សេចក្តីប្រកាសព័ត៌មានរួមស្តីពីការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ
ការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ
ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រីដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន មានដូចជា សមាគម សហជីព និងអង្គការមិនមែនរដ្ឋា ភិបាលដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជាសូមជម្រាបជូនដំណឹងអំពីការរៀបចំយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ១៦ថ្ងៃ») ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
យុទ្ធនាការនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការ១៦ថ្ងៃ ផ្ដល់ឱកាសដល់ សកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជាស្ដ្រីលើកឡើងនូវបញ្ហាប្រឈមដែលពួកគេបានជួបប្រទះខណៈដែលខ្លួនអនុវត្តសិទ្ធិស្របច្បាប់ ព្រមទាំងធ្វើការជួបជុំដើម្បីថ្លែងសាររបស់ពួកគេ និងធ្វើការពិនិត្យនិងឆ្លុះបញ្ចាំងពីការទាមទាររបស់អ្នកការពារសិទ្ធិមនុស្សជាស្ដ្រីមកពីវិស័យផ្សេងៗ និងលើកឡើងអំពីបញ្ហាប្រឈមដែលបាននឹងកំពុងកើតមានលើស្ដ្រីនិងក្មេងស្រី និងជាពិសេសជំរុញឱ្យរដ្ឋាភិបាលការពារសិទ្ធិមនុស្សឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី និងដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។
អាស្រ័យហេតុនេះ សូមជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមជាមួយយើងខ្ញុំក្នុងការប្រារព្ធព្រឹត្តិការណ៍នេះ តាមសកម្មភាពនានាតាមរយៈប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ដូចខាងក្រោម៖
- នៅថ្ងៃទី២៥ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីវិទ្យុ និង/ឬការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកលើប្រធានបទចំនួន៤ផ្សេងៗគ្នា។
- ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីសំណួរ ចម្លើយនៅលើប្រព័ន្ធអនឡាញដោយផ្ដោតសំខាន់លើប្រធានបទទាក់ទងនឹងយុទ្ធនាការ១៦ថ្ងៃរបស់យើង។
- នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំនឹងបង្ហោះស៊ុមរូបថតយុទ្ធនាការនៅលើទំព័រហេ្វសប៊ុក ដើម្បីឱ្យសាធារណជន ឬអ្នកប្រើប្រាស់អាចប្រើប្រាស់នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
- ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយកម្រង វីដេអូខ្លីចំនួន៧ជាបន្តបន្ទាប់ ដែលមានថ្ងៃរាប់ថយក្រោយ ដើម្បីផ្តល់ដំណឹងអំពីកាលបរិច្ឆេទនៃការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ កាន់តែរំកិលជិតមកដល់ និងមានបង្ហាញអំពីតម្រូវការរបស់ស្ដ្រី និងក្មេងស្រីផងដែរ។
- នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយសេចក្ដីថ្លែងការណ៍រួម ដែលគូសបញ្ជាក់អំពីតម្រូវការ និងសំណូមពរជាក់លាក់មួយចំនួនសម្រាប់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងទៀតដែលស្ដ្រី និងក្មេងស្រីបានជួបប្រទះ។
- នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយវីដេអូមួយស្ដីពី «សិទ្ធិស្ដ្រីក្នុងការចូលរួមការងារសង្គម និងការតស៊ូមតិ»។
- នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីជួបជុំផ្ទាល់ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បី សេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
- ចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងបន្តចេញផ្សាយវីដេអូខ្លីជាបន្តបន្ទាប់ ដែលមានលើកឡើងអំពីតម្រូវការផ្សេងៗទៀតរបស់ស្ដ្រី និងក្មេងស្រី៕
ព័ត៌មានបន្ថែម សូមទាក់ទង៖
១. អ្នកស្រី អ៊ូ ទេពផល្លីន ទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣
២. កញ្ញា កែវ ចាន់រ៉ា ទូរស័ព្ទ៖ ០៩៨ ៨៥២ ២៦០
៣. លោក លឹម បូរិន ទូរស័ព្ទ៖ ០១២ ៩០៤ ២៦៦
*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖
១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
២. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ
៣. សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
៤. សហព័ន្ធសហជីពកម្ពុជា
៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា
៧. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៨. សហព័ន្ធសហជីពសេរីឯករាជ្យ
៩. សហព័ន្ធសហជីពឯករាជ្យ
១០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
១១. បណ្តាញយុវជនកម្ពុជា
១២. អង្គការសមធម៌កម្ពុជា
១៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
១៤. អង្គការសមាគមធាងត្នោត
១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
១៦. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ
១៧. អង្គការក្លាហាន
១៨. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ដ្រីភេទ
១៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
២០. អង្គការអាក់សិនអេតកម្ពុជា។
សេចក្តីប្រកាសព័ត៍មានរួម(ភាសាខ្មែរ)
សេចក្តីប្រកាសព័ត៍មានរួម(ភាសាអង់គ្លេស)
This post is also available in: អង់គ្លេស