អាជ្ញាធរ​គួរតែ​ទទួល​ស្គាល់ និង​ចាត់​វិធានការ​លើ​ការ «ជួញដូរ និង​ចាប់​ជំរិត» មនុស្ស​នៅ​កម្ពុជា

18
កញ្ញា

អាជ្ញាធរ​គួរតែ​ទទួល​ស្គាល់ និង​ចាត់​វិធានការ​លើ​ការ «ជួញដូរ និង​ចាប់​ជំរិត» មនុស្ស​នៅ​កម្ពុជា

យុវជន និង​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ទទួល​ស្គាល់ និង​ចាត់​វិធានការ​ចំពោះ​អំពើ​ជួញដូរ​មនុស្ស និង​ចាប់​ជំរិត​មនុស្ស​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​របស់​ក្រសួង​ការ បរទេស​សហរដ្ឋអាមេរិក និង​អង្គការ​សហ​ប្រជាជាតិ។ ការ​លើក​ឡើង​នេះ ក្រាយ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា អាជ្ញាធរ​គ្រប់គ្រង​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​នោះ បាន​ធ្វើ​ការងារ​យ៉ាង​ហ្មត់ចត់ និង​ការ​ខិតខំ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។

យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ នៅ​តែ​មិន​ស្រាវជ្រាវ​រក​ជន​សង្ស័យ ដែល​ប្រព្រឹត្ត​អំពើ​ជួញដូរ និង​ចាប់​ជំរិត​មនុស្ស​នៅ​កម្ពុជា​ទេ នោះ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ នៅ​តែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​អាក្រក់​បំផុត នៃ​អំពើ​ជួញដូរ​ និង​ចាប់ជំរិត​មនុស្ស។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​លោកស្រី មាស ភារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ កញ្ញា ថា លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​ថា ​នៅ​ពេល​កម្ពុជា ជាប់​ឈ្មោះ​អាក្រក់​បំផុត​នៃ​អំពើ​ជួញដូរ​មនុស្ស នោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស នឹង​ពិបាក​ស្វែង​រក​ការងារ​ធ្វើ។

លោកស្រី មាស ភារ៉ា៖ «គាត់​គួរតែ​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ​បាន​ល្អ បើ​មិន​អ៊ីចឹង​វា​ដូច​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​កេរ្តិ៍​ប្រទេស​យើង​ក៏​ដុនដាប​ចុះ អត់​មាន​ស្ដារ​បាន​ទេ​បើ​គាត់​អត់​ព្រម​ដើរ​ផ្លូវ​ត្រូវ»

ការ​លើកឡើង​នេះ​គឺ ក្រោយ​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ កាល​ពី​ថ្ងៃទី​១៤ កញ្ញា ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ព្រំដែន​តាម​គ្រប់​បណ្ដា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង ២៧ប៉ុស្តិ៍ ដើម្បី​គ្រប់គ្រង​ការ​ចេញចូល​ច្រក​ទ្វារ​អន្តរជាតិ​ឲ្យ​បាន​ហ្មត់ចត់ និង​ទប់ស្កាត់​រាល់​មុខ​សញ្ញា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មក​កម្ពុជា។ សេចក្ដី​បំភ្លឺ​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ​២០២២ អាជ្ញាធរ បាន​បដិសេធ​ជន​បរទេស​ជិត ៣​ពាន់​នាក់(.៩៧៣) ចូល​មក​កម្ពុជា ដោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយចំនួន​ដូច​ជា មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​កំណត់​ជាដើម។ រយៈពេល ៨ខែ នៃ​ឆ្នាំ២០២៣ អាជ្ញាធរ​បាន​បណ្ដេញ​ជនបរទេស​ជាង ១ពាន់ ៣រយនាក់(១ ៣៦៦)ចេញ​ពី​កម្ពុជា ក្រោយ​ពី​អាជ្ញាធរ​រឹត​បន្តឹង​ការ​គ្រប់គ្រង​វត្តមាន​ជន​បរទេស​នៅ​កម្ពុជា។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​ចេញ​ផ្សាយ​របាយការណ៍មួយ​រក​ឃើញ​ថា មាន​មនុស្ស​រាប់​សែន​នាក់​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​នៅ​កម្ពុជា​មាន​ជាង​១០ម៉ឺន​នាក់។ ប៉ុន្តែ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើក​ឡើង​របស់​អង្គការ​សហប្រជាជាតិ​នេះ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ​ទេ ហើយ​អ្នកស្រី​ថា រឿង​នេះ​ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។

ការ​ឆបោក​តាម​អ៊ីនធឺណិត​នេះ គឺជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​របាយការណ៍​ឆ្នាំ​២០២២ របស់​​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​អាក្រក់​បំផុត នៃ​អំពើ​ជួញដូរ​មនុស្ស។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ លោក សុខ វាសនា និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧ កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​វេស្សន្តរ​ប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​ទទួល​ស្គាល់​ការ​ពិត​ នៃ​ការ​រក​ឃើញ​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​អង្គការ​សហប្រជាជាតិ។ លោក​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​គួរតែ​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ដែល​ចេញ​ផ្សាយ​របាយការណ៍​ទាំង​នោះ ដើម្បី​សហការ​គ្នា​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ទាំង​នោះ។

លោក ឌី ថេហូយ៉ា៖ «អ៊ីចឹង​ដើម្បី​អាច​ធ្វើ​កិច្ច​ការងារ​ទាំងអស់​​នេះ​បាន វា​ទាល់តែ​ទី១យើង​ត្រូវ​ទទួលស្គាល់​ថា ​វា​មាន​បញ្ហា​ហ្នឹង​កើត​ឡើង បើ​កាលណា​យើង​ឈឺ​ហើយ​យើង​អត់​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ឈឺ​ទេ ហើយ​យើង​ទៅ​ព្យាបាល​ម៉េច​កើត ខ្លួន​យើង​មិន​គិត​ខ្លួន​ឯង។ ដើម្បី​ព្យាបាល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន វា​ទាល់​តែ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​គឺ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​វិស័យ​ហ្នឹង ធ្វើ​ដោយ​តម្លាភាព ទី១​ចង់​ដឹង​ថា​អ្នកណា ដែល​ជា​មេ​បណ្ដាញ​នៃ​អំពើ​ជួញដូរ»

កាលពីថ្ងៃទី១១ កញ្ញា កន្លង​ទៅ អាជ្ញាធរ​កម្ពុជា និង​ថៃ បាន​សហការ​គ្នា​បង្ក្រាប​ជនសង្ស័យ​ឆបោក​តាម​អ៊ីនធឺណិត​ចំនួន ៤នាក់ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ក្រោម​អំណាច​ដីកា​របស់​តុលាការ​ប្រទេស​ថៃ។ ពួកគេ​ទាំង ៤​នាក់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​សង្ស័យ​ចំនួន ៣០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អ៊ីនធឺណិត ដែល​មាន​មេ​ក្លោង​ជា​ជនជាតិ​ចិន ហើយ​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពួកគេ បាន​ឆបោក​ជន​ជាតិ​ថៃ​មួយ​គ្រួសារ ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ១លាន ៧សែន​បាត រហូត​បង្ក​ឲ្យ​មាន​ឃាតកម្ម​ក្នុង​គ្រួសារ​មួយ​កើត​ឡើង ដែល​ប្ដី​បាន​សម្លាប់​ប្រពន្ធ និង​កូន​ចំនួន​ពីរ​នាក់៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...