សង្គមស៊ីវិលថាការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារក្នុងរោងចក្រ សេង បូ ប៉ះពាល់ដល់សិទ្ធិធ្ងន់ធ្ងរ
ប្រភព៖ ឌឹខេមបូឌាដេលី
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារ លើកឡើងថា ការប្រើលេសយកកិច្ចសន្យាការងាររបស់កម្មករនិយោជិតក្នុងរោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) ដើម្បីបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន និងសិទ្ធិការពារពិសេសរបស់ថ្នាក់ដឹកនាំសហជីពឯករាជ្យយ៉ាងធ្ងន់ធ្ងរ។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កុម្ភៈ នេះថា សហជីពឯករាជ្យក្នុងរោងចក្រ សេង បូ តែងជួយការពារសិទ្ធិកម្មករដែលរងនូវការរំលោភបំពាន ដូចជា ការបើកប្រាក់ខែយឺត និងការកាត់យកប្រាក់ខែកម្មករដោយគ្មានមូលហេតុរាល់ពេលបើកលុយនៅចុងខែ ជាដើម នាពេលកន្លងមក ប៉ុន្តែដើម្បីបញ្ឈប់ការតវ៉ានេះ ថៅកែរោងចក្រ សេង បូ បានប្រើលេសយកកិច្ចសន្យាការងាររបស់ថ្នាក់ដឹកនាំសហជីព ធ្វើជាកម្មវត្ថុដើម្បីបញ្ឈប់ពួកគេពីការងារក្នុងចេតនារំលាយសហជីពតែម្តង។
លោក ឃុន ថារ៉ូ លើកឡើងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពឯករាជ្យក្នុងរោងចក្រ សេង បូ ម្តងហើយម្តងទៀតនៅពេលនេះ ជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនារំលោភច្បាប់ស្ដីពីសហជីព និងច្បាប់ស្ដីពីការងារយ៉ាងធ្ងន់ធ្ងរ ដែលជាច្បាប់សម្រាប់ការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ហើយការធ្វើបែបនេះ ក៏ជាហេតុផលដើម្បីគេចចេញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះការតវ៉ារបស់ថ្នាក់ដឹកនាំសហជីព ជុំវិញការរំលោភសិទ្ធិការងារលើកម្មករនិយោជិតនាពេលកន្លងមក។
លោកបញ្ជាក់ថា ឧបសគ្គសម្រាប់ថ្នាក់ដឹកនាំសហជីពក្នុងការអនុវត្តនូវសិទ្ធិជាមូលដ្ឋានក្នុងរោងចក្រសព្វថ្ងៃនេះ គឺនៅត្រង់ថា វិវាទការងាររួមក្នុងរោងចក្រកន្លងមកត្រូវបានទាញទៅជាវិវាទបុគ្គលទៅវិញ ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំសហជីពរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែក្រុមហ៊ុនកាន់តែខ្លាំង ស្របពេលដែលសិទ្ធិការពារពិសេសរបស់ថ្នាក់ដឹកនាំសហជីពដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព មិនត្រូវបានធានាការពារឱ្យបានពេញលេញនៅឡើយ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតប្រមាណ ១០០នាក់ក្នុងរោងចក្រ សេង បូ ហ្កាមិន ខេមបូឌា បានចេញធ្វើកូដកម្មទាមទារឱ្យថៅកែក្រុមហ៊ុនទទួលយកបេក្ខជនប្រធាន និងអនុប្រធានសហជីពសេរីកម្មករ ២នាក់ គឺលោក ថុន ធី និងលោក សៀក ថុង ឲ្យចូលធ្វើការវិញ ក្រោយមានការធ្វើកូដកម្មលើកទី១ គឺធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានកម្មករចូលរួមជិត ២០០នាក់។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ កម្មករនិយោជិតរោងចក្រ សេង បូ បានរៀបចំបោះឆ្នោតបង្កើតសហជីពសេរីកម្មករ ក្នុងនោះលោក ថុន ធី ជាប់ឆ្នោតជាប្រធាន និងលោក សៀក ថុង ជាប់ឆ្នោតជាអនុប្រធាន។
