដ្ឋាភិបាល​នៅតែ​អាច​លើក​កម្ពស់​ជីវភាព​កម្មករ​បាន តាមរយៈ​ការ​លើក​កម្ពស់​ការគោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ផ្សេងៗ និង​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​បណ្ដា​ប្រទេស​ធំៗ ដូចជា សហរដ្ឋអាមេរិក (USA) និង​សហភាព​អឺរ៉ុប (EU) ជាដើម។

ក្រៅពី​មិន​មាន​វិធានការ​ច្បាប់​ទៅ​លើ​ថៅកែ​ក្រុមហ៊ុន ដែល​បិទទ្វារ​រោងចក្រ ដោយ​មិន​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ទៅដល់​កម្មករ​ហើយ​នោះ របាយការណ៍​រក​ឃើញ​ថា កម្មករ​រោងចក្រ ដែល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ក៏​រង​ការរើសអើង​មិន​ឱ្យ​ចូល​ធ្វើ​ការ​នៅ​រោងចក្រ​ផ្សេងៗ ទៀត​ផង នៅពេល​ពួកគេ​ធ្វើការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ជំរុញ​ឱ្យ​កម្មករ​មាន​ជីវភាព​ធូរធារ រដ្ឋាភិបាល​ត្រូវតែ​កែទម្រង់​វិស័យ​ឧស្សាហកម្ម តាមរយៈ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​បើក​លំហ​សេរីភាព​សហជីព​ឯករាជ្យ​ឱ្យធ្វើ​ការ ដោយ​មិន​មានការ​រឹតត្បិត៕

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...