ក្រុម​កម្មករ​ណាហ្គា​វើលដ៍​ដេក​រង់ចាំ​ដំណោះស្រាយ​ការងារ​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

17
កញ្ញា

ក្រុម​កម្មករ​ណាហ្គា​វើលដ៍​ដេក​រង់ចាំ​ដំណោះស្រាយ​ការងារ​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

ដោយ​អស់​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​រយៈពេល​ជាង​២ឆ្នាំ​ ក្រុម​កូដករ​ណាហ្គាវើលដ៍​នាំ​គ្នា​ដេក​រង់ចាំ​យុត្តិធម៌​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World) វិញ​ម្ដង។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ប្រមាណ ៣០នាក់ នៅថ្ងៃទី១៦ កញ្ញា ដោយ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ​ពួកគាត់​បាន​ងាក​មក​នាំ​គ្នា​ដេក​ស្វែង​រក​ដំណោះស្រាយ​វិញ។

ពួកគាត់​នាំ​គ្នា​ដេក​ដោយ​យក​សំបក​កេះ​គ្រប់​លើ​ខ្លួន​ដោយ​មាន​ខ្លឹមសារ​ថា សូម​ដោះស្រាយ​បញ្ចប់​បញ្ហា និង​អ្នក​ខ្លះ​ទៀត​អង្គុយ​លើក​បដា​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​ក្រុម​កូដករ​ទាំងអស់។

កូដករ​ណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌិ្ឍន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃ​ទី​១៦ កញ្ញា ថា ការណ៍​ដែល​ក្រុម​កូដករ​នាំ​គ្នា​ដេក​ននៀល​បែប​នេះ​គឺ​ដោយសារ​រង់ចាំ​ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​រយៈពេល​ជាង២ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​លទ្ធផល។ លោកស្រី​បន្ត​ថា បច្ចុប្បន្ន​ក្រសួង​ការងារ​ឈប់​ហៅ តំណាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន​ទៅ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​ដោយ​ទុក​ឱ្យ​កម្មករ និង​ថៅកែ​ណាហ្គាវើលដ៍​រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង។

លោកស្រី ម៉ម សុវឌិ្ឍន៖ «ចង់​និយាយ​ថា​កម្មករ​អត់​សុខចិត្ត​នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​ដាច់​ខាត​ត្រូវ​តែ​រក​យុត្តិធម៌ ដាច់​ខាត​ត្រូវ​តែ​ផ្ដល់​ដំណោះស្រាយ​អា​នេះ​ប្រៀប​ដូចជា​ក្មេង​ដែល​យំ​ននៀល ហើយ​យើង​អត់​លួង​ហើយ​ទុក​ឱ្យ​គ្នា​នៅ​យំ​នៅ​ននៀល​ពេញ​ហ្នឹង វា​ជា​រូបភាព​មួយ​ដែល​វា​អាក្រក់​មើល​ដល់​ថ្នាក់​គ្នា​ដេក​ននៀល​ហើយ​អត់​ខ្វល់​ពី​គ្នា​ទៀត​អ៊ីចឹង​ហា»

បើ​ទោះ​បី​ជា​ក្រុម​កូដករ​ណាហ្គាវើលដ៍​តវ៉ា​ដោយ​សន្តិវិធី និង​បន្លឺ​សំឡេង​ស្គរ កងរំពង​នៅ​ជាប់​នឹង​របង​រដ្ឋសភា ក្បែរ​ភូមិ​គ្រឹះ​របស់​លោក​ហ៊ុន សែន យ៉ាង​ក្ដី​ក៏ គ្មាន​មន្ត្រី និង​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ណា​ម្នាក់​ចេញ​មក​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ដែរ។

ទាក់ទង​បញ្ហា​នេះ​មន្ត្រី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ កត់សំគាល់​ថា វិវាទ​ការងារ​នេះ​មាន​ភាព​មិន​ប្រក្រតី ដោយសារ​តែ​ថៅកែ​ណាហ្គាវើលដ៍ រំលោភ​សិទ្ធិ​ការងារ​កម្មករ​បែរ​ជា​ទទួល​បាន​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល។ លោក​បន្ត​ថា បញ្ហា​នេះ​នឹង​ឱ្យ​បណ្ដា​ថៅកែ​រោងចក្រ​ផ្សេង​ទៀត​យក​គំរូ​តាម អាច​បង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ និង​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កាន់​តែ​ច្រើន។

លោក ឃុន ថារ៉ូ៖ «សម្រាប់​កម្មករ​ដែល​គាត់​ទន់​ខ្សោយ ហើយ​គាត់​ស្វែងរក​នៅ​យុត្តិធម៌​ហើយ​ដំណើរការ​នៃ​ការ​ស្វែងរក​យុត្តិធម៌​របស់​គាត់​ដែល​ក្នុង​នាម​គាត់​ជា​ជន​រងគ្រោះ​ហ្នឹង​ត្រូវ​រង​ការ​គំរាមកំហែង​ការ​ធ្វើ​ទុក្ខបុកម្នេញ អំពើ​ហិង្សា ការ​ចោទ​ប្រកាន់​ជា​បទ​ព្រហ្មទណ្ឌ​អី​ជាដើម​នេះ ខ្ញុំ​គិត​ថា​វា​ជា​អំពើ​អយុត្តិធម៌​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​បើ​មិន​មាន​ការ​បិទ​បញ្ចប់​ទេ​ខ្ញុំ​យល់​ឃើញ​ថា​វា​នឹង​ក្លាយ​ជា​កំណត់​ហេតុ​នៅ​ក្នុង​យុទ្ធការ​អន្តរជាតិ​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ»

វិវាទ​ការងារ​ដែល​អូស​បន្លាយ​ជាង ២ឆ្នាំ​មក​នេះ​ធ្វើ​ឱ្យ​កម្មករ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រីក្រ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក និង​អ្នក​ខ្លះ​ទៀត​បង្ខំ​ចិត្ត​លក់​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិ​ចុងក្រោយ​ដោយសារ​ពួកគេ​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល។ ក្រៅពី​គ្មាន​ដំណោះ​ស្រាយ​កម្មករ​ណាហ្គាវើលដ៍​មួយ​ចំនួន​បែរ​ជា​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារ​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ ហើយ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ក៏​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...