ក្រោយជាប់ឆ្នោត កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បេក្ខជនជាប់ឆ្នោតទាំងពីរបានធ្វើលិខិតជូនដំណឹងស្ដីពីលទ្ធផលបោះឆ្នោតនេះ ទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធមិនទទួលស្គាល់។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បេក្ខជនជាប់ឆ្នោតរូបនេះបានដាក់ពាក្យស្នើសុំចុះបញ្ជិកានៅនាយកដ្ឋានវិវាទការងារនៅក្រសួងការងារ ផងដែរ ប៉ុន្តែនៅថ្ងៃទី៣១ ខែមករា ២០២៤ បែរជាត្រូវភាគីក្រុមហ៊ុនចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ឈប់លោក ថុន ធី និងលោក សៀក ថុង ក្រោមលេសឈប់បន្តកិច្ចសន្យាការងារទៅវិញ។
ការបញ្ឈប់ថ្នាក់ដឹកនាំសហជីពក្នុងក្រុមហ៊ុននេះ គឺជាលើកទី២ ហើយ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់ថ្នាក់ដឹកនាំសហជីព អ្នកស្រី រឿន កូលាប កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រោយថ្នាក់ដឹកនាំសហជីពរូបនេះចូលរួមបង្កើតសហជីពក្នុងក្រុមហ៊ុននេះកាលពីពេលកន្លងទៅ ខណៈសំណុំរឿងបញ្ឈប់របស់អ្នកស្រី កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការខេត្តកំពង់ស្ពឺ នៅឡើយ។
ក្រុមហ៊ុន សេង បូ ហ្កាមិន ខេមបូឌា ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍កោង សង្កាត់ព្រះស្រែ ខេត្តកំពង់ស្ពឺ ដែលមានថៅកែជាជនជាតិចិន។ ក្រុមហ៊ុននេះបានដំណើរការចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មក ដែលមានកម្មករនិយោជិតបម្រើការងារប្រមាណជា ៥០០នាក់ ដោយនាំចេញផលិតផលរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ចាប់តាំងពីឆ្នាំ២០២១ មក មានសកម្មជន និងថ្នាក់ដឹកនាំសហជីពសរុបជាង ១ពាន់នាក់ហើយ (១៥០២នាក់) ដែលកំពុងបម្រើការងារក្នុងចំណោមរោងចក្រជិត ៥០កន្លែង (៤៦កន្លែង) ត្រូវបានបញ្ឈប់ពីការងារដោយខុសនីតិវិធី និងទទួលរងនូវការការធ្វើទុក្ខបុកម្នេញពីថៅកែរោងចក្រ ដោយការគំរាមកំហែងក្នុងទម្រង់រើសអើងសហជីពទាំងនោះ។
ទិន្នន័យដដែលនេះបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មករសរុបជិត ៨០០នាក់ (៧៨០នាក់) កំពុងទាមទាររកយុត្តិធម៌ចូលធ្វើការងារវិញ ព្រោះតែការបញ្ឈប់ពីការងារដោយខុសនីតិវិធីច្បាប់ ដូច្នេះករណីនេះ ក្រសួងការងារត្រូវពិនិត្យទ្បើងវិញនូវប្រសិទ្ធភាពនៃយន្តការក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ជាពិសេសការនាំយកវិវាទទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលកន្លងមក។
កាលពីចុងឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញរបាយការណ៍សង្ខេបចំនួន ២៧ទំព័រថា រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនបានគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឱ្យបានពេញលេញឡើយ ក្នុងនោះពួកគេបានធ្វើទុក្ខបុកម្នេញលើសហជីពឯករាជ្យ និងវាយប្រហារទៅលើក្រុមកូដករណាដែលទាមទារយុត្តិធម៌ពីការរំលោភសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ៕